តពីសប្តាហ៍មុន...
កត្តាអ្វីខ្លះដែលបាននាំបុរសមាឌស្តើងសម្តីមុតរូបនេះឲ្យមកធ្វើជាមេធាវីការពារក្តីឲ្យគណបក្សប្រឆាំងប្រមាណ ១០ ឆ្នាំកន្លងមកនេះ ខណៈដែលមេធាវីឯទៀតៗមិនបានមកធ្វើជាមេធាវីឲ្យបក្សប្រឆាំង ឬក៏ពួកគេមិនហ៊ាននោះ តើជានិស្ស័យ ឬក៏ជាទស្សនៈត្រូវគ្នាដូចការអះអាងរបស់លោកមេធាវី ជូង ជូងី ឬយ៉ាងណា?
ពាក្យមួយឃ្លាត្រូវបានគេលើកឡើងថា «មាននិស្ស័យទើបជួប» ឬក៏មានទស្សនៈគំនិតដូចគ្នាទើបធ្វើការជាមួយគ្នាបាន។ យ៉ាងណាមិញ បើតាមការបកស្រាយនឹងការលើកឡើងខាងលើនេះ វាបង្ហាញពីនិស្ស័យ និងទស្សនៈស្របគ្នាមែន ហេតុដូច្នេះហើយបានជាលោកមេធាវី ជូង ជូងី មានវាសនាបានមកធ្វើជាមេធាវីការពារក្តីឲ្យថ្នាក់ដឹកនាំ និងសកម្មជនបក្សប្រឆាំង។
លោក ជូងី បានថ្លែងថា៖ «មានមិត្តភក្តិខ្លះគាត់ចង់ការពារឲ្យសកម្មជនខ្ពស់ៗនៅបក្សប្រឆាំង ប៉ុន្តែគាត់អត់អាចមកការពារបាន ប៉ុន្តែសម្រាប់ខ្ញុំដំណើរអាជីពរបស់ខ្ញុំឲ្យខ្ញុំដើរលើផ្លូវនេះដោយរលូនមកការពារបក្សប្រឆាំង មេបក្សប្រឆាំង ឬសកម្មជនបក្សប្រឆាំងតែម្តង។ ហ្នឹងមកពីគំនិតទស្សនៈហើយនិងឥរិយាបថរបស់ខ្ញុំហ្នឹងវាស៊ីគ្នាជាមួយនឹងអ្នកសង្គម ដូចករណី (លោក) គឹម សុខ អ៊ីចឹង គឹម សុខ គាត់អ្នកបញ្ចេញទស្សនៈសង្គមហើយគាត់ហ៊ាននិយាយ ហើយនិស្ស័យរបស់ខ្ញុំក៏ហ៊ានរិះគន់។ ដូច្នេះវាដើរទៅ វាស្របគ្នា សួរថាខ្ញុំប៉ងទេ មិនប៉ងទេ»។
សង្គមមួយមានភាពរីកចម្រើនក៏គួបផ្សំនឹងមានការរិះគន់ផងដែរ ប៉ុន្តែគ្រប់ការរិះគន់មិនមែនសុទ្ធតែអាចចាត់ទុកជាមេរៀន ឬយោបល់ល្អដែលភាគីម្ខាងទៀតទទួលយកបាននោះទេ ជាពិសេសសម្រាប់ថ្នាក់ដឹកនាំប្រទេស ឬស្ថាប័នមួយចំនួនគឺមិនសូវពេញចិត្តនឹងការរិះគន់ប៉ុន្មានឡើយ ទោះក្នុងន័យស្ថាបនាក៏ដោយ។ ថ្នាក់ដឹកនាំខ្លះចាត់ទុកអ្នករិះគន់ជាឆ្អឹងទទឹងករបស់ពួកគេ ហើយពេលខ្លះ អ្នករិះគន់នោះអាចប្រឈមនឹងវិធានការផ្លូវច្បាប់ទៀតផង ប្រសិនបើគេហ៊ានរិះគន់ចំៗពេក។
តាមលោកមេធាវី ជូង ជូងី កត្តាទាំងនេះក៏ជាផ្នែកដ៏សំខាន់ផងដែរ ដែលជំរុញឲ្យលោកហ៊ានចេញមុខការពារបុគ្គល ដែលជាអ្នករិះគន់មិនសំចៃមាត់នោះដោយលោកយល់ថា អ្នករិះគន់ទាំងនោះពិតជាត្រូវការសេវាផ្នែកច្បាប់ក្នុងករណីដែលពួកគេទទួលរងនូវបណ្តឹងក្នុងប្រការណាមួយ។
លោកបញ្ជាក់ថា៖ «វាជាផ្លូវមួយទាញចូលរកគ្នា ពីព្រោះដោយម្យ៉ាងខ្ញុំផ្អែកទៅលើយុត្តិធម៌ជាចម្បង ហើយខ្ញុំហ៊ានតវ៉ា ហ៊ានរិះគន់ដល់អ្នកទាំងនោះហ៊ានតវ៉ាហ៊ានរិះគន់ វាជាចំណង់ចំណូលចិត្តផ្លូវស្របជាមួយខ្ញុំ។ ថវិកាដែលរកបានដើម្បីបម្រើសកម្មភាពហ្នឹង។ សកម្មភាពហ្នឹងជាឧត្តមគំនិតដែលខ្ញុំត្រូវតែធ្វើ អ៊ីចឹងខ្ញុំធ្វើទៅតែម្តងបាន។ ប៉ុន្តែបើសម្រាប់មេធាវី ដែលគាត់គិតប្រយោជន៍ជាចម្បង អាសកម្មភាពទាំងហ្នឹងគឺបំផ្លាញប្រយោជន៍សេដ្ឋកិច្ច។ អ៊ីចឹងបើមេធាវីណាគិតប្រយោជន៍ជាចម្បងគាត់អត់មកតែម្តង ព្រោះវាបំផ្លាញសេដ្ឋកិច្ចរបស់គាត់»។
រឿងក្តីនយោបាយដ៏រសើបដែលជាការចាប់ផ្តើមកាន់ដំបូងរបស់លោកមេធាវី ជូង ជូងី នោះគឺសំណុំរឿងដកតម្រុយបង្គោលព្រំដែន កម្ពុជា-វៀតណាម នៅខេត្តស្វាយរៀងកាលពីឆ្នាំ ២០១០។
កាលនោះលោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង សម រង្ស៊ី ដែលជាកូនក្តីបានដកតម្រុយបង្គោលព្រំដែននៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលតម្រុយបង្គោលនោះត្រូវបានប្រជាពលរដ្ឋ និងអ្នកនយោបាយមើលឃើញថាត្រូវបានដាំនៅក្នុងដីស្រែប្រជាកសិករខ្មែរ។
ចាប់តាំងពីពេលនោះមក មេធាវីមិនដែលឈ្នះក្តីរូបនេះបានបន្តកាន់រឿងក្តីនយោបាយធំៗរបស់គណបក្សប្រឆាំងរហូតដល់គណបក្សប្រឆាំង ២ គឺបក្សសម រង្ស៊ី និងបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា រួមបញ្ចូលគ្នាជាបក្សប្រឆាំងដ៏ធំមួយឈ្មោះគណបក្សសង្គ្រោះជាតិនាឆ្នាំ ២០១២ ហើយដែលត្រូវបានរំលាយកាលពីឆ្នាំមុន ខណៈដែលគណបក្សនេះកំពុងមានសម្ទុះគាំទ្រខ្លាំងឡើងៗដែលមានតំណាងរាស្ត្រ ៥៥ រូប មេឃុំ-ចៅសង្កាត់ ៤៨៩ រូប និងក្រុមប្រឹក្សាឃុំសង្កាត់ជាង ៥០០០ រូប។ ជាបន្តបន្ទាប់ គណបក្សសង្គ្រោះជាតិតែងតែមានបញ្ហាផ្លូវច្បាប់ជាហូរហែ ដែលប្តឹងដោយមន្ត្រី ឬថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយមេធាវី ជូង ជូងី និងសហការីរបស់គាត់ក៏តែងតែបង្ហាញមុខតតាំងតាមផ្លូវច្បាប់តទល់នឹងគណបក្សកាន់អំណាច ប៉ុន្តែគ្រប់ករណីគឺមិនដែលឈ្នះម្តងណាឡើយ។
លោកថ្លែងថា៖ «នៅពេលដែលយើងពិបាកតស៊ូមតិយ៉ាងនេះ ពិបាកក្នុងអាជីពធ្វើឲ្យយើងកាន់តែមានន័យធ្វើឲ្យយើងកាន់តែខំ ធ្វើឲ្យចិត្តយើងកាន់តែស្រួចស្រាល់ ធ្វើឲ្យបច្ចេកទេសរបស់យើងកាន់តែពូកែទៅ»។
លោកមេធាវីបញ្ជាក់ថា៖ «ខ្ញុំជឿថានៅពេលដែលប្រព័ន្ធយុត្តិធម៌ស្រុកខ្មែរធានា ខ្ញុំមិនពិបាកឈ្នះក្តីទេ ពីព្រោះខ្ញុំបានសំលៀងសមត្ថភាពរបស់ខ្ញុំខ្លាំងណាស់។ ពីព្រោះនៅក្នុងដំណាក់កាលប្រឈមខ្លាំងធ្វើឲ្យខ្ញុំខិតខំខ្លាំង អ៊ីចឹងនៅពេលដែលប្រព័ន្ធយុត្តិធម៌មានការធានាយុត្តិធម៌ច្រើនភាគរយ ខ្ញុំមានលទ្ធភាពក្នុងការឈ្នះក្តីមិនពិបាក»។
ទោះជាយ៉ាងណាក៏ដោយក្នុងនាមជាអ្នកស្វែងរកយុត្តិធម៌លោកមេធាវី ជូង ជូងី មើលឃើញពាក្យយុត្តិធម៌នៅស្រុកខ្មែរគឺស្ថិតនៅកន្លែងដែលពិបាកស្វែងរកបំផុត ដោយសារថា យុត្តិធម៌ ដែលលោកកំពុងស្វែងរកសម្រាប់សាធារណជនសព្វថ្ងៃនេះលោកចាត់ទុកថា ជាយុត្តិធម៌មួយមានកម្រិតខ្លាំងណាស់សម្រាប់សង្គមខ្មែរ។ ប៉ុន្តែសម្រាប់លោកជាមេធាវី លោក ជូង ជូងី បានប្តេជ្ញាហើយថា លោកនឹងមិនបោះបង់ចោលនូវការតស៊ូស្វែងរកយុត្តិធម៌នោះឡើយ ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គឺលោកត្រូវតែប្រឈមនឹងបញ្ហាដែលអាចនឹងកើតឡើង ធ្វើយ៉ាងណាលោកត្រូវតែព្យាយាមតតាំងដើម្បីកាត់បន្ថយអយុត្តិធម៌ ដែលកើតមានឡើងនោះឲ្យនៅសល់តិចតាមដែលអាចធ្វើទៅបាន។
លោកបញ្ជាក់ថា៖ «ស្ថានភាពនយោបាយ ឬស្ថានភាពសង្គមខែ្មរយើង ធ្វើឲ្យយើងអស់សង្ឃឹមផ្នែកយុត្តិធម៌ ប៉ុន្តែបើយើងបោះបង់ចោល យើងអត់មានជម្រើស។ ខ្ញុំជាពលរដ្ឋម្នាក់ ហើយក៏ជាអ្នកច្បាប់ម្នាក់ បើខ្ញុំបោះបង់ចោលគឺបានន័យថាខ្ញុំអត់បានបំពេញតួនាទីរបស់ខ្ញុំ។ អ៊ីចឹង ទោះបីប្រឈមយ៉ាងណាក្តី លំបាកយ៉ាងណាក្តី យើងត្រូវតែហ៊ានលះបង់ដើម្បីយុត្តិធម៌ ហើយក្នុងអាជីពមេធាវីរបស់ខ្ញុំ ខ្ញុំអត់ដែលដាក់ប្រយោជន៍សេដ្ឋកិច្ចជាចម្បងទេ ខ្ញុំដាក់ប្រយោជន៍យុត្តិធម៌ជាចម្បង ជំហររបស់ខ្ញុំដើម្បីប្រើប្រាស់ក្នុងផែ្នកយុត្តិធម៌»។
ជាមួយគ្នានេះលោកក៏បានរិះគន់មេធាវីមួយចំនួនដែលមើលឃើញប្រយោជន៍ជាចម្បង ពេលដែលខ្លួនកំពុងធ្វើការក្នុងវិស័យយុត្តិធម៌ ដែលកត្តានេះហើយធ្វើឲ្យមេធាវីទាំងនោះមិនអាចជួយធ្វើការក្នុងវិស័យយុត្តិធម៌បានល្អ។
ប៉ុន្តែ សម្រាប់លោកមេធាវី ជូង ជូងី បានកំណត់ខ្លួនឯងច្បាស់ហើយថា ប្រសិនបើលោកសម្លឹងឃើញប្រយោជន៍ជាចម្បង លោកនឹងមិនធ្វើជាមេធាវីនោះទេ គឺលោកនឹងងាកទៅបើកក្រុមហ៊ុនធ្វើវិយោគទុនវិញ ដើម្បីងាយស្រួលទទួលផលចំណេញ។
ឆ្លើយតបនឹងការប្រកាន់ជំហរមិនត្រេកត្រអាលនឹងទឹកប្រាក់ មេធាវីរូបនេះក៏បានសម្តែងនូវមោទនភាពផងដែរក្នុងនាមជាមេធាវី ដែលតស៊ូតតាំងមិនយកប្រយោជន៍ជាធំ។ បើទោះបីលោកមិនយកអាជីពមេធាវីទៅដាក់ទុននឹងផលប្រយោជន៍ជាចម្បងក៏ដោយ ប៉ុន្តែបើតាមលោក ជូងី លោកមិនជួបបញ្ហានឹងការបាត់ចំណូលតាមរយៈអាជីពជាមេធាវីនោះទេ។
យ៉ាងណាក៏ដោយ លោកអាចរកចំណូលបានដើម្បីទប់ទល់នឹងជីវភាពប្រចាំថ្ងៃរបស់លោកបានដោយមិនលំបាក។
បើតាមលោក ងី មានកត្តា ២ ដែលធ្វើឲ្យប្រព័ន្ធយុត្តិធម៌មិនល្អប្រសើរ គឺដោយសារសមត្ថភាព និងឆន្ទៈរបស់អ្នករៀបចំ និង អ្នកគ្រប់គ្រងលើវិស័យយុត្តិធម៌។ ប្រសិនបើអ្នកគ្រប់គ្រង ឬអ្នករៀបចំវិស័យយុត្តិធម៌មានសមត្ថភាព ប៉ុន្តែពួកគេមិនមានឆន្ទៈក្នុងការបម្រើវិស័យនេះទេ នោះប្រព័ន្ធយុត្តិធម៌នៅតែចង្អៀត។ ម្យ៉ាងវិញទៀតបើអ្នកគ្រប់គ្រងមានឆន្ទៈ ប៉ុន្តែខ្វះសមត្ថភាព ពួកគេក៏មិនអាចជួយជ្រោងប្រព័ន្ធយុត្តិធម៌ឲ្យល្អប្រសើរបានដែរ។
លោកថ្លែងថា៖ «យុត្តិធម៌អាចធានាបាន ពីព្រោះយុត្តិធម៌ខ្លួនយើងចូលរួមជាលក្ខណៈកោសិកា ឬជាបុគ្គល អាហ្នឹងអត់សូវមានប្រសិទ្ធភាពប៉ុន្មានទេ។ ប៉ុន្តែវាត្រូវចែកជាផែនការរបស់រដ្ឋ ផែនការរបស់រដ្ឋាភិបាល អាហ្នឹងបានធានាបាន ប្រសិនបើរដ្ឋាភិបាលគ្មានផែនការច្បាស់លាស់ទេ រាស្ត្រជាអ្នកសោយផលទេ រដ្ឋាភិបាលដឹកនាំទៅណាទៅហ្នុងហើយ។ ដូច្នេះអ្នកធានាយុត្តិធម៌ជាចម្បង គឺរដ្ឋាភិបាលតែម្តងតាមរយៈក្រសួងយុត្តិធម៌។ អ្វីដែលខ្ញុំមើលឃើញ គឺគ្មានការទទួលខុសត្រូវក្នុងវិស័យយុត្តិធម៌ហ្នឹង ដោយសារតែគ្មានការទទួលខុសត្រូវទើបយុត្តិធម៌មានកម្រិត»។
លោក ជូងី បញ្ជាក់ថា៖ «ប្រសិនបើរដ្ឋាភិបាលអត់មានឆន្ទៈយុត្តិធម៌ត្រូវចប់ ហើយទោះបីរដ្ឋាភិបាលមានឆន្ទៈក៏ដោយ បើគ្មានសមត្ថភាព ក៏ធ្វើអត់កើតដែរ ហើយក្នុងការជ្រើសរើសរដ្ឋាភិបាលហ្នឹងតាមរយៈប្រជាពលរដ្ឋបោះឆ្នោតហ្នឹងហើយ។ អ៊ីចឹង លទ្ធផលទទួល គឺចេញពីប្រជាពលរដ្ឋបោះឆ្នោតរើស ដល់ពេលរើសរដ្ឋាភិបាលបាន រដ្ឋាភិបាលហ្នឹងជាអ្នកមកទទួលខុសត្រូវផ្នែកយុត្តិធម៌ហ្នឹង។ ដូច្នេះលទ្ធផលយុត្តិធម៌បានកម្រិតណាចេញពីរដ្ឋាភិបាលមក។ បើគាត់ (ពលរដ្ឋ) តវ៉ា រដ្ឋាភិបាលដាក់ភូសៗសួរថា មានយុត្តិធម៌ពីណាមក។ អាហ្នឹងគឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល»។
ទាក់ទងនឹងប្រព័ន្ធយុត្តិធម៌នៅមានកម្រិតសម្រាប់សង្គមខ្មែរនាពេលបច្ចុប្បន្ន លោកបានកត់សម្គាល់ឃើញចំណុចអវិជ្ជមាននេះ វាក៏ជាធាតុផ្សំកើតឡើងដោយសារតែឆន្ទៈមិនលុះ ឬការមិនហ៊ានប្រឈមរបស់អ្នកច្បាប់ស្រុកខ្មែរភាគច្រើនដែលពួកគេខ្លាចបាត់បង់សេចក្តីសុខផ្ទាល់ខ្លួន។ ពួកគេមើលឃើញផលប្រយោជន៍ជាធំ ជាជាងគិតអំពីយុត្តិធម៌សម្រាប់សង្គម ម្ល៉ោះហើយយុត្តិធម៌ពិត គឺនៅតែស្ថិតឆ្ងាយពីអ្នកដែលស្រេកឃ្លានយុត្តិធម៌។
លោកថ្លែងថា៖ «អ្នកដែលមានអំណាចធំជាងគេត្រូវធ្វើជាគំរូពីលើមក។ បើគណៈមេធាវី ប្រធានគណៈមេធាវីត្រូវធ្វើជាគំរូ បើតុលាការប្រធានតុលាការត្រូវធ្វើជាគំរូ។ បើក្រសួង រដ្ឋមន្ត្រីត្រូវធ្វើជាគំរូ បើរដ្ឋាភិបាលនាយករដ្ឋមន្ត្រីត្រូវធ្វើជាគំរូ។ ក្រោយពីធ្វើគំរូហើយត្រូវរើសមនុស្សល្អ ដែលនៅបន្ទាប់ខ្លួនហ្នឹងឲ្យធានាទទួលខុសត្រូវ។ ដោយសារតែអ្នកដែលជាគំរូហ្នឹងអត់បានបំពេញតួនាទីល្អទើបយុត្តិធម៌យើងមានកម្រិត»។
ចំពោះរឿងក្តីធម្មតាមិនពាក់ព័ន្ធនយោបាយដែលការពារដោយបុគ្គលមានអំណាចលោកមេធាវី ជូង ជូងី បានជំរុញឲ្យចៅក្រម ដែលមានឆន្ទានុសិទ្ធក្នុងការសម្រេចក្តីត្រូវមានឆន្ទៈហ៊ានប្រឈម ហើយប្រើតួនាទីជាអ្នកអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងមានការទទួលខុសត្រូវដោយសម្រេចក្តីឈរលើមូលដ្ឋានច្បាប់ ដើម្បីផ្តល់យុត្តិធម៌ពិតឲ្យដល់ភាគីណាមួយដែលជាជនរងគ្រោះក្នុងសំណុំរឿង។ បើមិនដូច្នោះទេ បុគ្គលបែបនេះមិនមានគុណសម្បត្តិទៅធ្វើជាចៅក្រមកាត់ក្តីឡើយ។
លោកបញ្ជាក់ថា៖ «រឿងពាក់ព័ន្ធនយោបាយ មហាជនថាមានអ្នកនយោបាយកំពូលដាក់គំនាបទៅលើចៅក្រម។ ខ្ញុំចង់ឲ្យចៅក្រមដែលមានការទទួលខុសត្រូវហ៊ានប្រឈមអាហ្នុង ហើយចុះបើខ្លួនធ្វើចៅក្រមសម្ពាធមកមិនហ៊ានប្រឈមខ្លួនទៅការពារយុត្តិធម៌យ៉ាងម៉េច។ អ៊ីចឹងគួរតែលាលែង។ ដូចខ្ញុំ បើខ្ញុំមិនហ៊ានប្រឈម ខ្ញុំធ្វើម៉េចទៅកាន់រឿងក្តីពាក់ព័ន្ធមេដឹកនាំកំពូលគណបក្សប្រឆាំង?»។ «ទាល់តែយើងឲ្យតម្លៃយុត្តិធម៌ខ្ពស់ជាងសេចក្តីសុខរបស់យើង ខ្ពស់ជាងប្រយោជន៍ នោះទើបអាចយុត្តិធម៌មាន ហើយដល់យុត្តិធម៌មានយើងបានផលទាំងអស់គ្នាទៅវាល្អទាំងអស់គ្នា វាសុខទាំងអស់គ្នា»។
ងាកទៅរកអតីតភាពនៃការសិក្សា និងការងាររបស់លោក ជូង ជូងី មុនក្លាយជាមេធាវីរបស់គណបក្សប្រឆាំងលោក ងី គឺជានិស្សិតផ្នែករូបវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំ ១៩៩១ ហើយបានក្លាយជាសាស្ត្រាចារ្យផ្នែករូបវិទ្យា និងបង្រៀនមុខវិជ្ជានេះបានរយៈពេល ២ ឆ្នាំកាលពីឆ្នាំ ១៩៩៦។ ដោយសារតែពេញចិត្តនឹងការងារក្នុងវិស័យយុត្តិធម៌ លោក ជូងី បានលាលែងពីតួនាទីគ្រូបង្រៀន ហើយងាកមកចាប់យកតួនាទីក្នុងវិស័យច្បាប់ដោយលោកបានចូលសិក្សាមុខវិជ្ជានេះនាឆ្នាំ ១៩៩៥ ហើយបានបញ្ចប់បរិញ្ញាបត្រច្បាប់នាឆ្នាំ ១៩៩៩ និងបន្តយកអនុបណ្ឌិតច្បាប់ឆ្នាំ ២០០៨-២០១១។
ឆ្នាំ ២០០៥ គឺជាការបោះជំហានដំបូងនៃការចាប់ផ្តើមការងារជាមេធាវី ក្រោយពីលោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញា និង ជាការបន្តអាជីពមេធាវីបណ្តើរផងដែរមុនបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់នេះ។
យុវជន ជូង ជូងី មានដើមកំណើតនៅឃុំព្រះប្រសព្វ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលជាអតីតសិស្សវិទ្យាល័យហ៊ុន សែន ខ្សាច់កណ្តាលដែលបានបញ្ចប់ថ្នាក់វិទ្យាល័យនៅឆ្នាំ ១៩៨៨។ លោកជាកូនពៅក្នុងចំណោមបងប្អូន ៩ នាក់ក្នុងគ្រួសារដែលមានឪពុកម្តាយជាអ្នកស្រែចម្ការ និងជាកូនចៅចិន។ ឪពុកឈ្មោះ ចេង ប៊ុនហ៊ាង ប៉ុន្តែបើតាមលោក ងី ត្រកូលចេង បានក្លាយមកជាត្រកូល ជូង វិញ តែលោកមិនបញ្ជាក់ច្បាស់នៃការប្រែក្លាយត្រកូលនេះទេ ឯ ម្តាយឈ្មោះ ឈួ ហ្គិចគាង។
ដោយរំឭកទៅដល់បណ្តាំម្តាយដែលកាលពីនៅមានជីវិត លោក ជូង ជូងី និយាយថា៖ «ម្តាយរបស់ខ្ញុំមានទស្សនៈដែលជាមរតកមានតម្លៃពិសេសសម្រាប់ខ្ញុំ។ គាត់ថា យើងធ្វើជាមនុស្សឲ្យដឹងខុសដឹងត្រូវ កុំរំលោភបំពានគេ គឺស្រឡាញ់យុត្តិធម៌ ការពារយុត្តិធម៌។ គំនិតនេះហើយដែលជាមរតកមានតម្លៃឥតកាត់ថ្លៃបានសម្រាប់ខ្ញុំ»។
មកដល់ឆ្នាំនេះលោក ជូង ជូងី ចូលវ័យ ៤៩ ឆ្នាំ។ លោកបានរៀបអាពាហ៍ពិពាហ៍រយៈពេល ៥ ឆ្នាំមកហើយ ប៉ុន្តែចំណងស្នេហ៍មួយនេះមិនទាន់បានផ្តល់នូវតំណក់ឈាមជាចំណងដៃដែលជាទីស្រឡាញ់សម្រាប់គ្រួសារនៃគូជីវិតនេះនៅឡើយទេ៕