The Phnom Penh Post Search

Search form

កែម ឡី «កម្ពុជា​កំពុង​ញាំ​ញី​ដោយ​ជំងឺ​ញៀន​អំណាច»

Content image - Phnom Penh Post
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវ នាពេលកន្លងមក។ រូបភាព សហការី

កែម ឡី «កម្ពុជា​កំពុង​ញាំ​ញី​ដោយ​ជំងឺ​ញៀន​អំណាច»

ការ​កាន់​តំណែង​មួយៗ​អស់​រយៈ​ពេល​ពី ២០ ទៅ ៣០ ឆ្នាំ ហើយ​មាន​អ្នក​ខ្លះ​ដើរ​លែង​រួច ជិះ​រទេះ​រុញ​ទៅ​ហើយ ក៏​នៅ​តែ​បន្ត​ក្រាញ​អំណាច​មិន​ព្រម​ចូល​និវត្តន៍​ត្រូវ​បាន​លោក កែម ឡី ចាត់​ទុក​ថា គឺជា​ជំងឺ​ញៀន​អំណាច ដែល​ជា​ជំងឺ​សង្គម​មួយ​ក្នុង​ចំណោម​ជំងឺ​សង្គម​ចំនួន ៤ ផ្សេង​ទៀត​ដែល​កំពុង​បន្ត​ញាំ​ញី​សង្គម​ខ្មែរ ដែល​ត្រូវ​ការ​ការ​ព្យាបាល​ជា​បន្ទាន់​ទើប​អាច​ធ្វើ​ឲ្យ​ប្រទេស​ដែល​ស្ទើរ​តែ​រលុប​ឈ្មោះ​បាត់​ពី​ផែនទី​ពិភពលោក​មួយ​នេះ ស្គាល់​នូវ​ភាព​រុងរឿង ដូច​បណ្តា​ប្រទេស​ជឿន​លឿន នៅ​លើ​ពិភពលោក​បាន។

លោក កែម ឡី ដែល​ជា​អ្នក​សិក្សា​ស្រាវជ្រាវ ហើយ​ក៏​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ហៅ​ថា ជា​អ្នក​វិភាគ​ឯករាជ្យ​ផង​នោះ បាន​ធ្វើ​ការ​អធិប្បាយ​លម្អិត​ពី​ជំងឺ​សង្គម​ទាំង ៥ យ៉ាង​នេះ ដែល​ជា​ឫស្ស​គល់​បង្កើត​ឲ្យ​មាន​បញ្ហា​ជាច្រើន​នៅ​ក្នុង​សង្គម​ខ្មែរ នា​ពេល​បច្ចុប្បន្ន និង​អាច​បន្ត​ញាំញី​សង្គម​នេះ​ទៅ​ថ្ងៃ​មុខ​ទៀត ប្រសិន​បើ​មិន​ព្រម​ធ្វើ​ការ​ដោះស្រាយ​ទប់​ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ​នោះ។

លោក កែម ឡី បាន​គូស​បញ្ជាក់​ថា ជំងឺ​សង្គម​ដែល​មាន​លក្ខណៈ​ធ្ងន់​ធ្ងរ​ជាង​គេ ហើយ​បាន​បន្ត​កើត​ឡើង នៅ​ក្នុង​សង្គម​ខ្មែរ​ជាច្រើន​ជំនាន់​មក​ហើយ​នោះ ទី​មួយ​គឺ​ជំងឺ​ញៀន​អំណាច ឬ​ជំងឺ​ក្រាញ​អំណាច។

លោក​បន្ត​ថា៖ «ជំងឺ​ញៀន​អំណាច រួម​ទាំង​ជំងឺ​ជោរ​នេះ គឺ​ម្នាក់ៗ​ចង់​ឲ្យ​គេ​សរសើរ ចង់​ឲ្យ​គេ​គោរព ចង់​ឲ្យ​គេ​គិត​ថា ខ្លួន​ឯង​ជា​អ្នក​ធំ ខ្លួន​ឯង​ជា​នាម៉ឺន មន្ត្រី ជា​ឯកឧត្តម ឧកញ៉ា សម្តេច ឧត្តមសេនីយ៍...អាហ្នឹង​ញៀន​ហ្មង ញៀន​អំណាច អា​ហ្នឹង​ជំងឺ​សង្គម​ដែល​កើត​ឡើង​យូរ​ហើយ តាំង​ពី​ជំនាន់​ស្តេច»។

ប្រទេស​កម្ពុជា មិន​ទាន់​ធ្លាប់​មាន​ប្រវត្តិ​ធ្វើ​ការ​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​ដោយ​សន្តិវិធី​ដូច​នៅ​បណ្តា​ប្រទេស​ជឿន​លឿន​ទេ ដែល​នេះ​គឺ​មក​ពី​ជំងឺ​ញៀន​អំណាច​នេះ​ឯង។

លោក កែម ឡី បន្ត​ថា៖ «បើ​ឡើង​ធ្វើ​ជា​ប្រធាន​អង្គការ​សង្គម​ស៊ីវិល គឺ​ធ្វើ ២០​ឆ្នាំ ជាង​អ៊ីចឹង​ទៅ...បើ​ឡើង​ជា​នាយក​រដ្ឋ​មន្ត្រី ២៥ ឆ្នាំ ៣០ ឆ្នាំ​អ៊ីចឹង​ទៅ អាហ្នឹង​ញៀន​ហ្មង ឲ្យ​ចុះ​ក៏​មិន​ចុះ​ដែរ ពិបាក​ចុះ អាហ្នឹង​ដែល​យើង​ឃើញ ជំងឺ​ហ្នឹង​ទាំង​អស់​គ្នា»។

ជំងឺ​ទីពីរ គឺ​ជំងឺ​លោភ​លន់ ចង់​មាន​ចង់​បាន​តែ​ម្នាក់​ឯង​ហួស​ហេតុ គឺ​បើ​ឃើញ​ព្រៃ ឃើញ​ឈើ​គ្រញូង​ល្អៗ ចង់​កាប់​ឲ្យ​អស់ យក​មក​ទុក​ផ្ទះ​ខ្លួន​ឯង ឃើញ​ដី​ល្អ​ចង់​វាត​យក​ដី​នោះ ឃើញ​ឆ្នេរ​សមុទ្រ​ស្អាត ចង់​ហ៊ុម​ព័ទ្ធ​យក​ឆ្នេរ​នោះ ធ្វើ​ជា​កម្មសិទ្ធិ​ខ្លួន​ឯង ពោល​គឺ​ចង់​បាន​អ្វីៗ​ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​យក​មក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ដោយ​មិន​គិត​ពី​អ្នក​ដទៃ។

លោក​បន្ត​ថា៖ «ចង់​បាន​តែ​ម្នាក់​ឯង​អត់​ដឹង​ថា អាហ្នឹង វា​ជា​កម្មសិទ្ធិ​របស់​យើង​ហើយ សមុទ្រ​ហ្នឹង ព្រៃ​ហ្នឹង ប្រាសាទ​ហ្នឹង អ៊ីចឹង យើង​ចង់​ទៅ​លេង​ពេល​ណា​ក៏​បាន​ដែរ វា​ជា​កម្មសិទ្ធិ​សាធារណៈ មិន​ចាំ​បាច់​យក​វា​មក​ឱប​ខ្លួន​ឯង​ទេ។ បើ​បាន​អា​ឆ្នេរ​សុខា​មួយ ទៅ​ឱប​យក​ធ្វើ​អូតែល​តែ​ម្នាក់​ឯង​ទៅ បើ​បាន​ព្រៃ​ភ្នំ​ណា​ស្អាត វាត​យក​តែ​ម្នាក់​ឯង​ទៅ អាហ្នឹង​ហើយ ដែល​ជា​ជំងឺ​លោភលន់ អត់​គិត​ពី​ទ្រព្យ​សម្បត្តិ​សាធារណៈ គិត​តែ​ពី​ទ្រព្យ​សម្បត្តិ​ឯកជន»។

លោក កែម ឡី បន្ថែម​ថា ជំងឺ​លោភ​លន់​ហួស​ហេតុ​នេះ បើ​សិន​ជា​មិន​មាន​យន្តការ​ទប់​ស្កាត់​ទេ អ្នក​ណា​ឡើង​កាន់​អំណាច​ក៏​ចង់​បាន​តែ​ម្នាក់​ឯង​បែប​នេះ យូរៗ​ទៅ ប្រទេស​កម្ពុជា ទាំង​មូល​ចង់​បាន​តែ​ម្នាក់​ឯង «ចង់​ឲ្យ​គេ​ងាប់ ឲ្យ​អស់ ហើយ​យក​តែ​ម្នាក់​ឯង អត់​ខ្លាច​ខ្មោច​លង​ទេ​ឬ​អី?»។ ជំងឺ ទី៣ គឺ​ជំងឺ​ហិង្សា ដែល​ជា​ទម្លាប់​នៃ​ការ​ប្រើ​អំពើ​ហិង្សា នៅ​ពេល​ដែល​ខ្លួន​ធ្វើ​ជា​ទាហាន ធ្វើ​ជា​នគរបាល ធ្វើ​ជា​ប៉េអឹម ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី ធ្វើ​ជា​រដ្ឋ​មន្ត្រី «ចង់​បាញ់ ចង់​សម្លាប់​ចង់​យក​អា​ណា​ទៅ​បាញ់​ចោល ចង់​យក​អា​ណា​ទៅ​សម្លាប់​ចោល ប្រព្រឹត្ត​ដាក់​គេ​អ៊ីចឹង​ទៅ... អាហ្នឹង​ខ្ញុំ​គិត​ថា ទម្លាប់​ហិង្សា​ហ្នឹង​ធំ​ណាស់ ដែល​យើង​ត្រូវ​តែ​ព្យាបាល»។ ជំងឺ ទី៤ គឺជា​ជំងឺ​ផ្លូវ​ចិត្ត ដែល​គេ​ហៅ​ថា ជា​វប្បធម៌​សង​សឹក​គ្នា​របស់​មេ​ដឹក​នាំ​ខ្មែរ​ពី​មួយ​ជំនាន់ ទៅ​មួយ​ជំនាន់។

លោក​គូស​បញ្ជាក់​ថា៖ «ឲ្យ​តែ​គេ​ធ្វើ​បាប​ខ្លួន គឺ​មាន​គំនុំ​ចង់​សង​សឹក​បន្ត​គ្នា​ហ្នឹង លន់ នល់ ឲ្យ​តែ​បាន​ឡើង​កាន់​អំណាច​សម្លាប់​ពួក សីហនុ ឯ​ប៉ុល ពត ឲ្យ​តែ​បាន​ឡើង​កាន់​អំណាច​ចង់​សម្លាប់​ពួក លន់ នល់ ហ៊ុន សែន ហ្នឹង​បាន​ឡើង​កាន់​អំណាច​ចង់​ធ្វើ​បាប​អា​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​ខ្លួន សម រង្ស៊ី គិត​ថា បើ​បាន​ឡើង​កាន់​អំណាច​ធ្វើ​បាប​ពួក​អ្នក​ពុក​រលួយ​ឲ្យ​អស់​ហ្មង គឺ​អត់​មាន​ទុក​ទេ អា​ហ្នឹង​គឺ​ជា​ជំងឺ​សង​សឹក»។

ចំណែក ទី៥ គឺជា​ជំងឺ​ដែល​មិន​មែន​គ្រាន់​តែ​ជា​ជំងឺ​នៅ​ក្នុង​សង្គម​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ជំងឺ​ពិភពលោក​តែ​ម្តង នោះ​គឺ​ជំងឺ​បំផ្លាញ​ខ្លួន​ឯង។ ជំងឺ​បំផ្លាញ​ខ្លួន​ឯង​នេះ មាន​ដូច​ជា ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ចោល ការ​អនុញ្ញាត​ឲ្យ​ឡាន​ដឹក​លើស​ចំណុះ​បើក​បំផ្លាញ​ផ្លូវ​ចោល «ខ្លួន​ឡើង​កាន់​អំណាច​ធំ ជា​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល អ៊ីចឹង អាង​តែ​ខ្លួន​ឯង​ចាស់​ហើយ ជិត​ស្លាប់​ហើយ អា​កូន​អ្ហែង​គិត​ម៉េច​គិត​ទៅ បំផ្លាញ​កិត្តិយស​កូន​ចោល អ៊ីចឹង​ទៅ...អត់​គិត​ពី​អនាគត​កូន អាហ្នឹង​គឺ​មាន​ន័យ​ថា មនុស្ស​ដែល​មាន​ជំងឺ​អត់​បាន​គិត​អំពី​អនាគត​អ្នក​ក្រោយៗ​ទៀត គិត​តែ​ខ្លួន​ឯង ហើយ​នាំ​គ្នា​បំផ្លាញ​ខ្លួន​ឯង»។ «បើ​អញ​មិន​បាន ឯង​ក៏​មិន​បាន​ដែរ ដូច​ក្មេង​លេង​គប់​អ៊ីចឹង បើ​ខ្លួន​មិន​បាន​លេង​ទេ គឺ​ទៅ​ជាន់​របស់​គេ​ចោល​អ៊ីចឹង​ទៅ បើ​ស្រី​ណា​ខ្លួន​យក​មិន​បាន​ទេ អញ​យក​មិន​បាន​អ្ហែង​ក៏​យក​មិន​បាន​ដែរ...»។

ទាំង ៥ យ៉ាង​នេះ គឺ​ជា​ជំងឺ​សង្គម​ដែល​លោក កែម ឡី បាន​លើក​ឡើង​ថា ត្រូវ​តែ​ធ្វើ​ការ​ព្យាបាល​ជា​បន្ទាន់ ហើយ​ត្រូវ​ព្យាបាល​ដោយ​មាន​ភាព​ឈ្លាស​វៃ។ វិធី​ព្យាបាល​គឺ​ត្រូវ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ជា​អ្នក​ជួយ​ព្យាបាល ហើយ​ចាស់​ជំនាន់​មុន​គឺជា​អ្នក​ផ្តល់​ជា​គំរូ។

ដោយ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ទៅ​លើ​ទាំង​បញ្ហា​សង្គម និង​នយោបាយ លោក កែម ឡី បាន​រក​ឃើញ​នូវ​ឫស្ស​គល់​នៃ​បញ្ហា​ជាច្រើន ដែល​កំពុង​តែ​ចាក់​ស្រែះ នៅ​ក្នុង​សង្គម​ខ្មែរ​ផង​ដែរ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​សម្រេច​ចិត្ត​ខុស​របស់​មេ​ដឹក​នាំ ដែល​ដោយសារ​តែ​ការ​សម្រេច​ចិត្ត​ទាំង​នោះ មិន​ពឹង​ផ្អែក​ទៅ​លើ​ទិន្នន័យ ដែល​កើត​ចេញ​ពី​ការ​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ។

លោក​បាន​លើក​ឡើង​ថា អ្នក​នយោបាយ​ខ្មែរ គួរ​ប្រើ​ប្រាស់​ទិន្នន័យ​ដែល​ចេញ​ពី​ការ​សិក្សា​ស្រាវជ្រាវ​យក​ទៅ​តាក់​តែង​ច្បាប់ យក​ទៅ​តាក់​តែង​គោល​នយោបាយ យក​ទៅ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ដល់​ការ​គ្រប់​គ្រង​ដឹក​នាំ​ប្រទេស។

លោក​គូស​បញ្ជាក់​ថា៖ «ប្រសិន​បើ​អ្នក​នយោបាយ​ទូទៅ​ដូច​នៅ​ស្រុក​គេ គឺ​គេ​ផ្អែក​ទៅ​លើ​ទិន្នន័យ ដែល​ជា​លក្ខណៈ​វិទ្យាសាស្ត្រ ហើយ​គាត់​ប្រើ​ប្រាស់​ទិន្នន័យ​ហ្នឹង​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ចិត្ត...អ៊ីចឹង​ហើយ បាន​ជា​ខ្ញុំ​ព្យាយាម​ផ្តល់​ព័ត៌មាន ហើយ​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ទិន្នន័យ​ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ហើយ​ធ្វើ​ម៉េច ឲ្យ​អ្នក​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ហ្នឹង ប្រើ​ប្រាស់​វា...អាហ្នឹង​វា​ជោគ​ជ័យ​ហើយ នៅ​ក្នុង​សង្គម​យើង ដែល​ខ្ញុំ​ប្រាថ្នា​ចង់​បាន»។

លោក​បាន​បន្ត​ថា កាល​ណា​មនុស្ស​ម្នាក់ៗ​ចេះ​ប្រើ​ប្រាស់​ទិន្នន័យ​ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ចេញ​ពី​ការ​សិក្សា​ស្រាវជ្រាវ​ពិត​ប្រាកដ នោះ​គេ​អាច​កាត់​បន្ថយ​ជម្លោះ​បាន​ច្រើន​មែន​ទែន ពីព្រោះ​មិន​អាច​គណបក្ស​មួយ​និយាយ​ថា «ក្រ» គណបក្ស​មួយ​និយាយ​ថា «មាន» បាន​ទេ ពីព្រោះ​បើ​ទិន្នន័យ​វា​ចង្អុល​បង្ហាញ​ថា «ក្រ» គឺ​វា​ក្រ​ហើយ បើ​ចង្អុល​បង្ហាញ​ថា «មាន» គឺ​វា​មាន​ហើយ។ «យើង​មិន​អាច​និយាយ​ថា គណបក្ស​មួយ​និយាយ​ថា ព្រៃ​នៅ​ច្រើន គណបក្ស​មួយ​និយាយ​ថា អស់​ព្រៃ ដោយ​សារ​អី គឺ​ដោយ​សារ​ស្រុក​ខ្មែរ​យើង គឺ​អត់​មាន​ការ​សិក្សា​ស្រាវជ្រាវ​ច្បាស់​លាស់ ជា​លក្ខណៈ​វិទ្យាសាស្ត្រ​ហើយ​ប្រកប​ដោយ​វិជ្ជាជីវៈ ដល់​អ៊ីចឹង​ទៅ បាន​ជា​ជម្លោះ​កើន​ឡើង»។

លោក កែម ឡី បាន​បន្ត​ទៀត​ថា នា​ពេល​បច្ចុប្បន្ន​មាន​អ្នក​ខ្លះ​ថា មាន​ជនជាតិ វៀតណាម រាប់​លាន​នាក់ អ្នក​ខ្លះ​ថា អត់​មាន​ជនជាតិ​វៀតណាម ដែល​ទាំង​នេះ​គឺជា​ទស្សនៈ​មើល​ឃើញ ដោយ​មិន​យក​ទិន្នន័យ​ដែល​កើត​ចេញ​ពី​ការ​សិក្សា​ស្រាវជ្រាវ​ពិត​ប្រាកដ។

នៅ​ពេល​ដែល​មាន​បញ្ហា​បែប​នេះ​នៅ​ក្នុង​សង្គម គេ​ត្រូវ​ជួល​ក្រុមហ៊ុន​ឯកជន​មួយ​ឲ្យ​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ថា តើ​មាន​ជនជាតិ វៀតណាម ប៉ុន្មាន​ភាគរយ ជនជាតិ​ខ្មែរ​ប៉ុន្មាន​ភាគរយ ជនជាតិ​ចាម​ប៉ុន្មាន​ភាគរយ ចិន​ប៉ុន្មាន​ភាគ​រយ ហើយ​ព័ត៌មាន​ប្រកប​ដោយ​វិជ្ជាជីវៈ ប្រកប​ដោយ​វិទ្យាសាស្ត្រ មាន​ភ័ស្តុតាង​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ «ធ្វើ​បែប​នេះ វា​កាត់​បន្ថយ​ជម្លោះ​បាត់​ទៅ​ហើយ អាហ្នឹង​ដែល​ខ្ញុំ​ចង់​ឃើញ»។

លោក កែម ឡី បាន​គូស​បញ្ជាក់​ទៀត​ថា ចំណុច​អវិជ្ជមាន​ចម្បង​មួយ នៅ​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន​គឺ​កើត​ឡើង​ដោយ​សារ​តែ​ទាំង​គណបក្ស​ប្រឆាំង ទាំង​គណបក្ស​កាន់​អំណាច អត់​ប្រើ​ប្រាស់​ទិន្នន័យ ដែល​កើត​ចេញ​ពី​ការ​សិក្សា​ស្រាវជ្រាវ យក​ទៅ​និយាយ​យក​ទៅ​ជជែក យក​ទៅ​ធ្វើ​ច្បាប់ យក​ទៅ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត «អាច​ថា​មេ​ដឹក​នាំ​ខ្លះ គាត់​អត់​ចេះ មេ​ដឹក​នាំ​ខ្លះ​ចេះ​ដែរ តែ​ទម្លាប់​គាត់​អត់​ប្រើ អាហ្នឹង​ឃើញ​ថា អវិជ្ជមាន​មែន​ទែន​តែ​ម្តង អាហ្នឹង​រឿង​មួយ រឿង​ទីពីរ ដែល​ជា​ចំណុច​អវិជ្ជមាន​នៅ​ស្រុក​ខ្មែរ គឺ​មេ​ដឹក​នាំ​គាត់​អត់​ទទួល​យក​នូវ​ពហុ​គំនិត យក​ទៅ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត ទាំង​គោល​នយោបាយ​ទាំង​ច្បាប់។ «ហើយ​ពហុ​គំនិត​ហ្នឹង ចេញ​មក​ពី​ណា ចេញ​មក​ពី​អ្នក​សិក្សា​ស្រាវជ្រាវ ពីព្រោះ​គាត់​ប្រមូល​ពី​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ ពី​អង្គការ​សង្គម​ស៊ីវិល ពី​ពលរដ្ឋ​ពី​អ្នក​ជំនួញ និង​ពី​អ្នក​ដទៃ​ទៀត យក​គំនិត​ទាំង​វិជ្ជមាន ទាំង​អវិជ្ជមាន ទាំង​កណ្តាល យក​មក​ធ្វើ​ការ​សន្និដ្ឋាន ហើយ​យក​ទៅ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត អាហ្នឹង​បាន​ល្អ ប៉ុន្តែ​គាត់​អត់​ធ្វើ​អ៊ីចឹង​ទេ គាត់​យក​តែ​គំនិត​បញ្ជោរ បញ្ចើច​បញ្ចើ សរសើរ​ហ្នឹង ហើយ​យក​ទៅ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ហ្នឹង​ខុស​ច្រើន»។ លោក កែម ឡី ក៏​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​បញ្ហា​ដីធ្លី​ផង​ដែរ។ បញ្ហា​ដីធ្លី ដែល​ត្រូវ​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ទៅ​ជា​បញ្ហា​សង្គម​ដ៏​ក្តៅ​គគុក​មួយ​កើត​ឡើង​នៅ​ស្ទើរ​ពាស​ពេញ​ផ្ទៃ​ប្រទេស ធ្វើ​ឲ្យ​ពលរដ្ឋ​កាន់​តែ​ច្រើន​ឡើង​រង​ទុក្ខ។

លោក កែម ឡី បាន​លើក​ឡើង​ថា វិបត្តិ​ដីធ្លី ដែល​កំពុង​តែ​បន្ត​កើត​ឡើង​យ៉ាង​ក្តៅ​គគុក​នេះ គឺ​កើត​ឡើង ដោយ​សារ​តែ​កំហុស​ឆ្គង​យ៉ាង​ធំ​ក្នុង​ការ​គ្រប់​គ្រង​ដីធ្លី​របស់​រដ្ឋាភិបាល។

នៅ​ក្រោយ ឆ្នាំ​១៩៧៩ ពលរដ្ឋ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ចំណែក​ដី​ខ្លះ ៣០ អា កន្លះ​ហិកតា ពីរ​ហិកតា​កាន់​កាប់ ប៉ុន្តែ​អាជ្ញាធរ មិន​បាន​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ពលរដ្ឋ​ទេ។ «ដល់​អ៊ីចឹង មក​ដល់​សម័យ​នេះ គឺ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​វា​ងើប នៅ​ពេល​ដែល​ដី​ឡើង​ថ្លៃ អ្នក​ដែល​មាន​អំណាច អ្នក​ដែល​មាន​លុយ អ្នក​ដែល​មាន​ឥទ្ធិពល គឺ​ទៅ​រំលោភ​គេ​យក​តែ​ម្តង មិន​ត្រឹម​តែ​ទៅ​រំលោភ​ដីធ្លី​ជន​សាមញ្ញ​ទេ គឺ​ទៅ​រំលោភ​យក​ទាំង​ព្រៃ​អភិរក្ស ព្រៃ​ការពារ តំបន់​អភិរក្ស ភ្នំ បឹង​ទន្លេ ឆ្នេរ​សមុទ្រ ដែល​ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ថែម​ទៀត​គឺ​ទៅ​រំលោភ​យក​តែ​ម្តង»។

ដើម្បី​ដោះស្រាយ​វិបត្តិ​ដី​ធ្លី​ដែល​កំពុង​បន្ត​កើត​ឡើង​នេះ​លោក កែម ឡី បាន​ផ្តល់​អនុសាសន៍​ថា គេ​អាច​ដោះស្រាយ​បាន​រហូត​ដល់ ៩០ ភាគរយ ដោយ​រដ្ឋាភិបាល​ឲ្យ​មន្ត្រី​ជំនាញ​សុរិយោដី​ស្រុក​ខេត្ត​នីមួយៗ ចុះ​ធ្វើ​ការ​វាស់​វែង ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដល់​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ទាំង​អស់ ដែល​ពួក​គេ​កំពុង​រស់​នៅ​ក្នុង​ស្រុក​ចំនួន ៥៦ ដែល​មាន ១៣១ ឃុំ និង ៥០៣ ភូមិ​ជា​មុន​សិន។ មន្ត្រី​សុរិយោ​ដី អាច​ធ្វើ​ការងារ​នេះ យ៉ាង​យូរ​ក្នុង​រយៈ​ពេល ៦​ខែ ហើយ​ក្នុង​អំឡុង​ពេល​នេះ រដ្ឋាភិបាល​ត្រូវ​ផ្អាក​សកម្មភាព​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ទាំង​អស់ ដែល​តែង​តែ​បង្ក​ឲ្យ​មាន​បញ្ហា​វិវាទ​ដីធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ។ បច្ចុប្បន្ន ប្រជា​ពលរដ្ឋ ដែល​មាន​ប្លង់​ដី​រឹង​គឺ​មាន​ប្រមាណ ៣០ ភាគរយ។ រដ្ឋាភិបាល​ត្រូវ​សហការ​ជាមួយ​ដៃ​គូ​អភិវឌ្ឍន៍​ដើម្បី​វាស់​វែង​ដី​ផ្តល់​ប្លង់​រឹង​ដល់​ប្រជា​ពលរដ្ឋ​ចំនួន ៧០ ភាគរយ​ទៀត ដែល​នៅ​សល់​ដោយ​អាច​ចាប់​ផ្តើម​ធ្វើ​ការងារ​នេះ ពី​ខែ ៥ ឆ្នាំ​២០១៤ ដល់​ខែ ១២ ឆ្នាំ​២០១៥។

លោក កែម ឡី គូស​បញ្ជាក់​ថា៖ «ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ​នេះ ធ្វើ​ឲ្យ​បាន​ពី ៧០ ទៅ ៩០ ភាគរយ​ទៅ អាហ្នឹង​អាច​ឈាន​ទៅ​បញ្ចប់​បញ្ហា​ជម្លោះ​ដីធ្លី​បាន ១០០ ភាគរយ​តែ​ម្តង ហើយ​រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ប៉ះពាល់​ដល់​ប្រជា​ពលរដ្ឋ​ទៀត»។

ដើម្បី​ចៀស​វាង​ការ​បណ្តេញ​ចេញ​ពី​ផ្ទះ​សម្បែង ដីធ្លី ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទុក្ខ​ខ្លោច​ផ្សា លោក កែម ឡី បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ការ​វាយតម្លៃ​អចលន​ទ្រព្យ​ជា​លក្ខណៈ​ជាតិ​តែ​ម្តង នៅ​តាម​តំបន់​នីមួយៗ ហើយ​បើ​ក្រុមហ៊ុន​ត្រូវ​ការ​ដី​អភិវឌ្ឍ ចង់​ដេញ​គេ​ចេញ​នៅ​តំបន់​ណា​មួយ គេ​ត្រូវ​តែ​ផ្អែក​ទៅ​លើ​ការ​វាយ​តម្លៃ​ជា​លក្ខណៈ​ជាតិ​នោះ «ហើយ​ត្រូវ​សង ៥ ចំណុច ទីមួយ​គឺ​តម្លៃ​ដី ទី​ពីរ​តម្លៃ​ផ្ទះ​ដែល​គេ​រុះរើ​វៃ​កម្ទេច​ចោល​ទៅ​សង់​ថ្មី ទីបី តម្លៃ​អន្តរកាល​នៅ​ពេល​ដែល​គេ​រុះរើ ទី៤ តម្លៃ​ដែល​គេ​ផ្លាស់​លំនៅ​ទៅ​ដល់​កន្លែង​ថ្មី និង​ទី៥ គឺ​តម្លៃ​សេដ្ឋកិច្ច​ដែល​គេ​បាត់បង់​ឱកាស​របស់​គេ​ក្នុង​ពេល​រុះរើ។ ដល់​អ៊ីចឹង​ម្នាក់ៗ​ចង់​ឲ្យ​តែ​ក្រុមហ៊ុន​ប៉ះពាល់​ដី​ផ្ទះ​របស់​ពួក​គេ​ទេ ពីព្រោះ​វា​ចំណេញ​អាច​បាន​ផ្ទះ​ថ្មី​អាហ្នឹង​វា​សំខាន់»។

បញ្ហា​ជម្លោះ​ដីធ្លី ដែល​ករណី​ជាច្រើន​មាន​ការ​បណ្តេញ​ចេញ​ដោយ​ពុំ​បាន​ផ្តល់​សំណង​សមរម្យ​ទៅ​តាម​តម្លៃ​ទីផ្សារ និង​ពុំ​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​ចាំបាច់​មួយ​ចំនួន​ទៀត​បាន​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ជាច្រើន​ធ្លាក់​ខ្លួន​ពី​មធ្យម​មក​ក្រ ពី​ជិត​ក្រ ទៅ​ក្រ ហើយ​នាំ​គ្នា​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក។ លើស​ពី​នេះ ក៏​បាន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន និង​វិនាស​ហិន​ហោច​ព្រៃ​ឈើ​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍