«កង បូរាណ» គឺជាឈ្មោះរបស់ស្ត្រីអ្នកនយោបាយមួយរូបមកពីគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ដែលលោកស្រីជាតំណាងរាស្ត្រស្ត្រីតែម្នាក់គត់ក្នុងចំណោមតំណាងរាស្ត្រចំនួន ៤១ រូបរបស់គណបក្សដឹកនាំដោយសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ដែលកំពុងធ្វើការជាមួយគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីយល់ព្រមទទួលយកការបែងចែកអាសនៈសមាជិករដ្ឋសភារបស់អតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ។
ទាំងឈ្មោះ និងរូបសម្បត្តិ ចរិតលក្ខណៈ ពិតជាសមសួនជានារីខ្មែរ ហើយអ្វីដែលស្ត្រីអ្នកនយោបាយរូបនេះខំប្រឹងប្រែងអត់ធ្មត់ជម្នះរាល់ភាពលំបាកពីអតីតភាពជាកូនកសិកររហូតមកដល់ចំណុចជោគជ័យនេះ ក៏មិនគួរមើលរំលងពីការខំសង្វាតនេះដែរ។
ដោយមាននិស្ស័យជាអ្នកនយោបាយតាំងពីស្ថិតក្នុងវ័យជាយុវតី លោកស្រី កង បូរាណ បានផ្សារភ្ជាប់ដំណើរជីវិតទៅនឹងគណបក្សនយោបាយរាជានិយមហ៊្វុនស៊ិនប៉ិចក្រោមការដឹកនាំរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តាំងពីលោកស្រីស្ថិតក្នុងវ័យប្រមាណជា ២០ ឆ្នាំប៉ុណ្ណោះ ដោយរំពឹងទៅដល់គោលដៅ និងបានចូលរួមចំណែកបម្រើការងារសង្គមជាតិ នៅពេលណាមួយ។
ធ្មេចបើកៗភាពអត់ធ្មត់ និងការតស៊ូរបស់លោកស្រីប្រមាណ ២០ ឆ្នាំលោកស្រីបានដើរដល់គោលដៅជាបណ្តើរៗ ដូចជាធ្លាប់ធ្វើជាមន្ត្រីរាជការនៅក្រសួងទេសចរណ៍ធ្លាប់ជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងក៏ធ្លាប់ធ្វើជាទីប្រឹក្សារដ្ឋាភិបាលផងដែរ មុនបានក្លាយជាអ្នកតំណាងរាស្ត្រ មណ្ឌលរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។
មួយរយៈនេះ បើទោះបីជាមានការរិះគន់ទៅលើគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះនរោត្តម រណឫទិ្ធ ដែលបានព្រមព្រៀងទទួលយកការបែងចែកអាសនៈតំណាងរាស្ត្ររបស់អតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយក៏ដោយ ប៉ុន្តែថ្នាក់ដឹកនាំនៃគណបក្សនេះហាក់មិនចាប់អារម្មណ៍នឹងការរិះគន់នោះឡើយ។
ការផ្តោតសំខាន់សម្រាប់បក្សមួយនេះ គឺការបានចូលរួមធ្វើការជាមួយគណបក្សកាន់អំណាចដែលត្រូវបានចាត់ទុកជាការបម្រើជាតិរួមគ្នា ដើម្បីសុខសន្តិភាព និងស្ថិរភាពនយោបាយបានល្អប្រសើរ សម្រាប់ដំណើរការនៃការអភិវឌ្ឍ។
ពិតណាស់ ការមានតួនាទីនៅក្នុងការបម្រើសេវាសាធារណៈរបស់រដ្ឋ ឬជាអ្នកបម្រើក្នុងស្ថាប័នរដ្ឋត្រូវបានគេចាត់ទុកថា ជាការបម្រើជាតិ។ ប៉ុន្តែសម្រាប់អ្នកនយោបាយ និងអ្នកបម្រើនយោបាយដែលមិនសប្បាយចិត្តនឹងការងារបម្រើជាតិតាមបែបយុទ្ធសាស្ត្រនេះ ពួកគេមិនគាំទ្រឡើយចំពោះការងារបែបនេះ។ ពួកគេចាត់ទុកគណបក្សនយោបាយណាដែលស្ម័គ្រចិត្តធ្វើការជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺគ្រាន់តែជាអាយ៉ងរបស់បក្សកាន់អំណាចប៉ុណ្ណោះ។
ប៉ុន្តែសម្រាប់ថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច បានបដិសេធនឹងការលើកឡើងខាងលើ ដោយចាត់ទុកការចោទប្រកាន់នេះជាការលាបពណ៌ ឬជាការយល់ឃើញរបស់បុគ្គល ហើយថាហ៊្វុនស៊ិនប៉ិចនៅតែជាគណបក្សមានការគាំទ្រ ហើយបក្សរាជានិយមនៅតែរួមសុខរួមទុក្ខជាមួយប្រជារាស្ត្រ។
ជួបជាមួយភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៩ កុម្ភៈ លោកស្រី កង បូរាណ តំណាងរាស្ត្រស្ត្រីតែម្នាក់គត់របស់បក្សហ៊្វុនស៊ិនប៉ិចថ្លែងថា៖ «ក្នុងនាមជាអ្នកតំណាងរាស្ត្រ ខ្ញុំចុះទៅ (ជួបរាស្ត្រ) ក្នុងនាមមហាគ្រួសាររាជានិយមហ៊្វុនស៊ិនប៉ិច ខ្ញុំនៅតែមានសញ្ញាណនៃការទទួលស្វាគមន៍ នៅតែមានការចូលរួមពី អ៊ុំ ពូ មីង ពុក ម៉ែ បង ប្អូន ដែលជាគ្រួសាររាជានិយមនៅតែគាំទ្រពួកខ្ញុំ»។
ជាមួយនឹងការមានជំនឿលើការគាំទ្ររបស់ប្រជាពលរដ្ឋ លោកស្រី កង បូរាណ បានរំឭកពីស្នាដៃរបស់គណបក្សហ៊្វុនស៊ិនប៉ិចពីអតីតកាលដែលបាននាំមកនូវសុខសន្តិភាព សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងរាជានិយមសម្រាប់ប្រទេសកម្ពុជា។
ជាមួយគ្នានេះចំពោះការងារកំពុងប្រឈមសព្វថ្ងៃលោកស្រីឲ្យដឹងថាតាំងពីចូលខ្លួនមកអង្គុយកៅអីរដ្ឋសភាក្នុងនាមជាអ្នកតំណាងរាស្ត្រ បានប៉ុន្មានខែនេះលោកស្រីក៏ដូចជាតំណាងរាស្ត្រដទៃទៀតរបស់ហ៊្វុនស៊ិនប៉ិច តែងតែចុះទៅមូលដ្ឋានជួបជាមួយរាស្ត្រច្រើនដងមកហើយ។
លោកស្រី កង បូរាណ បន្ថែមថា៖ «សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិចយើងសមាជិកនៃអ្នកតំណាងរាស្ត្ររបស់គណបក្សហ៊្វុនស៊ិនប៉ិច គឺមានសកម្មភាពគ្រប់គ្នា។ មូរដៃអាវ លាត់ជើងខោដើម្បីចូលរួមដោះស្រាយចូលរួមសម្របសម្រួលជាមួយពលរដ្ឋជាម្ចាស់ឆ្នោត។ ដូច្នេះហើយទើបតាមមណ្ឌលមួយៗសុទ្ធតែរង់ចាំទទួលស្វាគមន៍អ្នកតំណាងរាស្ត្រនៃគ្រួសាររាជានិយមហ៊្វុនស៊ិនប៉ិចទាំងអស់»។
ទោះបីមានការរិះគន់ថាតំណាងរាស្ត្រមកពីគណបក្សហ៊្វុនស៊ិនប៉ិចមិនមែនជាជម្រើសរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឬមណ្ឌលនីមួយៗក្តី ប៉ុន្តែបើតាមលោកស្រី កង បូរាណ ក្នុងការចុះទៅមណ្ឌលនីមួយៗហ៊្វុនស៊ិនប៉ិចនៅតែមានកេរ្តិ៍ឈ្មោះ និងនៅតែជាកម្លាំងសកម្មក្នុងការបំពេញតួនាទី ដើម្បីនាំមកនូវសុខសន្តិភាពសម្រាប់កម្ពុជា។
លោកស្រីបញ្ជាក់ថា៖ «ធម្មតាអ្នកដែលមិនពេញចិត្ត គាត់និយាយភាសាតាមចំណង់ចំណូលចិត្តគាត់បែបមិនពេញចិត្តទៅ ប៉ុន្តែសម្រាប់អ្នកគាំទ្រអ្នកស្រឡាញ់គ្រួសាររាជានិយមនៅតែស្រឡាញ់។ ព្រោះអ្វីដែលគ្រួសាររាជានិយមធ្វើមកដល់ឱកាសនេះ គឺគោលបំណងតែមួយគត់ចង់បានសង្គមជាតិខ្មែរទាំងមូលមានសុខសន្តិភាពមានស្ថិរភាពនយោបាយ»។
លោកស្រី បូរាណ បន្ថែមថា៖ «យើងមិនអាចឃាត់មាត់គេ [មិនឲ្យ] និយាយទេ ប៉ុន្តែយើងអាចបិទត្រចៀករបស់យើងមិនស្តាប់បាន។ ប៉ុន្តែគ្រួសាររាជានិយមមួយនេះនៅតែប្រកាន់នូវជំហរមួយ គឺថែរក្សាឲ្យបាននូវភាពដែលឲ្យប្រជាពលរដ្ឋខ្មែររស់នៅដោយសុខដុមរមនាជាមួយនឹងទឹកដីភូមិកំណើតរបស់ខ្លួន»។
ក្នុងសម្លៀកបំពាក់តាមបែបខ្មែរបូរាណសមនឹងឈ្មោះជាមួយនឹងសម្បុរស្រអែមស្រស់ដែលបង្ហាញនូវចរិតលក្ខណៈជានារីខ្មែរពិតៗ លោកស្រី កង បូរាណ ដែលបានក្លាយជាអ្នកតំណាងរាស្ត្រស្ត្រីមួយរូបក្នុងគណបក្សហ៊្វុនស៊ិនប៉ិចបានឲ្យដឹងថា និស្ស័យរបស់លោកស្រីគឺនៅមិនឆ្ងាយពីសង្វៀននយោបាយឡើយ។ ដោយសារតែមាននិស្ស័យចង់ដើរលើផ្លូវនយោបាយ លោកស្រី កង បូរាណ បានហក់ចូលក្នុងឆាកនយោបាយនាឆ្នាំ ១៩៩៧ ក្នុងជួរចលនាយុវជនរបស់គណបក្ស និងឆ្នាំ ២០០១-២០០៨ ជាសមាជិកក្រុមការងាររបស់គណបក្សក្នុងខេត្តកណ្តាល និងក្នុងឆ្នាំ ២០០៨ ដដែលលោកស្រីក៏បានមកកាន់ជាសមាជិកក្រុមការងាររាជធានីភ្នំពេញ។
ជាបន្តបន្ទាប់មកទៀតតាំងពីឆ្នាំ ២០១៤ មកដល់បច្ចុប្បន្នលោកស្រី កង បូរាណ ក៏ត្រូវបានសម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ សព្វព្រះទ័យ តែងតាំងឲ្យធ្វើជាជំនួយការ និងពិធីការផ្ទាល់របស់ព្រះអង្គ។ ក្រៅពីនេះលោកស្រីក៏ជាសមាជិក គណៈកម្មាធិការនាយក និងជាសមាជិកគណៈកម្មាធិការអចិន្រៃ្តយ៍គណបក្សហ៊្វុនស៊ិនប៉ិចដែលមានតួនាទីជាអគ្គលេខាធិការរងរបស់គណបក្ស។
សម្រាប់ចក្ខុវិស័យនាថ្ងៃអនាគត លោកស្រីបានជូនជាអនុសាសន៍សុំឲ្យជួយពង្រឹងការផ្សព្វផ្សាយអនុសញ្ញាស្តីអំពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទរួមទាំងច្បាប់ជាតិ គោលនយោបាយបទប្បញ្ញត្តិ និងវិធានការនានាដែលជំរុញឲ្យមានសមភាពសីលធម៌សម្រាប់ស្ត្រីផងដែរ ដើម្បីធានាឲ្យមានការចូលរួមលើកកម្ពស់ស្ត្រីតាមរយៈការផ្តល់នូវឱកាស ឋានៈ តួនាទី ឬក្នុងវិស័យការងារសម្រេចចិត្តឲ្យមានកម្រិតខ្ពស់។
លោកស្រីបញ្ជាក់ថា៖ «ជាទម្លាប់របស់ស្រុកយើង ឥឡូវក្នុងសង្គមគ្រួសារ បុរសនៅតែមានសិទ្ធិសម្រេចចិត្តច្រើនខ្ពស់ជាងស្ត្រី។ ប៉ុន្តែក្នុងអនុសាសន៍របស់ខ្ញុំសុំឲ្យមានការចូលរួមលើកកម្ពស់ស្ត្រីតាមរយៈការផ្តល់ឋានៈ តួនាទីក្នុងវិស័យការងារក៏ដូចជាសង្គមគ្រួសារហ្នឹងឲ្យមានការសម្រេចចិត្តខ្ពស់។ បង្កើននូវកិច្ចសហប្រតិបត្តិការជាតិ និង អន្តរជាតិដើម្បីបង្កើននូវសមត្ថភាពស្ត្រី នៅក្នុងវិស័យសាធារណៈ និងវិស័យនយោបាយឲ្យបានច្រើនផងដែរ»។
ងាកទៅអតីតភាពជាយុវវ័យ យុវតី កង បូរាណ ជាសិស្សអនុវិទ្យាល័យចតុមុខនិងវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញហើយបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យបាក់ឌុបនាឆ្នាំ ១៩៩៧។
លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រង និងទេសចរណ៍នាឆ្នាំ ២០០២ និងបានសិក្សាបន្ថែមផ្នែកបដិសណ្ឋារកិច្ចនៅប្រទេសថៃ ហ្វីលីពីន និងសាំងហ្គាពួដល់ឆ្នាំ ២០០៤ លោកស្រីបានបញ្ចប់ថ្នាក់អនុបណ្ឌិតផែ្នកគ្រប់គ្រង និងទេសចរណ៍។
អ្នកនយោបាយស្ត្រីរូបនេះក៏ធ្លាប់ជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលផងដែរមុនក្លាយជាតំណាងរាស្ត្រដែលនៅឆ្នាំ ២០០៣ លោកស្រី កង បូរាណ ជាអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។
ចាប់ពីឆ្នាំ ២០១៤ ដល់ ឆ្នាំ ២០១៧ លោកស្រីជាទីប្រឹក្សារាជរដ្ឋាភិបាល ហើយក៏ជាសាស្ត្រាចារ្យបង្រៀននៅតាមមហាវិទ្យាល័យនានាផងដែរ។
យុវតី កង បូរាណ ជាកូនក្រមុំនៃអ្នកខេត្តកំពង់ចាម និងជាកូនទី ២ ក្នុងចំណោមបងប្អូនស្រី ២ នាក់ក្នុងគ្រួសារដែលមានឪពុកម្តាយជាកសិករ និងជាគ្រូបង្រៀន។ ក្នុងវ័យ ៤១ ឆ្នាំលោកស្រី កង បូរាណ គឺជាឧត្តមភរិយាជាម្តាយជាទីស្រឡាញ់ និងកក់ក្តៅរបស់កូនស្រី ២ នាក់ក្នុងគ្រួសារ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍នាឆ្នាំ ២០០២៕