The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ឈាង វុន ក្លាយ​ជា​អ្នក​នយោបាយ​ដោយ​ចៃដន្យ




លោក ឈាង វុន ក្លាយ​ជា​អ្នក​នយោបាយ​ដោយ​ចៃដន្យ

លោក ឈាង វុន នៅពេល​ផ្តល់​បទសម្ភាស​ដល់​កម្ពុជា​ចុងសប្តាហ៍ កាលពី​ពេល​ថ្មីៗ​នេះ​។
លោក ឈាង វុន នៅពេល​ផ្តល់​បទសម្ភាស​ដល់​កម្ពុជា​ចុងសប្តាហ៍ កាលពី​ពេល​ថ្មីៗ​នេះ​។ ផា លីណា

លោក ឈាង វុន ក្លាយ​ជា​អ្នក​នយោបាយ​ដោយ​ចៃដន្យ

លោក ឈាង វុន កើត​នៅ​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ​១៩៥១ នៅ​ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ដែល​លោក​ហៅ​ខ្លួនឯង​ថា ជា​ក្មេង​ដើរលេង​ច្រើន រប៉ិលរប៉ូច តែ​គោរព​ចាស់ទុំ និង​ជា​និសិ្សត​ខ្មែរ​នៅ​បារាំង ដែល​បាន​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ក្រោយពី​មាន​ការ​អំពាវនាវ​របស់​មេដឹកនាំ​ខ្មែរ​ក្រហម​ឲ្យ​វិល​ត្រឡប់​មក​ស្រុក​ដើម្បី​បម្រើ​ជាតិ​។

លោក​ឲ្យ​ដឹង​ថា​៖ «(ដោយសារ​អបិយជំនឿ) ខ្ញុំ​កំពុង​អង្គុយ​នៅ​ក្បែរ​គ្រែ​ស្រាប់តែ​មាន​ស្រមោល​ខ្មៅ​មួយ​លេចឡើង ខ្ញុំ​ជឿ​ថា ឪពុក​ខ្ញុំ​តាម​ថែរក្សា​ទើប​ធ្វើឲ្យ​ខ្ញុំ​មិន​បាន​វិល​ត្រឡប់​តាម​ការ​អំពាវនាវ​របស់​មេដឹកនាំ​ខ្មែរ​ក្រហម ដែល​បើក​ឱកាស​ឲ្យ​និសិ្សត​ខ្មែរ​ត្រឡប់​មក​ធ្វើការ​ស្រុក​ខ្មែរ​វិញ​»។

លោក​បញ្ជាក់​ថា គ្រោះថ្នាក់​នៅ​តែ​តាម​ផ្ដន្ទាទោស​លោក​រហូត ទោះបី​ជា​លោក​បាន​ទៅ​ដល់​ប្រទេស​បារាំង​ក៏ដោយ។ ប្រទេស​កម្ពុជា​ទទួល​រងគ្រោះ​ធ្ងន់ធ្ងរ នៅ​ឆ្នាំ​១៩៧៣ ពេល​ដែល​ពួក​សាធារណរដ្ឋ លន់ នល់ សិរិមតៈ ដែល​អ្នក​ទាំងនោះ​មាន​ឥទ្ធិពល​មកលើ​និសិ្សត​មួយ​ចំនួន​ដែល​កំពុង​រៀន​នៅ​ប្រទេស​បារាំង​។

លោក​បាន​រៀបរាប់​ថា ពេល​នោះ ក្រុម​និសិ្សត​កោងកាច​ដែល​មិន​ចូល​រៀន ត្រូវ​បាន​គេ​ទិញ​ទឹកចិត្ត និង​មាន​និសិ្សត​មួយ​ក្រុម​ទៀត ដែល​នៅ​ជាមួយ​រណសិរ្ស​របស់​ព្រះករុណា​ហ្លួង រតនកោដ្ឋ សម្ដេច នរោត្តម សីហនុ ក្រោយពេល​ដែល​ត្រូវ​បាន​ទម្លាក់​ដោយ​ពួក​លន់នល់ នោះ បាន​បង្កើត​រាជរដ្ឋាភិបាល​ក្រៅ​ប្រទេស​មួយ ដែល​គាំទ្រ​ដោយ​រណសិរ្ស​រួបរួម​ជាតិ​កម្ពុជា​គឺ​ពួក​ខ្មែរក្រហម ពេល​នោះ នៅក្នុង​វេទិកា​នយោបាយ​នៅ​កម្ពុជា មាន​បី​ក្រុម​គឺ​ក្រុម​លន់នល់ សិរិមតៈ ពួក​សាធារណរដ្ឋ ក្រុម​រណសិរ្ស​ខ្មែរ​ក្រហម។

លោក​និយាយ​ថា ការ​ផ្ទុះ​អាវុធ​ក្នុង​ចំណោម​និសិ្សត​ដែល​មាន​និន្នាការ​នយោបាយ​ខុស​គ្នា បាន​ធ្វើឲ្យ​រដ្ឋាភិបាល​បារាំង លែង​ទទួល​ស្គាល់​អាហារូបករណ៍​និសិ្សត​ខ្មែរ និង​បិទ​កន្លែង​ស្នាក់នៅ ទោះបី​លោក​មិន​ពាក់ព័ន្ធ​និន្នាការ​នោះ​ក្ដី។ ខែ​មករា គឺជា​ខែ​ដែល​ត្រជាក់​បំផុត នៅ​បារាំង​ដែល​ធ្វើឲ្យ​កូន​អ្នកក្រ​ដូច​រូប​លោក រង​ការ​លំបាក​យ៉ាង​ខ្លាំង ដោយសារ​អំពើហិង្សា​នយោបាយ​ដែល​បាន​កើតឡើង​នៅក្នុង​ពេល​នោះ​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «ការងារ​នៅ​ស្រុក​ខ្មែរ នៅ​ឆ្នាំ​១៩៧៥ លោក អៀងសារី ដែល​ជា​មេដឹក​ជាន់ខ្ពស់​របស់​ខ្មែរក្រហម បាន​ទៅ​ទាក់ទង​និសិ្សត​នៅ​បារាំង​ឲ្យ​ត្រឡប់​មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ​វិញ។ ក្នុង​ចំណោម​និសិ្សត​ដែល​នឹង​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​នោះ​ខ្ញុំ​មាន​ឈ្មោះ​នឹង​គេ​ដែរ តែ​ជា​សំណាង​របស់​ខ្ញុំ​ពេល​នោះ​ខ្ញុំ​បាន​ឮ​សម្ដី​ដែល​គេ​បាន​ជជែក​គ្នា​អំពី​ការ​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ថា នឹង​តម្រូវ​ឲ្យ​ធ្វើការ​អ្វីខ្លះ​ដែល​លោក​បាន​កាត់​យល់​ថា មក​វិញ​មាន​តែ​កម្លាំង​ពលកម្ម​ប៉ុណ្ណោះ​មិន​អាច​មក​វិញ​ធ្វើការ​តាម​ជំនាញ​ដែល​បាន​រៀនសូត្រ​នោះ​ទេ​។

ទន្ទឹម​នឹង​បាត់​ដំណឹង​អ្នកម្ដាយ​និង​បងប្អូន​លោក ឈាង វុន បាន​សម្រេច​ចិត្ត​មិន​មក​ស្រុក​ខ្មែរ​វិញ​តាម​ការ​អំពាវនាវ​មេដឹកនាំ​ខ្មែរក្រហម​នោះ​ទេ​។ លោក​មាន​ប្រសាសន៍​មក​កាន់​កម្ពុជា​ចុងសប្ដាហ៍​ថា ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ខ្ញុំ​បាន​ដាក់​ចិត្ត​ប្រឹងប្រែង​រៀន​ទាល់តែ​ចប់ ពេល​នោះ​ខ្ញុំ​បាន​សុំ​ជ្រកកោន​ក្នុង​មជ្ឈមណ្ឌល​សម្រាប់​ជួយ​សង្គម​មួយ ដែល​គេ​ឲ្យ​តែ​បាយ​ពេល​ល្ងាច និង​ដេក​យប់​តែ​ប៉ុណ្ណោះ​សម្រាប់​មួយ​ថ្ងៃ​។ នៅពេល​នោះ​ហើយ​ដែល​លោក វុន​បាន​ចំណាយ​ពេល​ទំនេរ​ពី​ការ​សិក្សា ធ្វើការ​តាម​ទីផ្សារ​នានា ដើម្បី​រក​ចំណូល​សម្រាប់​ចិញ្ចឹម​ជីវិត​។

លោក​បាន​និយាយ​ថា ធ្វើការ​ផង រៀន​ផង​រហូត​បាន​បញ្ចប់​សញ្ញាបត្រ​ជាន់ខ្ពស់ នៃ​សាកលវិទ្យាល័យ​ទូទៅ ខាង​វិស័យ​គ្រប់គ្រង​សហគ្រាស និង​វិស្វករ ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​ហិរញ្ញវត្ថុ​ប្រព័ន្ធ​ធនាគា​និង​ធានារ៉ាប់រង ដែល​ជា​មុខវិជ្ជា​ខ្ពស់ និង​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ខ្ពស់​ណាស់​នៅ​ប្រទេស​បារាំង​។

លោក​បាន​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ធំៗ​របស់​បារាំង ហើយ​ទទួល​បាន​ប្រាក់ខែ​ពី​៥៨០០ ហ្វ្រង់​ក្នុង​មួយ​ខែ​រហូត​ដល់​ជាង ៣០០០​០ ហ្វ្រង់ ដែល​ក្នុង​ការងារ​ទាំងនោះ មាន​ជា​អាទិ៍ ការ​ដាក់​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ហិរញវត្ថុ​ធនាគារ​កសិកម្ម​របស់​ប្រទេស​បារាំង​នេះ ឲ្យ​ស្រប​ទៅ​តាម​តម្រូវការ​អឺរ៉ុប និង​ដំឡើង​ប្រព័ន្ធ​អេធីអឹម រៀបចំ​កុងត្រូល​ប្រព័ន្ធសែក រៀបចំ​ប្រព័ន្ធមេត្រូ​(រទេះភ្លើង​ក្នុង​ក្រុង​)​និង​រៀបចំ​ប្រព័ន្ធ IT Video Conference ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ពើហ្សូ​។ លោក​និយាយ​ថា ក្រុម​គ្រួសារ​លោក​បាន​សញ្ជាតិ​បារាំង​នៅ​ឆ្នាំ​១៩៨៧ និង​បាន​រៀបការ នៅ​ទី​នោះ មាន​កូន​ពីរ​នាក់ ស្រី​ម្នាក់ ប្រុស​ម្នាក់ ដែល​ភរិយា​របស់​លោក​គឺជា​ខ្មែរ​នៅ​ស្រុក​បារាំង​ដែរ​។

លោក ឈាង វុន (ខាង​ឆ្វេង ជួរ​ទី៣) នៅ​ពេល​បើក​សម័យ​ប្រជុំ​សភា​លើក​ដំបូង​ក្រោម​ព្រះ​រាជាអធិបតី​ព្រះ​មហាក្សត្រ​កាល​ពី​ចុង​ឆ្នាំ​មុន។
លោក ឈាង វុន (ខាង​ឆ្វេង ជួរ​ទី៣) នៅ​ពេល​បើក​សម័យ​ប្រជុំ​សភា​លើក​ដំបូង​ក្រោម​ព្រះ​រាជាអធិបតី​ព្រះ​មហាក្សត្រ​កាល​ពី​ចុង​ឆ្នាំ​មុន។ ហេង ជីវ័ន

នៅ​ឆ្នាំ​១៩៩០ លោក​បាន​ដំណឹង​ពី​ប្អូនស្រី​ថា ម្ដាយ​លោក​នៅ​រស់​ទើប​លោក​សម្រេច​ចិត្ត​មក​ស្រុក​ខ្មែរ តែ​ត្រូវ​បាន​គេ​បោក​យក​មក​ដាក់​ចោល​ត្រឹម​ព្រៃនគរ​នៃ​ប្រទេស​វៀតណាម​។ តែ​សំណាង​ល្អ​ដែល​មាន​តំណាង​បេសកកម្ម​ទូត​បារាំង​មក​ទទួល​លោក នៅ​ហូជីមិញ ដោយសារ​តែ​ធ្លាប់​ធ្វើការ​ក្រុមហ៊ុន​ល្បី​របស់​បារាំង​។ «ខ្ញុំ​រន្ធត់​ចិត្ត​ណាស់​នៅពេល​ដល់​ព្រលាន​យន្តហោះ​ពោធិ៍ចិនតុង​គេ​ដុត​ចន្លុះ​ឲ្យ​យន្តហោះ​ចុះ​»។ នៅ​ភ្នំពេញ ដោយសារ​តែ​លោក​ចេះ​ភាសា​បារាំង ពេល​នោះ ទាំង​ថ្នាក់​ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន និង​បេសកកម្ម​ទូត​បារាំង​បាន​មក​រក​លោក​ដើម្បី​យក​ទៅ​ឲ្យ​បកប្រែ ពេល​នោះ​ហើយ​ដែល​លោក​បាន​ចាប់ផ្ដើម​ការងារ​នយោបាយ​។

តាម​ការ​ជជែក​គ្នា​ជាមួយ​លោក ជា ស៊ីម បាន​ធ្វើឲ្យ​លោក​យល់​ថា គណបក្ស​ប្រជាជន​កម្ពុជា​មិនមែន​ជា​បក្សកុម្មុយនីស្ត​ទេ​។ ចាប់​តាំងពី​ពេល​នោះ​ហើយ​ដែល​លោក មាន​ឱកាស​បាន​ស្គាល់​គ្រួសារ​លោក ហ៊ុន សែន បាន​ជួប​លោក ស ខេង។

លោក ឈាង វុន បាន​និយាយ​ទៀត​ថា ដំបូង លោក​គិត​មក​ប្រកបរបរ​រកស៊ី​តែ​ប៉ុណ្ណោះ តែ​ឱកាស​សម្រាប់​ចូលរួម​បម្រើ​ប្រទេស​ជាតិ លោក​ក៏​សម្រេច​ចូល​ការងារ​នយោបាយ ក្រោយពី​មាន​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​បាន​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​មួយ​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​នោះ​។

នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដំបូង​លោក ឈាង វុន ត្រូវ​បាន​បក្ស​ចាត់តាំង​ឲ្យ​ធ្វើ​ជា​អនុរដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​។ លោក​និយាយ​ថា នៅក្នុង​ការងារ​នយោបាយ លោក​បាន​ចូលរួម​ធ្វើ​កំណែទម្រង់​ច្បាប់​ពន្ធដារ និង​បាន​ចូលរួម​ចំណែក​សរសេរ​រដ្ឋធម្មនុញ្ញ​យ៉ាង​សកម្ម​ផង​ដែរ​។ ក្រោយពី​បោះឆ្នោត​លោក​បាន​ជាប់​ជា​តំណាងរាស្រ្ត​នៅ​បាត់ដំបង ហើយ​ក៏​បាន​ធ្វើ​ជា​តំណាងរាស្រ្ត​នៅ​ទីនោះ​។

ដោយសារ​តែ​មាន​ការ​ខ្វែង​គំនិត​ខ្លះ នៅក្នុង​ចក្ខុវិស័យ​នយោបាយ​ក្នុង​ការ​កែទម្រង់ លោក វុន ត្រូវ​បាន​បក្ស​បញ្ជូន​ចេញ​ទៅ​ធ្វើ​ឯកអគ្គរាជទូត​ទី​មួយ​របស់​កម្ពុជា​នៅ​អូស្រ្តាលី និង​នូវែលសេឡង់​នា​ឆ្នាំ​១៩៩៤ បាន​ទៅ​ធ្វើ​ឯកអគ្គរាជទូត​នៅ​កូរ៉េ​ខាង​ត្បូង​នៅ​ឆ្នាំ​២០០០ ចេញពី​កូរ៉េ​ឆ្នាំ​២០០៤ បាន​ទៅ​ហ្សឺណែវ​៤​ឆ្នាំ​ទើប​វិល​ត្រឡប់​មក​ធ្វើ​ជា​តំណាងរាស្រ្ត​រហូត ដល់​សព្វថ្ងៃ​នេះ​។

ជា​ឯកអគ្គរាជទូត​ជិត ២០ ឆ្នាំ​លោក​មាន​មោទនភាព​បំផុត នៅក្នុង​ប្រទេស​កូរ៉េ​ដែល​បាន​ទាមទារ​បង្កើត​ការងារ​ឲ្យ​ពលករ​យ៉ាងច្រើន​បំផុត ដែល​ធ្វើឲ្យ​ឯកអគ្គរាជទូត​នៃ​ប្រទេស​ជិត​ខាង​អាស៊ាន​មួយ​ចំនួន មិន​ពេញចិត្ត។ «ខ្ញុំ​បាន​ដើរ​បង្កើត​ការងារ​ឲ្យ​ពលករ​តាម​ការ​ណែនាំ​របស់​សម្ដេច​ហ៊ុន សែន​។ ខ្ញុំ​តាមដាន​រហូត ខ្ញុំ​បាន​បង្រៀន​ពលករ​ខ្មែរ​ពី​របៀប​រស់នៅ របៀប​ធ្វើការ​នៅ​កូរ៉េ​ខាង​ត្បូង រហូត​ដល់​ពលករ​ខ្មែរ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​កូរ៉េ​ខាង​ត្បូង​។

លោក​និយាយ​ទៀត​ថា ដំបូង​គ្រាន់តែ​សុំ​ឲ្យ​មាន​ការ​ដោះដូរ​ពលករ​មួយ​ចំនួន​ដែល​មកពី​ប្រទេស​ផ្សេង​ក្នុង​អាស៊ាន​ដោយ​គ្រាន់តែ​សុំ​ថា បើ​មាន​ការ​ចាប់​បញ្ជូន​ពលករ​ខុស​ច្បាប់ ដែល​មកពី​ប្រទេស​ដទៃ​១០​នាក់ បញ្ជូន​ត្រឡប់​ទៅ​ស្រុក​គេ​វិញ សុំ​ជំនួស​ដោយ​ខ្មែរ​តែ​ម្នាក់​បាន​ហើយ។

លោក​បាន​បញ្ជាក់​ថា ឆ្នាំ​ទី​មួយ​គេ​យក​កម្មករ​ខ្មែរ​៤០០០ នាក់​ទៅ​ធ្វើការ​ដែល​មិន​ដែល​មាន​សោះ​។

អង្គុយ​នៅក្នុង​ការិយាល័យ​ដែល​មាន​គ្រឿងសង្ហារិម​ទំនើបៗ លោក​បាន​លាតត្រដាង​ពី​កុមារភាព​របស់​លោក​បាន​តស៊ូ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ជួយ​ខ្លួន​ឯង និង​ម្ដាយ​មេម៉ាយ ដែល​ជា​អ្នក​លក់​បបរ និង​ធ្វើ​ស្ករទាញ​លក់ ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។

ឪពុក​លោក​បាន​លាចាក​លោក​នៅ​ឆ្នាំ​១៩៥៨ បន្សល់ទុក​ម្ដាយ​មេម៉ាយ និង​បងប្អូន​ប្រុស​ស្រី ៦​នាក់​ជា​ក្មេងកំព្រា​។ លោក​បន្ត​ថា ក្នុង​វ័យ​កុមារភាព លោក​មាន​ការ​លំបាក​ខ្លាំង​ណាស់​ដែល​ត្រូវ​ចំណាយ​ពេល​ពី​ការ​សិក្សា​ដើរ​លក់​នំប៉័ង​និង​ស្ករទាញ​នៅក្នុង​សាលារៀន ប្រមាណ​ជា ៣ ឬ ៤ ឆ្នាំ​។ ក្រោយមក​ឈប់​លក់​នំប៉័ង ជំនួស​ដោយ​ការ​បង្រៀន​គួរ​ដល់​សិស្ស​រួម​ថ្នាក់​។

ក្រោយមក​លោក វុន បាន​ប្រឡង​ជាប់​ចូល​វិទ្យាល័យ​ស៊ីសុវត្ថិ​នៅ​អំឡុង​ឆ្នាំ ១៩៦០​(មិន​ច្បាស់​ទេ)​ហើយ​លោក​បាន​ជាប់​បាក់ឌុប នៅក្នុង​អំឡុង​ឆ្នាំ​១៩៦៨-១៩៦៩។

លោក ឈាង វុន បាន​ឲ្យ​ដឹង​ទៀត​ថា​៖ «​ខ្ញុំ​ឈប់​លក់​នំប៉័ង​នៅពេល​ដែល​ខ្ញុំ​មក​ដល់​សាលា​ស៊ីសុវត្ថិ​ដោយ​មាន​របរ​ថ្មី​មួយ​ទៀត ព្រោះ​បាន​ក្លាយ​ជា​សិស្ស​ពូកែ ដែល​អាច​បង្រៀន​សិស្ស​គ្នា​ឯង​បាន។ ខ្ញុំ​បង្រៀន​សិស្ស​នៅ​សាលា​ដេកាត​»។ នៅពេល​ក្រោយមក​លោក វុន បាន​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​ប្រទេស​បារាំង​ដែល​នៅពេល​ចេញ​ដំណើរ លោក​មាន​លុយ​ត្រឹម​តែ​២០ ដុល្លារ​គត់​នៅក្នុង​ហោប៉ៅ ដែល​លុយ​នេះ លោក​ធំ​ម្នាក់​បាន​ឲ្យ​លោក​នៅក្នុង​ពិធី​ជប់លៀង​មួយ​។

បច្ចុប្បន្ន​នេះ នៅក្នុង​រដ្ឋសភា​លោក​មិន​មាន​ការ​គាបសង្កត់​ទេ​ក្នុង​ការ​និយាយស្ដី​គឺ​ដើម្បី​ប្រយោជន៍​សង្គម​៕

អត្ថបទគួរចាប់អារម្មណ៍