The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក សួង សុភ័ណ្ឌ៖ ស្រុក​ខ្មែរ​មាន​មនុស្ស​តែ ២ នាក់​គត់​ដែល​អត់​បង្កើត​បក្ស ប៉ុន្តែ​ធ្វើ​ប្រធានបក្ស

លោក សួង សុភ័ណ្ឌ៖ ស្រុក​ខ្មែរ​មាន​មនុស្ស​តែ ២ នាក់​គត់​ដែល​អត់​បង្កើត​បក្ស ប៉ុន្តែ​ធ្វើ​ប្រធានបក្ស

Content image - Phnom Penh Post
លោកសួង សុភ័ណ្ឌ ផ្តល់បទសម្ភាសដល់ភ្នំពេញប៉ុស្តិ៍ នៅស្នាក់ការបក្សថ្ងៃទី ២៣ មករា។ ហុង មិនា

លោក សួង សុភ័ណ្ឌ៖ ស្រុក​ខ្មែរ​មាន​មនុស្ស​តែ ២ នាក់​គត់​ដែល​អត់​បង្កើត​បក្ស ប៉ុន្តែ​ធ្វើ​ប្រធានបក្ស

អ្នក​នយោបាយ​វ័យ​ក្មេង​ លោក សួង សុភ័ណ្ឌ ​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ ហាក់​ដូចជា​កំប្លែង​លេង​ពេក​ហើយ​នឹង​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ សែន​ ​ដោយ​លោក​កំពុង​សម្លឹង​ឃើញ​កៅអី​នាយក​រដ្ឋមន្ត្រី​របស់​លោក​ ហ៊ុន​ សែន​ សម្រាប់​រយៈពេល​ ២ ​អាណត្តិ​ទៀត​ គឺ​លោក​មាន​សមត្ថភាព​​អាច​ដណ្តើម​យក​មក​អង្គុយ​ ដើម្បី​គ្រប់គ្រង​អំណាច​ម្តង​ ដែល​លោក​ចាត់​ទុក​ថា​ ការ​ទៅ​អង្គុយ​កៅអី​នៅទី​កំពូល​នេះ​វា​ជា​ការ​ផ្លាស់​ប្តូរ​តាម​ច្បាប់​ធម្មជាតិ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថែម​ទៀត​នោះ ​លោក​ សួង​ សុភ័ណ្ឌ ​ដែល​បាន​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ប្រមាណ​ ៤ ខែ​ ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​​ឆ្នាំ ២០១៨ ​នេះ លោក​ហ៊ាន​ពោល​ពាក្យ​ថា​ កៅអី​នាយក​​រដ្ឋមន្ត្រី​ ដែល​លោក​ហ៊ុន​ សែន​ កំពុង​អង្គុយ​អស់​រយៈពេល​ជាង​ ៣០ ឆ្នាំ​មក​នេះ​ គឺ​លោក​សុំ​កក់​កៅអី​កំពូល​នេះ​ទុក​សម្រាប់​លោក​ ក្នុង​រយៈពេល​ ២ អាណត្តិ​ទៀត​ លោក​នឹង​ទៅ​អង្គុយ​កៅអី​ទីនោះនោះ​ហើយ។

ពិត​ណាស់​ ច្បាប់​ធម្មជាតិ ​មិន​មាន​នរណា​អាច​ប្រឆាំង​បាន​ឡើយ ​ពោល​គឺ​ កើត​ ចាស់​ ឈឺ​ ស្លាប់​ ប្តូរ​ផ្លាស់ ​គឺជា​ច្បាប់​ធម្មជាតិ។

យ៉ាងណា​មិញ កៅអី​នាយក​រដ្ឋមន្ត្រី​របស់​លោក​ហ៊ុន សែន ក៏​មិន​ស្ថិតស្ថេរ​ដែរ ប៉ុន្តែ ​បើ​វិភាគ​ទៅ​លើ​កៅអី​នាយក​រដ្ឋមន្ត្រី​មួយ​នេះ​ វា​ពិត​ជា​ពិបាក​នឹង​មាន​តួអង្គ​ណា​មួយ​មាន​សមត្ថភាព និង​លទ្ធភាព​អាច​ធ្វើ​ដំណើរ​ទៅ​ដល់​ណាស់។ សូម្បីតែ​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ​នៅ​កម្ពុជា ​ដែល​គេ​មើល​​ឃើញ​ថា​ មាន​សម្ទុះហក់​ជិត​ទៅ​ដល់​ ឬ​ដែល​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​អាច​ទៅ​ដល់​កៅអី​កំពូល​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​ ២០១៨ ​នេះ​ បែរ​ជា​ត្រូវ​រលាយ​សាប​សូន្យ ​មិន​គួរ​ឲ្យ​ជឿ​សោះ​ឡើយ ​ដោយសារ​បណ្តឹង​របស់​រដ្ឋាភិបាល​នៃ​បក្ស​កាន់​អំណាច​ដែល​ជា​គូ​ប្រជែង។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ ភ្នំពេញប៉ុស្តិ៍​ នៅឯ​ទី​ស្នាក់​ការ​គណបក្ស​​អំណាច​ខ្មែរ​ ក្នុង​ខណ្ឌ​ឫស្សី-​កែវ​ ខាង​ជើង​ជាយ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ២៣ ខែ មករា​ លោក​សួង​ សុភ័ណ្ឌ ​អតីត​បេក្ខជន​តំណាង​រាស្ត្រ ​នៃ​បក្ស​ប្រឆាំង​ដ៏ធំ​ ដែល​ត្រូវ​បាន​រំលាយ​ចោល​កាល​ពី​ថ្ងៃទី​ ១៦​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧ នោះបាន​ប្រៀប​ធៀប​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​ខ្លួន​លោក​ផ្ទាល់​ថា ជា​បុគ្គល​ ២ ​រូប​ ដែល​មាន​វាសនា​ដូច​គ្នា​នៅ​កម្ពុជា ​ដែល​បាន​មក​ធ្វើ​ជា​មេ​គណបក្ស​នយោបាយ ដោយ​មិន​បាច់​ខំប្រឹង​បង្កើត​បក្សដោយ​ខ្លួន​ឯង។

លោក​ ហ៊ុន​ សែន​ មាន​វាសនា​​បាន​មក​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយសារ​បក្ស​នេះ​ត្រូវ​​បាន​បង្កើត​ដោយ​អតីត​មេដឹកនាំ​វៀត​ណាម ចំណែក​​រូប​លោក​បាន​មក​ដឹក​នាំ​គណបក្ស​អំណាច​ខ្មែរ ដោយសារ​បក្ស​នេះ​ត្រូវ​បាន​បង្កើត​ឡើងដោយ​លោក​ សួន សេរីរដ្ឋា ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ។

លោក​សួង ​សុភ័ណ្ឌ ​ថ្លែង​ថា៖ «ខ្ញុំ​និយាយ​ដោយ​គ្មាន​ការ​អៀន​ខ្មាស​មួយ​ម៉ាត់​​ទៀត​ចុះ​ ធម្មជាតិ​បញ្ជា​ខ្ញុំ​ឲ្យ​មក​ធ្វើ​នាយក​រដ្ឋមន្ត្រី ​នៃ​ប្រទេស​មួយ​ហ្នឹង​ មក​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះ។ ទោះ​បី​អ្នក​នយោបាយ​ចាស់ៗ​ចង់​បិទ​ ក៏បិទ​អត់​រួច​ដែរ។ ខ្ញុំហ៊ាន​និយាយ​នៅ​ពេលនេះ​ដោយសារ​អី​ ដោយសារ​ខ្ញុំ​ជា​ប្រធាន​បក្ស​ ហើយ​ប្រធាន​បក្ស​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ត្រូវ​តែ​ប្រកួត​ប្រជែង»។

លោក​បញ្ជាក់​ថា​៖«នៅ​ស្រុក​ខ្មែរ​ ២០៣០ ឆ្នាំ​នេះ ​មាន​មនុស្ស​តែ​ ២ នាក់​គត់ ដែល​អត់​បង្កើត​បក្ស​ទេ ​ប៉ុន្តែ​បាន​ធ្វើ​ជា​ប្រធាន​បក្ស។ ទី១​ គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ទី២​គឺ​ សួង ​សុភ័ណ្ឌ។ ​គណបក្ស​ប្រជាជន​ មិន​មែន​លោក​​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​ ជា​អ្នក​បង្កើត​ទេ​ គណបក្ស​អំណាច​​ខ្មែរ​ ក៏​មិន​មែន​ សួង​ សុភ័ណ្ឌ ​ជា​អ្នក​បង្កើត​ដែរ។ ​នេះ​ជា​រឿង​មួយ ​ដែល​វា​ស៊ី​គ្នា»។

ជាមួយនឹង​មហិច្ឆតា​ចង់​ច្បាម​យក​អំណាច​ពី​លោក​ ហ៊ុន​ សែន​ លោក​ សួង ​សុភ័ណ្ឌ​ មិនមាន​ចេតនា​ចង់​អង្គុយ​កៅអី​នាយក​រដ្ឋមន្ត្រី​យូរ​ដូច​លោក​ ហ៊ុន សែន នោះ​ទេ​ ដោយ​លោក​​បង្ហាញ​នូវ​ជំហរ​ថា ​លោក​គ្រាន់​តែ​អង្គុយ​ជំនួស​តំណែង​នាយក​រដ្ឋមន្ត្រី​ មួយ​រយៈពេល ដើម្បី​បង្ហាញ​នូវ​ស្នាដៃ ​និង​ទេពកោសល្យ​ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ​ដោយ​មិន​រុកកួន​អ្នក​ណា​ឡើយ។

គណបក្ស​អំណាច​ខ្មែរ​ ដែល​ដឹក​នាំ​ដោយ​លោក​ សួង​ សុភ័ណ្ឌ​ មាន​សញ្ញា​សម្គាល់​ដោយ​រូប​សញ្ញា​កូន​សោ​ និង​បាវចនា​ ជាតិ​ ភាតរភាព​ អរិយ​ប្រទេស។ គណបក្ស​នេះ ​កាលពី​ដឹក​នាំ​ដោយ​លោក​សួន​ សេរី​រដ្ឋា ​សម្គាល់​ដោយ​រូប​​សញ្ញា​ព្រះវិស្ណុ ​និង​មាន​បាវចនា​ ជាតិ​ សេរីភាព​ វីរជន​។

តាម​លោក សុភ័ណ្ឌ ​គណបក្ស​ដែល​សម្គាល់​ដោយ​រូប​សញ្ញា​កូន​សោ​នេះ ​គឺ​ចង់​បង្ហាញ​ពី​គន្លឹះ​សម្រាប់​​ដំណោះ​ស្រាយ​ ហើយ​តំណាង​​ឲ្យ​សន្តិភាព​ សុវត្ថិភាព​ មាន​ន័យ​ថា ​ការ​ការពារ​ខ្ពស់​។

ផ្អែក​ទៅលើ​ច្បាប់​ធម្មជាតិ​ លោក​សួង​ សុភ័ណ្ឌ ហាក់ដូច​ជា​មាន​ជំនឿ​លើ​ផ្លូវ​ដែល​ត្រូវ​បោះ​ជំហាន ដោយ​​លោក​មាន​ក្តី​រំពឹង​ ថា ​ដំណើរ​របស់​លោក​អាច​នឹង​ទៅ​ដល់​គោលដៅ។

តាំង​ពី​នៅ​សិក្សា រហូតដល់​ពេល​លោត​ចូល​សង្វៀន​នយោបាយ​ អ្នក​នយោ​បាយ​វ័យ​ក្មេង​រូបនេះ​ បាន​កត់​សម្គាល់​ឃើញ​ថា ​គឺលោក​ច្រើន​តែ​ត្រូវ​បានគេ​ផ្តល់​ឲ្យ​នូវ​តំណែង​ជា​ប្រធាន​ រាប់​តាំងពី​ប្រធាន​ថ្នាក់​គ្រប់​ថ្នាក់​ កាលពី​នៅ​រៀន​ និង​មក​ដល់​ឆាក​នយោបាយ​ទទួល​បាន​តំណែង​ជា​ប្រធាន​ក្នុង​ក្រុម​ការងារ​នយោបាយ​ទៀត។

កាល​នៅ​ជា​សកម្មជន​ដំបូង​ នៃ​អតីត​គណបក្ស​ សម រង្ស៊ី លោក សួង សុភ័ណ្ឌ ​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​យុវជន​សង្កាត់​ស្រះ​ចក​ ឆ្នាំ​ ២០០៨ បន្ទាប់​មក​ជា​ប្រធាន​យុវជន​ខណ្ឌ​ដូន​ពេញ​ឆ្នាំ​ ២០០៩។

(សូម​រង់ចាំ​ភាគ​បន្ត​សប្តាហ៍​ក្រោយ)

អត្ថបទគួរចាប់អារម្មណ៍