The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្ដ្រី៖ ​ខ្ញុំ​សុំ​និយាយ​តាម​ត្រង់​មិនមែន​កាប់​​ព្រៃ​ស្រុក​ខ្មែរ​បង្ក​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​ទេ

រដ្ឋមន្ដ្រី៖ ​ខ្ញុំ​សុំ​និយាយ​តាម​ត្រង់​មិនមែន​កាប់​​ព្រៃ​ស្រុក​ខ្មែរ​បង្ក​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​ទេ

លោក សាយ សំអាល់ បង្ហាញ​រូបថត​បក្សី​កម្រ​របស់​កម្ពុជា​ដែល​តាំង​នៅ​ក្នុង​បន្ទប់​ធ្វើ​ការ​របស់​លោក ។
លោក សាយ សំអាល់ បង្ហាញ​រូបថត​បក្សី​កម្រ​របស់​កម្ពុជា​ដែល​តាំង​នៅ​ក្នុង​បន្ទប់​ធ្វើ​ការ​របស់​លោក ។ គាំ ច័ន្ទរស្មី

រដ្ឋមន្ដ្រី៖ ​ខ្ញុំ​សុំ​និយាយ​តាម​ត្រង់​មិនមែន​កាប់​​ព្រៃ​ស្រុក​ខ្មែរ​បង្ក​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​ទេ

កាលពី​សប្ដាហ៍​មុន ​​ប្រិយមិត្ត​អ្នក​អាន​ពិតជា​បាន​ដឹង​ច្បាស់​ថា​រដ្ឋមន្ដ្រី​ក្រសួង​បរិស្ថាន​ជា​នរណា?

ហើយ​ក្នុង​សប្ដាហ៍​នេះ​លោក​អ្នក​នឹង​បាន​​ដឹង​​ពី​ចក្ខុវិស័យ​របស់​លោក​ក្នុង​កិច្ចការ​គាំពារ​​បរិស្ថាន។​

ក្នុង​បទសម្ភាស​ជាមួយ​​ ភ្នំពេញ ​ប៉ុស្ដិ៍ ​រដ្ឋមន្ដ្រី​បរិស្ថាន ​លោក​ សាយ សំអាល់ បាន​បន្ទោស​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿន​លឿន​ទាំង​ ៨ ជា​អ្នក​បំភាយ​ឧស្ម័ន​ពុល​ច្រើន​ជាង​គេ​ដែល​ជា​កត្ដា​​បង្ក​ឲ្យ​មាន​​ការ​ប្រែប្រួល​អាកាសធាតុ និង​ការ​ឡើង​កម្ដៅ​ដែនដី​ហើយ​ក្នុង​បរិបទ​នេះ​ពិភពលោក​តម្រូវ​ឲ្យ​កម្ពុជា​ជា​ប្រទេស​គ្មាន​ឧស្សាហកម្ម​ខ្នាត​ធំ​ចូលរួម​គាំពារ​បរិស្ថាន​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​​សកល​។​ ប្រទេស​មាន​ឧស្សាហកម្ម​ជឿន​លឿន​​ទាំង ៨ ឬ (G8) រួម​មាន​ប្រទេស​បារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស ជប៉ុន សហរដ្ឋអាមេរិក កាណាដា និង រុស្ស៊ី។

បច្ចុប្បន្ន​នេះ​ការ​ប្រែប្រួល​អាកាសធាតុ​ និង​ការ​ឡើង​កម្ដៅ​ផែនដី​គឺជា​កង្វល់​របស់​សកល​លោក​តែ​កម្ពុជា​ជា​ប្រទេស​​​តូច​មាន​មនុស្ស​តិច​មិន​មាន​ឧស្សាហកម្ម​ខ្នាត​ធំ​នោះ​ត្រូវ​បាន​ជំរុញ​ដោយ​​ប្រទេស​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន​​ទាំង​ ៨ និង​សហគមន៍​​អន្ដរជាតិ​ឲ្យ​ចូលរួម​ចំណែក​បន្ថយ​កម្ដៅ​ផែនដី និង​ការ​ប្រែប្រួល​អាកាសធាតុ​ដោយ​បញ្ឈប់​ការ​កាប់​ព្រៃឈើ និង​ត្រូវ​ការពារ​ជីវចម្រុះ។

លោក​បាន​បន្ទោស​ថា​ «មនុស្ស​យើង​ដឹង​តែ​រស់នៅ​លើ​ភព​ផែនដី​នេះ​តែ​មិន​ដែល​សួរ​ខ្លួនឯង​ថា​តើ​យើង​រស់នៅ​យ៉ាង​ដូចម្តេច​ដើម្បី​កាត់​​បន្ថយ​ផលប៉ះពាល់​ទៅ​លើ​ភព​ផែនដី​ទេ​? ​

លោក​បន្ថែម​ថា «មហា​អំណាច​ឧស្សាហកម្ម​ជឿន​លឿន​ទាំង​នោះ​អត់​មាន​នរណា​ម្នាក់​ឈប់​​ធ្វើ​ទេ​ហើយ​ក៏​​កំពុង​តែ​ប្រកួត​ប្រជែង​ខាង​ឥទ្ធិពល​រៀងៗ​ខ្លួន​ទាំង​នយោបាយ និង​សេដ្ឋកិច្ច។ អ៊ីចឹង​យើង​ត្រូវ​ទទួល​ស្គាល់​ថា​គ្មាន​នរណា​មួយ​ដែល​បន្ថយ​ទេ»។

ទន្ទឹម​នឹង​នោះ​ក៏​មាន​ប្រទេស​សេដ្ឋកិច្ច​កំពុង​តែ​ងើប​ដូចជា​ប្រេស៊ីល អាហ្វ្រិក​ខាង​ត្បូង​ឥណ្ឌា​ និង​ចិន​ក៏​មិន​បាន​បន្ថយ​ល្បឿន​សេដ្ឋកិច្ច​របស់​​គាត់​ដែរ​ពីព្រោះ​នេះ​​ដើម្បី​ឧត្តម​ប្រយោជន៍​នៃ​ជាតិ​សាសន៍​គេ»។

មាន​សំណួរ​​ធំ​មួយ​បាន​ចោទ​ឡើង​ថា​តើ​កម្ពុជា​គួរ​ធ្វើ​អ្វី​ដើម្បី​ឧត្តម​ប្រយោជន៍​ជាតិ​ខ្លួន​ដែរ​ឬ​ទេ? លោក​​​រដ្ឋមន្ដ្រី​បាន​និយាយ​ថា​កម្ពុជា​គួរ​ធ្វើ​អ្វីៗ​ដើម្បី​បម្រើ​ឧត្តម​ប្រយោជន៍​​ជាតិ​ដូច​ប្រទេស​ទាំង​​នោះ​ដែរ។

លោក​បាន​ស្នើ​ថា «​យើង​ត្រូវ​គិត​ថា​តើ​អ្វី​ជា​ឧត្តម​ប្រយោជន៍​​ជាតិ​របស់​យើង។ ប្រទេស​យើង​​មិនមែន​ជា​ប្រទេស​មាន​​ឧស្សាហកម្ម​ទេ​ដូច្នេះ​ការ​បញ្ចេញ​​ឧស្ម័ន​កាបូនិច​មិន​មាន​ច្រើន​ដូច​គេ​នោះ​ទេ។ តាម​ពិត​ទៅ​យើង​កំពុង​តែ​ស្ថិត​នៅក្នុង​រង្វង់​អវិជ្ជមាន​នៅ​ឡើយ​ទេ។ យើង​នៅ​ទាញ​យក​ឧស្ម័ន​កាបូនិច​ហ្នឹង​ច្រើន​​ជាង​យើង​បញ្ចេញ​។ ខ្ញុំ​ថា​យើង​​ត្រូវ​មើល​រឿង​អស់​នេះ​ឲ្យ​បាន​ច្បាស់​ទាំងអស់​គ្នា​ជា​ជាង​យើង​ឮ​គេ​ប្រាប់​ហើយ​ក៏​មក​ចោទ​គ្នា​ទៅវិញ​ទៅមក»។

បើ​យោង​​តាម​ចក្ខុវិស័យ​របស់​លោក​រដ្ឋមន្ដ្រី​កម្ពុជា​ក៏​ត្រូវ​មាន​ចំណែក​ក្នុង​ការ​​ទទួល​ខុសត្រូវ​រួម​ដែរ។ ជា​រួម​កម្ពុជា​ត្រូវ​មាន​​ចំណែក​ទទួល​ខុស​ត្រូវ​ណា​មួយ​។ ក៏​ប៉ុន្ដែ​ប្រទេស​ជឿន​លឿន​គាត់​ត្រូវ​តែ​បង្ហាញ​ភាព​ច្បាស់​លាស់​​។ បើ​គាត់​មិន​​អាច​ធ្វើ​បាន​ហើយ​ក៏​ចោទ​ប្រទេស​តូចៗ​ដែល​មិន​បាន​ធ្វើ​ហ្នឹង​ឲ្យ​ធ្វើ​ច្រើន​ជាង​គាត់​ក៏​មិន​បាន​ដែរ។ «ខ្ញុំ​កំពុង​តែ​ដាក់​ការ​ចោទ​សួរ​ទៅ​វិញ​ថាឥឡូវ​បើ​សិន​ជា​កម្ពុជា​ស្ម័គ្រ​ចិត្ត​រក្សា​ព្រៃ​ទំហំ​ប៉ុណ្ណឹង​តើ​សហគមន៍​អន្តរជាតិ​ជួយ​​កម្ពុជា​ប៉ុន្មាន?

នៅ​កម្ពុជា​មាន​​ការ​លើក​ឡើង​ជា​​ញឹកញាប់​ពី​បណ្ដាញ​​សារព័ត៌មាន​ឯករាជ្យ និង​សហគមន៍​អន្តរជាតិ​​ចំពោះ​ការ​កាប់​ឈើ​យ៉ាង​រង្គាល​នៅ​តាម​បណ្ដា​ខេត្ត​ដែល​រដ្ឋ​បាន​ផ្ដល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ក្នុង​ចេតនា​ប្រែ​ក្លាយ​ដី​ព្រៃ​រាប់​ម៉ឺន​ហិកតា​ទៅ​ជា​ដី​ដាំ​ដំណាំ​កសិឧស្សាហកម្ម​។​ ប៉ុន្ដែ​ការ​កាប់​ឈើ​យ៉ាង​សម្បើម និង​គ្មាន​ការ​គ្រប់គ្រង​ត្រឹមត្រូវ​នោះ​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចោទ​ថា​វិនាសកម្ម​ព្រៃ​ឈើ​នៅ​កម្ពុជា​ជា​ចំណែក​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ​មាន​ខ្យល់​​ព្យុះ​ភ្លៀង​មិន​​ទៀងទាត់​ព្រម​ទាំង​រន្ទះ​គ្រោះ​រាំង​ស្ងួត និង​​ទឹក​ជំនន់​ជាដើម។

ប៉ុន្ដែ​ការ​លើក​​ឡើង​នេះ​ត្រូវ​បាន​​ទាត់​ចោល​ដោយ​រដ្ឋមន្រ្តី​បរិស្ថាន​។ លោក​បាន​​ថ្លែង​ថា​ជា​ការពិត​ដីសម្បទាន​​គេ​ត្រូវ​តែ​ឈូសឆាយ​ដើម្បី​យក​ទៅ​​ដាំ​កៅស៊ូ។ ការ​កាប់​យក​ឈើ​មួយ​ចំនួន​ជា​ការ​ចាំបាច់។ ឧទាហរណ៍​ក្នុង​ដី​មួយ​ហិកតា​កាប់​ឈើ​ធ្នង់​ពី ២០ ទៅ ៣០ ​ដើម​វា​មិន​​បណ្ដាល​ឲ្យ​បាត់​ព្រៃ​ទាំង​មូល​ទេ។

លោក​ប្រតិកម្ម​ថា «ខ្ញុំ​សុំទោស​សុំ​និយាយ​ត្រង់​មិនមែន​កាប់​ព្រៃ​​ស្រុក​ខ្មែរ​បង្ក​ឲ្យ​​មាន​ការ​ប្រែប្រួល​អាកាសធាតុ​នោះ​ទេ​គឺ​ឧស្សាហកម្ម​​របស់​ពួក​លោក​ខាង​លិច​នោះ​ហើយ​ដែល​​បង្ក​ឲ្យ​មាន​ការ​ប្រែប្រួល​អាកាសធាតុ។ មិន​មែន​ខាង​ខ្ញុំ [កម្ពុជា] នោះ​ទេ​ខ្ញុំ​នៅ​​មាន​​ព្រៃ​ច្រើន​ជាង​ឯកឧត្តម​ [បរទេស] អស់​លោក​ប៉ុន្ដែ​នេះ​ជា​អំពើ​អយុត្តិធម៌​ណាស់​សម្រាប់​ខ្ញុំ។ ខ្ញុំ​ឈឺចាប់​ណាស់​នៅពេល​ខ្ញុំ​ឮ​របៀប​នេះ​»​។

លោក​បាន​ព្រមាន​ថា​លោក​​ខាង​លិច សង្គម​ស៊ីវិល និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​គួរ​មក​បង្រៀន​កូន​ខ្មែរ​ឲ្យ​យល់​របៀប​ហ្នឹង​ទេ។​

លោក​បាន​បន្ថែម​ថា៖ «ពេល​ខ្លះ​ខ្ញុំ​តូច​ចិត្ត​ណាស់​រឿង​អី​មក​ដាក់​កំហុស​​លើ​ប្រជាជន​កម្ពុជា។ យើង​ដើរ​មក​ដល់​នេះ​ហើយ​យើង​គួរ​​តែ​មើល​​ឃើញ​ពន្លឺ​ឲ្យ​ប្រជាជន​កម្ពុជា​​ដើរ​ទៅ​មុខ​ទាំងអស់​គ្នា​ជា​សង្គម​ទាំង​មូល​តែ​ម្តង។ ឥឡូវ​​នេះ​​នៅ​លើ​ពិភពលោក​មាន​តែ​ប៉ុណ្ណឹង​ប្រកួត​ប្រជែង​ផ្នែក​សេដ្ឋកិច្ច​ នយោបាយ​មាន​អី​ទៀត​»។

លោក រដ្ឋមន្ដ្រី​បរិស្ថាន សាយ សំអាល់ ដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​តំបន់​អភិរក្ស​សត្វ​ត្រយង​នៅ​​​ខេត្ត​ព្រះវិហារ​ឆ្នាំ ២០១៥។
លោក រដ្ឋមន្ដ្រី​បរិស្ថាន សាយ សំអាល់ ដឹកនាំ​ក្រុម​ការងារ​ចុះ​ត្រួតពិនិត្យ​តំបន់​អភិរក្ស​សត្វ​ត្រយង​នៅ​​​ខេត្ត​ព្រះវិហារ​ឆ្នាំ ២០១៥។ មឿន ញាណ

បើ​ទោះ​ជា​កម្ពុជា​មិន​សូវ​ស្រប​យោបល់​​ជាមួយ​សហគមន៍​អន្ដរជាតិ និង​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ក៏ដោយ​ក៏​កម្ពុជា​ចាំបាច់​​ត្រូវ​​ធ្វើ​កំណែ​ទម្រង់​ខ្លះៗ​ដោយ​រៀបចំ​ឧទ្យាន​ជាតិ​ ដែន​ជម្រក​សត្វព្រៃ ព្រៃ​បម្រុង​​ឡើង​វិញ។​ ការ​កែ​ទម្រង់​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​គោល​នយោបាយ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​មិន​មាន​​ផ្លែផ្កា​ដូច​បំណង​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ គោល​នយោបាយ​ដីសម្បទាន​សេដ្ឋកិច្ច​​នេះ​​បាន​បង្ក​ឲ្យ​ពលរដ្ឋ​រាប់​ម៉ឺន​គ្រួសារ​ខឹង​សម្បា​ដោយសារ​ការ​ទន្ទ្រាន​យក​ដី​ពី​ពួក​គាត់​ពី​សំណាក់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក្នុង​ស្រុក​ និង​បរទេស​មួយ​ចំនួន​។

លោក​រដ្ឋមន្ដ្រី​បញ្ជាក់​ថា ​ការ​ការពារ​​សម្បត្តិ​ក្រុម​ធនធាន​​ធម្មជាតិ​របស់​កម្ពុជា​គឺ​ជា​កិច្ចការ​ចាំបាច់​ត្រូវ​ដោះស្រាយ​ហើយ​ត្រូវ​ធ្វើ​តាម​ដំណាក់កាល​​របស់​វា​។ «ខ្ញុំ​​ក៏​បាន​​សួរ​ខ្លួន​ឯង​ដែរ​ថា​តើ​យើង​បណ្តោយ​ឲ្យ​បញ្ហា​នេះ​កើតឡើង​ខណៈ​កម្ពុជា​ជា​ប្រទេស​តូច​មាន​ប្រជាជន​តិច​ទំហំ​​សេដ្ឋកិច្ច​ក៏​មាន​កម្រិត​តើ​យើង​សុខ​ចិត្ត​រវល់​ខ្លួនឯង​នៅ​ក្នុង​រឿង​ហ្នឹង ឬ​មួយ​យើង​អាច​ឲ្យ​សង្គម​នេះ​ដើរ​ទៅ​មុខ​ទាំង​អស់​គ្នា​បាន»​។

ទាក់ទង​នឹង​វិវាទ​ដ៏រ៉ាំរ៉ៃ​នេះ​លោក​រដ្ឋមន្ដ្រី​បាន​ស្នើ​ដល់​​ប្រមុខ​រាជរដ្ឋាភិបាល​ដោយ​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ត្រួតពិនិត្យ​ដីសម្បទាន​ទាំង​អស់​ហើយ​បាន​ពិនិត្យ​បញ្ចប់​ក្នុង​រយៈពេល​តែ​មួយ​ឆ្នាំ។ កិច្ចការ​នេះ​បាន​បញ្ចប់​ទាំង​ស្រុង​ដែល​មាន​ក្រុមហ៊ុន​ជាង​ ២០០ ទាំង​ដី​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ក្រសួង​កសិកម្ម​ទាំង​ក្រសួង​បរិស្ថាន។ ក្រុមហ៊ុន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ត្រូវ​បាន​លុប​ចោល។

យ៉ាង​ហោច​ណាស់​មាន​ក្រុមហ៊ុន​ដីសម្បទាន​ចំនួន​ជាង ៤០ នៅ​ក្រោម​ក្រសួង​បរិស្ថាន និង​ក្រសួង​កសិកម្ម​ត្រូវ​បាន​និរាករណ៍។​ មាន​ក្រុមហ៊ុន​ប្រមាណ​ជា​ជាង​​ ១០ ​ទៀត​កំពុង​ស្ថិត​នៅក្នុង​ការ​ត្រួត​ពិនិត្យ​យ៉ាង​តឹងរ៉ឹង​។​ក្រោយ​ពី​ត្រួតពិនិត្យ​ដី​សម្បទាន​​រួច​ហើយ​ក្រសួង​បិរស្ថាន​​បាន​​​បន្ថយ​​ចំនួន​​​ឆ្នាំ​នៃ​ការ​វិនិយោគ​ហើយ​បាន​​​ដោះស្រាយ​បញ្ហា​ដីសម្បទាន​សង្គមកិច្ច​ឲ្យ​ប្រជាជន​មួយ​ចំនួន​បូក​ផ្សំ​ទៅ​នឹង​បទបញ្ជា​លេខ​ ០០១ ​របស់​​រាជរដ្ឋាភិបាល​ដែល​ដោះ​បាន​ជាង​ ១ លាន​ក្បាល​ដី។

លោក​រដ្ឋមន្រ្តី​បាន​បញ្ជាក់​ថា៖ «អ៊ីចឹង​យើង​​បាន​បន្ថយ​ចំនួន​​ឆ្នាំ​នៃ​​​ការ​​ជួល​ដី​ក៏​បាន​បន្ធូរ​ពី​​ [៩៩ ឆ្នាំ] មក​ត្រឹម ៥០ ឆ្នាំ​ហើយ​នេះ​គឺជា​ការ​​សម្រេច​ចិត្ត​ខាង​​​នយោបាយ​ដ៏ធំ​មួយ​របស់​យើង​ដែរ​ហើយ​ក៏​ដើម្បី​រក្សា​ទុក​ឱកាស​ដែរ។​ ឥឡូវ​នេះ​កម្ពុជា​​មាន​​ពលរដ្ឋ​ ១៥ លាន​ [នាក់]។ ៥០ ​ឆ្នាំ​ទៀត​យើង​ប្រហែល​ជា​មាន​​ ៣០ ​​លាន​​នាក់។ ដូច្នេះ​យើង​ត្រូវ​ទុក​ឱកាស​ដើម្បី​ធានា​នូវ​សន្តិសុខ​ស្បៀង​សម្រាប់​ប្រជាជន​កម្ពុជា»។

លោក​បាន​បន្ថែម​ថា៖ «យើង​បាន​បន្ថយ​ជម្លោះ​នៅ​ក្នុង​សង្គម​ជាតិ​យើង​ព្រោះ​ខ្ញុំ​ជឿ​ថា​បើ​សិន​កម្ពុជា​ប្រទេស​តូច​ប៉ុណ្ណឹង​នៅ​តែ​ឈ្លោះ​គ្នា​រឿង​ប៉ុន​នេះ​ខ្ញុំ​ជឿ​ថា​ពេល​ដែល​យើង​ងើប​មើល​ទៅ​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់​របស់​​យើង​គេ​នឹង​ទៅ​ឆ្ងាយ​ពី​យើង។ អ៊ីចឹង​យើង​ត្រូវ​គិត​ខ្លួន​ឯង​ថា​តើ​គួរ​ឈ្លោះ​​ក្នុង​​កម្រិត​ប៉ុនណា? ឈ្លោះ​គ្នា​ទាល់​តែ​ភ្លេច​ខ្លួន​ថា​គេ​ដើរ​ទៅ​ដល់​ណា​ ឬ​មួយ​យ៉ាង​ម៉េច”?

ឆ្លើយតប​នឹង​សំណួរ​​ដែល​​តំណាង​រាស្ដ្រ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន សរសេរ​​លិខិត​​​​​សាកសួរ​ទៅ​កាន់​​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ​កាលពី​សប្ដាហ៍​មុន​​ដោយ​សង្ស័យ​​ថា​មាន​ដីសម្បទាន​ប្រមាណ​ជា ៤០០០០ ហិកតា​នៅ​ខេត្ត​រតនគិរី​ជាប់​ព្រំដែន​វៀតណាម​កំពុង​​​គ្រប់គ្រង​ដោយ​កងទ័ព​ប្រជាជន​វៀតណាម​លោក​រដ្ឋមន្ដ្រី សាយ សំអាល់ បាន​ពន្យល់​ថា​៖ «វា​ជា​ក្រុមហ៊ុន​ឯកជន​​ដែល​​​មាន​ទំនាក់​ទំនង​ជាមួយ​ទាហាន​វា​អាច​អ៊ីចឹង​តែ​ឥឡូវ​ខ្ញុំ​សុំ​មើល​ករណី​ហ្នឹង​សិន​ព្រោះ​ដី​ហ្នឹង​ដូចជា​ស្ថិត​ក្រោម​យុត្ថាធិការ​ក្រសួងក​​សិកម្ម​អ៊ីចឹង​ខ្ញុំ​សុំ​ពិនិត្យ​​រឿង​ហ្នឹង​សិន​។ អត់​មាន​​​ចម្លើយ​ទេ​ព្រោះ​ខ្ញុំ​អត់​​បាន [ពិនិត្យ] ព្រោះ​ទី ១ ខ្ញុំ​អត់​បាន​ឃើញ​​ឯកសារ​ហ្នុង​។ ​ខ្ញុំ​ត្រូវ​មើល​ឯកសារ​ដែរ​» ។

ប៉ុន្ដែ​លោក​បាន​បញ្ជាក់​ថា​ «​កម្ពុជា​យើង​មិន​ដែល​ឲ្យ​កងទ័ព​បរទេស​មក​ឈរ​ជើង​នៅ​ក្នុង​ទឹកដី​យើង​ទេ​អាហ្នឹង​ជា​គោលការណ៍​រួម​ហើយ​ក្រោម​រដ្ឋធម្មនុញ្ញ​របស់​យើង​តែ​ម្តង។ ​«វា​មិន​អាច​ទេ​ព្រោះ​យើង​មិន​ដែល​​ឲ្យ​សម្បទាន​ទៅ​យោធា​ទេ​យើង​ឲ្យ​សម្បទាន​ទៅ​ក្រុមហ៊ុន​ឯកជន»។

ទាក់ទង​នឹង​វិធានការ​ចាំបាច់​មួយ​​ចំនួន​ដែល​លោក​រដ្ឋមន្ដ្រី​ត្រូវ​​ធ្វើ​គឺ​ត្រូវ​ប្រមូល​ឈើ​ទាំង​កាប់​ស្រប​ច្បាប់ និង​មិន​ស្រប​ច្បាប់​ (បន្លំ) ទាំងអស់​ដាក់​ចូល​ជា​សម្បត្តិ​រដ្ឋ​។​ បច្ចុប្បន្ន​គណៈកម្មការ​មួយ​ដឹកនាំ​ដោយ​នាយឧត្តមសេនីយ៍​ សៅ សុខា មេបញ្ជាការ​នៃ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​កំពុង​បន្ដ​ស្រាវជ្រាវ​​ និង​ចាត់​វិធានការ។

លោក​មាន​​ប្រសាសន៍​ថា​៖ «ឥឡូវ​នេះ​យើង​កំពុង​តែ​ត្រួតពិនិត្យ​មើល​សិក្សា​ស្រាវជ្រាវ​មើល​ថា​តើ​ឈើ​ប៉ុន្មាន​ដែល​ជា​ឈើ​ស្រប​ច្បាប់​ដែល​យើង​ទទួល​បាន​ពី​ការ​ឈូស​ឆាយ​ដីសម្បទាន​ហើយ​ឈើ​ប៉ុន្មាន​ដែល​​បាន​ពី​គេ​លួច​បន្លំ​កាប់​​។ ឥឡូវ​នេះ​យើង​កុំ​ទាន់​​អាល​មាត់​ទុក​ឲ្យ​គណៈកម្មការ​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម សៅ សុខា ហ្នឹង​លោក​ធ្វើការ​សិន​ហើយ​យើង​មាន​ការ​សម្រេច​​ចិត្ត​មួយ​ថា​តើ​ត្រូវ​យក​រឿង​នេះ​ទៅ​ដល់​ណា»។

ចំពោះ​ឈើ​ហុប​ដែល​​បាន​កាប់​រួច​ហើយ​នៅក្នុង​ដីសម្បទាន​ក្ដី​ក្រៅ​ដី​សម្បទាន​ក្ដី​គណៈកម្មការ​មួយ​ដែល​បាន​បង្កើត​ឡើង​ និង​កំពុង​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ សៅ សុខា និង​ក្រសួង​បរិស្ថាន​គិត​ថា​ឈើ​នោះ​គួរ​លក់​ឡាយឡុង​ហើយ​ប្រមូល​ថវិកា​ចូល​រដ្ឋ​ទើប​ជា​រឿង​ល្អ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​គេ​ពុំ​ទាន់​ឃើញ​របាយការណ៍​ពី​គណៈកម្មការ និង​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា​៖ «លោក សៅ សុខា ខំប្រឹង​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ​តែ​រឿង​នេះ​រឿង​ស្រាវជ្រាវ​អ៊ីចឹង​វា​ទាមទារ​ពេល​យូរ​ណាស់​មិន​អាច​ធ្វើ​ប៉ះ​ដៃ​យក​ដៃ​ប៉ះ​ជើង​យក​ជើង​បាន​នោះ​ទេ។ គេ​មាន​នីតិវិធី​របស់​គេ​ត្រឹមត្រូវ​ហើយ​ខ្ញុំ​មាន​ជំនឿ​យ៉ាង​មុតមាំ​លើ​ការ​ដឹកនាំ​របស់​ឯកឧត្តម សៅ សុខា»។

លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​កន្លង​មក​បាន​រកឃើញ​ថា​មាន​ក្រុមហ៊ុន​ខ្លះ​បាន​​ឈូសឆាយ​ដីព្រៃ​ដោយ​មាន​ការ​បន្លំ​អ៊ីចឹង​បាន​ក្រសួង​និរាករណ៍​ចោល​ហើយ​ក្រសួង​បាន​ដាក់​ពិន័យ​។ ក្រុមហ៊ុន​មួយ​​ចំនួន​ទៀត​ក៏​មិន​មាន​កំហុស​អី​ទេ​គ្រាន់​តែ​ថ្លៃ​កៅស៊ូ​ធ្លាក់​ចុះ​ទៅ​អ្នក​វិនិយោគ​ក៏​មិន​មាន​កម្លាំង​ចិត្ត​​នឹង​ធ្វើ​បន្ត​ទៀត។ «ឥឡូវ​បញ្ហា​សង្គម​យើង​វា​អ៊ីចឹង​សួរ​ថា​ពី​ណា​ត្រូវ​ហើយ​ពី​ណា​ខុស? ខ្ញុំ​ថា​អាហ្នឹង...​​យើង​​​គួរ​តែ​ធ្វើការ​ទាំង​អស់​គ្នា​ដើម្បី​បញ្ចប់​ទៅ»។

លោក​រដ្ឋមន្រ្ដី​បាន​វាយតម្លៃ​ថា​បើ​តាម​គំនិត​ដើម​​នៃ​គោលនយោបាយ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​គឺជា​គំនិត​ដ៏ល្អ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​ចង់​ប្រែ​ក្លាយ​ដី​ដែល​រេចរឹល​នៅ​​សេសសល់​មិន​ប្រើប្រាស់​ទៅ​ជា​​ដី​កសិឧស្សាហកម្ម​ដោយ​ការ​ដាំ​ដំណាំ​កែច្នៃ និង​បាន​ចាត់​ទុក​វា​ជា​ខឿន​សេដ្ឋកិច្ច​មួយ​ទៀត​ដើម្បី​ជំរុញ​កំណើន​ប៉ុន្ដែ​ជា​អកុសល​ការ​អនុវត្ត​បាន​ជួប​ឧបសគ្គ​យ៉ាងច្រើន​ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ទាំងអស់។

លោក សាយ សំអាល់ បាន​ទទួល​ស្គាល់​ថា​ «ទាំង​​ការ​អនុវត្ត​របស់​យើង​ [រដ្ឋ​] ទាំង​ការ​មិន​យល់​ដឹង​របស់​​បងប្អូន​ប្រជាពលរដ្ឋ​បាន​​ធ្វើ​ឲ្យ​បំណង​ល្អ​មួយ​នេះ​ខកខាន​ដោយ​​ធ្វើ​មិន​សូវ​​បាន​ល្អ។ តែ​យ៉ាង​ហោច​ណាស់​កម្ពុជា​មាន​ដី​ទំហំ​ ២០-៣០ ម៉ឺន​ហិកតា​បាន​ដាំ​កៅស៊ូ​ហើយ​ដែរ​ទាំង​ក្រុមហ៊ុន​ និង​​ជា​កម្មសិទ្ធិ​ឯកជន»។

ការ​គ្រប់គ្រង​ដីសម្បទាន និង​ធនធាន​ធម្មជាតិ​ក្រសួង​បរិស្ថាន​បាន​ផ្ទេរ​ប្រភេទ​ដី​សម្រាប់​កសិកម្ម​ទៅ​ឲ្យ​ក្រសួង​កសិកម្ម​រួចរាល់​ហើយ​។ រីឯ​ក្រសួង​កសិកម្ម​វិញ​ក៏​បាន​ផ្ទេរ​ដី​អភិរក្ស​សត្វ​មក​ឲ្យ​ក្រសួង​បរិស្ថាន​អស់​ហើយ​​ដែរ​។

ដូច្នេះ​រដ្ឋ​ត្រូវ​ធ្វើការ​វាយតម្លៃ​​ឡើង​វិញ​ថា​តើ​ដី​ណា​ជា​ដី​ដែល​មិន​ត្រូវ​ប៉ះ​ដាច់​ខាត ដី​ណា​ដែល​អាចរ​ក្សា​ទុក​សម្រាប់​ថ្ងៃ​ក្រោយ​ដើម្បី​ធានា​នូវ​សន្តិសុខ​ស្បៀង​ពលរដ្ឋ​កម្ពុជា​។ ដី​ដែល​រដ្ឋ​ដកហូត​បាន​មួយ​ចំនួន​គឺ​មិន​អាច​យក​ទៅ​ដាំ​អី​បាន​ដី​នោះ​នឹង​ត្រូវ​រក្សា​ទុក​ជា​ដែន​ជម្រក​សត្វព្រៃ។

ក្រសួង​បិរស្ថាន​មាន​គម្រោង​ទុក​តំបន់​ព្រៃឡង់​ជា​ដែន​ជម្រក​សត្វ​ព្រៃ​។ ចំពោះ​ដី​ជា​ភូមិឋាន​របស់​ប្រជាជន​គឺ​រដ្ឋ​នឹង​កាត់​ទុក​ឲ្យ​ពលរដ្ឋ​ដោយ​ចុះ​បញ្ជី​ឲ្យ​​បាន​ច្បាស់លាស់​។ ដើម្បី​ឲ្យ​ការងារ​នេះ​កាន់តែ​សុក្រឹត​ក្នុង​​ឆាប់ៗ​ខាង​មុខ​នេះ​ក្រសួង​បរិស្ថាន​នឹង​ធ្វើ​សិក្ខាសាលា​មួយ​ដោយ​អញ្ជើញ​សង្គម​ស៊ីវិល អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​ជំនាញ​ការ​ព្រម​ទាំង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់​មក​ផ្ដល់​យោបល់​​លើ​ការ​គ្រប់គ្រង​ដីធ្លី​ឲ្យ​បាន​ត្រឹមត្រូវ​គឺ​គិតគូរ​ឡើង​វិញ​ដើម្បី​កំណត់​​ទីតាំង​ឲ្យ​​បាន​ច្បាស់លាស់​កុំ​ឲ្យ​មាន​ទំនាស់​បន្ដ​ទៀត។

លោក​រដ្ឋមន្ដ្រី​បាន​ទទួល​ស្គាល់​ថា ​វិវាទ​ក្នុង​សង្គម​កម្ពុជា​​មួយ​ផ្នែក​​ធំ​កើត​ចេញ​ការ​ទន្ទ្រាន​យក​ដី​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នោះ​ប្រជាពលរដ្ឋ​ខ្លះ​បាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​លួច​រាន​ដី​រដ្ឋ​លក់​ហើយ​ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ទន្ទ្រាន​យក​ដី​លំនៅឋាន​រាស្ដ្រ​ផង​ដែរ​។

កម្ពុជា​មិន​មែន​មាន​តែ​ព្រៃឈើ​មួយ​មុខ​ទេ​ដែល​ជា​សម្បត្ដិ​ជាតិ​ប៉ុន្ដែ​នៅ​មាន​រ៉ែ​ជាច្រើន​ប្រភេទ​ទៀត​ដូច​ជា​មាសត្បូង ប្រេង ឧស្ម័ន ក្រួស ខ្សាច់ ជាដើម​ដែល​ចាំបាច់​ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​ល្អ​សម្រាប់​ជួយ​ជំរុញ​​កំណើន​សេដ្ឋកិច្ច។ លោក​បាន​ប្រសាសន៍​ថា​កិច្ចការ​ចំពោះ​មុខ​គឺ​ចាត់​វិធានការ​ចំពោះ​អាជីវកម្ម​បូម​ខ្សាច់​ខុស​ច្បាប់​ដែល​​ជា​ទូទៅ​បណ្ដាល​ឲ្យ​បាក់​ច្រាំង​ទន្លេ​ដែល​​លោក​បាន​ទទួល​ស្គាល់​ថា​ជា​កំហុស​ខុស​ឆ្គង​។ លោក សំអាល់ បាន​ស្នើ​ថា​អ្នក​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​ទាំងអស់​ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​ជំនាញ​ធ្វើ​ម៉េច​​ទាញ​យក​ធនធាន​តាម​​លក្ខណ​បច្ចេកទេស​ហើយ​ខ្សាច់​នេះ​វា​នឹង​ហូរ​ចូល​មក​ទៀត។

លោក​បាន​បញ្ជាក់​ថា​ចំពោះ​អាជីវកម្ម​បូមខ្សាច់​ខុស​ច្បាប់​ត្រូវ​តែ​បញ្ឈប់​។ ខ្សាច់​ជា​ធនធាន​មួយ​ដែល​​អាច​បម្រើ​ឧត្តម​ប្រយោជន៍​ជាតិ​ប៉ុន្តែ​វា​មាន​ករណី​ពី​មុន​មក​បងប្អូន​មួយ​ចំនួន​គាត់​ធ្វើ​អាជីវកម្ម​បូម​រហូត​ដល់​ទៅ​បាក់​ច្រាំង​ប៉ះពាល់​ដល់​ផ្ទះ​ប្រជាជន។

លោក​បន្ថែម​ថា​ «ខ្ញុំ​ជាមួយ​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ដ្រី ក្រសួង​រ៉ែ និង​ថាមពល​បាន​ប្តេជ្ញា​ចិត្ត​ជាមួយ​គ្នា​ថា​ឥឡូវ​មុន​ឲ្យ​អាជ្ញាប័ណ្ណ​ខ្សាច់​សូម​ឲ្យ​ធ្វើការ​​វាយតម្លៃ​ប៉ះពាល់​បរិស្ថាន​ជា​មុន​សិន​យើង​ក៏​បាន​ឯកភាព​គ្នា​ទៅ​តាម​ហ្នឹង​ដើម្បី​ឲ្យ​​ច្បាស់​ថា​គេ​បូម​ជម្រៅ​ប៉ុន្មាន​? ចម្ងាយ​ប៉ុន្មាន​ពី​ច្រាំង​ម៉ោង​ណា​ត្រូវ​បូម?

រីឯ​ផលប៉ះពាល់​ផ្សេង​ទៀត​ដែល​ក្រសួង​បរិស្ថាន និង​ក្រសួង​ពាក់ព័ន្ធ​គួរ​ដោះស្រាយ​រួមមាន​ទំនប់​វារីអគ្គិសនី​ដន​សាហុង​នៃ​ប្រទេស​ឡាវ​ដែល​កម្ពុជា​មិន​ទាន់​បាន​ធ្វើ​សម្រេច​ចិត្ត​ឲ្យ​បាន​ច្បាស់លាស់​នៅ​ឡើយ​ចំពោះ​ទំនប់​វារីអគ្គិសនី​នោះ​ដោយសារ​មិន​ទាន់​បាន​សិក្សា​ច្បាស់លាស់​អពី​ផលវិជ្ជមាន​ និង​ផលអវិជ្ជមាន​នៃ​ទំនប់​នោះ។ ចំពោះ​តំបន់​ជាយ​អារ៉ែង​ដ៏​ចម្រូងចម្រាស​នៅ​ខេត្ត​កោះកុង​វិញ​លោក សាយ សំអាល់ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​រដ្ឋាភិបាល​មិន​មាន​គម្រោង​សាងសង់​វារីអគ្គិសនី​នៅ​តំបន់​ជាយ​អារ៉ែង​ទេ​បើ​ទោះ​ជា​​កម្ពុជា​កំពុង​ត្រូវ​ការ​ចាំបាច់​នូវ​ភ្លើង​អគ្គិសនី​មាន​តម្លៃ​ទាប​ក៏ដោយ​ហើយ​​បញ្ហា​នេះ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ក៏​មិន​ចាំចាច់​ចំណាយ​ពេល​ឈ្លោះ​គ្នា​នាំឲ្យ​ខាត​ពេលវេលា​ឥតប្រយោជន៍​ដែរ​។​

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​និយាយ​ហើយ​និយាយ​ទៀត​ថា​អារ៉ែង​ហ្នឹង​អត់​មាន​គោលការណ៍​ទៅ​ធ្វើ​ទេ​ក៏​ប៉ុន្តែ​មនុស្ស​មិន​ជឿ​ដោយសារ​ការ​បំពុល​ព័ត៌មាន​ហ្នឹង។ យើង​បាត់បង់​ឱកាស​ច្រើន​នាំ​គ្នា​មក​គិត​រឿង​ហ្នឹង​ដោះស្រាយ​រឿង​ហ្នឹង។ ខ្ញុំ​គិត​ថា​បើ​សិន​ជា​យក​ពេលវេលា​​ទៅ​ដោះស្រាយ​បញ្ហា​ផ្សេង​សម្រាប់​សង្គម​ជាតិ​យើង​ប្រហែល​ជា​ល្អ​ជាង​»​។

ការ​ប្រឆាំង​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ហាក់​ផ្ទុយ​​ពី​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ ប្រជាពលរដ្ឋ​កម្ពុជា​ស្ទើរ​គ្រប់​មណ្ឌល​បោះឆ្នោត​តែង​ស្នើ​សុំ​តាម​តំណាងរាស្ដ្រ​របស់​ខ្លួន​ដោយ​សុំ​បញ្ចុះ​តម្លៃ​ភ្លើង។ អគ្គិសនី​បាន​ដើរតួ​ដ៏សំខាន់​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច។ អគ្គិសនី​ដែល​ពលរដ្ឋ​កម្ពុជា​កំពុង​ប្រើប្រាស់​គឺ​បាន​ពី​ការ​ទិញ​ពី​ប្រទេស​ជិត​ខាង។

លោក​បាន​ចោទសួរ​ថា «​ឥឡូវ​យើង​ត្រូវ​សួរ​ខ្លួន​ឯង​ថា​តើ​យើង​ដើរ​ទៅ​មុខ​បាន​ទេ​នៅពេល​ដែល​​យើង​មិន​មាន​ថាមពល​។ ជម្រើស​របស់​កម្ពុជា​ត្រូវ​គិត​ដល់​អធិបតេយ្យ​​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​យើង​​ត្រូវ​មាន​ប្រភព​ថាមពល​ស្ថិត​នៅ​ក្នុង​ដែនដី​អធិបតេយ្យ​របស់​កម្ពុជា»។

លោក​រដ្ឋមន្ដ្រី​បាន​ពន្យល់​ថា​នៅ​ទី​ណា​ក៏ដោយ​ការ​ធ្វើ​ទំនប់​វារីអគ្គិសនី​តែងតែ​មាន​​ផលប៉ះពាល់​ខ្លះ​ប៉ុន្ដែ​ត្រូវ​ថ្លឹង​ថា​តើ​មាន​អាគុយ​នៅ​ក្នុង​ផ្ទះ​ល្អ​ជាង ឬ​ក៏​អាគុយ​នៅ​ក្រៅ​ផ្ទះ​ល្អ​ជាង​? នៅ​ពេល​​ដែល​យើង​កសាង​ប្រភព​ថាមពល​នៅក្នុង​ស្រុក​យើង​នោះ​សំដៅ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​ដែរ​។ យោង​តាម​​តម្រូវការ​ចាំបាច់​របស់​ពលរដ្ឋ​ រដ្ឋាភិបាល​កំពុង​​​កសាង​ប្រភព​​ថាមពល​កសាង​ខ្សែ​បណ្តាញ ដែល​គ្រោង​នឹង​បញ្ចុះ​តម្លៃ​ភ្លើង​នៅ​ឆ្នាំ ២០១៧-២០១៨ នេះ​ដែល​សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​ប្រកាស​រួច​​ហើយ។

លោក​បន្ដ​ថា «ប្រសិន​​ជា​គ្មាន​ថាមពល​ទេ​យើង​មិន​អាច​ប្រែ​ក្លាយ​ប្រទេស​​យើង​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​ឧស្សាហកម្ម​បាន​ទេ​ហើយ​មិន​អាច​ពឹង​ទៅ​លើ​ភ្លើង​ដែល​​មក​ពី​ប្រទេស​ជិត​ខាង​បាន​​ទេ។ ខ្ញុំ​ជា​ទស្សនៈ​ផ្ទាល់​​ខ្លួន ខ្លួន​[ត្រូវ] ទីពឹង​ខ្លួន​ហើយ​ត្រូវ​មាន​ឆន្ទៈ​មួយ​ឈរ​​លើ​​ជើង​ខ្លួនឯង​»​៕

រាយការណ៍​បន្ថែម តាំង រីនិត្យ

អត្ថបទគួរចាប់អារម្មណ៍