ក្រុងសានហ្វ្រានស៊ីស្កូ: ​ដំណើរ​ផ្សងព្រេង​បែប​ថ្មី​ចាប់ពី​ការបណ្ដើរ​តោ​នៅ​កេនយ៉ា​រហូត​ដល់​ការដើរ​ត្រាច់ចរ​ជាមួយ​ហ្វូង​ដំរី​ក្នុង​ប្រទេស ​ថៃ គឺជា​ដំណើរ​មួយបែប​ទៀត​លើ​សេវាកម្ម Airbnb ខណៈ​ក្រុមហ៊ុន​ពង្រីក​សេវាកម្ម​របស់​ខ្លួន​តាម​តម្រូវការ​ភ្ញៀវ​។

«​ដំណើរ​ផ្សងព្រេង Airbnb» ថ្មី​ដែល​ត្រូវ​បាន​ដាក់​ឲ្យ​អនុវត្ដ​ថ្មីៗ​នេះ​នឹង​ផ្ដោត​ចម្បង​សម្រាប់​អ្នកស្វែងរក​បទពិសោធ​ប្លែក​ចំពោះ​អ្នក​ប្រើ​សេវាកម្ម​ទេសចរណ៍​លើ​កម្មវិធី​ទូរស័ព្ទ​។

សេវាកម្ម​ខ្លះ​បាន​អនុញ្ញាត​ឲ្យ​ភ្ញៀវ​ជិះ​អូដ្ឋ​ឆ្លងកាត់​វាល​ខ្សាច់​ម៉ារ៉ុក ជិះ​កាយៈ និង​កង់​តាម​ដង​ទន្លេ​មេគង្គ​ក្នុង​នៅ​វៀតណាម ឬ​ស្វែងយល់​ពី​ជីវិត​ជន​គង្វាល​នៅ​អាមេរិក​ជាដើម​។

Airbnb បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​ថា​៖ «​តាំងពី​យើង​បើក​សេវាកម្ម​ទេសចរណ៍ ១១ ឆ្នាំ​មុន Airbnb បាន​ផ្ដល់​ជម្រើស​កញ្ចប់​សេវាកម្ម​ទេសចរណ៍​ប្លែកៗ​ទៅ​តាម​តម្រូវការ​ជានិច្ច​។ ថ្ងៃនេះ​យើង​បាន​ហោះ​ជំហាន​ទៅមុខ​ជាមួយ​ការរៀបចំ​ផ្ដល់​សេវាកម្ម​ទេសចរណ៍​កាន់តែ​អស្ចារ្យ​ដូចជា Airbnb Adventures ដែល​រួមបញ្ចូល​កម្មវិធី​សម្រាប់​អ្នក​ស្នាក់នៅ​ទទួលទាន​អាហារ និង​ធ្វើ​សកម្មភាព​ក្នុង​ព្រៃ​ដំបូង​» ។

សេវាកម្ម​ថ្មី​គឺជា​ការហោះ​ជំហាន​ទៅ​មុខ​របស់ Airbnb ដែល​លើស​​ពី​ការស្នាក់នៅ​ផ្ទះ​រួម តែ​ជា​សេវាកម្ម​ផ្ដល់​ការ​ស្នាក់​នៅក្នុង​សណ្ឋាគារ ទេសចរណ៍ ភោជនីយដ្ឋាន និង​សេវាកម្ម​ផ្សេងៗ​ដែល​ក្រុមហ៊ុន​នៅ​កាលីហ្វរនីញ៉ា​នេះ​រកចំណូល​បាន​ប្រមាណ ៣៥ ពាន់​លាន​ដុល្លារ​។

ទេសចរណ៍​ផ្សងព្រេង​ខ្លះ​រួមបញ្ចូល​ទាំង​ការដើរ​បោះជំរំ​ទឹកកក ស្នាក់នៅ​ក្នុង​រូង​ទឹកកក ទេសចរណ៍​ជិះ​កាយៈ​នៅ​ប្រជុំ​កោះ​ស៊ុយអែត ដំណើរ​ត្រាច់ចរ​ក្នុង​ព្រៃ​អាម៉ាហ្សូន ការ​ជិះ​បាឡុង​ហោះ ឬ​បណ្ដើរ​ហ្វូងតោ​ជាមួយ​នឹង​អ្នក​ចម្បាំង​សាមប៊ូរូ ក្នុង​ប្រទេស​កេនយ៉ា ៕ HR