The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប៊ុន យីន៖ គន្លឹះ​ជោគជ័យ​របស់​ខ្ញុំ​គឺ​គោរព​វិន័យ

ប៊ុន យីន៖ គន្លឹះ​ជោគជ័យ​របស់​ខ្ញុំ​គឺ​គោរព​វិន័យ

លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស៊ីអាយអិមប៊ី (CIMB)។
លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស៊ីអាយអិមប៊ី (CIMB)។ គាំ ច័ន្ទរស្មី

ប៊ុន យីន៖ គន្លឹះ​ជោគជ័យ​របស់​ខ្ញុំ​គឺ​គោរព​វិន័យ

កើត​នៅ​ក្នុង​ឆ្នាំ ១៩៥៦ ក្នុង​រាជធានី​ភ្នំពេញ និង​សិក្សា​រៀនសូត្រ​នៅ​រាជធានី​ភ្នំពេញ​ក្នុង​របប​សង្គម​រាស្ដ្រនិយម​របស់​អតីត​ព្រះមហាក្សត្រ ព្រះនរោត្តម សីហនុ និង​របប​សាធារណរដ្ឋ​របស់​លោក​សេនាប្រមុខ លន់ នល់។ ឪពុក​ម្ដាយ​របស់​លោក​ជា​អ្នក​ស្រុក​ក្រូចឆ្មារ ខេត្ត​កំពង់ចាម។

វត្តមាន​នៃ​របប​អាវ​ខ្មៅ ប៉ុល ពត នៅ​ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ១៩៧៥ បណ្ដាល​ឲ្យ​និស្សិត​ខ្មែរ​រាប់​ពាន់​នាក់​មិន​អាច​បញ្ចប់​វគ្គ​ឧត្តម​សិក្សា​ផ្នែក​វិជ្ជាជីវៈ​ ធនាគារ និង​ហិរញ្ញវត្ថុ​របស់​ខ្លួន​តាម​បំណង​ប្រាថ្នា​ឡើយ​ក្នុង​នោះ​ក៏​មាន​និស្សិត ប៊ុន យីន ម្នាក់​ផង​ដែរ ដែល​អភ័ព្វ​មិន​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់​ដូច​យុវនិស្សិត​ក្នុង​សម័យ​នេះ។

លោក ប៊ុន យីន មិន​មាន​សំណាង​បាន​ទៅ​សិក្សា​នៅ​បរទេស​ដូច​និស្សិត​ដទៃ​ទេ​ប៉ុន្ដែ​លោក​បាន​ចំណាយ​ពេល​ស្ទើរ​ពាក់​កណ្ដាល​ជីវិត​ក្នុង​វិជ្ជាជីវៈ​ធនាគារ និង​ហិរញ្ញវត្ថុ​តែ​មួយ​ជំនាញ​គត់​ចាប់ពី​ឆ្នាំ ១៩៨១ ដល់​ឆ្នាំ ២០១៦។

លោក ប៊ុន យីន បាន​រៀបការ និង​មាន​កូន​ចំនួន​បី​នាក់។ បច្ចុប្បន្ន​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ស៊ីអាយអឹមប៊ី (CIMB Bank) ប្រចាំ​នៅ​កម្ពុជា។ ស៊ីអាយអឹមប៊ី ជា​ធនាគារ​ថ្នាក់​តំបន់​មាន​ការិយាល័យ​ធំ​នៅ​ប្រទេស​ម៉ាឡេស៊ី​ហើយ​មាន​សាខា​រាប់រយ​នៅ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​ស្ទើរតែ​ទាំងអស់​លើកលែង​តែ​ហ្វីលីពីន និង​ភូមា។

អតិថិជន CIMB អាច​ដក​ប្រាក់​នៅ​តាម ATM ណា​មួយ​របស់ CIMB ក៏​បាន​នៅ​ក្នុង​បណ្ដា​ប្រទេស​នានា​ដែល​មាន​សាខា​ធនាគារ CIMB។

ក្នុង​ពេល​ផ្ដល់​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្ដិ៍​លោក ប៊ុន យីន បាន​ទម្លាយ​ពី​អាថ៌កំបាំង​នៃ​គន្លឹះ​ជោគជ័យ​ក្នុង​វិជ្ជាជីវៈ​របស់​លោក​ក្នុង​ឋានៈ​ជា​អ្នក​ផ្តល់​សេវាហិរញ្ញវត្ថុ​ជាង​បី​ទសវត្សរ៍​នៅ​កម្ពុជា​ថា​ «ការ​គោរព​វិន័យ» គឺជា​គោលការណ៍​ចម្បង​ និង​ជា​ឈ្នាន់​សម្រាប់​ជាន់​ឈាន​ឡើង​ពី​ឋានៈ​ទាប​ទៅ​ខ្ពស់​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​អ្នក​ដឹកនាំ​បុគ្គលិក។ រីឯ «បុគ្គលិក» វិញ​ត្រូវ​ចាត់ទុក​ពួកគេ​ជា​ទ្រព្យធន​ដ៏វិសេស​របស់​ក្រុមហ៊ុន​ក្នុង​ការ​ជំរុញ​ភាព​ជោគជ័យ។

ដោយ​ថ្លែង​ពី​ប្រវត្តិ​ការងារ និង​ជីវិត​ឯកជន​លោក ប៊ុន យីន បាន​លើក​ឡើង​ថា​លោក​ចាប់​ផ្តើម​ធ្វើការ​លើ​វិជ្ជាជីវៈ​ធនាគារ​តាំង​ពី​ឆ្នាំ ១៩៨១-១៩៩២ ក្នុង​ធនាគារ​មជ្ឈិម (សម័យ​រដ្ឋ​កម្ពុជា) មាន​ឋានៈ​ជា​នាយករង។

ក្រោយ​ពី​បោះឆ្នោត​ជាតិ​ក្រោម​ការ​គ្រប់គ្រង​ដោយ​អ៊ុនតាក់ (UNTAC) លោក យីន បាន​ចូល​បម្រើ​ធនាគារ​កម្ពុជា​សាធារណៈ​ពី​ឆ្នាំ​ ១៩៩៤ ដល់​ឆ្នាំ ២០១០ ទើប​លា​ឈប់​ពី​ធនាគារ​ហ្នឹង​ឋានៈ​ជា​អគ្គនាយករង។ លោក ប៊ុន យីន ចូល​បម្រើ​ធនាគារ​ថ្នាក់​តំបន់ CIMB ចាប់​ពី​ឆ្នាំ ២០១០ ដល់​បច្ចុប្បន្ន។

កាល​ពី​ខែ​មករា ឆ្នាំ ២០១៥ លោក​ត្រូវ​បាន​ឡើង​តំណែង​ពី​អគ្គនាយករង​ទៅ​ជា​ប្រធាន​នាយកប្រតិបត្តិ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​មើល​ឃើញ​ថា​ប្រវត្តិ​របស់​ខ្ញុំ​បើ​និយាយ​ពី​ការ​រៀនសូត្រ​គឺ​តិច​ណាស់​តែ​អ្វី​ដែល​ខ្ញុំ​ចេះ​គឺ​ដោយសារ​ការ​ធ្វើ​ការងារ​សន្សំ​បទពិសោធ និង​ការ​អនុវត្ត​ការងារ​ជាក់ស្ដែង​ក៏​ដូចជា​ខំ​រៀន​ធ្វើ​ទំនាក់​ទំនង​ជាមួយ​ធនាគារ​បរទេស​ដែល​ឈាន​ដល់​កម្រិត​មួយ​អាច​ផ្ដល់​ជា​និយម​ន័យ​ទៅ​លើ​ទ្រឹស្តី​ត្រឹមត្រូវ​អំពី​វិជ្ជាជីវៈ​ធនាគារ​ដូច​អ្វី​ដែល​គេ​បង្រៀន​នៅ​ក្នុង​បណ្ដា​មហា​វិទ្យាល័យ​ដែរ»។

ពាក់ព័ន្ធ​នឹង​វិជ្ជាជីវៈ​ធនាគារ​ពិសេស​ការងារ​គ្រប់គ្រង​វិញ​លោក ប៊ុន យីន បាន​ថ្លែង​ថា​លោក​តែងតែ​ជួប​ឧបសគ្គ​តូចធំ​យ៉ាង​ច្រើន​ប៉ុន្ដែ​លោក​ចេះ​រក​មធ្យោបាយ​ដោះស្រាយ​រាល់​បញ្ហា​បាន​ដោយ​ជោគជ័យ។ បច្ចុប្បន្ន​នេះ​ធនាគារ​របស់​លោក​មិនមែន​កំពុង​ប្រកួត​ប្រជែង​ផ្នែក​អាជីវកម្ម​ប៉ុណ្ណោះ​នោះ​ទេ​តែ​គេ​ប្រកួត​ប្រជែង​ក្នុង​ការ​ទាក់​យក​បុគ្គលិក​ផង​ដែរ។

កាល​ពី​មុន​ធនាគារ​ប្រកួត​ប្រជែង​តែ​ជាមួយ​ធនាគារ​ពាណិជ្ជ​ដូច​គ្នា​ទេ​តែ​ឥឡូវ​នេះ​ធនាគារ​ពាណិជ្ជ​ប្រកួត​ប្រជែង​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ បច្ចុប្បន្ន​នេះ​កម្ពុជា​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៩ ស្ថាប័ន​ដែល​មាន​ទំហំ​ប្រតិបត្តិការ​ស្ទើរ​តែ​ធំ​ជាង​ធនាគារ​ពាណិជ្ជ​ទៅ​ទៀត។

លោក​ថ្លែង​ថា៖ «ធនាគារ​ល្អ​មិនមែន​ត្រឹម​តែ​ធ្វើ​ម៉េច​រក​ចំណេញ​ពី​ភ្ញៀវ​ទេ​តែ​យើង​ត្រូវ​ធ្វើ​ម៉េច​ជួយ​ភ្ញៀវ​យក​លុយ​យើង​ទៅ​ប្រើប្រាស់​ឲ្យ​បាន​ចំណេញ​ទាំង​គាត់ [អតិថិជន] ទាំង​ធនាគារ»។

ឆ្លើយតប​នឹង​ទស្សនៈ​ដែល​លើក​ឡើង​ថា​អ្នក​ផ្ដល់​ប្រាក់​កម្ចី​តែងតែ​ធ្វើ​មាន​បាន​រីឯ​អ្នក​ខ្ចី​ប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​វិញ​តែងតែ​ក្រ​លំបាក​ទៅៗ​លោក ប៊ុន យីន បាន​ពន្យល់​ថា​ជា​ការ​អង្កេត​របស់​លោក​ផ្ទាល់​តួនាទី​របស់​ធនាគារ​មិនមែន​ត្រឹម​តែ​រក​ប្រាក់​ចំណេញ​ពី​អតិថិជន​នោះ​ទេ​តែ​ត្រូវ​ផ្តល់​ប្រឹក្សា​ទៅ​ដល់​អតិថិជន​ដែរ។ ឧទាហរណ៍៖ ពេល​ខ្លះ​គេ​ចង់​ខ្ចី​លុយ​ច្រើន​ទៅ​រក​ទទួលទាន ឬ​អាជីវកម្ម​របស់​គេ​ក្រោយ​សិក្សា​ទៅ​ឃើញ​ថា​គេ​ពុំ​ចាំបាច់​ខ្ចី​ដល់​ប៉ុណ្ណឹង​ទេ​អ៊ីចឹង​អ្នក​ឯង​កុំ​យក​ប៉ុណ្ណឹង​អី​គួរ​យក​ប៉ុណ្ណេះ​វិញ​ហើយ​យើង​ណែនាំ​គេ​ឲ្យ​ប្រើប្រាស់​លុយ​ពី​ធនាគារ​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត។ ពេល​មាន​ប្រសិទ្ធភាព​ហ្នឹង​ហើយ​គឺ​គេ​ចំណេញ។ នៅ​ពេល​ដែល​គេ​ចំណេញ​ហើយ​គឺ​អាច​ជួយ​សង​ទៅ​ដល់​ធនាគារ។ អ៊ីចឹង​គឺ​យើង​អាច​រីកចម្រើន​ជាមួយ​គ្នា។

លោក ប៊ុន យីន បាន​បញ្ជាក់​ថា៖ «អ្នក​រកស៊ី​ធ្វើ​ធនាគារ​ទាល់​តែ​យើង​ធ្វើ​ដល់​កម្រិត​នេះ​ទើប​យើង​អាច​ជួយ​គេ​បាន»។

ជា​អ្នក​គ្រប់គ្រង​ដ៏​មាន​សុទិដ្ឋិនិយម​លោក ប៊ុន យីន បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​រីកចម្រើន​ក្នុង​វិស័យ​ធនាគារ​ក្នុង​រយៈពេល​ជាង ១០ ឆ្នាំ​ចុងក្រោយ​ថា​ការ​ចម្រើន​លូតលាស់​ក្នុង​វិស័យ​ធនាគារ​ខ្លាំង​សម្បើម​ដែល​មិន​នឹក​ស្មាន​ដល់។ តាម​តួលេខ (២០០៥-២០១៥) គឺ​ធនាគារ​ពាណិជ្ជ​កើន​ពី ១៩ ធនាគារ​រហូត​មក​ដល់ ៤៧ ហើយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​បាន​កើន​ពី ១៦ ដល់ ៥៨។

កម្ពុជា​គ្មាន​ទីផ្សារ​ភាគហ៊ុន​ទេ​កាល​ពី​ឆ្នាំ ២០០៥ តែ​ឥឡូវ​មាន​ផ្សារ​ភាគហ៊ុន។ ប្រាក់​បញ្ញើ​ធនាគារ​កាលពី​ ១០ ឆ្នាំ​មុន​មាន​តែ ៩៥០ លាន​ដុល្លារ​ទេ​ដល់​ឥឡូវ​មាន ១១,៥ ពាន់​លាន​ដុល្លារ។ ប្រាក់​កម្ចី​ពី​មុន​មាន​ត្រឹម​តែ ០,៥៩ ពាន់​លាន​ដុល្លារ​តែ​ឥឡូវ​នេះ​គឺ ១១,៨៤ ពាន់​លាន​ដុល្លារ​កើនឡើង​ជាង ១០ ដង។ អ៊ីចឹង​កំណើន​នេះ​វា​មាន​ការ​រីកចម្រើន​យ៉ាង​ខ្លាំង។

បុរស​ម្នាក់​ជិះ​ម៉ូតូ​មុខ​ធនាគារ CIMB វិថី​ព្រះនរោត្តម។
បុរស​ម្នាក់​ជិះ​ម៉ូតូ​មុខ​ធនាគារ CIMB វិថី​ព្រះនរោត្តម។ ហេង ជីវ័ន

តាម​ទិន្នន័យ​នេះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​កម្ពុជា​ជា​ប្រទេស​ស៊ីវិល័យ​ហើយ​ធនាគារ​ជា​ឧបករណ៍​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច។

លោក​បញ្ជាក់​ថា៖ «យើង​ឃើញ​ថា​វា​ជា​ការ​រីកចម្រើន​មួយ​ដ៏ខ្លាំង​ណាស់​ដែល​កាល​ពី​ ១០ ឆ្នាំ​មុន​កម្ពុជា​មិន​ដែល​ស្គាល់​ទេ ATM ឬ Credit Card ហ្នឹង​ស្អី​ឥឡូវ​មាន​អាហ្នឹង​ទាំង​អស់​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ឥឡូវ​មាន​រហូត​ដល់​ប្រើ​ទូរស័ព្ទ​បង់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង​ទៀត។ អា​ទាំង​អស់​ហ្នឹង​វា​ឆ្លុះបញ្ចាំង​ទៅ​លើ​ការ​រីកចម្រើន​របស់​ប្រទេស​ខ្មែរ​យើង»។

លោក យីន បាន​និយាយ​ថា៖ «ខ្ញុំ​និយាយ​តាម​ពិត​ខ្ញុំ​ក៏​មាន​ការ​អបអរសាទរ​ចំពោះ​វិស័យ​ធនាគារ​ដែរ​ខ្ញុំ​ហ៊ាន​និយាយ​ថា​វិស័យ​ធនាគារ​នាំ​មក​នូវ​តម្លាភាព​ពីព្រោះ​ធនាគារ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​បាន​ធនាគារ​ជាតិ​ឲ្យ​បោះ​ផ្សាយ​លើ​របាយការណ៍​ប្រចាំ​ឆ្នាំ​យើង​ធ្វើ​អី​ខ្លះ? យើង​ត្រូវ​ឆ្លង​កាត់​អី​ខ្លះ? ហ្នឹង​ឆ្លុះ​បញ្ចាំង​ពី​សកម្មភាព​របស់​យើង។ អ៊ីចឹង​បើ​សិន​ណា​ជា​ការ​រីកចម្រើន​ធនាគារ​កាន់​តែ​ខ្លាំង​ទៅ​វិស័យ​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​សាច់​ប្រាក់​កាន់តែ​ច្រើន​ឡើង​វា​អាច​ជួយ​ពង្រីក​វិសាលភាព​នៃ​តម្លាភាព​កាន់​តែ​ល្អ​ហើយ​ពេល​ហ្នឹង​សង្គម​ការ​ឆ្លុះ​បញ្ចាំង​ពី​ភាព​យុត្តិធម៌​ក៏​ខ្ញុំ​ជឿ​ថា​វា​អាច​កើតឡើង​ពេល​ហ្នឹង​ដែរ»។

ជា​អ្នក​រៀបចំ​យុទ្ធសាស្រ្ដ​ និង​ជា​អ្នក​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ​លោក យីន បាន​យល់​ថា​ចំនួន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ពុំ​ទាន់​គ្រប់គ្រាន់​តាម​តម្រូវការ​អ្នក​ប្រើប្រាស់​ទេ​ក្នុង​ចំនួន​ប្រជាពលរដ្ឋ​សរុប​ជាង ១៥ លាន​នាក់។ កម្ពុជា​នៅ​មាន​ចន្លោះ​សម្រាប់​ការ​រីកចម្រើន​ក្នុង​វិស័យ​នេះ​បន្ដ​ទៀត​ហើយ​បាន​និង​កំពុង​ផ្តល់​ការ​ប្រាក់​ទាប​ទៅៗ​សម្រាប់​អតិថិជន។ លោក​បាន​បញ្ជាក់​ថា៖ «បើ​តាម​ខ្ញុំ​ចាំ​នៅ​ឆ្នាំ ១៩៩២ ធនាគារ​កម្ពុជា​សាធារណៈ​កាល​ហ្នឹង​ធនាគារ​យក​ការ​ប្រាក់ ១៨ ភាគរយ​ក្នុង​មួយ​ឆ្នាំ​ហើយ​ឥឡូវ​នេះ​ខ្ញុំ​និយាយ​ពី​តែ​ធនាគារ​ពាណិជ្ជ​គិត ៨ ភាគរយ​ហើយ​ធនាគារ​ខ្លះ​ឲ្យ​ខ្ចី​ដោយ​គិត​ការប្រាក់​ត្រឹម​តែ ៦-៧ ភាគរយ»។ លោក​បាន​អះអាង​ថា​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​ច្បាប់ និង​គោលនយោបាយ​របស់​រដ្ឋាភិបាល​កាន់តែ​ប្រសើរ​ឡើង។

ដើម្បី​ជួយ​ការពារ​ប្រយោជន៍​អតិថិជន​ពី​ហានិភ័យ​នានា​ធនាគារ​ជាតិ​នៃ​កម្ពុជា​កាល​ពី​ខែ​មីនា​កន្លង​ទៅ​បាន​ចេញ​សេចក្តី​សម្រេច​ដំឡើង​ទុន​វិនិយោគ​សម្រាប់​ប្រតិបត្តិករ​ហិរញ្ញវត្ថុ។

លោក ប៊ុន យីន បាន​សាទរ​ចំពោះ​ធនាគារ​ជាតិ​ដែល​តម្រូវ​ឲ្យ​ធនាគារ​ពាណិជ្ជ ធនាគារ​ឯកទេស និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដំឡើង​ដើម​ទុន​វិនិយោគ​ពី​ព្រោះ​ការ​រីកចម្រើន​បាន​មក​ដល់​ដំណាក់កាល​មួយ​ដែល​មិន​ត្រូវ​មើល​តែ​បរិមាណ​ទេ​តែ​ក៏​គួរ​មើល​គុណភាព​ផង​ដែរ។ ដើមទុន​ច្រើន​ធនាគារ​អាច​មាន​លទ្ធភាព​ធ្វើ​អាជីវកម្ម និង​ធានា​ទៅ​លើ​ហានិភ័យ​ផ្សេងៗ​ដែល​អាច​កើត​មាន។ ធនាគារ​ជាតិ​ចង់​ជំរុញ​ឲ្យ​ការងារ​ហ្នឹង​ដោយ​ឲ្យ​ធនាគារ​ពាណិជ្ជ​ទាំង​អស់​ការពារ​អតិថិជន។

ទោះ​ជា​យ៉ាង​ណា​លោក ប៊ុន យីន បាន​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​វិវត្តន៍​នៃ​វិស័យ​ធនាគារ​នៅ​កម្ពុជា​នា​ពេល​កន្លង​មក។

លោក​ថ្លែង​ថា៖ «វា​អស្ចារ្យ​ណាស់​ដែល​គ្រប់​គ្នា​នឹក​ស្មាន​មិន​ដល់» ហើយ​បច្ចេកវិទ្យា​ប្រតិបត្តិការ​ក៏​ចេះ​តែ​មាន​ការ​ប្រែប្រួល​ឡើងៗ​រហូត​ទៅ។ ទៅ​មុខ​តិច​ទៀត​អតិថិជន​នឹង​ទទួល​សេវា​ពី​ធនាគារ​ដោយ​មិន​ចាំបាច់​មក​ធនាគារ​ទេ​គេ​អាច​ធ្វើ​តាម​អ៊ីនធឺណិត ឬ​តាម​ទូរស័ព្ទ​សព្វ​បែប​យ៉ាង»។

លោក ប៊ុន យីន បាន​និយាយ​ថា «សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា​នា​ពេល​អនាគត​របស់​ធនាគារ​វា​នឹង​ល្អ។ ខ្ញុំ​ជឿ​ថា​ធនាគារ​ជាតិ​ក៏​ដូចជា​ធនាគារ​ពាណិជ្ជ​ដែរ​គឺ​ប្រាកដ​ជា​មាន​ការ​រីកចម្រើន​បន្ត​ទៅ​មុខ​ទៅ​ទៀត»។

ទោះ​ជា​យ៉ាង​ណា​រាល់​ការ​អភិវឌ្ឍ​ទាំងអស់​វា​អាស្រ័យ​ដោយ​ស្ថិរភាព​នយោបាយ។ ក្នុង​ករណី​កម្ពុជា​បន្ដ​មាន​សុខ​សន្ដិភាព​ដូច​បច្ចុប្បន្ន វិនិយោគិន ច្បាស់​ជា​ត្រូវ​ដាក់​ទុន​រក​ទទួលទាន​រយៈពេល​វែង​ដោយ​ជួយ​បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច។

បើ​តាម​ទស្សនវិស័យ​របស់​បុរស​វ័យ ៦០ ឆ្នាំ​រូប​នេះ​នៅ​ទសវត្សរ៍​ខាង​មុខៗ​ទៀត​សន្ទុះ​នៃ​ការ​ជឿនលឿន​នៃ​សេវាកម្ម​ធនាគារ និង​ហិរញ្ញវត្ថុ​នឹង​មិន​ខុស​ពី​ការ​រីកចម្រើន​នៅ​សតវត្សរ៍​ទី ២០ និង​សតវត្សរ៍​ទី ២១ ទេ។

លោក ប៊ុន យីន បាន​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា​ការ​ស្ទុះ​ឡើង​ក្នុង​ពិភពលោក​នេះ​វា​មិនមែន​ធ្វើ​លេខ​បូក​ទេ​គឺ​ធ្វើ​លេខ​គុណ។ ឥឡូវ​ខ្ញុំ​ជឿ​ថា​ទៅ​មុខ​ទៀត​ក៏​អ៊ីចឹង​ដែរ​វា​កាន់តែ​ខ្លាំង​ឡើង​ហើយ​ពី​មុន​នេះ​នៅ​ពេល​ដែល​យើង​បង្កើត​កុំព្យូទ័រ​ភាគ​ច្រើន​យើង​យល់​ថា​អាហ្នឹង​វា​កើត​ច្រើន​មនុស្ស​អត់​ការងារ​ធ្វើ​តាម​ពិត​វា​មិនមែន​អ៊ីចឹង​ណា​វា​ធ្វើ​ឲ្យ​មនុស្ស​ផលិតភាព​របស់​ការងារ​កាន់​តែ​ខ្លាំង​ឡើងៗ។

កាល​ណា​ផលិតភាព​វា​កាន់​តែ​ខ្លាំង​ឡើង​ខ្ញុំ​ជឿ​ថា​ការ​អភិវឌ្ឍ​ជឿនលឿន​ក៏​កាន់តែ​ច្រើន​ឡើង​ដែរ»។ ក៏​ប៉ុន្ដែ​ការ​ទទួល​បាន​ជោគជ័យ ឬ​ទទួល​បរាជ័យ​វា​អាស្រ័យ​លើ​យុទ្ធសាស្ដ្រ​ប្រកួត​ប្រជែង។ សម្រាប់ CIMB ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ការ​រកស៊ី​ជាមួយ​យើង​គឺ​ចំណេញ»។ CIMB នឹង​បណ្ដុះ​បណ្ដាល​បុគ្គលិក​ឲ្យ​មាន​ជំនាញ​កាន់​តែ​ខ្លាំង​ដើម្បី​ផ្ដល់​ប្រឹក្សា​ជាមួយ​អតិថិជន។

គោល​នយោបាយ​របស់​ធនាគារ CIMB ផ្ដល់​ការ​ទុក​ចិត្ត និង​ផ្ដល់​អំណាច និង​តម្លៃ​ព្រម​ទាំង​ការ​ជឿ​ទុក​ចិត្ត​លើ​បុគ្គលិក​ក្នុង​ស្រុក។ CIMB ដំណើរការ​យ៉ាង​រលូន​ដោយ​អ្នក​ដឹក និង​បុគ្គលិក​ខ្មែរ​ស្ទើរ​តែ ១០០ ភាគរយ។

លោក ប៊ុន យីន ថ្លែង​ថា៖ «ពេល​ខ្ញុំ​ជួប​ជាមួយ​ធនាគារ​បរទេស​មួយ​ចំនួន​គេ​សួរ​ខ្ញុំ​គេ​ស្មាន​ថា​ខ្ញុំ​ម៉ាឡេ​ព្រោះ​មុខ​ខ្ញុំ​អ៊ីចឹង​គេ​ស្មាន​តែ​ខ្ញុំ​ម៉ាឡេ​ហើយ​គេ​ឆ្ងល់​ថា​ខ្ញុំ​ដឹកនាំ​យ៉ាង​ម៉េច​សុទ្ធ​តែ​ខ្មែរ​ទាំង​អស់។ អាហ្នឹង​ជា​អ្វី​មួយ​ដែល​ខ្ញុំ​គួរ​តែ​មាន​មោទនភាព​ខ្លួន​ខ្ញុំ​ណាស់​ក៏​ដូចជា​សម្រាប់​បុគ្គលិក​ខ្ញុំ​ដែរ»។

CIMB នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​មាន​បុគ្គលិក​ជាង ២៥០ នាក់។ មាន​ទុន​សរុប​ប្រមាណ​ជា ៥០ លាន​ដុល្លារ​អាមេរិក។ បាន​ផ្ដល់​ប្រាក់​កម្ចី​ទៅ​ឲ្យ​អតិថិជន​ចំនួន​ជាង ២៦០ លាន​ដុលា្លរ​ហើយ​ទទួល​ប្រាក់​បញ្ញើ​ប្រមាណ​ជា​ជាង ៣០០ លាន​ដុល្លារ។

លោក​ប្រធាន​នាយក​ប្រតិបត្តិ​រូប​នេះ​មាន​ប្រសាសន៍​ថា​លោក​មាន​សុទិដ្ឋិនិយម​ចំពោះ​ថ្ងៃ​អនាគត​ដោយ​បាន​បញ្ជាក់​ថា «ខ្ញុំ​ជឿ​ថា​ការងារ​ហ្នឹង​ធ្វើ​បាន​ល្អ​សម្រាប់​ទៅ​មុខ​ទៀត​ដោយ​សារ​បុគ្គលិក​ខ្ញុំ​សុទ្ធ​តែ​ជា​ខ្មែរ​និយាយ​ស្តាប់​គ្នា​បាន​ហើយ​ស្មោះត្រង់​ជាមួយ​នឹង​កន្លែង​ធ្វើការ​ហើយ​ធនាគារ​សំខាន់​មិនមែន ម៉ាស៊ីន ឬ​លុយ​ទេ​គឺ​សំខាន់​មនុស្ស​ធ្វើការ​ហ្នឹង​យ៉ាង​ម៉េច​ត្រង់​ជាមួយ​យើង​អត់?»។

លោក ប៊ុន យីន បាន​ថ្លែង​ថា​តាម​ទិន្នន័យ​ក្នុង​ឆ្នាំ​ទី​មួយ​ដែល​លោក​ឡើង​ធ្វើ​ជា​ប្រធាន​នាយក​ប្រតិបត្តិ CIMB រក​បាន​ប្រាក់​ចំណេញ ៥-៦ លាន​ដុល្លារ​ហើយ​ឆ្នាំ​នេះ​ផែនការ​របស់​ធនាគារ​គឺ​ជាង ៨ លាន​ដុល្លារ។ នៅ​កម្ពុជា CIMB ជាប់​ក្នុង​លេខ​រៀង​ទី ១៣ នៅ​អាស៊ាន​ជាប់​លេខ​រៀង​ទី ៥៕ រាយការណ៍​បន្ថែម តាំង រីនិត្យ

អត្ថបទគួរចាប់អារម្មណ៍