ភ្នំពេញៈ បុរស​រាង​តូច​ស្តើង សក់ស្កូវ​មួយៗ សម្តី​ច្បាស់ៗ​មិន​ស័កិ្តសម​នឹង​មាឌ នោះ​គឺជា​បុគ្គល​ម្នាក់​ដែល​ត្រូវ​បាន​មនុស្ស​ជាច្រើន​ស្គាល់​ក្នុង​ការ​តតាំង​រឿង​ក្តី​នយោបាយ​នៅ​តុលាការ គាត់​គឺ​មេធាវី ជូង ជូងី ហើយ​ក៏​ត្រូវ​បាន​គេ​ហៅថា ជា​មេធាវី​ «​មិន​ដែល​ឈ្នះ​ក្តី​» ​ម្តង​ណា​ឡើយ តាំង​ពី​ចូល​ខ្លួន​មក​ការពារ​រឿង​ក្តី​នយោបាយ​ឲ្យ​គណបក្ស​ប្រឆាំង​ជិត​ ១០ ​ឆ្នាំ​កន្លង​មក​នេះ​។

ទោះបី​មិន​ធ្លាប់​ស្គាល់​រសជាតិ​ជោគជ័យ​ក្នុង​ការ​តតាំង​លើ​រឿង​នយោបាយ​នៅឯ​សាលាក្តី​ក៏ដោយ ប៉ុន្តែ​សម្រាប់​មេធាវី​ ជូង ជូងី ដែល​ជួប​តែ​បរាជ័យ​ក្នុង​រឿងក្តី​ដ៏រសើប​នេះ​មិន​បាក់​ទឹកចិត្ត​ក្នុង​តួនាទី​ជា​អ្នក​ស្វែងរក​យុត្តិធម៌​សម្រាប់​សាធារណជន​នោះ​ទេ​។

គ្រប់​ករណី​ដែល​លោក​ខំប្រឹង​តតាំង​តាម​ផ្លូវ​ច្បាប់​ ដើម្បី​ការពារ​កូនក្តី​ខ្លួន​ក្នុង​រឿង​នយោបាយ ហើយ​នៅ​តែ​ចាញ់​នោះ លោក​មេធាវី ជូង ជូងី ចាត់ទុក​បរាជ័យ​នោះ​គ្រាន់​តែ​ជា​ទម្រង់ ប៉ុន្តែ​វា​ជា​ជោគជ័យ​សម្រាប់​ស្មារតី​នៃ​ការ​ខំ​ប្រឹងប្រែង​។

ក្នុង​នាម​ជា​មេធាវី​ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​សាធារណជន លោក​ ជូង ជូងី ប្រកាន់​ខ្ជាប់​នូវ​វិជ្ជាជីវៈ​ខ្ពស់​ធ្វើ​យ៉ាង​ណា​រក្សា​នូវ​គុណ​តម្លៃ និង​ឆន្ទៈ​ច្បាស់លាស់​ក្នុង​ការ​ប្រឹងប្រែង​ដណ្តើម​យក​យុត្តិធម៌​សម្រាប់​កូន​ក្តី ដោយ​មិន​សម្លឹង​ឃើញ​ប្រយោជន៍​ធំ​ពី​កូន​ក្តី​ឡើយ ទោះបី​ជា​កូនក្តី​នោះ​បាន​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ​។

ក្នុង​បទសម្ភាស​មួយ​កាលពី​ថ្ងៃ​ទី​ ៥ ខែ​កុម្ភៈ​នៅ​ការិយាល័យ​របស់​លោក នា​ខណ្ឌ​ទួលគោក លោក​មេធាវី ជូង ជូងី ដែល​ទើប តែ​ទទួល​បាន​បរាជ័យ​ធំ​មួយ​ករណី​បន្ថែម​ទៀត​ក្នុង​ការ​តតាំង​តាម​ផ្លូវ​ច្បាប់​កាលពី​ថ្ងៃ​ទី​ ១ ខែ​កុម្ភៈ នៅ​សាលាឧទ្ធរណ៍ ដើម្បី​ការពារ​កូនក្តី​របស់​ខ្លួន​គឺ​លោក កឹម សុខា អតីត​មេបក្ស​សង្គ្រោះជាតិ​ដែល​ជា​បក្សប្រឆាំង​ដ៏ធំ​​នៅ​កម្ពុជា​ត្រូវ​បាន​រំលាយ​នោះ ហាក់​ដូច​សម្តែង​នូវ​ស្មារតី​រឹងមាំ​ថែម​ទៀត​ដើម្បី​ឆ្លើយតប​នឹង​បរាជ័យ​នេះ​។

លោក​ ជូង ជូងី ថ្លែង​ថា​៖ «​ទោះបី​ជា​ញឹកញាប់​យើង​ជា​មេធាវី​ការពារ​សិទ្ធិ​ក្នុង​រឿង​នយោបាយ​ពាក់ព័ន្ធ​នឹង​សកម្មជន​នយោបាយ​កំពូលៗ​អ៊ីចឹង យើង​ពិបាក​ទទួល​បាន​ជោគជ័យ​ជា​ទម្រង់ ប៉ុន្តែ​ជា​ស្មារតី​យើង​ទទួល​បាន​។ ពីព្រោះ​សំខាន់​មហាជន​គេ​មើល​ការ​តតាំង​របស់​យើង មើល​ការ​តវ៉ា​របស់​យើង​ទៅ គេ​យល់​ថា យើង​ធ្វើ​កម្រិត​ណា​? អ៊ីចឹង ជា​ទម្រង់​យើង​ហាក់​ដូចជា​ថា​ចាញ់​មែន ប៉ុន្តែ​ជា​ស្មារតី យើង​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នក​ដែល​ស្រឡាញ់​កូនក្តី​យើង​»​។

ការ​ទទួល​បរាជ័យ​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​ក្នុង​ការ​តតាំង​ករណី​នយោបាយ​សុំ​ឲ្យ​កូនក្តី​ខ្លួន លោក​ កឹម សុខា នៅ​ក្រៅ​ឃុំ​លោក​មេធាវី ជូង ជូងី បាន​ប្រៀបធៀប​ករណី​នេះ​វា​ខុស​គ្នា​ទៅ​នឹង​រឿង​ធម្មតា ដែល​ជា​ហេតុ​មិន​អាច​ជួយ​ឲ្យ​កូនក្តី​លោក​នៅ​ក្រៅ​ឃុំ​បាន​។ ប្រសិន​បើ​ករណី​នេះ​ជា​រឿង​ធម្មតា​នោះ​លោក​ កឹម សុខា ដែល​ជា​កូនក្តី​នឹង​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ហើយ ប៉ុន្តែ​រឿង​នេះ​វា​ហាក់​ដូច​ជា​មាន​គំនាប​អ្វី​មួយ​ដែល​ធ្វើឲ្យ​លោក កឹម សុខា ពិបាក​នឹង​ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ណាស់​។

ទោះ​ជា​យ៉ាង​ណា​លោក​ ជូង ជូងី មិន​បាន​ចោទ​ចំៗ​ថា ហេតុផល​មិន​ដោះលែង​កូនក្តី​ខ្លួន​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ វា​ស្ថិត​ក្រោម​សម្ពាធ​អ្វី​នោះ​ទេ ដោយ​លោក​សំអាង​ថា ករណី​នេះ​អាស្រ័យ​លើ​មហាជន​ជា​អ្នក​អង្កេត​ទៅ​ចុះ ឯ​លោក​ជា​មេធាវី​គ្រាន់​តែ​បញ្ជាក់​ពី​ជំហរ​របស់​ខ្លួន​ក្នុង​នាម​ជា​មេធាវី គឺ​លោក​ត្រូវ​ផ្តោត​ទៅ​លើ​បច្ចេកទេស​ដើម្បី​ការពារ​កូនក្តី​ជា​ជាង​គិត​រឿង​នេះ ជា​រឿង​គំនាប​ ឬ​នយោបាយ​។

លោក​ កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​ចោទប្រកាន់​ក្នុង​បទល្មើស​ជាក់ស្តែង​តាមរយៈ​ឃ្លីប​វីដេអូ​ដែល​លោក​បាន​ថ្លែង​តាំងពី​ឆ្នាំ​ ២០១៣ ដោយ​ថា​លោក​ដក​ខ្លួន​ចេញ​ពី​អង្គការ​សិទ្ធិ​មនុស្ស​មក​បង្កើត​បក្ស​នយោបាយ​ដោយសារ​មាន​ការ​ណែនាំ​ផ្តល់​គំនិត​ពី​អាមេរិក​។ ដូច្នេះ​ហើយ​លោក​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ​ ដោយ​ឃុបឃិត​ជាមួយ​អាមេរិក​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​។

លោក​ ជូង ជូងី បាន​បញ្ជាក់​ថា​៖ «​បញ្ហា​នេះ​ដោយសារ​ខ្ញុំ​ជា​មេធាវី​ការពារ​គាត់​ផ្ទាល់ ដូច្នេះ​ខ្ញុំ​មាន​កម្រិត​ក្នុង​ការ​បកស្រាយ​។ ប៉ុន្តែ បើ​សិន​ជា​ខ្ញុំ​មិនមែន​ជា​មេធាវី​ការពារ​គាត់ ខ្ញុំ​ជា​មេធាវី​មួយ​ដែល​មិន​ទទួល​កាន់​ក្តី​ហ្នឹង ខ្ញុំ​ងាយ​ពន្យល់​ងាយ​បកស្រាយ​ជាង​។ ខ្ញុំ​ជា​មេធាវី​ការពារ​គាត់​ ដូច្នេះ​ជំហរ​របស់​ខ្ញុំ​គឺ​បកស្រាយ​តាម​វិធី​មួយ​ការពារ​សិទ្ធិ​គាត់ អ៊ីចឹង​ប្រសិន​បើ​ការ​បកស្រាយ​របស់​ខ្ញុំ​ទៅ ហាក់​ដូចជា​ថា​ប្រឆាំង​ទៅ​នឹង​ចំណាត់ការ​របស់​តុលាការ​»​។

ពាក់ព័ន្ធ​នឹង​ការ​ចោទ​ក្នុង​បទល្មើស​ជាក់ស្តែង​លោក​ ជូង ជូងី ក៏​នៅ​តែ​បដិសេធ​ចំពោះ​ការ​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​នីតិវិធី​នៃ​ការ​ចោទ​បែប​នេះ​ដែរ ក្នុង​នាម​ជា​មេធាវី​នោះ​។

ទោះ​ជា​យ៉ាង​ណា លោក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សាធារណជន​ក្រឡេក​ទៅ​មើល​មាត្រា​ ៨៦,៨៧, ​និង​មាត្រា​ ៨៨ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ស្វែងយល់​ថា តើ​បទល្មើស​ជាក់​ស្តែង​មាន​ចរិត​យ៉ាង​ម៉េច ហើយ​ការ​ចោទ​លោក​ កឹម សុខា វា​ស្រប​ទៅ​តាម​បទល្មើស​ជាក់​ស្តែង​ឬ​យ៉ាង​ណា​?

លោក​មាន​ប្រសាសន៍​ថា​៖ «​រឿងក្តី​នយោបាយ​ធំៗ​បើ​និយាយ​ពី​ទម្រង់​ខ្ញុំ​អត់​ដែល​ទទួល​បាន​ជោគជ័យ​ទាល់តែ​សោះ គឺ​បាន​ន័យ​ថា​នៅ​ពេល​ដែល​យើង​ទាមទារ​ឲ្យ​ដោះលែង​កូនក្តី​យើង​នៅ​ក្រៅ​ឃុំ​ ក៏​តុលាការ​មិន​ដោះលែង ហើយ​យើង​ទាមទារ​ឲ្យ​លើកលែង​ការ​ចោទប្រកាន់​កូនក្តី​យើង ក៏​យើង​មិន​ដែល​ទទួល​បាន​ជោគជ័យ​ជា​ទម្រង់​។ ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​ឲ្យ​តម្លៃ​ទៅ​លើ​ស្មារតី ​ឬ​ក៏​​ទៅ​លើ​គតិ នៅ​ពេល​ដែល​និយាយ​ពី​ច្បាប់​គេ​និយាយ​ពី​ទម្រង់​ច្បាប់ និង​គតិ​ច្បាប់​។ ទម្រង់​ច្បាប់​ គឺ​និយាយ​ពី​បែបបទ​នៃ​ការ​ដើរ ឬ​ក៏​នៅ​ចំណាត់ការ​របស់​សមត្ថកិច្ច​។ បើ​គតិ គេ​និយាយ​ពី​តម្លៃ​ ឬ​ក៏​គុណសម្បត្តិ តម្លៃ​ស៊ី​ជម្រៅ​»​។

លោក​បន្ថែម​ថា​៖ «​អ៊ីចឹង បើ​និយាយ​ពី​គតិ ខ្ញុំ​បាន​ជោគជ័យ​ពីព្រោះ​ខ្ញុំ​បាន​បំពេញ​តួនាទី​ជា​មេធាវី​ដែល​មហាជន​ទទួល​ស្គាល់​ថា ខ្ញុំ​ការពារ​កូនក្តី​បាន​ល្អ ហើយ​ជាពិសេស​កូនក្តី​ខ្ញុំ​ជា​អ្នក​វាយតម្លៃ​សកម្មភាព​របស់​ខ្ញុំ​។ នៅ​ពេល​ដែល​យើង​ខំ​ឲ្យ​អស់​លទ្ធភាព ស្មោះត្រង់​នឹង​កូនក្តី ការពារ​សិទ្ធិ​ឲ្យ​គាត់​ឲ្យ​អស់​ពី​បច្ចេកទេស កម្លាំង​កាយ កម្លាំងចិត្ត ប្រាជ្ញា ដែល​យើង​មាន កូនក្តី​យើង​ពេញ​ចិត្ត អាហ្នឹង​ជា​ជោគជ័យ​សម្រាប់​ខ្ញុំ​»​។

បើ​តាម​លោក​ ជូង ជូងី ករណី​ធម្មតា​ផ្សេងៗ​ក្នុង​សង្គម ក្រៅ​ពី​ករណី​នយោបាយ​ដែល​មេធាវី​រូប​នេះ​ទទួល​កាន់ គឺ​ភាគរយ​នៃ​ជោគជ័យ​សម្រាប់​ការ​តតាំង​នៅឯ​សាលា​ដំបូង មេធាវី​រូប​នេះ​ទទួល​បាន​តិច​បំផុត គឺ​ប្រហែល​ ១០ ​ភាគរយ ប៉ុន្តែ​នៅ​ពេល​បន្ត​ទៅ​សាលាឧទ្ធរណ៍​លោក​អាច​ទទួល​បាន​ជោគជ័យ​ប្រមាណ​ ៤០ ​ភាគរយ ហើយ​បើ​រឿង​ទាំង​នោះ​ត្រូវ​បន្ត​ដល់​សាលា​កំពូល លោក​ទទួល​បាន​ជោគជ័យ​រហូត​ដល់​ ៧០-៨០ ​ភាគរយ​ឯណោះ​។

លទ្ធផល​ដែល​ទទួល​បាន​ខុសគ្នា​តាមរយៈ​ការ​តតាំង​ទាំង​ ៣ ​សាលា លោក​ថា​ដោយសារ​ការ​យល់​ដឹង​របស់​ចៅក្រម​ក្នុង​ការ​សម្រេច​ក្តី​នៅ​សាលា​ដំបូង​នៅ​មាន​កម្រិត​។

ម្យ៉ាង​ទៀត​កូនក្តី​របស់​លោក​ជាទូទៅ​គឺជា​អ្នក​ក្រីក្រ ប៉ុន្តែ​រឿង​របស់​គាត់​ត្រូវ​តាម​ផ្លូវ​ច្បាប់ ដូច្នេះ​ពេល​ដែល​គាត់​បន្ត​ការ​តស៊ូ​ទៅ​ដល់​កំពូល​គាត់​ទទួល​បាន​ជោគជ័យ ពីព្រោះ​សាលា​កំពូល​ដែល​ជា​អ្នក​សម្រេច​ចុង​ក្រោយ​គឺ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ក្នុង​ការ​វិនិច្ឆ័យ​។

ដោយសារ​តែ​មាន​ឈ្មោះ​ជា​មេធាវី​ការពារ​ក្តី​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង សម្រាប់​ប្រជាពលរដ្ឋ​មួយ​ចំនួន ដែល​មិន​យល់​ច្បាស់​ពី​តួនាទី​មេធាវី ពួកគេ​មិន​ហ៊ាន​មក​ពឹងពាក់​ឲ្យ​ជួយ​ការពារ​រឿងក្តី​របស់​ពួកគេ​ទេ​។

ជាពិសេស សម្រាប់​បុគ្គល​អ្នក​មាន​ទ្រព្យធន​ធូរធារ​ក៏​មិន​ហ៊ាន​មក​ពឹងពាក់​មេធាវី​រូប​នេះ​ឲ្យ​ការពារ​រឿង​ក្តី​របស់​ពួកគេ​ដែរ ពីព្រោះ​ថា​ការ​ពឹងពាក់​មេធាវី​ការពារ​បក្ស​ប្រឆាំង​ឲ្យ​ជួយ​ការពារ​រឿង​ក្តី ពួកគេ​ខ្លាច​ប៉ះពាល់​ក្នុង​រឿងក្តី​របស់​ពួកគេ មួយ​វិញ​ទៀត​ពួកគេ​ក៏​មិន​រំពឹង​ថា​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​តតាំង​ក្តី​តាម​ផ្លូវ​ច្បាប់​នោះ​ដែរ​។

លោក ងី បញ្ជាក់​ថា​៖ «​បំណង​របស់​ខ្ញុំ​គឺ​យុត្តិធម៌​ជា​ចម្បង សព្វ​ថ្ងៃ​សម្រាប់​ខ្ញុំ​គ្មាន​កិច្ចការ​ណា​ល្អ​ជាង​មេធាវី​ទេ​ក្នុង​ការ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​សង្គម​។ ទោះបី​ខ្ញុំ​មាន​ការ​លំបាក​ក្នុង​ការ​ការពារ​ក្តី ហើយ​មាន​បុគ្គល​មួយ​ចំនួន​គាត់​មាន​ការ​រើសអើង​នយោបាយ​ចំពោះ​ខ្ញុំ​ក្តី ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​ទឹកចិត្ត​ប្រឈម​តទៅ​ទៀត​»​។

នៅ​ពេល​សួរ​អំពី​ការ​គំរាម​កំហែង​ធ្លាប់​កើត​មាន​ចំពោះ​ខ្លួន​ដែរ​ឬ​យ៉ាង​ណា​នោះ ក្នុង​នាម​ជា​មេធាវី​ការពារ​សកម្មជន​គណបក្ស​ប្រឆាំង​លោក​​ ជូង ជូងី បាន​ព្យាយាម​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ការ​ធ្វើ​អត្ថាធិប្បាយ​។ ហេតុផល​ដែល​លោក​ព្យាយាម​បដិសេធ​ក្នុង​ការ​បកស្រាយ​ជុំវិញ​ការ​គំរាម​កំហែង​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន ដោយសារ​លោក​យល់​ថា​ការ​បកស្រាយ​ចេញ​មក​វា​អាច​នាំ​ឲ្យ​មាន​គុណ​សម្បត្តិ និង​គុណវិបត្តិ​សម្រាប់​លោក​។

​(​សូម​រង់ចាំ​ភាគ​បន្ត​សប្តាហ៍​ក្រោយ​)