The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក កង គឹមហាក់​៖ ខ្ញុំ​មិន​ចាកចេញ​ទៅ​ណា​ ក្រៅតែ​ពី​ស្រុក​កំណើត​របស់​ខ្លួន​ទេ

លោក កង គឹមហាក់​៖ ខ្ញុំ​មិន​ចាកចេញ​ទៅ​ណា​ ក្រៅតែ​ពី​ស្រុក​កំណើត​របស់​ខ្លួន​ទេ

Content image - Phnom Penh Post
លោក កង គឹមហាក់ ក្នុង​ពេល​ផ្ដល់​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្មីៗ​កន្លង​មក​នេះ​។ ហុង មិនា

លោក កង គឹមហាក់​៖ ខ្ញុំ​មិន​ចាកចេញ​ទៅ​ណា​ ក្រៅតែ​ពី​ស្រុក​កំណើត​របស់​ខ្លួន​ទេ

កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ លោក កង គឹមហាក់ ដែល​ជា​អតីត​តំណាងរាស្ត្រ​មកពី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​បង្ហាញ​ពី​ដំណើរ​ដើមទង​នៃ​ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​របស់​លោក​រួច​មក​ហើយ​រហូត​មាន​ការ​ប្រែប្រួល​ស្ថានការណ៍​នយោបាយ​ដោយ​គណបក្ស​ប្រឆាំង​ធំ​មួយ​នេះ​ត្រូវ​បាន​រំលាយ ខណៈ​អតីតមន្ត្រី​ក្នុង​បក្ស​នេះ​ចំនួន​ ១១៨ ​រូប​ត្រូវ​បាន​ដាក់​បម្រាម​មិន​ឲ្យ​ធ្វើ​នយោបាយ​ ៥ ​ឆ្នាំ​។

ដោយ​មាន​ឈ្មោះ​ក្នុង​បញ្ជី​នោះ​ដែរ​លោក គឹម ហាក់ មិន​បាន​បំពាន​លើ​បម្រាម​​នោះ​ទេ ប៉ុន្តែ​ជា​ទស្សនៈ​របស់​លោក​យល់​ថា ប្រជាពលរដ្ឋ​ភាគច្រើន​នៅ​តែ​ទន្ទឹង​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ ថ្វីបើ​ពេល​នេះ​នៅ​មាន​គណបក្ស​ចូលរួម​បោះឆ្នោត​មួយ​ចំនួន​ក៏ដោយ តែ​លោក​ថា​នោះ​ដូចជា​មិនមែន​ជា​គូប្រកួត​ពិតជា​មួយ​គណបក្ស​កាន់អំណាច​ឡើយ​។

ទាក់ទង​នឹង​ការបោះឆ្នោត​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី​ ២៥ ខែ​​កុម្ភៈ ថ្មីៗ​នេះ​ក៏​ដូចជា ការបោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​លោក កង គឹមហាក់ មិន​ចាត់ទុក​គណបក្ស​ឯទៀតៗ​ដែល​ចូលរួម​ប្រកួត​ដែរ​នោះ​ជា​គូប្រកួត​របស់​បក្ស​កាន់​អំណាច​នោះ​ទេ ក្រៅតែ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ វត្តមាន​របស់​គណបក្ស​តូចៗ​ដទៃ​ទៀត​នៅក្នុង​ការប្រកួត​ប្រជែង​បោះឆ្នោត​នោះ គឺ​គ្រាន់តែ​ជា​ការ​ធ្វើឲ្យ​មាន​ពហុបក្ស​តែ​ប៉ុណ្ណោះ ឯ​សមត្ថភាព​របស់​បក្ស​ទាំង​នោះ​មិន​អាច​ទៅ​ដណ្តើម​អាសនៈ​រដ្ឋសភា​ពី​គណបក្ស​កាន់​អំណាច​បាន​ទេ​។

លោក​ថ្លែង​ថា​៖ «​បើសិន​ជា​មិន​មាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូលរួម​ការបោះឆ្នោត​ឆ្នាំ​ ២០១៨ ​ទេ យើង​ឃើញថា​ការបោះឆ្នោត​ហ្នឹង​គឺ​មិន​មាន​ប្រជាធិបតេយ្យ មិន​យុត្តិធម៌ មិន​ត្រឹមត្រូវ​ទេ ដោយសារ​ថា គូប្រកួត​មាន​តែ​​មួយ មាន​តែ​គណបក្ស​កាន់អំណាច​មួយ ហើយ​គ្មាន​គណបក្ស​ប្រឆាំង​ដែល​មាន​សក្តានុពល​ទៅ​ប្រកួតប្រជែង​ដើម្បី​ឈ្នះ​​ឆ្នោត​ទៅ​ដឹកនាំ​ប្រទេស​។ អ៊ីចឹង​​យើង​ឃើញ​ថា​ការបោះឆ្នោត​ហ្នឹង​មិន​អាច​ទទួល​យក​បាន​​ទេ វា​លើ​គោក​ពេក​ហើយ ប្រជាពលរដ្ឋ​ខ្មែរ​ក៏​មិន​ជឿ សូម្បី​តែ​អន្តរជាតិ​ក៏​គេ​មិន​ជឿ​ដែរ ដោយសារ​ថា គូប្រកួត​ដែល​មាន​គីឡូ​ស្មើគ្នា​ទៅ​ប្រកួត​បាន​មាន​ន័យ មាន​អ្នក​ទស្សនា​ច្រើន បាន​មាន​គេ​ទទួល​ស្គាល់​»​។

ជាមួយ​នឹង​ការលើកឡើង​នេះ​លោក កង គឹមហាក់ ក៏​បាន​ថ្លែង​សំដៅ​ទៅ​រក​ការបោះឆ្នោត​ព្រឹទ្ធសភា​កាលពី​ថ្ងៃទី​ ២៥ ខែ​កុម្ភៈ​ឆ្នាំ​នេះ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ឈ្នះ​ប្រមូល​យក​អាសនៈ​ទាំងអស់​ ៥៨ ​នៅ​ក្នុង​ព្រឹទ្ធសភា​។ លទ្ធផល​ឈ្នះ​មូល​ដូច​នំក្រូច​នេះ លោក កង គឹមហាក់ ចាត់​ទុក​ថា​ជា​លទ្ធផល​ដែល​ត្រូវ​បាន​គេ​ដឹង​មុន​ទៅ​ហើយ​ថា គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​កាន់អំណាច​ជា​អ្នក​គ្រប់គ្រង​ខ្សែក្រវាត់​ដដែល ប៉ុន្តែ​ជ័យជម្នះ​ដ៏ងាយស្រួល​នេះ​គឺ​បក្ស​កាន់​អំណាច​ឈ្នះ​ដោយ​គ្មាន​គូប្រកួត ឯ​គណបក្ស​មួយ​ចំនួន​​ដែល​ទៅ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ដែរ​នោះ​គ្រាន់តែ​ជា​សិទ្ធិ​ក្នុង​ការ​ចូលរួម​ប៉ុណ្ណោះ ពីព្រោះ​បក្ស​ទាំង​ ៣ ​នោះ​មិនមាន​ធាតុ​ផ្សំ​អ្វី​ដែល​ជួយ​ឲ្យ​ពួកគេ​ទៅ​ដណ្តើម​បាន​អាសនៈ​ព្រឹទ្ធសភា​នោះ​ឡើយ​។

លោក​ថ្លែង​ថា​៖ «​បោះឆ្នោត​ព្រឹទ្ធសភា យើង​ឃើញ​ថា​អត់​មាន​គណបក្ស​ណា​ទៅ​ប្រកួត​ប្រជែង​ឈ្នះ​គណបក្ស​កាន់​អំណាច​ទេ លទ្ធផល​ហ្នឹង​គេ​ដឹង​មុន​ហើយ​។ ដោយ​ឡែក​គណបក្ស​ ៣ ​ទៀត​ទៅ​ចូលរួម​​ប្រកួតប្រជែង​ហ្នឹង​គេ​មើល​ឃើញ​ថា អត់​អាច​ទៅ​បោះឆ្នោត​បាន​កៅអី​ព្រឹទ្ធសភា​ទេ ដោយសារ​តែ​គាត់​អត់​មាន​ក្រុមប្រឹក្សាឃុំ​សង្កាត់​សម្រាប់​ទៅ​បោះឆ្នោត ដើម្បី​យក​តំណែង​ព្រឹទ្ធសភា​ហ្នឹង​ទេ​»​។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​ជា​ការ​បោះឆ្នោត​អសកល​ដែល​មាន​អង្គ​បោះឆ្នោត​ចេញពី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​តំណាងរាស្ត្រ ដូច្នេះ​បក្ស​ដែល​ចូលរួម​បោះឆ្នោត​នោះ​មិន​មាន​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​តំណាងរាស្ត្រ​បូក​ទៅ​បាន​មួយ​កៅអី​ផង រឿង​អី​គណបក្ស​ទាំង​នោះ​ឈ្នះ​បាន​កៅអី​។

លោក​ថ្លែង​ថា​៖ «​ដូច្នេះ​ការបោះឆ្នោត​ [​ជាតិ​] ​ឆ្នាំ​ ២០១៨ ​ក៏​ដូចគ្នា​ដែរ បើ​មិន​មាន​វត្តមាន​​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ប្រជាពលរដ្ឋ​គាំទ្រ​ជាង​ ៣ ​លាន​នាក់​ទៅ​ចូលរួម​ការបោះឆ្នោត​ទេ លទ្ធផល​ដូច​គ្នា​នឹង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ទី​ ៤ ​នេះ​ដែរ​»​។

លោក កង គឹមហាក់ លើក​ឡើង​ថា​៖ «​ឆ្លុះ​បញ្ចាំង​ថា ប្រជាពលរដ្ឋ​មិន​ពេញចិត្ត ហើយ​ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​ភាគច្រើន​គាត់​នៅ​តែ​ទន្ទឹង​រង់ចាំ​គណបក្ស​សង្គ្រោះ​ជាតិ​។ ប៉ុន្តែ​ស្ថានភាព​នយោបាយ​ពេល​នេះ​​គឺ​អាច​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ ឬ​មិន​បាន​អាស្រ័យ​លើ​បរិយាកាស​នយោបាយ​មុន​ការបោះឆ្នោត​»​។

លោក គឹមហាក់ បញ្ជាក់​ថា​៖ «​ការអូសទាញ​មន្ត្រី​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​គេ​មិន​ទាន់​រំលាយ​នោះ​មិន​បាន​ច្រើន​រហូត​ដល់​គេ​អូស​ទាញ​អ្នក​ដែល​មាន​លំដាប់​លេខ​រៀង​អត់​ជាប់​ហ្នឹង​ផ្តល់​ផលប្រយោជន៍ ​និង​ការសន្យា​អី​មួយ​ចំនួន​»​។

លោក​បន្ថែម​ថា​ លោក​មិន​បាន​ក្តាប់​តួលេខ​ច្បាស់លាស់​អំពី​ចំនួន​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុន្មាន ដែល​ត្រូវ​បាន​បក្ស​កាន់អំណាច​អូសទាញ ឬ​ទិញ​ទឹកចិត្ត​បាន​នោះ​ទេ ប៉ុន្តែ​លោក​អះអាង​ថា មាន​សមាជិក​​តិច​បំផុត​ ឬ​មិន​ដល់​ ១០ ​ភាគរយ​ផង ដែល​បាន​ចុះចូល​ជាមួយ​បក្ស​កាន់អំណាច ដោយសារ​ការអូសទាញ​នោះ​។

ក្រោយពី​គណបក្ស​ត្រូវ​បាន​រំលាយ មេដឹកនាំ​មួយ​ចំនួន​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​អន្តរជាតិ​ដើម្បី​ជួយ​ឲ្យ​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​វិល​ទៅ​រក​ប្រក្រតីភាព​វិញ​។ ​ដោយឡែក ​ថ្នាក់​ដឹកនាំ និង​សមាជិក​ដែល​នៅក្នុង​ប្រទេស​គឺ​ស្មារតី និង​មនសិការ​របស់​ពួកគេ​មិន​រលាយ​ដូច​គណបក្ស​ឡើយ​។ អ្នក​នៅក្នុង​ស្រុក​ស៊ូ​អត់ធ្មត់​មិន​ធ្វើ​សកម្មភាព​អ្វី​ដែល​នាំ​ឲ្យ​មាន​ការ​ចោទប្រកាន់​នោះ​ទេ​។

សម្រាប់​ការចាកចេញ​ក្រៅ​ប្រទេស​លោក កង គឹមហាក់ បាន​សម្រេច​ហើយ​ថា លោក​នឹង​មិន​ភៀស​ខ្លួន​ចេញ​ឆ្ងាយ​ពី​ប្រទេស​កំណើត​ឡើយ បើ​ទោះបី​ស្ថានភាព​នយោបាយ​កំពុង​ឡើង​កម្ដៅ និង​ប្រឈម​នឹង​ការគំរាមកំហែង ហើយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​ត្រូវ​បែក​ខ្ញែក​ក៏ដោយ​។ មូលហេតុ​ដែល​លោក​សម្រេច​មិន​ចាកចេញ​ពី​ស្រុកកំណើត​ពីព្រោះ​ថា​ក្រោយ​ពី​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ ហើយ​រូបលោក​ផ្ទាល់​ត្រូវ​បាន​ហាម​ធ្វើ​នយោបាយ​ ៥ ​ឆ្នាំ​នោះ គឺ​លោក​នឹង​អនុវត្ត​គោរព​ទៅ​តាម​សាលដីកា​ដែល​បាន​ហាមឃាត់ និង ​មិន​ធ្វើ​អ្វី​ឲ្យ​ខុស​នឹង​ច្បាប់​ហាមឃាត់​នោះ​ទេ ដូច្នេះ​លោក​រំពឹង​ថា​នឹង​មិន​មាន​ហានិភ័យ​អ្វី​កើត​​ឡើង​ចំពោះ​រូប​លោក​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​យើង​ចាត់​​ទុក​ប្រទេស​នេះ​ជា​ប្រទេស​កំណើត​របស់​យើង ហើយ​យើង​ធ្វើ​នយោបាយ​ដើម្បី​ឲ្យ​ប្រទេសជាតិ ហ្នឹង​មាន​ការ​អភិវឌ្ឍ មាន​សិទ្ធិសេរីភាព​ក្នុង​ការ​រស់នៅ​ឲ្យ​​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ ឲ្យ​ប្រទេស​ជាតិ​វិវឌ្ឍ​ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​។ អ៊ីចឹង​ទេ ខ្ញុំ​សម្រេច​ចិត្ត​ធ្វើ​នយោបាយ​នេះ ខ្ញុំ​មិន​ចាកចោល​ទៅ​ណា​ក្រៅតែ​ពី​ស្រុកទេស​កំណើត​របស់​ខ្លួន​ទេ​»​។

ទោះបី​ក្រាញ​មិន​ចាកចេញ​ពី​ស្រុកទេស​ក៏​ពិតមែន ប៉ុន្តែ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ លោក​បាន​សម្តែង​នូវ​ក្តីបារម្ភ​ពី​សុវត្ថិភាព​ផង​ដែរ ខណៈ​ដែល​ស្ថានភាព​នយោបាយ​មិន​ផ្តល់​នូវ​អំណោយផល​ល្អ​សម្រាប់​ក្រុម​បក្សប្រឆាំង​បែប​នេះ​។ នៅពេល​សួរ​ថា តើ​លោក​ធ្លាប់​ត្រូវ​បាន​គេ​អូសទាញ​ ឬ​រង​នូវ​ការគំរាម​កំហែង​ដែរ​ឬ​យ៉ាង​ណា​នោះ លោក កង គឹមហាក់ ​បដិសេធ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​។

លោក កង គឹមហាក់ បាន​ចាកចេញ​ពី​ភូមិ​កំណើត​មក​ធ្វើ​នយោបាយ​នា​ឆ្នាំ​ ១៩៩៨ តាមរយៈ​អតីត​តំណាងរាស្ត្រ​គណបក្ស​ សម រង្ស៊ី លោក ជាម ច័ន្ទនី ដោយ​ធ្វើជា​ជំនួយការ​របស់​លោក និង​ដើរ​ឃោសនា​រក​សំឡេង​ឆ្នោត​ជាមួយ​លោក ជាម ច័ន្ទនី ជា​រហូត​មក​។ មុន​បាន​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រ​នា​ឆ្នាំ​ ២០១៣ លោក​ធ្លាប់​ធ្វើ​ជា​ជំនួយការ​របស់​លោក ជាម ច័ន្ទនី តាំងពី​ឆ្នាំ​ ១៩៩៨ ដល់​ឆ្នាំ​ ២០០៨​។

ដោយ​មាន ​មហិច្ឆតា​ខ្ពស់​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​កំពូល​ដូចជា អ្នក​តំណាងរាស្ត្រ លោក​បាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​តួនាទី​ជា​ជំនួយការ​របស់​លោក ជាម ច័ន្ទនី ហើយ​ងាក​ទៅ​រក​ប្រកប​មុខរបរ​មួយ​ដើម្បី​រក​ចំណូល​គ្រាន់​បាន​ជា​ដើមទុន​ជួយ​ក្នុង​ការ​បន្ត​ធ្វើ​នយោបាយ​តាម​ដែល​ចិត្ត​ប៉ង ប្រាថ្នា ហើយ​លោក​ក៏​សម្រេច​ប្រកប​មុខរបរ​រកស៊ី​ផង និង​ឆ្លៀត​ពេល​ធ្វើ​នយោបាយ​ផង ដែល​កាល​នោះ​លោក​បើក​ក្រុមហ៊ុន​ជាមួយ​មិត្តភក្តិ​នាំ​រថយន្ត​ចូលមក​លក់ ។

ក្នុង​ឆាកជីវិត​អតីត​តំណាងរាស្ត្រ​រូប​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​គឺ​លោក កង គឹមហាក់ ចូលចិត្ត​ការងារ​នយោបាយ ពាណិជ្ជកម្ម និង​ការងារ​ធ្វើ​ចម្ការ​ច្បារ​ដំណាំ​។

លោក កង គឹមហាក់ ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​មធ្យមសិក្សា​ទុតិយភូមិ​ពី​វិទ្យាល័យ​សុន្ធរម៉ុក​នា​ឆ្នាំ​​ ១៩៩៩ និង​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញបត្រ​ច្បាប់​កាលពី​ឆ្នាំ​ ២០១១ ពី​សាកលវិទ្យាល័យ​ន័រតុន​។

លោក កង គឹមហាក់ មាន​ដើមកំណើត​នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម លោក​មាន​បងប្អូន​ ៨ ​នាក់ និង​ជា​កូន​ទី ៦ ​នៅ​ក្នុង​គ្រួសារ​ដែល​មាន​ឪពុកម្តាយ ជា​កសិករ​។ ក្នុង​វ័យ​ ៣៨ ​ឆ្នាំ​ លោក​បាន​រៀប​អាពាហ៍ពិពាហ៍​កាលពី​ឆ្នាំ​ ២០០៧ និង​មាន​កូន​​ចំនួន​ ៤ ​នាក់​ក្នុង​នោះ​មាន​​ប្រុស​ ៣ ​នាក់ និង​ស្រី​ម្នាក់​ដែល​​កំពុង​ស្ថិត​នៅ​ក្នុង​បន្ទុក​នាពេល​​បច្ចុប្បន្ន​នេះ​៕

អត្ថបទគួរចាប់អារម្មណ៍

  • កីឡារាំ​ រក​ឃើញ​ជោគជ័យ​កាន់​តែ​ធំ មុន​ទៅ​ស៊ីហ្គេម

    ភ្នំពេញ៖ ​ក្រុម​កីឡាករ កីឡាការិនី​រាំ​​របស់​កម្ពុជា ដណ្តើម​បាន​មេដាយ​មាស​រហូត​ដល់ ៨ ព្រម​ទាំង​មេដាយ​ប្រាក់ ​៧​ និង​មេដាយ​សំរឹទ្ធ​ ​៦ ពី​ការ​ប្រកួត​កីឡារាំ​ជើងឯក​​អាស៊ី ADSF Asian Youth Single Dance Championship និង ADSF Asain Hong Kong Open 2019 នៅ​ទីក្រុង​ហុងកុង

  • ខុនដូ​គម្រោង Phnom Penh Harbour ចាប់ផ្តើម​សាងសង់

    ភ្នំពេញៈ អគារ​ខុនដូ​ចំនួន ២ ដែល​មាន​កម្ពស់​ ៤៦ ​ជាន់ ​ក្នុង​គម្រោង​អភិវឌ្ឍន៍ Phnom Penh Harbour ឬ The City Gate របស់​ក្រុមហ៊ុន Yuetai Group បានចាប់ផ្តើម​បុកគ្រឹះ​សាងសង់​ហើយ​កាលពី​ចុងខែ​តុលា​កន្លងមក ​ដោយ​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុង​ឆ្នាំ​ ២០២២​។

  • បញ្ជូន​បុរស​វៀតណាម​ទៅ​តុលាការ​ រឿង​លួច​រថយន្ត​ដោយ​ផ្ដាច់​ GPS

    ភ្នំពេញៈ ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បញ្ជូនទៅ​សាលាដំបូង​រាជធានី-ភ្នំពេញ​កាលពី​ម្សិលមិញ បន្ទាប់ពី​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​លួច​រថយន្ត​ ១ ​គ្រឿង​ ដោយ​ប្រើល្បិច​ផ្តាច់​ប្រព័ន្ធ​ GPS ​កាលពី​ថ្ងៃទី​ ១១ ​វិច្ឆិកា​ នៅ​សង្កាត់​ច្រាំងចំរេះ​ ១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​។

  • អង្គការ TCO ជួយ​ជំរុញ​​ជីវភាព​ពលរដ្ឋ​រស់នៅ​ជនបទ ​តាមរយៈ​វិស័យ​កសិកម្ម​លក្ខណៈ​គ្រួសារ​

    សៀមរាប៖ អង្គការ​អ្នក​ត្រួសត្រាយ​កម្ពុជា (TCO) ​កំពុង​អនុវត្ត​គម្រោង​សំខាន់​ចំនួន ​៤ ដោយ​ផ្អែក​លើ​យុទ្ធសាស្រ្ត​ស្នូល​ចំនួន ​៥ ​​ដើម្បី​កែ​លម្អ​ជីវិត​​ពលរដ្ឋ​កម្ពុជា​នៅ​តាម​ជនបទ​។