The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ម៉ី កល្យាន៖ សេដ្ឋកិច្ច​អន់ថយ​ដោយសារ​​ខ្វះ​គំនិត

ម៉ី កល្យាន៖ សេដ្ឋកិច្ច​អន់ថយ​ដោយសារ​​ខ្វះ​គំនិត

លោក ម៉ី កល្យាន ក្នុង​ពេល​ផ្ដល់​បទសម្ភាស​ឲ្យ​កាសែត​ភ្នំពេញ ប៉ុស្ដិ៍ នា​ពេល​កន្លង​មក។
លោក ម៉ី កល្យាន ក្នុង​ពេល​ផ្ដល់​បទសម្ភាស​ឲ្យ​កាសែត​ភ្នំពេញ ប៉ុស្ដិ៍ នា​ពេល​កន្លង​មក។ គាំ ច័ន្ទរស្មី

ម៉ី កល្យាន៖ សេដ្ឋកិច្ច​អន់ថយ​ដោយសារ​​ខ្វះ​គំនិត

(ភាគ១)

ឆាក​ជីវិត​មនុស្ស​តែងតែ​ជួប​ប្រទះ​ភាព​ល្វីង​ជូរចត់ និង​ក្ដី​រីករាយ ឬ​ផ្អែម​ល្ហែម​ជា​ការ​ធម្មតា។

យ៉ាង​ណា​មិញ​ ​ប្រទេស​មួយ​ជាតិ​មួយ​ក៏​ដូច្នេះ​ដែរ​វា​អាច​ឈាន​ដើរ​ទៅ​មុខ ឬ​ថយ​ក្រោយ​គឺ​អាស្រ័យ​ទាំង​ស្រុង​ទៅ​លើ​ការ​គិត​ត្រូវ វិភាគ​ត្រូវ និង​សម្រេច​ចិត្ត​ត្រូវ​របស់​មេដឹកនាំ និង​ពលរដ្ឋ​ម្ចាស់​ប្រទេស​នោះ។ នេះ​ជា​ប្រសាសន៍​បណ្ឌិត ម៉ី កល្យាន វ័យ ៦៣ ឆ្នាំ ដែល​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ (SNEC)។

លោក កល្យាន បាន​ចំណាយ​ពេល​ជាង​ពាក់​កណ្ដាល​ជីវិត​រស់នៅ​ទស្សនកិច្ច សិក្សា និង​ធ្វើការ​នៅ​ជាង ១០០ ប្រទេស​លើ​សកល​លោក។ ទី​បំផុត​លោក​បាន​វិល​មក​ជួយ​អភិវឌ្ឍ​មាតុភូមិ​វិញ​កាលពី ៨ ឆ្នាំ​មុន។

កាល​ពី​សប្ដាហ៍​​មុន​ លោក បណ្ឌិត ម៉ី កល្យាន បាន​ចំណាយ​ពេល​ជាង​ពីរ​ម៉ោង​ចែក​រំលែក​ចំណេះដឹង ជំនាញ និង​បទពិសោធ​ផ្ទាល់​ខ្លួន​ទាំង​នោះ​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ដោយ​ចាប់​ផ្ដើម​ពី​ចក្ខុវិស័យ បេសកកម្ម ប្រវត្តិ​ការងារ និង​បទពិសោធ​របស់​លោក​បន្ទាប់​ពី​លោក​ទទួល​បាន​អាហារូបករណ៍​ចេញ​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​សិក្សា​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច​នៅ​ក្នុង​ឆ្នាំ ១៩៧៤ គឺ​មុន​របប​ខ្មែរ​ក្រហម​ដណ្ដើម​អំណាច​មួយ​ឆ្នាំ។

ខ្មែរ​ក្រហម​ដណ្ដើម​អំណាច​ពី​របប​សេនា​ប្រមុខ​ លន់ នល់ ថ្ងៃ​ទី ១៧ ខែ​មេសា ឆ្នាំ ១៩៧៥។

ក្នុង​តំណែង​ជា​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល​លោក បណ្ឌិត ម៉ី កល្យាន បាន​មាន​ប្រសាសន៍​ថា​លោក​បាន​ចូលរួម​ជូន​យោបល់​ដល់​រាជរដ្ឋាភិបាល​មួយ​ចំនួន​ដូចជា​យុទ្ធ​សាស្រ្ដ​ចតុកោណ​ជំហាន​ទី ៣ និង​ជូន​យោបល់​ជាច្រើន​ករណី​ទៀត។

Content image - Phnom Penh Post
លោកបណ្ឌិត ម៉ី កល្យាន ថតរូប​ជាមួយ​មិត្តភក្តិ​នៅ​មុខ​ព្រះ​បរមរាជ្យ​វាំង។

លោក​សង្ឃឹម​ថា​​ ការ​ជូន​យោបល់​ទៅ​រាជរដ្ឋាភិបាល​អាច​មាន​ផលវិជ្ជមាន​ខ្លះៗ។ «ខ្ញុំ​ប្រាប់​គេ​ថា​ខ្ញុំ​អាយុ​ប៉ុណ្ណឹង​ហើយ​ខ្ញុំ​ចង់​និយាយ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​ជាតិ​ខ្ញុំ​ព្រោះ​ពេល​អត់​នៅ​យូរ​ប៉ុន្មាន​ទេ​អាយុ ៦០ ជាង​ហើយ។ ខ្ញុំ​ចង់​និយាយ​អ្វី​ដែល​មាន​ប្រយោជន៍​សម្រាប់​ទាំងអស់​គ្នា​គិត​ឲ្យ​ចេញ​ជា​សកម្មភាព និង​ផលវិជ្ជមាន។

លោក​មាន​ប្រសាសន៍​ថា​ លោក​បាន​មើល​ឃើញ​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​ដើរ​ក្នុង​ល្បឿន​យឺត​ជាង​បណ្ដា​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​គឺ​ដោយ​ធនធាន​មនុស្ស​នៅ​មាន​កម្រិត​នោះ​គឺ «ការ​ខ្វះ​គំនិត» ក្នុង​ការ​គិតគូរ​ស្រាវជ្រាវ​កសាង​យុទ្ធសាស្ដ្រ​រយៈពេល​វែង។

លោក​បាន​បញ្ជាក់​ថា៖ «មនុស្ស​យើង​ស្អីៗ​ទាំងអស់​គឺ​ពឹង​ទៅ​លើ​ការ​គិត​តែ​ម្តង។ ការ​គិត​មិនមែន​ស្រមើ​ស្រមៃ​ទេ​តែ​ត្រូវ​មាន​គោល​បំណង​ច្បាស់លាស់ ធ្វើ​បាន ឬ​ក៏​មិន​បាន​លើ​ការ​វិភាគ​ច្បាស់​លាស់​នោះ​ហើយ។ អាហ្នឹង​ជា​រឿង​សំខាន់​បំផុត​សម្រាប់​ប្រទេស​យើង»។

លោក​បាន​បន្ថែម​ថា៖ «ដូច​យើង​បើក​ឡាន​អ៊ីចឹង​បើ​យើង​បើក​ឡាន​អន់​បើក​លឿន​អត់​បាន​ទេ។ អ៊ីចឹង​ទាល់​តែ​យើង​មើល​ពី​ប្រវត្ថិសាស្រ្ត​ប្រទេស​យើង។ ខ្ញុំ​យល់​ពី​ការ​លំបាក​នេះ។ បើ​ចង់​ឲ្យ​ប្រទេស​ជឿន​លឿន​ជាង​មុន​ខ្មែរ​ត្រូវ​ដឹង​ថា​ តើ​យើង​ខ្លាំង​កន្លែង​ណា? និង​ខ្សោយ​កន្លែង​ណា? កុំ​ធ្វើ​តាម​គេ​ទាំងអស់​ពេក​ចាំ​បាច់​ត្រូវ​មាន​គោល​ជំហរ​ខ្លួន​ឯង​ច្បាស់​លាស់»។

លោក​បាន​បន្ថែម​ថា៖ «ប្រទេស​នេះ​ចាំបាច់​ត្រូវការ​បច្ចេកទេស និង​ពេលវេលា​ដើម្បី​ពង្រឹង​ស្ថាប័ន​បន្តិច​ម្តងៗ​ដោយ​ចាំបាច់​ត្រូវ​គោរព​ច្បាប់​ និង​ប្រើប្រាស់​គំនិត​ដើម្បី​បង្កើត​ទ្រព្យ​ធន»។

លោក ម៉ី កល្យាន មាន​ប្រសាសន៍​ថា៖ «យើង​ជា​ប្រទេស​តូច​នៅ​ទន់ខ្សោយ និង​ក្រីក្រ​នៅ​ឡើយ។ បើ​យើង​ប្រៀប​ធៀប​នឹង​ប្រទេស​នៅ​ក្នុង​អាស៊ាន​យើង​មាន​ចំណូល​ក្នុង​ម្នាក់ៗ​សឹង​តែ​ធ្លាក់​ដល់​លេខ ៩ ឬ ១០ ទៅ​ហើយ។ ច្បាស់​ណាស់​យើង​ជឿន​លឿន​ជាង​មុន​បន្ដិច​ រស់នៅ​ស្រួល​ជាង​មុន​បន្តិច ក៏​ប៉ុន្តែ​យើង​នៅ​ក្រីក្រ​នៅ​ឡើយ»។

ទោះ​យ៉ាង​ណា​កម្ពុជា​នៅ​តែ​ជា​ប្រទេស​មាន​សក្ដានុពល​ខាង​វិស័យ​កសិកម្ម ទេសចរណ៍ ព្រោះ​មាន​ប្រាសាទ​បុរាណ មាន​ទេសភាព​ទាក់ទាញ​ជាង​សិង្ហបុរី​ដែល​ដូនតា​គេ​មិន​បាន​បន្សល់​ទុក​អ្វី​នោះ​តែ​មនុស្ស​ដែល​មាន «គំនិត​ជ្រៅ» បាន​ធ្វើ​ឲ្យ​សិង្ហបុរី​ក្លាយ​ជា​ប្រទេស​ជឿនលឿន​មួយ​ក្នុង​លោក។

រាជរដ្ឋាភិបាល​កម្ពុជា​បាន​គិត​យក​វិស័យ កសិកម្ម ទេសចរណ៍ វិស័យ​សំណង់ និង​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ជា​សសរស្តម្ភ ៤ ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ដែល​ឈាន​ទៅ​ដល់​ការ​កាត់​បន្ថយភាព​ក្រីក្រ​បន្ដិច​ម្ដងៗ​ពី​កម្ពុជា។

បើ​តាម​លោក ម៉ី កល្យាន វិស័យ​កសិកម្ម និង​ទេសចរណ៍​ត្រូវ​តែ​បន្ត​រីកចម្រើន ក៏​ប៉ុន្តែ​វិស័យ​សំណង់​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​ក្នុង​ការ​សាង​សង់​លើស​ពី​តម្រូវការ​នោះ​អាច​នាំ​មក​នូវ​ការ​ខាតបង់​ទៅ​វិញ។ កម្ពុជា​មិន​ត្រូវ​ពឹង​លើ​រឿង​កាត់ដេរ​តែ​មួយ​មុខ​ទេ​ដូច្នេះ​ត្រូវ​ធ្វើ​ពិពិធកម្ម (Diversify) ដែល​ចាំបាច់​ផលិត​នូវ​អ្វី​ជា​តម្លៃ​បន្ថែម។ «ខ្ញុំ​យល់​ថា​ឥឡូវ​យើង​កំពុង​តែ​កែទម្រង់​មិនមែន​ធ្វើ​មួយ​យប់​បាន​ទេ​ យើង​ត្រូវការ​វិស្វករ​ជាង​ត្រូវការ​អ្នក​វិទ្យាសាស្ដ្រ​នយោបាយ។ ខ្ញុំ​ជឿ​ថា​យើង​កំពុង​តែ​ត្រៀម​ខ្លួន​ធ្វើ​ម៉េច​ឲ្យ​បត់បែន​ទៅ​តាម​តម្រូវការ​ទីផ្សារ»។

តាម​គោលការណ៍​សេដ្ឋកិច្ច​ជាទូទៅ​ក្នុង​ប្រទេស​ជាច្រើន​គេ​ជ្រើសរើស​រូបមន្ត​ការ​អភិវឌ្ឍ ១/៣ លើ​វិស័យ​កសិកម្ម ១/៣ ឧស្សាហកម្ម និង ១/៣ សេវាកម្ម។ ប៉ុន្ដែ​តាម​បរិបទ​បច្ចុប្បន្ន​វិសាលភាព​នៃ​វិស័យ​កសិកម្ម​មាន​ការ​ធ្លាក់​ភាគរយ​ជា​លំដាប់​រីឯ​ភាគរយ​នៃ​ឧស្សាហកម្ម និង​សេវាកម្ម​មាន​និន្នាការ​កើនឡើង។ ប៉ុន្ដែ​សម្រាប់​កម្ពុជា​នៅ​មាន​សក្ដានុពល​យ៉ាង​ខ្លាំង​ចំពោះ​វិស័យ​កសិកម្ម​ប្រសិន​បើ​កម្ពុជា​មាន​គោលនយោបាយ​គ្រប់គ្រង​ទឹក​បាន​ល្អ។ ជា​ផលទ្ធផល វិស័យ​កសិកម្ម​កម្ពុជា​ឆ្នាំ ២០១៤-២០១៥ កំណើន​ស្មើ​សូន្យ។

លោក​ជំរុញ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា​មាន​យុទ្ធសាស្ដ្រ​រយៈពេល​វែង​ក្នុង​វិស័យ​អប់រំ នយោបាយ​ទឹក អគ្គិសនី និង​គិតគូរ​ពី​ការ​ប្រែប្រួល​អាកាសធាតុ។ ទស្សនវិស័យ​វែង​ឆ្ងាយ​មួយ​គួរ​ត្រូវ​បាន​គិតគូរ​ទៅ​តាម​ទីតាំង​ភូមិសាស្ដ្រ​របស់​ខ្លួន។

Content image - Phnom Penh Post
លោកបណ្ឌិត ម៉ី កល្យាន ថតរូបជាមួយ​ភរិយា​ពេល​បញ្ចប់​ការ​សិក្សា។

លោក​បាន​ថ្លែង​ថា៖ «ប្រទេស​ខ្មែរ​មាន​ទន្លេ​សាប​ភ្នំក្រវាញ​មាន​ទន្លេ​មេគង្គ​ព្រម​ទាំង​មាន​សណ្ឋាន​ដី​ទាប​ជាង​ប្រទេស ថៃ និង​ឡាវ ដែល​ស័ក្តិសម​នឹង​គិតគូរ​ពី​យុទ្ធសាស្ដ្រ​រយៈពេល​វែង​បាន។ អ៊ីចឹង​ត្រូវ​មាន​យុទ្ធសាស្រ្ត​ជាតិ​រយៈពេល​យ៉ាង​តិច​ពី ២០-៣០ ឆ្នាំ​ឡើង​ទៅ។ «ខ្ញុំ​ឃើញ​អ្វី​ដែល​យើង​កំពុង​ធ្វើ​សព្វ​ថ្ងៃ​គឺ​នេះ​មួយ​ចុប​នោះ​មួយ​ចុប មិន​ទាន់​បាន​ភ្ជាប់​គ្នា​ក្នុង​ប្រព័ន្ធ​តែ​មួយ​នៅ​ឡើយ​ទេ»។

លោក​បាន​សិក្សា​ឃើញ​ថា​កសិករ​ខ្មែរ​បច្ចុប្បន្ន​មាន​ជីវភាព​យ៉ាប់យ៉ឺន​ជាង​កម្មករ​នៅ​តាម​រោងចក្រ​កាត់ដេរ​ទៅ​ទៀត។ សម្រាប់​កម្មករ​រោងចក្រ​កាត់​ដេរ​ម្នាក់​ដែល​មាន​ប្រាក់​ខែ​ត្រឹម ១៥០ ដុល្លារ​ក្នុង​មួយ​ខែ​បើ​ធ្វើការ ១២ ខែ​នោះ​ស្មើ​នឹង​កសិករ​ម្នាក់​ធ្វើ​ស្រែ​ម្នាក់​ឯង​លើ​ដី ៦ ហិកតា។ កសិករ​ខ្មែរ​ខ្វះ​ការ​ជំរុញ​មិន​មាន​ភាព​ទាក់ទាញ​ខ្លាំង​ទី​បំផុត​ពួកគេ​បោះបង់​ដី​ស្រែ​ហើយ​រត់​រក​ការងារ​នៅ​រោងចក្រ​ ឬ​ធ្វើ​ចំណាក​ស្រុក​ទៅ​ក្រៅ​ប្រទេស។ ដើម្បី​លើក​កម្ពស់​វិស័យ​កសិកម្ម​រដ្ឋាភិបាល​បាន​ផ្តល់​កញ្ចប់​ថវិកា ២០ លាន​ដុល្លារ​ដើម្បី​ធ្វើការ​ជំរុញ និង​ផលិត​អង្ករ​ក្រអូប​ដំណាំ​រួម​ផ្សំ និង​បន្លែ​ដើម្បី​ជំនួស​ការ​នាំ​ចូល​បន្លែ​ពី​វៀតណាម​មធ្យម​ជាង ៤០០ តោន​ក្នុង​មួយ​ថ្ងៃ។ គម្រោង​បន្ទាប់​គឺ​គិតគូរ​ដល់​ទីផ្សារ​សម្រាប់​លក់​ផលិតផល​ដែល​ជា​កង្វល់​របស់​កសិករ​ជាទូទៅ។

លោក​បាន​ថ្លែង​ថា៖ «ខ្មែរ​យើង​ច្រើន​មាន​ទម្លាប់​មួយ​ទម្រាំ​តែ​រក​កន្លែង​លក់​ឃើញ​គឺ​ស្អុយ​ទំនិញ​អស់។ បើ​រាប់​ពី ១ ដល់ ១០ វិស័យ​កសិកម្ម​របស់​យើង​នៅ​លេខ ៩.៨ ក្នុង​ក្របខ័ណ្ឌ​ប្រទេស​អាស៊ាន។ កង្វះ​ការងារ​ក្នុង​ស្រុក​ជា​ហេតុ​ដែល​នាំ​ឲ្យ​ពលករ​ចំណាក​ស្រុក​ជាង​កន្លះ​លាន​នាក់​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជិត​ខាង។

ឆ្លើយតប​នឹង​សំណួរ​ថា​តើ​នៅ​ពេល​ប្រទេស​មួយ​មាន​ពលករ​ធ្វើ​ចំណាក​ស្រុក​ច្រើន​មាន​ន័យ​ដូចម្ដេច​ចំពោះ​សេដ្ឋកិច្ច? លោក បណ្ឌិត ម៉ី កល្យាន បាន​ឆ្លើយ​ថា​ដោយសារ​តែ​យើង​អត់​មាន​ការ​ធ្វើ​ទើប​ទៅ​ស៊ី​ឈ្នួល​គេ​ក៏​ប៉ុន្តែ​ក៏​មាន​ប្រយោជន៍​ខ្លះៗ​ដែរ​ព្រោះ​ទៅ​ធ្វើការ​ឲ្យ​គេ​ទៅ​បាន​ប្រាក់​ខែ​ច្រើន​គួរសម​ដែរ​ថែម​ទាំង​ចេះ​វិន័យ​មួយ​ចំនួន​ផង។ កម្ពុជា​ត្រូវ​ការ​ពេលវេលា​គ្រប់គ្រាន់​ និង​វិនិយោគ​លើ​បច្ចេកទេស​ និង​របៀប​គ្រប់គ្រង​បច្ចេកទេស ទីផ្សារ ទំនាក់ទំនង ដោយ​ត្រូវ​បង្កើត​ជា​ប្រព័ន្ធ​ទាំងអស់។ ត្រូវ​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ។ ទន្ទឹម​នឹង​នោះ​គោល​នយោបាយ​ការបរទេស (Foreign Policy) គួរ​ប្រើ​ជា​ឧបករណ៍​ក្នុង​ការ​ទាក់ទាញ​ទេសចរ និង​ផ្សព្វផ្សាយ​ពី​កម្ពុជា។ ជាទូទៅ​មាន​ភាព​វិជ្ជមាន​ច្រើន​ក្នុង​ការ​យល់​ដឹង​ពី​ស្រុក​ខ្មែរ។

«តាំង​ពី​ខ្ញុំ​មក​ស្រុក​ខ្មែរ ៨ ឆ្នាំ​មុន​ខ្ញុំ​យល់​ថា​តម្លាភាព​មាន​ភាព​ល្អ​ជាង​មុន​ច្រើន។ គោល​នយោបាយ​រដ្ឋាភិបាល​ចង់​ធ្វើអីៗ​វា​ច្បាស់លាស់​ជាង​មុន​ហើយ​អ្នក​វិនិយោគ​ក៏​បាន​យល់​ដឹង​ជាង​មុន​ដែរ​ក៏​ប៉ុន្តែ​យើង​ត្រូវ​ខំប្រឹង​ទៅ​មុខ​ទៀត»។

សូម​បញ្ជាក់​ថា​លោក ម៉ី កល្យាន ជា​កូន​គ្រូបង្រៀន​ក្នុង​គ្រួសារ​ជីវភាព​មធ្យម​មួយ​ក្នុង​ទឹកដី​ខេត្ត​កំពង់ចាម​លោក កល្យាន កើត​នៅ​ឆ្នាំ ១៩៥៣ ជា​ឆ្នាំ​ដែល​ព្រះករុណា​សម្ដេចឪ ព្រះនរោត្តម សីហនុ ដឹកនាំ​ទាមទារ​បាន​ឯករាជ្យ​ពី​អាណានិគម​បារាំង។

Content image - Phnom Penh Post
លោកបណ្ឌិត ម៉ី កល្យាន ថតរូបជាមួយ​នឹង​មិត្តភក្តិ​នៅ​ក្នុង​ប្រទេស ជប៉ុន។

កាល​នៅ​កុមារ​ឪពុក​របស់​លោក​បាន​យក​លោក​ទៅ​រស់នៅ​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍សាត់។ ឆ្នាំ ១៩៧១ លោក​រៀន​នៅ​សាលា​ស៊ីសុវត្ថិ​ហើយ​បន្ត​ការ​សិក្សា​នៅ​សាលា​តិចណូ​នៅ​ឆ្នាំ ១៩៧២ ដល់​ឆ្នាំ ១៩៧៤ ក្នុង​ក្រុង​ភ្នំពេញ។

ក្នុង​អំឡុង​ពេល​នោះ​សម្ពាធ​ពី​កម្លាំង​ខ្មែរ​ក្រហម​កាន់​តែ​ខ្លាំង​ឡើងៗ​បង្ក​ឲ្យ​សង្គម និង​នយោបាយ​នៃ​របប​សាធារណរដ្ឋ​របស់​សេនា​ប្រមុខ លន់ នល់ ច្របូក​ច្របល់​ភ្លើង​សង្គ្រាម​កាន់​តែ​ខិតជិត​មក​រាជធានី​ភ្នំពេញ​រីឯ​តំបន់​មួយ​ចំនួន​រង​ការ​ទម្លាក់​គ្រាប់​បែក​រាប់​សិប​តោន​ពី​សំណាក់​កង​ទ័ព​អាមេរិក​ផង​ដែរ។ គ្រាប់​កាំភ្លើង​ត្បាល់​នៅ​ពេល​ខ្លះ​បាន​ធ្លាក់​នៅ​ក្បែរ​សាលា​រៀន​របស់​លោក​ហើយ​មាន​ជន​ស៊ីវិល​ជាច្រើន​បាន​ស្លាប់​ឈាម​ស្រស់ៗ​នៅ​នឹង​ភ្នែក។ ឆ្នាំ ១៩៧៤ លោក កល្យាន ទទួល​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​រហូត​ដល់​ឆ្នាំ ១៩៨៤ (សាកលវិទ្យាល័យ Kobe, Japan) ថ្នាក់​បណ្ឌិត​ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច។

លោក​បាន​រំឭក​ថា៖ «ខ្ញុំ​រស់​នៅ​ប្រទេស​ជប៉ុន​ប៉ាស្ព័រ​ក៏​អត់​មាន​គ្រួសារ​ក៏​អត់​មាន​ហើយ​សឹង​តែ​គ្មាន​ប្រទេស​គ្មាន​សញ្ជាតិ​តែ​ម្ដង។ ទំនាក់​ទំនង​រវាង​កម្ពុជា-ជប៉ុន​ត្រូវ​បាន​កាត់​ផ្ដាច់​ទាំង​ស្រុង»។ ដោយ​រស់នៅ និង​សិក្សា​នៅ​បរទេស​ជាង ៣ ទសវត្សរ៍ បណ្ឌិត ម៉ី កល្យាន បាន​ទទួល​ធ្វើ​កិច្ចការ​សំខាន់ៗ​ជាច្រើន​ដែល​ជា​ទុន​ដ៏សម្បើម​សម្រាប់​ចែក​រំលែក​ដល់​យុវជន​ជំនាន់​ក្រោយ។

ចន្លោះ​ឆ្នាំ​ ១៩៨៤-១៩៨៧ លោក​ធ្វើ​ជា​មន្រ្តី​ហិរញ្ញវត្ថុ​នៅ​ផ្នែក​ហិរញ្ញវត្ថុ​អន្តរជាតិ​នៃ​ក្រុមហ៊ុន Kanematsu Gosho Ltd, មាន​ទីស្នាក់ការ​នៅ​ទីក្រុង​តូក្យូ។ ក្នុង​នាម​ជា​មន្រ្តី​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នាំ​ចេញ​នាំ​ចូល​មួយ​លោក​ត្រូវ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត និង​សម្រប​សម្រួល​កញ្ចប់​ហិរញ្ញវត្ថុ​សម្រាប់​សម្ភារ​ធុន​ធ្ងន់ និង​គ្រឿង​ម៉ាស៊ីន​ដែល​ក្រុមហ៊ុន​នាំ​ចេញ​ត្រួត​ពិនិត្យ​ការងារ និង​សាខា​របស់​ក្រុមហ៊ុន​នៅ​ក្រៅ​ប្រទេស និង​រៀបចំ​ការ​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ឱកាស​នៃ​គម្រោង​វិនិយោគ និង​ដំណើរ​ការងារ​ដែល​សង្កត់​ធ្ងន់​តាំង​ពី​វិស័យ​កសិកម្ម​រហូត​ដល់​ឧស្សាហកម្ម និង​សេវាកម្ម។

លោក​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ ១៩៩៣ ក្រោយ​បោះឆ្នោត​ដំបូង​ដែល​ជួយ​ជ្រោម​ជ្រែង​ដោយ​អង្គការ​សហប្រជាជាតិ (UNTAC)។

លោក​បាន​ជួប លោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី​ទី ២ នៃ​អាណត្តិ​ទី ១ នៃ​រាជរដ្ឋាភិបាល​កម្ពុជា។ នៅ​ខណៈ​នោះ​ក្នុង​នាម​ជា​អ្នក​បច្ចេកទេស​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ និង​ធនាគារ​ពិភពលោក​លោក កល្យាន បាន​កសាង​ទំនាក់​ទំនង​នៅ​កម្ពុជា​ឡើង​វិញ។

ចន្លោះ​ឆ្នាំ ១៩៩៥-១៩៩៧ លោក​ជា​សេដ្ឋវិទូ​ផ្នែក​កសិកម្ម​នៃ​ក្រុមហ៊ុន IC Net Limited នៅ​ប្រទេស​ជប៉ុន។ ដោយសារ​ហេតុ​ផល​ផ្ទាល់​ខ្លួន​លោក​បាន​សុំ​ព្យួរ​ការងារ​រយៈពេល ២ ឆ្នាំ​នៅ​អង្គការ​ស្បៀង​អាហារ​ពិភពលោក FAO។

Content image - Phnom Penh Post
រូបថត លោក ម៉ី កល្យាន ថត​ជាមួយ​ក្រុម​គ្រួសារ​នៅ​ក្នុង​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី។

លោក​ក៏​ត្រូវ​បាន​ចាត់​ឲ្យ​ធ្វើ​ការងារ​នៅ​ក្នុង​គម្រោង​ការងារ​របស់​អង្គការ JICA ដែល​ជា​ភ្នាក់ងារ​ជំនួយ​ទ្វេភាគី​របស់​ជប៉ុន​នៅ​ផ្នែក​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ។ ជា​ផ្នែក​នៃ​ការងារ​នេះ​លោក​បាន​ចូលរួម​ក្នុង​បេសកកម្ម​កំណត់​អត្តសញ្ញាណ​នៅ​ប្រទេស​កម្ពុជា និង​មីយ៉ានម៉ា និង​ការ​សិក្សា​ផែនការ​មេ​ថ្នាក់​តំបន់​ក្នុង​ប្រទេស​ថៃ។ ភារកិច្ច​ចម្បង​របស់​លោក​គឺ​ការ​សិក្សា​ស្រាវជ្រាវ​ពី​កសិកម្ម​ប្រទេស​ថៃ​ការ​កំណត់​នូវ​សក្តានុភាព និង​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​កសិកម្ម​ធ្វើការ​ណែនាំ​នូវ​គោល​នយោបាយ​អភិវឌ្ឍន៍​កសិកម្ម និង​ស្នើ​លើក​ឡើង​នូវ​គម្រោង និង​កម្មវិធី​នានា​សម្រាប់​ការ​អភិវឌ្ឍ​កសិកម្ម។

ចំន្លោះ​ឆ្នាំ ១៩៨៨-២០០៨ លោក​ធ្លាប់​ធ្វើ​ជា​សេដ្ឋវិទូ​ជាន់​ខ្ពស់​នៃ​កម្មវិធី​កិច្ចសហប្រតិបត្តិ​រវាង​អង្គការ​ស្បៀង​អាហារ​ពិភពលោក និង​ធនាគារ​ពិភពលោក។

អស់​រយៈពេល ១៨ ឆ្នាំ​លោក​បាន​ចូលរួម​ និង​ដឹកនាំ​បេសកកម្ម​ជាច្រើន​សម្រាប់​គម្រោង​ការងារ​វិនិយោគ​រួម​មាន​ផែនការណ៍​យុទ្ធសាស្រ្ត​ហិរញ្ញវត្ថុ វិស័យ និង​អនុវិស័យ​ជនបទ​ព្រម​ទាំង​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នានា​ជាច្រើន​ទៀត។ ការងារ​ក្នុង​គោល​នយោបាយ និង​វិស័យ​ជនបទ​រួម​មាន​ការ​ត្រួត​ឡើង​វិញ​នូវ​គោល​នយោបាយ​ហិរញ្ញវត្ថុ កសិកម្ម និង​សេដ្ឋកិច្ច​ក៏​ដូចជា​ផល​ប៉ះពាល់​ផ្សេងៗ​នៃ​ផែនការ​ជាតិ និង​ផែនការ​អភិវឌ្ឍ​នានា។

សរុប​មក​លោក​បាន​ចូលរួម​បំពេញ​បេសកកម្ម​ចំនួន ៦០ ដែល​គ្រប​ដណ្តប់​លើ ១៥ ប្រទេស​ក្នុង​ទ្វីប​អាស៊ី ១៤ ប្រទេស​ក្នុង​ទ្វីប​អាហ្វ្រិក និង​មួយ​ប្រទេស​នៅ​ទ្វីប​អឺរ៉ុប​ខាង​កើត។

នៅ​អំឡុង​ឆ្នាំ ២០០៣-២០០៤ លោក​បាន​បញ្ជូន​ឲ្យ​ទៅ​ប្រចាំការ​នៅ​ទីក្រុង​ម៉ានីល​ដើម្បី​បំពេញ​ការងារ​ឲ្យ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)។

លោក កល្យាន បាន​ចូល​និវត្តន៍​ត្រឹម​អាយុ ៥៥ ឆ្នាំ។ ចាប់​ឆ្នាំ ២០០៨ រហូត​ដល់​បច្ចុប្បន្ន​នេះ​លោក​មាន​តួនាទី​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​ឧត្តម​ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ​ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ដ្រី។ ស្ថាប័ន​នេះ​ជា​អ្នក​បង្កើត​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ និង​ផ្តល់​យោបល់​ទៅ​ឲ្យ​នាយក​រដ្ឋមន្រ្តី។

លោក​បាន​ចូលរួម​ជួយ​ការងារ​គោល​នយោបាយ​កាល​ពី​ពេល​ថ្មីៗ​របស់​ស្ថាប័ន​រួមមាន​ការ​លើក​កម្ពស់​ទិន្នផល​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់​កាល​ទី​ ៣ គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ចក្ខុវិស័យ​ឆ្នាំ ២០៣០។

បណ្ឌិត កល្យាន ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ទី ១ នៃ​គណៈកម្មាធិការ​នាយក​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។ លោក​គឺជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ធនាគារ CIMB និង​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជីវិត​របស់​អង់គ្លេស Prudential។

លោក កល្យាន ចេះ​និយាយ​ និង​សរសេរ​បារាំង អង់គ្លេស និង​ជប៉ុន ចិន និង​អ៊ីតាលី​យ៉ាង​ស្ទាត់​ជំនាញ៕

សូម​ប្រិយមិត្ត​រង់ចាំ​អាន​វគ្គ ២ នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​ក្រោយ។ រាយការណ៍​បន្ថែម​ដោយ តាំង រីនិត្យ/VIDEO

អត្ថបទគួរចាប់អារម្មណ៍