The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ជា ផល្លារិន ពី​ក្មេង​កំព្រា​ទៅ​ជា​អគ្គនាយក « អម្រឹត»

លោក ជា ផល្លារិន ពី​ក្មេង​កំព្រា​ទៅ​ជា​អគ្គនាយក « អម្រឹត»

លោក ជា ផល្លារិន ពេល​ផ្ដល់​បទសម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្ដិ៍ កាលពី​ពីរ​សប្ដាហ៍​មុន​។
លោក ជា ផល្លារិន ពេល​ផ្ដល់​បទសម្ភាស​ជាមួយ​ភ្នំពេញ ប៉ុស្ដិ៍ កាលពី​ពីរ​សប្ដាហ៍​មុន​។ រូបថត កែវ រតនា

លោក ជា ផល្លារិន ពី​ក្មេង​កំព្រា​ទៅ​ជា​អគ្គនាយក « អម្រឹត»

លោក ជា ផល្លារិន កើត​នៅ​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ លោក​ធំ​ដឹង​ក្តី និង​​បាន​សិក្សា​​រៀនសូត្រ​នៅ​វិទ្យាល័យ​ស្គន់។ គាត់​​​បញ្ចប់​ថ្នាក់​​មហាវិទ្យាល័យ​សេដ្ឋកិច្ច​​​នៅ​​​រាជធានី​ភ្នំពេញ​ឆ្នាំ ១៩៩១​។ លោក បាន​រៀបការ​ និង​​​មាន​កូន​ ៤ នាក់​។ ក្នុង​របប​ខ្មែរ​ក្រហម​លោក​ធ្វើការ​ក្នុង​កង​កុមារ​ឆ្ងាយ​ពី​ផ្ទះ​ពី​ឪពុក​ម្ដាយ​។ លោក​កើត​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​ដោយ​ឪពុក​​ធ្វើ​ជា​គ្រូប​ង្រៀន​ថ្នាក់​បឋម​សិក្សា។

ឪពុក​របស់​លោក​​ត្រូវ​កងឈ្លប​ខ្មែរ​ក្រហម​​ចាប់​យក​ទៅ​សម្លាប់។

«ខ្ញុំ​ត្រូវ​រស់នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ម្តាយ​​វ័យ​ចាស់។ ​ខ្ញុំ​​ជួយ​លក់ដូរ​ម្តាយ​ដើម្បី​ចិញ្ចឹម​ជីវិត ទិញ​​សៀវភៅ​រៀន។​ ម្តាយ​ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ឈប់​រៀន​ព្រោះ​គាត់​ពុំ​មាន​ក្តីសង្ឃឹម។​ ទោះ​ជា​យ៉ាង​ណា​ខ្ញុំ​មាន​ជំនឿ​លើ​ការសិក្សា​។​ ទី​បំផុត​ខ្ញុំ​បាន​ចូល​ធ្វើការ​ខណៈ​ដែល​ខ្ញុំ​មាន​ទម្ងន់​​ប្រហែល​ជា​ ៤៧ គីឡូ ប៉ុណ្ណោះ​។

ពី​ឆ្នាំ ១៩៩១ ដល់​ ១៩៩៥ លោក​បាន​ចូល​ធ្វើ​ការងារ​ជា​មន្រ្តី​រាជការ​នៅ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ បន្ទាប់​មក​លោក​ ផល្លារិន បាន​​ទៅ​បម្រើការ​ក្នុង​គម្រោង​​ឥណទាន​របស់​​អង្គការ​បារាំង GRET ដែល​​សហការ​ជាមួយ​ក្រសួង​កសិកម្ម។ ក្នុង​តួនាទី​ជា​មន្ត្រី​ឥណទាន​លោក​​បាន​​អភិវឌ្ឍ​​ផលិតផល​​ឥណទាន​មួយ​ក្នុង​ក្របខ័ណ្ទ​គម្រោង​​របស់​អង្គការ​។ មិន​​យូរ​ប៉ុន្មាន​​​លោក ផល្លារិន ត្រូវ​បាន​​ឡើង​ឋានៈ​ទៅ​ជា​គ្រូ​បណ្ដុះបណ្ដាល​នៅក្នុង​គម្រោង​ឥណទាន​នោះ​។

នៅ​ឆ្នាំ ១៩៩៧ លោក​ត្រូវ​បាន​គេ​ដំឡើង​តួនាទី​ជា​អគ្គនាយក អម្រឹត ​ដែល​នឹង​អាច​ក្លាយ​ទៅ​ជា​ធនាគារ​ពាណិជ្ជ​នៅ​ពេល​អនាគត​។«អម្រឹត​ស្ថិត​នៅ​ក្នុង​របៀបវារៈ​សម្ងាត់​ដែល​​យើង​ពុំ​ទាន់​បាន​ផ្សព្វផ្សាយ»​។ ​គិត​ត្រឹម​ត្រីមាស​ទី ១ ឆ្នាំ​ ២០១៦ ​អម្រឹត​បាន​ធ្វើ​ប្រតិបត្តិការ​ទូទាំង​ ២៥ ​ខេត្ត និង​រាជធានី​ដែល​មាន​បណ្តាញ​សាខា​ចំនួន​ ១៣៨ ​ការិយាល័យ​ និង​បុគ្គលិក​ជាង​ ៣ ៧០០ ​នាក់​។​

បច្ចុប្បន្ន​អម្រឹត​មាន​ទ្រព្យសកម្ម​សរុប​ចំនួន​ ៥៥៦ លាន​ដុល្លារ​អាមេរិក​មូលធន​សរុប​ចំនួន ៨៨ លាន​ដុល្លារ​អាមេរិក​ប្រាក់​ចំណេញ​សុទ្ធ​ធៀប​នឹង​មូលធន​ ៣៣ ភាគរយ​។

ប្រាក់​កម្ចី​ក្នុង​ដៃ​អតិថិជន​មាន​ចំនួន​ ៤៧៨ ​លាន​ដុល្លារ​អាមេរិក​ប្រាក់​សន្សំ​របស់​អតិថិជន​ចំនួន ២២៧ លាន​ដុល្លារ​អាមេរិក​ និង​អតិថិជន​សរុប​ចំនួន​ប្រមាណ​ជាង​ ៤០៦ ២០០ ​នាក់​។ អម្រឹត មាន​កំណើន​ផលបត្រ​ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​កើនឡើង​ប្រមាណ ១៦ ​ភាគរយ និង​ ១៣ ​ភាគរយ​រៀង​គ្នា​ធៀប​នឹង​ដំណាច់​ឆ្នាំ ២០១៥​។

កំណើន​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ជឿ​ទុក​ចិត្ត​របស់​សាធារណជន​មក​លើ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​នេះ។ ចំណែកឯ​ហានិភ័យ​ឥណទាន​ធំ​ជាង​ ៣០ ​ថ្ងៃ​ស្ថិត​នៅ​ក្នុង​កម្រិត​ទាប​ប្រមាណ ០,១៦ ភាគរយ​បើ​ប្រៀប​ធៀប​ទៅ​នឹង​មធ្យម​ភាគ​ហានិភ័យ​ឥណទាន​ក្នុង​វិស័យ​នេះ ០,៧៤ ភាគរយ​។ ​

ក្នុង​ឆ្នាំ​ ២០១៥ ​កន្លង​ទៅ​នេះ​អម្រឹត​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​ភ្នាក់ងារ​ផ្តល់​ចំណាត់​ថ្នាក់​អន្តរជាតិ​ MicrofinanzaRating ហើយ​ទទួល​បាន​ចំណាត់​ថ្នាក់“AStable” ដែល​នេះ​មាន​ន័យ​ថា​អម្រឹត​មាន​ប្រតិបត្តិការ​ដ៏រឹងមាំ និង​ការ​អនុវត្ត​ប្រកប​ដោយ​ចក្ខុវិស័យ​ និង​ផែនការ​យុទ្ធសាស្រ្ត​ល្អ។

ក្នុង​​ពេល​​​សម្ភាស​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ទាក់ទង​នឹង​​ស្ថានភាព​​ឥណទាន​ខ្នាត​តូច​ និង​មធ្យម​កាលពី​ថ្មីៗ​កន្លង​ទៅ​លោក ជា ផល្លារិន អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​បាន​រំឭក​ពី​​ស្ថានភាព​ការ​សេវា​ឥណទាន​កាលពី​ជាង​ ១០ ឆ្នាំ​មុន​ធៀប​​នឹង​បច្ចុប្បន្ន​គឺ​ខុស​គ្នា​​ ១០០ ​​​ភាគរយ។​ លោក​ថ្លែង​ថា​ប្រជាកសិករ​ខ្មែរ​នៅ​មិន​​ទាន់​ដឹង​ពីរ​បៀប​ខ្ចី​​ឥណទាន​ដើម្បី​ពង្រីក​មុខរបរ​ទេ​។

​អង្គការ​ GRET ដែល​ជា​ក្រុម​ស្រាវជ្រាវ​បច្ចេកវិទ្យា​ធ្វើ​ចង្ក្រាន​រម្ងាស់​ទឹកត្នោត និង​បង្គន់​​អនាម័យ​បាន​មើល​ឃើញ​តម្រូវការ​ពិតប្រាកដ​របស់​ពលរដ្ឋ​ក្រីក្រ​គឺ​​ឥណទាន​ខ្នាត​​តូច​សម្រាប់​ពង្រីក​មុខរបរ​ពេល​នោះ​ហើយ Gret ក៏​ចាប់​ផ្ដើម​សាកល្បង​ផ្ដល់​កម្ចី​ក្នុង​ទំហំ​ទឹកប្រាក់ ១០ ម៉ឺន​រៀល​ដោយ​គិត​ការប្រាក់ ៥ ភាគរយ​ក្នុង​មួយ​ខែ​ខណៈ​ដែល​កម្ចី​ការប្រាក់​ពី​អ្នក​ផ្តល់​កម្ចី​តាម​ភូមិ​ស្រុក​ទារ​ការ​ប្រាក់​ដល់​ ១០ ឬ ២០ ភាគរយ​ក្នុង​មួយ​ខែ ។

លោក​មាន​ប្រសាសន៍​ថា៖ «ពលរដ្ឋ​យើង​ស្ថិត​​នៅ​ក្នុង​ជីវភាព​ក្រីក្រ​អ្វី​ដែល​គាត់​ខិតខំ​ប្រឹងប្រែ​គឺ​ដើម្បី​រស់​ដើម្បី​ឆ្លើយតប​នឹង​​តម្រូវការ​ចាំបាច់​នៅ​ក្នុង​ជីវិត​របស់​គាត់​ដូចជា​ស្លៀកពាក់​ទទួល​ទាន​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់​ និង​​លទ្ធភាព​បញ្ជូន​​កូន​ទៅ​សាលារៀន»។​

ទោះ​​ជា​​យ៉ាង​ណា​អត្រា​​សង​ត្រឡប់​មក​វិញ​គឺ​ស្ថិត​ក្នុង​រង្វង់​ ៩៧-៩៨ ​ភាគរយ​។

ក្នុង​បុព្វហេតុ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​លើក​ស្ទួយ​ជីវភាព​ប្រជាកសិករ អម្រឹត​ត្រូវ​ធ្វើ​កិច្ចការ​តាម​គោលការណ៍​ជាក់លាក់​ប្រកប​ដោយ​វិជ្ជាជីវៈ​ដើម្បី​ការពារ​ប្រយោជន៍​​​អតិថិជន​របស់​ខ្លួន​​ពី​ហានិភ័យ​នានា​។ មន្ដ្រី​ឥណទាន​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា​ប្រាក់​កម្ចី​ដែល​​​ពលរដ្ឋ​ខ្ចី​យក​ទៅ​ប្រើប្រាស់​ដើម្បី​កសាង​ជីវភាព​គ្រួសារ​ត្រូវ​ធ្វើ​ឲ្យ​ស្រប​តាម​ទស្សនៈ​ និង​បេសកកម្ម​របស់​អម្រឹត​​។ ក៏​ប៉ុន្តែ​បើ​ក្រុមហ៊ុន​មាន​ការ​រីកចម្រើន​តែ​ម្នាក់​ឯង​តែ​អតិថិជន​មាន​ការ​រងគ្រោះ​មាន​ការ​បាត់បង់​ផ្ទះ​សំបែង លក់​ដី​ធ្លី ឬ​ក៏​មាន​ការ​ប្រើប្រាស់​ពលកម្ម​កុមារ​ក្នុង​គ្រួសារ​របស់​គាត់​នោះ​មិនមែន​ជា​គោលបំណង​របស់​អម្រឹត​ទេ​ ។

លោក​បាន​បញ្ជាក់​ថា ​អម្រឹត​សព្វ​ថ្ងៃ​នេះ​​ កំពុង​​តែ​ដាក់​ពាក្យ​​យក​វិញ្ញាបនបត្រ ការពារ​អតិថិជន​មួយ​ដែល​ត្រូវ​បាន​​ផ្សព្វផ្សាយ​ដោយ​យុទ្ធនាការ​របស់ Smart Campaign ដែល​​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ Action International។ «យើង​កំពុង​តែ​​បំពេញ​គ្រប់​បែបបទ​តាំងពី​នីតិវិធី​ឥណទាន​ពី​របៀបរបប​ការងារ​តាំងពី​ការ​ត្រួតពិនិត្យ​តាំងពី​ការ​វាយតម្លៃ​ទៅ​អតិថិជន​អី​ហ្នឹង​ឲ្យ​មាន​ការ​ប្រិតប្រៀង​មែនទែន​ដើម្បី​ទទួល​យក​វិញ្ញាបនបត្រ​ការពារ​អតិថិជន​ពី Smart Campaign នៅ​អន្តរជាតិ​នេះ»។

លោក ផល្លារិន ចែក​មួក​សុវត្ថិភាព​ជូន​ពលរដ្ឋ​ដែល​​ជា​កម្មវិធី​ជួយ​​​​សហគមន៍​របស់​​ «អម្រឹត»។
លោក ផល្លារិន ចែក​មួក​សុវត្ថិភាព​ជូន​ពលរដ្ឋ​ដែល​​ជា​កម្មវិធី​ជួយ​​​​សហគមន៍​របស់​​ «អម្រឹត»។ សហការី

ក្នុង​នាម​​លោក​ជា​មនុស្ស​និយម​គាំទ្រ​ផ្នែក​សីលធម៌ និង​វិជ្ជាជីវៈ​លោក ផល្លារិន បាន​ព្រមាន​ថា​ការ​គ្រប់គ្រង​មិន​​ច្បាស់លាស់​វា​នឹង​​អាច​នាំ​ផលអវិជ្ជមាន​ដល់​ប្រជាជន​។ គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​នីមួយៗ​ ឬ​អ្នក​គ្រប់គ្រង​គ្រប់​រូប​ត្រូវ​​​មាន​​ក្រមសីលធម៌​ច្បាស់លាស់​ដើម្បី​ផ្តល់​សេវា​ឥណទាន​ទៅ​ដល់​​ប្រជាពលរដ្ឋ​ពុំ​មែន​គិត​តែ​​​ប្រមូល​ [លុយ] ​ឲ្យ​ក្រុមហ៊ុន​រីកចម្រើន​តែ​ម្នាក់​​ទេ​គឺ​ថា​ត្រូវ​​ធ្វើ​យ៉ាង​ណា​​ឲ្យ​អតិថិជន​របស់​ខ្លួន​​មាន​ការ​រីកចម្រើន​មាន​ការ​ប្រែប្រួល​​នៅ​ក្នុង​ជីវភាព​​រស់នៅ​របស់​គាត់​មាន​​ប្រាក់​​ចំណេញ​ក្នុង​គ្រួសារ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​មាន​និរន្តរភាព​នៅ​ថ្ងៃ​ក្រោយ​។

លោក ជា ផល្លារិន បាន​ឯកភាព​ជាមួយ​ប្រសាសន៍​របស់​លោក​នាយក​រដ្ឋមន្ដ្រី​ ហ៊ុន សែន កាលពី​ខែ​មុន​ដោយ​ធ្វើការ​រិះគន់​​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ឬ​ធនាគារ​ពាណិជ្ជ​មួយ​ចំនួន​ដែល​​​​មិន​មាន​ប្រក្រតី​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ក្រ​ជាង​មុន​ដោយ​​ពេល​ខ្លះ​ទទួល​យក​អត្តសញ្ញាណប័ណ្ណ ឬ​សៀវភៅ​គ្រួសារ​មក​ធ្វើ​របស់​ធានា។ «ខ្ញុំ​គិត​ថា​អ្វី​ដែល​សម្តេច​នាយក​រដ្ឋមន្រ្តី​លើក​​ឡើង​វា​មាន​​អ៊ីចឹង​មែន»។

លោក​បាន​បន្ដ​​ថា «វា​​អាច​​​ជា​​ការ​ខុស​ឆ្គង​របស់​​គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ និង​ប្រតិបត្តិករ​ហិរញ្ញវត្ថុ​មួយ​​ចំនួន​​ដែល​គាត់​​យល់​ដឹង​​​មិន​ច្បាស់លាស់​គាត់​អាច​ធ្វើ​​តាម​អ្វី​ដែល​​គាត់​នឹក​ឃើញ»​។

គោល​នយោបាយ​​របស់​អម្រឹត​ស្រប​ជាមួយ​នឹង​​គោលនយោបាយ​របស់​ធនាគារ​ជាតិ​​នៃ​កម្ពុជា​ (NBC) ក្នុង​ការ​ដំឡើង​​ដើមទុន​វិនិយោគ​ខណៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​កំពុង​រីក​ដូច​​ផ្សិត​ក្នុង​បរិយាកាស​ប្រកួត​ប្រជែង​ផ្ដល់​សេវា​​​ឲ្យ​អតិថិជន​ប្រកប​ដោយ​​វិជ្ជាជីវៈ​ និង​​មួយ​ចំនួន​តូច​គ្មាន​វិជ្ជាជីវៈ។ ការ​ដែល​គ្រឹះស្ថាន​មាន​​ដើម​​​ទុន​​​ខ្លួន​ឯង​ខ្ពស់​នេះ​វា​ធ្វើឲ្យ​គ្រឹះស្ថាន​មាន​​លំនឹង​ដោយ​មាន​​លទ្ធភាព​ក្នុង​ការ​ទូទាត់​សង​បំណុល​នៅ​ពេល​ដែល​​​ក្រុមហ៊ុន​មាន​បញ្ហា ឬ​ការ​ខាតបង់​អ្វី​មួយ​កើតឡើង។ ការ​ប្រយ័ត្ន​ធ្វើ​ឡើង​ដោយ​ធនាគារ​ជាតិ​គឺ​មាន​បំណង​ដើម្បី​ការពារ​​សាធារណជន​ និង​ធ្វើឲ្យ​ស្ថាប័ន​មាន​លក្ខណៈ​មួយ​មាន​ក្រមសីលធម៌​វិជ្ជាជីវៈ។«ខ្ញុំ​គិត​ថា​ការ​ដំឡើង​​ដើមទុន​នេះ​គឺជា​យុទ្ធនាការ​មួយ​ដែល​ចង់​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ហ្នឹង​មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ​ពីព្រោះ​ថា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដូចជា​អម្រឹត​​ហ្នឹង​គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​សិទ្ធិ​ទទួល​ប្រាក់​បញ្ញើ​ពី​សាធារណជន​ទូទៅ។ លោក ជា ផល្លារិន ​បញ្ជាក់។

តាម​ការ​ទិន្នន័យ​ចុងក្រោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​​សរុប​មាន​ជាង​​ ៥០។​ គោលការណ៍​ដំឡើង​របស់​ធនាគារ​ជាតិ​ក្នុង​ការ​ដំឡើង​ដើមទុន​ធនាគារ​ពាណិជ្ជ​ណា​ដែល​មាន​ទុនវិនិយោគ​មិន​គ្រប់​នឹង​ធ្លាក់​មក​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។

គ្រឹះស្ថាន​ដែល​មាន​​ដើមទុន​តិច​ត្រូវ​​ច្របាច់​​បញ្ចូល​គ្នា ឬ​​អាច​បន្ថយ​​ទំហំ​ប្រតិបត្តិការ​ពី​កម្រិត​គ្រឹះស្ថាន​មក​ជា​ប្រតិបត្តិករ​ធម្មតា​ដែល​គ្មាន​សិទ្ធិ​ទទួល​ប្រាក់​សន្សំ​។ ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ​លោក ជា ផល្លារិន បាន​ពន្យល់​ថា​បើ​​គ្រឹះស្ថាន​ណា​​មាន​ដើមទុន​លើស​ពី ១ ពាន់​លាន​រៀល និង​មាន​អតិថិជន​លើស​ពី ១ ពាន់​នាក់​ត្រូវ​តែ​មាន​​ច្បាប់​វិនិយោគ​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហើយ​ត្រូវ​គោរព​បទប្បញ្ញត្តិ​របស់​ធនាគារ​ជាតិ។

លោក​ថា​បើ​អ្នក​​ប្រតិបត្តិការ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ត្រូវ​បំពេញ​​ភារកិច្ច​មួយ​ចំនួន​ដែល​ធនាគារ​ជាតិ​​បាន​កំណត់​។ ប្រសិន​​ជា​​ធនាគារ​ណា​ពុំ​មាន​ដើមទុន​គ្រប់គ្រាន់​អាច​បញ្ចុះ​មក​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហើយ​​​សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​អាច​ទៅ​ជា​ប្រតិបត្តិករ​ធម្មតា​មាន​ន័យ​ថា​សកម្មភាព​គាត់​តូច​ហើយ​ពុំ​មាន​ឥទ្ធិពល​ធំ​ទេ។ ​

លោក ផល្លារិន ថ្លែង​ថា «យើង​ចង់​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ក៏​ប៉ុន្តែ​ការ​ប្រកួត​ប្រជែង​របស់​យើង​មាន​​យន្តការ​មួយ​ដែល​គ្រប់គ្រង​ការ​ប្រកួត​ប្រជែង​នេះឲ្យ​បាន​​សមស្រប​កុំ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​អសីលធម៌​ធ្វើ​ឲ្យ​​ការ​ប្រកួត​ប្រជែង​នោះ​មាន​ផលអវិជ្ជមាន​ចំពោះ​អតិថិជន​ចំពោះ​សង្គម​របស់​យើង»។

ជា​ការពិត​ណាស់​ធនាគារ​ ឬ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អាច​រីកចម្រើន​ ឬ​ខាតបង់​វា​ជាប់​ទាក់ទង​ជាមួយ​នឹង​ស្ថិរភាព​នយោបាយ​ និង​បរិកាស​វិនិយោគ​។ សម្រាប់​លោក ជា ផល្លារិន បរិកាស​នយោបាយ​គឺ​គួរ​ត្រូវ​បាន​សាទរ​។

លោក​បាន​មាន​ប្រសាសន៍​ថា​ស្ថានភាព​នយោបាយ​គ្មាន​​​អ្វី​គួរ​ឲ្យ​បារម្ភ​​ទេ។ ឥឡូវ​នេះ​កម្ពុជា​ចូល​ក្នុង​របទ​នយោបាយ​​ប្រជាធិបតេយ្យ សេរីពហុបក្ស។ អ៊ីចឹង​ប្រសិន​ជា​អ្នក​នយោបាយ​​ចង់​ឈ្លោះ​ប្រកែក​គ្នា​គឺ​ឈ្លោះ​​ប្រកែក​​តាម​ក្បាល​​មេក្រូ​ជជែក​គ្នា​ ដេញដោល​គ្នា អត់​មាន​រឿង​កាប់​ចាក់​បាញ់​គ្នា​ទេ​។ វា​ជា​ការ​ប្រសើរ​ណាស់​ដែល​​គណបក្ស​នយោបាយ​ទាំងអស់​ងាក​មក​រក​តុ​ចរចា​ ឬ​ក៏​អង្គុយ​​នៅ​ក្នុង​ទីកន្លែង​មួយ​មាន​រដ្ឋសភា​ជាដើម​ដើម្បី​ជជែក​គ្នា។

លោក ផល្លារិន បាន​ថ្លែង​ថា​បើ​ប្រទេស​មាន​សេដ្ឋកិច្ច​រឹងមាំ បំបាត់​ភាព​​ក្រីក្រ​ឲ្យ​ពលរដ្ឋ​មាន​សេរីភាព ជីវភាព​រីកចម្រើន​ឡើង​ស្ថិរភាព​នយោបាយ​ក៏​ត្រូវ​បាន​ពង្រឹង​ដែរ។ អ៊ីចឹង​បើ​ប្រជាពលរដ្ឋ​លំបាក ក្រីក្រ ហើយ​​គាត់​ធុញ​ទ្រាន់​ក្នុង​ចិត្ត​ផ្សេងៗ​វា​ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្លូវចិត្ត​ដែល​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ​បាន។ «ខ្ញុំ​យល់​ថា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​និន្នាការ​នៃ​ការ​បញ្ចេញ​មតិ​នេះ​កាន់តែ​ល្អ​ប្រសើរ​ជាង​មុន​។ យើង​ឃើញ​ថា​ការ​វិនិយោគ និង​ស្ថានភាព​នយោបាយ​កាន់​តែ​ល្អ​ប្រសើរ​ហើយ​យើង​ឃើញ​ថា​រដ្ឋាភិបាល​កំពុង​តែ​អភិវឌ្ឍ​សេដ្ឋកិច្ច»។

សម្រាប់​ ១០ ឆ្នាំ​ខាង​មុខ​លោក​អគ្គនាយក​រូប​នេះ​មាន​សុទិដ្ឋិនិយម​​យ៉ាង​ខ្លាំង​ចំពោះ​ដំណើរ​វិវឌ្ឍន៍​ទៅ​រក​ភាព​រីកចម្រើន​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​ស្រប​តាម​បច្ចេកវិទ្យា​ថ្មី​នា​ពេល​អនាគត​ដូចជា​ប្រព័ន្ធ​ប្រតិបត្តិការ​រហ័ស (Fast System) ប្រព័ន្ធ​ដក​ប្រាក់ និង​ដាក់​ប្រាក់ (ATM) និង​ប្រព័ន្ធ Mobile Bankig ជាដើម។

«ខ្ញុំ​គិត​ថា​បើ​ដូច​ការ​រីកចម្រើន​ក្នុង​ស្ថានភាព​បច្ចុប្បន្ន​នេះ​យើង​មាន​សុទិដ្ឋិនិយម​ច្រើន​ចំពោះ​ការ​រីកចម្រើន​របស់​មីក្រូហិរញ្ញវត្ថុ​ក៏​ដូចជា​ធនាគារ​ដែរ​ហើយ​ឈាន​ទៅ​រក​ទំនើបកម្ម​ផ្នែក​ធនាគារ​ហ្នឹង​ច្រើន។ យើង​មាន​ប្រព័ន្ធ​អេឡិចត្រូនិក​ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទូទាត់​ ជួយ​ទ្រទ្រង់​អាជីវកម្ម​របស់​ពលរដ្ឋ​ផ្សេងៗ​ទៀត»។

លោក​បាន​ថ្លែង​ថា​បច្ចេកវិទ្យា​នេះ​​​អាច​កាត់​បន្ថយ​ការ​កាន់​លុយ (cash) ​បាន​​យ៉ាង​ច្រើន​ព្រោះ​ថា​កម្ពុជា​សេដ្ឋកិច្ច​ប្រើ​សាច់​ប្រាក់​ Cash economy ក៏​ប៉ុន្តែ​បន្តិច​ទៀត​យើង​​វិវត្ត​ទៅ​រក Non-cash economy គឺ​​ប្រាក់​​ប៉ុន្មាន​នៅ​ធនាគារ​ទាំងអស់​ហើយ​គេ​​អាច​ប្រើប្រាស់​វា​បាន​ដោយ​គ្រាន់តែ​មាន​កាត​ឆូត​មួយ​សន្លឹក​ប៉ុណ្ណោះ។

សារ​ដែល​លោក​អគ្គនាយក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​ចង់​ផ្ញើ​ជូន​យុវជន​ជំនាន់​ក្រោយ​គឺ​កុំ​ទម្រន់​ខ្លួន​តាម​ភាព​ក្រីក្រ និង​ត្រូវ​តាំង​ចិត្ត​រំដោះ​ភាព​ក្រីក្រ​ដោយ​ខ្លួនឯង​តាមរយៈ​ការ​ស្វែងរក​ចំណេះដឹង​ ចំណេះ​​ធ្វើ។ ប្រើប្រាស់​ពេលវេលា និង​ថវិកា​ដែល​ម្ដាយ​ឲ្យ​សិក្សា​ឲ្យ​មាន​ប្រសិទ្ធភាព​សន្សំសំចៃ ត្បិតត្បៀត​បំផុត​។ ខ្ញុំ​មាន​គំនិត​តាំងពី​ខ្ញុំ​នៅ​រៀន​វិទ្យាល័យ​មក​ថា​ប្រសិន​ជីវភាព​គ្រួសារ​ខ្ញុំ​ក្រ​ប៉ុណ្ណឹង​ចុះ​បើ​យើង​ទម្រន់​ខ្លួន​ទៅ​តាម​ភាព​ក្រីក្រៗ​នឹង​​កាន់​តែ​​ជាន់​មក​លើ​យើង​ទៅ​ទៀត។

«ខ្ញុំ​គិត​ថា​សារ​ដែល​ចង់​ជម្រាប​ទៅ​គាត់​គឺ​មនុស្ស​ម្នាក់ៗ​កើត​មក​កុំ​ឲ្យ​មាន​ភាព​អស់​សង្ឃឹម​ទោះបី​ជា​យើង​មាន​ភាព​ក្រីក្រ​យ៉ាង​ម៉េច​ក៏ដោយ​គឺ​យើង​ត្រូវ​គិត​ជុំវិញ​ខ្លួន​ថា​តើ​អ្វី​ខ្លះ​ដែល​នៅ​ជុំវិញ​ខ្លួន​អ្វី​ខ្លះ​ដែល​ខ្លួន​មាន​ហើយ​យើង​អាច​ធ្វើ​ឲ្យ​ល្អ​ជាង​អ្វី​ដែល​យើង​មាន​បច្ចុប្បន្ន​ទោះ​ជា​​យើង​ស្ថិត​​ក្នុង​​ការ​សិក្សា​ក៏ដោយ​ត្រូវ​សួរ​ខ្លួន​ឯង​ថា​តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​ដើម្បី​ឲ្យ​ការសិក្សា​ និង​ជីវិត​របស់​ខ្ញុំ​មាន​ការ​ល្អ​ប្រសើរ​»​៕ ​

រាយការណ៍​បន្ថែម​ដោយ​ តាំង រីនិត្យ

អត្ថបទគួរចាប់អារម្មណ៍