ក្រុងប៉េកាំង៖ ដើរលើខ្សែពួរ វារចុះតាមបំពង់ខ្សែពួរលើអគារកម្ពស់ ៤ ជាន់ អង្គុយយោលទោងលើរយៈកម្ពស់ ៥៨ ម៉ែត្រ ភ្ញៀវទេសចរកំពុងតែបង្ខំចិត្ដខ្លួនឯងឱ្យជម្នះភាពភ័យខ្លាចក្នុងល្បែងទើបបង្កើតឡើងថ្មីនៅលើប៉មអង់តែនទូរទស្សន៍ខ្ពស់បំផុតមួយនៅចិន។
អ្នកចិត្ដសឿងប៉ងរកសកម្មភាពប្រហោងពោះនៅទីក្រុងហ្គ័ងហ៊្សូ ត្រូវបានផ្ដល់រង្វាន់ជាមួយទេសភាព ៣៦០ ដឺក្រេនៃសម្រស់ទីក្រុងតាមដងទន្លេគជ់ពីលើអគារប៉មដែក ដើម្បីស្រូបយកខ្យល់អាកាសបន្សាបកម្ដៅភាគខាងត្បូងនៃទីក្រុង។
ពាក់មួក និងឧបករណ៍សុវត្ថិភាព ភ្ញៀវទេសចរអាចវារ និងឡើងសំណង់ដែកដែលបំពាក់ល្បែងជាច្រើន ក្រោមកិច្ចឃ្លាំមើល និងបង្ហាត់បង្ហាញពីសំណាក់គ្រូបង្វឹក បំណងស្វែងរកកន្លែងថតរូបស្អាតបំផុតសម្រាប់អ្នកប្រកួតប្រជែងគ្នា។
លោក ប៉េង ស៊ីន បានប្រាប់ AFP ពេលជូតញើសពីចិញ្ចើមក្រោយបញ្ចប់ល្បែងជម្នះឧបសគ្គជាន់ទី៣៣ កម្ពស់ ១៩៨ ម៉ែត្រពីដីថា៖ «គ្មានអ្វីស្រៀវឆ្អឹងខ្នងជាងនេះទេ។ ខ្ញុំមកទីនេះ ចម្បងចង់ជម្នះចិត្ដខ្លួនឯង និងចង់សាកល្បងអ្វីថ្មីៗ»។
ជាមួយទឹកប្រាក់ ១២,៥ លានដុល្លារ និងចំណាយពេលកសាងជាង ១ ឆ្នាំ ឧទ្យានផ្សងព្រេង «Landmark Alpha» បានបើកទ្វារកាលពីខែមករា ឆ្នាំ ២០២១ លើប៉ម Canton Tower កម្ពស់ ៦០៤ ម៉ែត្រ។
វាបានផ្ដល់នូវកីឡាព្រឺព្រួចដល់អ្នកចិត្ដសឿងនៅតាមប្រភេទខុសៗគ្នាចាប់ពីកម្ពស់ ១៩៨ ម៉ែត្រទៅដល់ ២៩៨ ម៉ែត្រ។ អ្នកចិត្ដសឿងនៅក្រុងហ្គ័ងហ៊្សូ ចំណាយប្រាក់រហូតដល់ ១០៨ ដុល្លារម្នាក់ លើការលេងល្បែងតែ ១ មុខ។
បុរសត្រកូល លី បានប្រាប់ AFP ក្រោយចុះពីជណ្ដើរជាន់ទី៥៨ ថា៖ «គ្រូបង្វឹកបានណែនាំលម្អិត និងបង្រៀនយ៉ាងហ្មត់ចត់។ វិធានការសុវត្ថិភាពពិតជាល្អ។ គ្រាន់តែមានការព្រមានជាមុនថា យើងអាចរីករាយជាមួយល្បែងទាំងអស់នេះបាន»។
ឧទ្យានផ្សងព្រេងស្វាគមន៍ភ្ញៀវចន្លោះ ២០០ ទៅ ៣០០ នាក់ អំឡុងពេលថ្ងៃបុណ្យជាតិ តែគ្មាននរណាហ៊ានលេងល្បែងបុកពោះនេះដល់ចប់ទេ។
ដើរបោះជំហានមិនដល់គ្នា នារីម្នាក់ទឹកមុខស្លេកប៉ឹម បានសារភាពថា៖ «ខ្ញុំគិតថា ខ្ញុំមានភាពក្លាហានគ្រប់គ្រាន់ក្នុងការលេងល្បែងទាំងនេះ តែជើងរបស់ខ្ញុំហាក់មិនស្ដាប់បញ្ជាសោះ»៕ AFP/HR