តាមរយៈ​​ជើង​ហោះហើរ​ត្រង់ Citilink ប្រើ​ពេល​មិន​ដល់ ៣ ម៉ោង​ពី​ភ្នំពេញ ទៅ​ក្រុង​ហ្សាការតា ឥណ្ឌូនេស៊ី ​ ក្រសួង​ទេសចរណ៍​ប្រទេស ​ឥណ្ឌូនេស៊ី ស្ថានទូត​ឥណ្ឌូនេស៊ី​ប្រចាំ​នៅ​កម្ពុជា និង Provincial Government of DKI ក្រុង​ហ្សាការតា បាន​នាំ​អ្នក​សារព័ត៌មាន​កម្ពុជា​ ទៅ​ធ្វើ​ទស្សនកិច្ច​​ និង​ទទួល​បទពិសោធ​ពី​តំបន់​ដ៏​ទាក់ទាញ​ជា​ច្រើន​នៃ​ទីក្រុង​នេះ។

១. កោះ​ អាយើរ

ជា​គ្រាប់​គជ់​នៃ​ដែន​កោះ​មួយ​ពាន់​របស់​ឥណ្ឌូនេស៊ី កោះ​អាយើរ (Ayer Island) ដែល​មាន​មាន​ចម្ងាយ​ត្រឹម​តែ ១៤ គីឡូម៉ែត្រ ពី​កំពង់ផែ ត្រូវ​បាន​ចាត់​ទុក​ជា​ឋានសួគ៌​ត្រូពិច ជាមួយ​សម្រស់​ទេសភាព​ទឹក​សមុទ្រ​ថ្លា​​ដូច​មរកត និង​កេរ​ដំណែល​​ប្រវត្តិសាស្ត្រ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍។

បើក​ស្វាគមន៍​ភ្ញៀវ​នៅ​ទសវត្សរ៍​ឆ្នាំ ១៩៥០ ក្រៅ​ពី​ទេសភាព​ឆ្នេរ​ខ្សាច់​ស ដើម​ដូង​រេរា និង​ផ្ទះ​ត​ភ្ជាប់​គ្នា​ដោយ​ស្ពាន​ឈើ​ខ្វាត់ខ្វែង​​លើ​ផ្ទៃ​សាគរ កោះ​អាយើរ ថែម​ទាំង​មាន​កន្លែង​ក្មេង​លេង អាង​ទឹក ផ្លូវ​ជិះកង់​លេង​កម្សាន្ត និង​កីឡា​លើ​ទឹក​ជា​ច្រើន​ទៀត។

កញ្ចប់​សេវាកម្ម ​ប្រមាណ ៦៨ ដល់ ៧៧ ដុល្លារ) សម្រាប់​បន្ទប់​ស្នាក់​នៅ​គ្នា ​២ នាក់ រួម​បញ្ចូល​អាហារ​ពេល​ព្រឹក ដោយ​មិន​គិត​ថ្លៃ​សំបុត្រ​នាវា ១២ ដុល្លារ​ទៀត ​​សម្រាប់​ភ្ញៀវ​ម្នាក់ៗ។

សួន​​កម្សាន្ត Dufan ដ៏ពេញនិយម​សម្រាប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​​។ភ្នំពេញ ប៉ុសិ៍្ត

២. ពិភព​មច្ឆា Sea World Ancol ​និង​សួន​កម្សាន្ត Dunia Fantasi

ត្រឡប់​មក​ដល់​ឆ្នេរ​អេនខូល មិន​បាន​ប៉ុន្មាន​នាទី​ផង ពិភព​មច្ឆា​ និង​សួន​​ដែល​មាន​ឧបករណ៍​សម្រាប់​ជិះ​លេង​កម្សាន្ត​​ផង​ជា​កន្លែង​ផ្ដល់​ភាព​សប្បាយ និង​រំជើប​រំជួល​ដល់​យុវវ័យ ក៏​ដូច​ជា​ក្រុម​គ្រួសារ​ដែល​មាន​កូន​តូច​ធំ​​ផង​ដែរ។

ឧទ្យាន​មច្ឆា​មាន​តម្លៃ​សំបុត្រ​ពី ​​១២ ទៅ ១៣ ដុល្លារ និង​ជា​ជម្រក​​មច្ឆា ១៣០ ពូជ ដែល​ផ្ដល់​ការ​កម្សាន្ត​បែប​អប់រំ​ និង​អភិរក្ស​អំពី​ជីវិត​សត្វ​ក្នុង​ទឹក។ បបែល ត្រី​តូច​ធំ អណ្ដើក​ហែបហែល​ចុះ​ឡើងៗ​លើ​ពិតាន​កញ្ចក់​ធ្វើ​ឲ្យ​​ភ្ញៀវ​ទស្សនា​យ៉ាង​ជក់​ចិត្ត​ពេល​រំកិល​​​ខ្លួន​សន្សឹមៗ​លើ​​ផ្លូវ​ស្វ័យ​ប្រវត្តិ។

នៅ​មិន​ឆ្ងាយ​ពី​សួន​មច្ឆា ជា​សួន​កម្សាន្ត ពោរ​ពេញ​ដោយ​ឧបករណ៍​ជិះ​លេង​ដ៏​រំជើប​រំជួល​ជា​ច្រើន ធ្វើ​ឲ្យ​ភ្ញៀវ​តម្រង់​ជួរ​យ៉ាង​កកកុញ​ជា​រៀង​រាល់​ថ្ងៃ។ ទោះបី​ជា​ Dunia Fantasi ឬ Dufan បើក​ដំណើរការ​តាំង​ពី​ឆ្នាំ ១៩៨៥ ប៉ុន្តែ​កន្លែង​កម្សាន្ត​​មួយ​នេះ​តែង​តែ​ធ្វើ​ទំនើបកម្ម​​កែ​លម្អ​។ ​សំបុត្រ​ចូល​ចន្លោះពី ១០ ទៅ ១៤ ដុល្លារ។

ទីប្រជុំ​ជនដ៏អ៊ូអរ ស្ថិត​នៅតំបន់​ Kota Tua ទីក្រុង​ហ្សាការតា។ភ្នំពេញ ប៉ុសិ៍្ត

៣. ទីក្រុង​ចាស់ Kota Tua

ទិដ្ឋភាព​​នៅ​ទី​នេះ​នឹង​នាំ​អ្នក​ត្រឡប់​ទៅ​កាន់​សតវត្សរ៍​ទី ១៧ ជាមួយ​សំណង់​ស្ថាបត្យកម្ម​​បន្សល់​ពី​ហូឡង់​ ហើយ​ត្រូវ​បាន​ប្រែ​ក្លាយ​ជា​សារមន្ទីរ ​វិចិត្រសាល និង​ហាង​កាហ្វេ។

ក្នុង​ចំណោម​​អគារ​​ប្រវត្តិសាស្ត្រ​ដ៏​ច្រើន​នៅ​ប្លុក​ទីក្រុង​ចាស់ សារមន្ទីរ​ ​Wayang បាន​ប្រមូល​ផ្ដុំ​នូវសិល្បៈ​វប្បធម៌ អាយ៉ង និង​ល្ខោន​ស្រមោល​មក​ពី​គ្រប់​ទិសទី​ជុំវិញ​ពិភព​លោក ខណៈ​តម្លៃ​សំបុត្រ​ចូល​ទស្សនា​មិន​ដល់ ១ ដុល្លារ​ផង​នោះ។

សំណង់​ដ៏ស្កឹមស្កៃជានិមិត្តរូបជាតិ ដែល​មានកម្ពស់​ ១៣៧ ម៉ែត្រ​។ភ្នំពេញ ប៉ុសិ៍្ត

៤. វិមាន​និមិត្ត​រូបជាតិ Monas

ក្រៅ​ពី​កម្ពស់​ដ៏​ត្រដែត​ត្រដឹម​ ១៣៧ ម៉ែត្រ និង​​ស្រោប​មាស​ដល់​ទី ៥០ គីឡូក្រាម នៅ​ចុង​កំពូល សំណង់​និមិត្តរូប​ជាតិ​មួយ​នេះ អាច​ឲ្យ​ភ្ញៀវ​ឡើង​​តាម​ជណ្ដើរយន្ត​ទៅ​គយគន់​ទេសភាព​ទីក្រុង​ហ្សាការតា​ ៣៦០ ដឺក្រេ យ៉ាង​ពេញភ្នែក។

ខាង​ក្រោម​ដី​នៃ​វិមាន​ ជា​កន្លែង​ដាក់​តាំង​ចម្លាក់​​សូន និង​គំនូរ​ផុស ដែល​ពិពណ៌នា​ពី​ដើម​ដល់​ចប់​​​នូវ​ប្រវត្តិសាស្ត្រ​ឥណ្ឌូនេស៊ី​ពី​បរម​បុរាណ​​រហូត​ដល់​បច្ចុប្បន្ន។

ការ​សម្ដែងសិល្បៈ​ Jakarta International Performing Arts​​។ភ្នំពេញ ប៉ុសិ៍្ត

៥. សារមន្ទីរ​វាយនភណ្ឌ​

Museum Tekstil ជា​សារមន្ទីរ​ដែល​នឹង​ធ្វើ​ឲ្យ​ភ្ញៀវ​ជក់​ចិត្ត​ពី​ការ​រចនា​ក្រណាត់ និង​សំពត់​ប្រពៃណី​ដ៏​សម្បូរ​បែប​របស់​ឥណ្ឌូនេស៊ី។ នៅ​ទីនោះ​ភ្ញៀវ​ក៏​អាច​រៀន​ពី​វិធី​ធ្វើ​ Batik ដោយ​ការ​ប្រើ​ក្រមួន​គូរ​លើ​ក្រណាត់ និង​ជ្រលក់​ពណ៌​ ហើយ​នាំ​យក​ស្នា​ដៃ​ខ្លួន​ត្រឡប់​មក​ផ្ទះ​ទុក​ជា​អនុស្សាវរីយ៍៕