ពាក្យបដិវត្តន៍ពណ៌ ដែលមន្ត្រីរដ្ឋាភិបាលក៏ដូចជាថ្នាក់ដឹកនាំបានចាត់ទុកថាពាក្យនេះមានចរិតផ្តួលរំលំរដ្ឋាភិបាលនោះសម្រាប់លោកស្រី ធីដា ឃិះ នាយិកាប្រតិបត្តិនៃអង្គការសីលការមិនយល់ស្របនឹងការលើកឡើងបែបនេះទេ។
នៅពេលនិយាយដល់ពាក្យបដិវត្តន៍ពណ៌ លោកស្រីសម្តែងនូវការមិនសូវយល់ចំពោះអត្ថន័យនៃពាក្យនេះរហូតដល់លោកស្រីប្រកាសហៅបណ្ឌិត រស់ ចន្ត្រាបុត្រ ទីប្រឹក្សានាយករដ្ឋមន្ត្រី និងបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាដែលលោកទាំង ២ ជាអ្នកកាន់ខាងឃ្លាំងចំណេះដឹងរបស់រដ្ឋាភិបាលមកធ្វើវេទិកាតុមូលជាមួយគ្នាដើម្បីពន្យល់ និងបកស្រាយអំពីពាក្យបដិវត្តន៍ពណ៌នេះឲ្យបានច្បាស់លាស់។
ចំពោះពាក្យបដិវត្តន៍ពណ៌នេះ លោកស្រីបានផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលឲ្យយល់ពីបំណងរបស់ប្រជាពលរដ្ឋដែលវាអាចកើតចេញពីប្រជាពលរដ្ឋ ដែលចង់បានអ្វីមួយពីរដ្ឋាភិបាល ដូច្នេះហើយរដ្ឋាភិបាលត្រូវចេះស្តាប់ប្រជាពលរដ្ឋធ្វើតាម និងដោះស្រាយឲ្យត្រូវស្របតាមការចង់បានរបស់ប្រជាពលរដ្ឋ ពេលនោះនឹងមិនមានបដិវត្តន៍កើតឡើងទេ ហើយនឹងទទួលបានសន្លឹកឆ្នោតថែមទៀតផង។
ប៉ុន្តែ ផ្ទុយទៅវិញ បើរដ្ឋាភិបាលនៅតែរឹងត្អឹង មិនស្តាប់និងធ្វើតាមការចង់បានរបស់ប្រជាពលរដ្ឋ បដិវត្តន៍ពណ៌នោះនឹងអាចកើតឡើង។
លោកស្រី ធីដា ឃិះ ថ្លែងថា៖ «ពួកយើងកំពុងវិលវល់ដែរដល់តែនិយាយអ៊ីចឹង។ ដល់តែកាលណានិយាយពីបដិវត្តន៍ពណ៌ដោយសារប្រជាពលរដ្ឋតវ៉ាហ៊ានចេញអ៊ីចឹង វានាំឲ្យយើងរីកចម្រើន ឬមួយនាំឲ្យយើងកើតសង្គ្រាម។ សួរថា បើកើតសង្គ្រាមអ្នកណាគេនាំឲ្យកើតសង្គ្រាម។ បើកើតសង្គ្រាមដោយសារយើងមិនទន់ទោរទៅលើអ្វីដែលប្រជាពលរដ្ឋទាមទារសុំ»។
លោកស្រីថ្លែងថា៖ «[យើង] ចង់បញ្ជាក់ឲ្យច្បាស់ ហើយចង់ឲ្យមានការជជែកគ្នាត្រង់ទៅត្រង់មកមិនមែនវេទិកាមានតែម្នាក់ មានតែម្ខាង។ ពាក្យបដិវត្តន៍ពណ៌ហ្នឹងទើបចេញមកពីខាងក្រសួងមហាផ្ទៃ។ អ៊ីចឹងបានខ្ញុំបារម្ភត្រង់ថា អ្នកដែលចេះដឹងដែរ ប៉ុន្តែយកអាស្អីៗហ្នឹងមកនិយាយ។ ទាំង សុខ ទូច ទាំងអីហ្នឹងហៅមកជជែកគ្នាម្តងមើល៍ដាក់ជាសាធារណៈឲ្យប្រជាពលរដ្ឋស្តាប់។ នេះជាគំនិតខ្ញុំមិនដឹងរដ្ឋាភិបាលឲ្យយើងធ្វើអត់?»។
ក្នុងកិច្ចសម្ភាសន៍ជាមួយ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ២៦ ធ្នូ លោកស្រី ធីដា ឃិះ ដែលត្រូវបានគេចាត់ទុកថាជាស្ត្រីលេចធ្លោមួយរូបនៅក្នុងការងារបម្រើសង្គមជាង ២០ ឆ្នាំមកហើយនោះ លោកស្រីបានផ្តល់អនុសាសន៍ថា៖ «កាលណាយើងនិយាយ Democracy (លទ្ធិប្រជាធិបតេយ្យ) មានន័យថាយើងប្រកួតប្រណាំងគ្នាដោយស្មើភាពដោយតម្លាភាព។ អ៊ីចឹងទៅអ្នកណាឈ្នះ អ្នកហ្នុងទទួលធ្វើជាអ្នកដឹកនាំទៅហើយប្រជាពលរដ្ឋជាអ្នកមើលទៅពេញចិត្តបោះឲ្យម្តងទៀតទៅ បើមិនពេញចិត្តទៀតបោះឲ្យអ្នកផ្សេងមួយទៀតទៅ»។
លោកស្រីបន្ថែមថា៖ «ហើយខ្ញុំជឿថាមានការផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរហ្នឹងវាធ្វើឲ្យមានការរីកចម្រើន។ មានន័យថាម៉េចនៅពេលមានការផ្លាស់ប្តូរមានការរីកចម្រើន អ្នកដែលកាន់តួនាទីកាន់អំណាចហ្នឹង គាត់នឹងទៅយកចិត្តប្រជាពលរដ្ឋហើយបានលទ្ធផលយ៉ាងណាប្រជាពលរដ្ឋជាអ្នកសម្រេច។ បើសិនណាជាយើងធ្លាប់លេងកីឡា កាលណាយើងលេងកីឡាវាមានឈ្នះមានចាញ់។ អ៊ីចឹងកាលណាយើងលេងកីឡាមានឈ្នះមានចាញ់ មានន័យថា កាលណាយើងឈ្នះគឺឈ្នះដោយកិត្តិយស យើងចាញ់ក៏អត់មានទាស់ខុសអី នៅតែជាមិត្តដដែលចាប់ដៃគ្នាដដែល»។
លោកស្រីបញ្ជាក់ថា៖ «អ៊ីចឹងទៅខ្ញុំចង់ឲ្យអ្នកដែលកាន់អំណាច និងអ្នកនយោបាយទាំងអស់ប្រកាន់យកភាពជាអ្នកកីឡា ហើយសូមបណ្តុះនូវចិត្តមេត្តាករុណាចំពោះគ្នាទៅវិញទៅមក»។
ពាក្យថា «ផ្លាស់ប្តូរ» គឺជាពាក្យដែលប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក ពេញនិយមប្រើប្រាស់សម្រាប់ការបោះឆ្នោតផ្លាស់ប្តូរមេដឹកនាំរបស់ខ្លួនពីមួយអាណត្តិទៅមួយអាណត្តិ ដើម្បីឲ្យមានការរីកចម្រើនហើយពាក្យនេះវាក៏ពេញនិយមផងដែរនៅកម្ពុជា ដែលបក្សប្រឆាំងតែងតែប្រើនៅអំឡុងពេលជិតបោះឆ្នោត និងយុទ្ធនាការបោះឆ្នោតរហូតដល់មេដឹកនាំបក្សប្រឆាំងបង្កើតឃ្លាសំណួរយ៉ាងខ្លីមួយចេញពីពាក្យផ្លាស់ប្តូរនេះថា «ដូរមិនដូរ? ដូរ!។ ទោះជាយ៉ាងណាពាក្យថា «ផ្លាស់ប្តូរ» គឺមិនបានធ្វើឲ្យបក្សកាន់អំណាចនៅកម្ពុជាសប្បាយចិត្តឡើយ វាហាក់ដូចជាសត្រូវនឹងបក្សគ្រប់គ្រងប្រទេស។
ទាក់ទងនឹងពាក្យ «ផ្លាស់ប្តូរ» នេះលោកស្រី ធីដា ឃិះ ដែលធ្លាប់រស់នៅប្រទេសប្រជាធិបតេយ្យក៏បានចាត់ទុកពាក្យនេះថាជាកត្តារុញប្រទេសឲ្យរីកចម្រើនផងដែរ ប្រសិនបើប្រទេសមានការផ្លាស់ប្តូរមេដឹកនាំជាវិជ្ជមានស្របទៅតាមច្បាប់។
លោកស្រីក៏បានជំរុញឲ្យមេដឹកនាំនយោបាយត្រូវហ៊ានទទួលស្គាល់ការពិតនៃការផ្លាស់ប្តូរ និងត្រូវធ្វើចិត្តជាកីឡាករដោយចាត់ទុកចាញ់ ឬឈ្នះជារឿងធម្មតាសម្រាប់សង្វៀននយោបាយ ហើយត្រូវតែហ៊ានទទួលយកលទ្ធផលនៃការបោះឆ្នោតដោយថ្លៃថ្នូរ ចាញ់ដឹងចាញ់ ឈ្នះដឹងឈ្នះ។ បើពុំដូច្នោះ ប្រទេសនោះនឹងមិនមាននីត្យានុកូលភាពឡើយ។
ដោយសម្លឹងទៅលើស្ថានភាពនយោបាយបច្ចុប្បន្នរបស់កម្ពុជាដែលកំពុងត្រូវបានគេមើលឃើញថាមានសភាពខុសប្រក្រតីក្រោយពីគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំងដ៏ធំត្រូវបានរំលាយចោលកាលពីខែមុននោះលោកស្រី ធីដា ឃិះ មិនមានសង្ឃឹមថាការបោះឆ្នោតជាតិនាឆ្នាំក្រោយនេះនឹងមានលក្ខណៈស្របច្បាប់អាចទទួលស្គាល់ទូលំទូលាយនោះទេ។ សម្រាប់លោកស្រី បើស្ថានភាពនយោបាយនៅតែស្ថិតក្នុងបរិយាកាសដែលហ៊ុមព័ទ្ធដោយការលាបពណ៌ និងចោទប្រកាន់មិនចេះចប់បែបនេះគឺការបោះឆ្នោតឆ្នាំក្រោយនឹងមានបញ្ហាចៀសមិនរួច។
លោកស្រីថ្លែងថា៖ «ខ្ញុំថាយើងមានបញ្ហាធំ បើយើងនៅតែបោះឆ្នោតនៅក្នុងស្ថានភាពដូចអ៊ីចឹង។ បញ្ហារឿង «នីត្យានុកូលភាព» ភាពស្របច្បាប់។ បញ្ហាចំពោះប្រទេសជាតិទាំងមូលនៅពេលដែលយើងអត់មានសាមគ្គីរវាងប្រជាពលរដ្ឋ និងក្បាលម៉ាស៊ីនធ្វើការជារដ្ឋាភិបាល។ នៅពេលប្រទេសមួយមានស្ថានភាពរបៀបហ្នឹង អភិវឌ្ឍក៏ពិបាក។ បើមានសត្រូវក៏មិនដឹងដោះស្រាយជាមួយសត្រូវយ៉ាងម៉េចដែរ ពីព្រោះប្រជាពលរដ្ឋអត់ចូលរួមសហការ ឬមួយក៏អត់ទុកចិត្ត»។ «គាត់ថាគាត់មិនខ្វល់ចំពោះអ្នកដទៃ បរទេសស្គាល់គាត់ មិនស្គាល់ គាត់អត់ខ្វល់ ធ្វើម៉េចឲ្យតែខ្វល់ប្រជាពលរដ្ឋ។ ប៉ុន្តែចំពោះខ្ញុំ ថា [បញ្ហា] នៅកន្លែងប្រជាពលរដ្ឋហ្នឹងហើយដែលជាកន្លែងលំបាក» ។
ដោយថ្លែងពីការអភិវឌ្ឍដែលនាំឲ្យប៉ះពាល់ប្រជាពលរដ្ឋ លោកស្រីក៏បានផ្តាំផ្ញើទៅរដ្ឋាភិបាលពិចារណាឲ្យបានល្អិនល្អន់មុននឹងធ្វើការអភិវឌ្ឍដែលវាតែងតែប៉ះដល់ប្រជាពលរដ្ឋព្រោះថាអភិវឌ្ឍន៍កាន់តែលឿនប៉ះកាន់តែច្រើន ដោយសារយកដីទៅធ្វើការផ្លាស់ប្តូរធ្វើអ្វីផ្សេងៗ។ ដើម្បីចៀសវាងផលអវិជ្ជមានលោកស្រីជំរុញឲ្យរដ្ឋាភិបាលរៀបចំប្រព័ន្ធយុត្តិធម៌ សុចរិតធម៌ និងគ្រប់គ្រងប្រព័ន្ធពុករលួយឲ្យបានល្អ ដើម្បីការពារអ្នកទន់ខ្សោយ។
លោកស្រីបញ្ជាក់ថា៖ «បើសិនណាជា [ប្រព័ន្ធយុត្តិធម៌] អត់ដើរទេ អ្នកមាន អ្នកមានអំណាចយកដីប្រជាពលរដ្ឋហើយត្រូវទៀត។ ចំពោះខ្ញុំស្រឡាញ់ណាស់អភិវឌ្ឍ ប៉ុន្តែអភិវឌ្ឍខ្ញុំចង់កុំឲ្យលឿនពេក កសាងប្រព័ន្ធយុត្តិធម៌ កសាងប្រព័ន្ធការពារសុចរិតធម៌ និងការគ្រប់គ្រងទៅលើប្រព័ន្ធពុករលួយឲ្យបានល្អ ដើម្បីចៀសវាងហានិភ័យដែលប៉ះដល់ប្រជាពលរដ្ឋ»។
បើទោះបីជាលោកស្រី ធីដា ឃិះ យល់ពីស្ថានភាពនយោបាយ និងនិយាយពីនយោបាយ ប៉ុន្តែស្ត្រីវ័យ ៦៦ ឆ្នាំដែលមានសម្បុរស និងសក់ខ្លីពណ៌ស (ស្កូវ)តាមបែបធម្មជាតិ រូបនេះមិនចាប់អារម្មណ៍នឹងការចូលប្រឡូកក្នុងឆាកនយោបាយនោះទេ។ មូលហេតុដែលរារាំងលោកស្រីឲ្យនៅក្រៅសង្វៀននយោបាយ បើតាមលោកស្រីគឺដោយសារគ្មានសមត្ថភាព។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំមិនមានសមត្ថភាពធ្វើនយោបាយ ព្រោះខ្ញុំតែងតែសង្កេតឃើញថាអ្នកធ្វើនយោបាយលុះត្រាតែគេចេះបត់បែន ចេះនិយាយទៅតាមអ្វីដែលបរិបទបក្សគេថាឲ្យធ្វើអីចេះទៅយើងត្រូវថាតាមគេ។ ខ្ញុំមនុស្សត្រង់ ឃើញអីថាហ្នឹងដល់ហើយទៅពិបាកក្រែងលោកែមិនទាន់ អត់កែកើត អ៊ីចឹងទៅពិបាកដែរ»៕