The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ សួង សុភ័ណ្ឌ កំណត់​អាយុ​ត្រឹម​ ៥០ ​ឆ្នាំ​នឹង​បញ្ចប់​ជីវិត​នយោបាយ

លោក​ សួង សុភ័ណ្ឌ កំណត់​អាយុ​ត្រឹម​ ៥០ ​ឆ្នាំ​នឹង​បញ្ចប់​ជីវិត​នយោបាយ

Content image - Phnom Penh Post
លោក​ សួង សុភ័ណ្ឌ ផ្តល់​បទសម្ភាស​ដល់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ស្នាក់ការ​បក្ស​ថ្ងៃ​ទី​ ២៣ មករា​។ ហុង មិនា

លោក​ សួង សុភ័ណ្ឌ កំណត់​អាយុ​ត្រឹម​ ៥០ ​ឆ្នាំ​នឹង​បញ្ចប់​ជីវិត​នយោបាយ

តពី​សប្តាហ៍​មុន...

ក្រោយ​មក​ទៀត​លោក​ សុភ័ណ្ឌ ​បាន​ជាប់​ឆ្នោត​ជា​ប្រធាន​យុវជន​រាជធានី​ភ្នំពេញ​ឆ្នាំ​ ២០១០​។ ជា​បន្តបន្ទាប់​លោក​ សុភ័ណ្ឌ ត្រូវ​បាន​បោះឆ្នោត​ជាប់​ជា​ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ឆ្នាំ​ ២០១១ និង​ប្រធាន​ក្រុម​ការងារ​គណបក្ស​ក្រុង​បាត់ដំបង​ឆ្នាំ​ ២០១២ ហើយ​ចុងក្រោយ​មុន​ចាកចេញ​ពី​បក្ស​ប្រឆាំង​លោក​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ខេត្ត​ប៉ៃលិន ឆ្នាំ​ ២០១៣​។

លោក​បញ្ជាក់​ថា​៖ «​សុទ្ធ​តែ​ប្រធាន​រហូត​មិន​ដឹង​យ៉ាង​ម៉េច​ទេ ធម្មជាតិ​ខ្ញុំ​គឺ​បែប​ហ្នឹង​។ ខ្ញុំ​ស្ម័គ្រចិត្ត​ធ្វើ​អនុប្រធាន​គណបក្ស​អំណាច​ខ្មែរ ប៉ុន្តែ​ធម្មជាតិ​បាន​កំណត់​ឲ្យ​ខ្ញុំ​ត្រូវ​ធ្វើ​ប្រធាន​។ បាន​តែ​ ២-៣ ​ថ្ងៃ ខ្ញុំ​ក៏​ឡើង​ធ្វើ​ប្រធាន​ទៅ​។ អ្វីៗ​ធម្មជាតិ​អ្នក​រៀប​។ ខ្ញុំ​ថា​ខ្ញុំ​នឹង​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បាន​ហើយ​ខ្ញុំ​មិន​ដណ្តើម​ទេ ប៉ុន្តែ​ខ្ញុំ​កក់​កៅអី​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ទុក​ឲ្យ​ហើយ​»​។

ជាមួយ​នឹង​ការ​ទទួល​បាន​តំណែង​ប្រធាន​ជា​ហូរហែ​ជាប់​រហូត​នេះ លោក​ សួង សុភ័ណ្ឌ ហាក់​ដូចជា​ចំអក​ទៅ​លោក​ ហ៊ុន សែន ចំពោះ​តំណែង​ដែល​លោក​ ហ៊ុន សែន ទទួល​បាន​តាំង​ពី​ដើម​រហូត​មក​ដល់​ពេល​នេះ​គឺ​លោក​ សុភ័ណ្ឌ ចង់​បង្ហាញ​ថា​អ្នក​នយោបាយ​វ័យ​ចំណាស់ និង​វ័យ​ក្មេង​ទាំង​ ២ ​រូប​នេះ បើ​ទោះបី​មាន​វាសនា​ដូច​គ្នា​ដែល​បាន​ធ្វើ​ជា​ប្រធាន​បក្ស​ដោយ​មិន​បាច់​ខំប្រឹង​បង្កើត​បក្ស​ខ្លួនឯង​នោះ​ក៏​ពិតមែន ប៉ុន្តែ​បុគ្គល​ទាំង​ ២ ​បាន​ទទួល​តំណែង​ជា​ប្រធាន​មាន​លក្ខណៈ​ផ្សេង​គ្នា​។

លោក​ សុភ័ណ្ឌ ថ្លែង​ថា​៖ «​បទពិសោធ​នយោបាយ​របស់​ខ្ញុំ​កម្រ​មាន​អ្នក​ដែល​ធ្វើ​បាន​ដូច​ខ្ញុំ​។ សូម្បី​តែ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏ដោយ​។ តើ​លោក​ហ៊ុន សែន ដែល​ទេ ធ្វើ​ជា​ប្រធាន​យុវជន​ទាំង​យុវជន​សង្កាត់ ខណ្ឌ រាជធានី រហូត​ទៅ​ដល់​ថ្នាក់​ជាតិ​ហើយ​ទៅ​គ្រប់គ្រង​ខេត្ត​មួយ​។ [​លោក​ ហ៊ុន សែន​] ដែល​ទេ​? [​លោក ​ហ៊ុន សែន ​] អាច​ឡើង​ផ្លូវ​កាត់​»​។

បើ​និយាយ​ពី​ជីវិត​ជា​អ្នក​នយោបាយ​គឺ​មិន​ត្រូវ​បាន​កំណត់​អាយុ​ឡើយ សំខាន់​ឲ្យ​តែ​កម្លាំង​នៅ​មាន​ស្មារតី​នៅ​រឹងមាំ បុគ្គល​ម្នាក់ៗ​អាច​បន្ត​ជីវិត​នយោបាយ​រហូត​ដល់​ធុញ ប៉ុន្តែ​តាម​ការ​សង្កេត​អ្នក​នយោបាយ​ច្រើន​តែ​មិន​ចេះ​ធុញ​នឹង​ជីវិត​ជា​អ្នក​នយោបាយ​។ ផ្ទុយ​ទៅ​វិញ​អ្នក​នយោបាយ​ច្រើន​តែ​ញៀន​នឹង​នយោបាយ​ដោយ​មិន​ចង់​ចេញ​ឆ្ងាយ​ពី​ឆាក​នយោបាយ​ឡើយ​ប្រៀប​ដូចជា​ការ​ញៀន​អាភៀន​។

ដោយ​ឡែក ​អ្នក​នយោបាយ សួង សុភ័ណ្ឌ ខុស​ពី​អ្នក​នយោបាយ​ឯ​ទៀតៗ​ដោយ​លោក​បាន​កំណត់​ខ្លួនឯង​ច្បាស់​ហើយ​ថា​លោក​នឹង​បញ្ចប់​ជីវិត​ជា​អ្នក​នយោបាយ​នៅ​ត្រឹម​វ័យ​ ៥០ ​ឆ្នាំ​តែ​ប៉ុណ្ណោះ ខណៈ​ដែល​លោក​កំពុង​មាន​វ័យ​ ៣១ ​ឆ្នាំ​ក្នុង​ឆ្នាំ​នេះ​។

លោក​ សុភ័ណ្ឌ បញ្ជាក់​ថា​៖ «​ខ្ញុំ​យល់​ថា​ទេពកោសល្យ កម្លាំង បញ្ញា យើង​ដើរ​ត្រឹម​តែ​ ៥០ ​ចុះ​ក្រោម​ទេ​។ យើង​បម្រើ​ប្រជាពលរដ្ឋ​បាន​ត្រឹម​តែ​អាយុ​ប៉ុណ្ណឹង​ទេ​កាលណា​អាយុ​ច្រើន​ពេក​ដើរ​ជួប​ប្រជាពលរដ្ឋ​យូរ​ក៏​មិន​បាន​ឆ្ងាយ​ពីព្រោះ​កម្លាំង​វា​ខ្សោយ​។ តែ​ក្មេង គេ​មាន​កម្លាំង គេ​មាន​បញ្ញា ហើយ​ចំណុច​មួយ​ទៀត​ប្រជាធិបតេយ្យ​ត្រូវ​តែ​មាន​ការ​ផ្លាស់ប្តូរ​។ បើ​ខ្ញុំ ធ្វើ​នាយក​រដ្ឋមន្ត្រី​យូរ ខ្ញុំ​ខ្មាស​គេ​ណាស់​។ អ្វី​ដែល​ខ្ញុំ​ត្រូវ​ធ្វើ ១ អាណត្តិ ២ ​អាណត្តិ​ហ្នឹង​គឺ​គ្រប់គ្រាន់​ហើយ​»​។

ជាមួយ​នឹង​ការ​រំពឹង​លើ​ច្បាប់​ធម្មជាតិ​សម្រាប់​ជ័យជម្នះ​ក្នុង​ការ​បោះឆ្នោត​នេះ លោក​ សួង សុភ័ណ្ឌ ក៏​បាន​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​បក្ស​ប្រឆាំង​ដ៏ធំ ទោះបី​មិន​ទាន់​កាត់ទោស ឬ​កាត់ទោស​រួច​ហើយ​ក៏ដោយ គួរ​មក​ចូលរួម ឬ​ឈរ​ពី​ក្រោយ​គណបក្ស​អំណាច​ខ្មែរ ដើម្បី​ជួយ​ជ្រោង​លោក ក៏​ដូចជា​គណបក្ស​អំណាច​ខ្មែរ​ឲ្យ​ឈ្នះ​បក្ស​កាន់​អំណាច​។

បើ​ទោះបី​មិន​រំពឹង​ថា​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (​គជប​) ​ពិបាក​នឹង​ទុក​ចិត្ត​ក្នុង​តួនាទី​ជា​អាជ្ញាកណ្តាល​ផ្តល់​យុត្តិធម៌​សម្រាប់​ការ​បោះឆ្នោត​ក៏ដោយ ប៉ុន្តែ​លោក​ សួង សុភ័ណ្ឌ នៅ​តែ​ពេញ​ចិត្ត​ក្នុង​ការ​ចូលរួម​ប្រកួត​ប្រជែង​នឹង​បក្ស​កាន់​អំណាច​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨ ​នេះ​ដោយ​សង្ឃឹម​ទៅ​លើ​ជ័យជម្នះ​មួយ​តាម​ច្បាប់​ធម្មជាតិ​។

ពិតមែន​ហើយ​គណបក្ស​អំណាច​ខ្មែរ​មិន​មាន​ទំនុក​ចិត្ត​ទៅ​លើ គជប ថា​អាច​ផ្តល់​ភាព​យុត្តិធម៌​ក្នុង​តួនាទី​ជា​អាជ្ញាកណ្តាល​នោះ​ទេ ប៉ុន្តែ​ហេតុ​ផល​ដែល​គណបក្ស​នេះ​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​គឺ​គ្រាន់​តែ​ចង់​បង្ហាញ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ពី​គោលនយោបាយ និង​ចក្ខុវិស័យ​របស់​គណបក្ស​អំណាច​ខ្មែរ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ដឹកនាំ​ប្រទេស​នាពេល​អនាគត​ក្រោយ​ពី គជប ដែល​គណបក្ស​នេះ​រំពឹង​ថា​អាច​នឹង​ក្លាយ​ជា​អាជ្ញាកណ្តាល​មួយ​ឯករាជ្យ​ពិតប្រាកដ​នៅ​ពេល​ណា​មួយ​។

លោក​ សួង សុភ័ណ្ឌ លើក​ឡើង​ថា​បើ​និយាយ​ពី​ច្បាប់​សង្គម អ្នក​ណា​លួច អ្នក​ណា​កេង អ្នកណា​បន្លំ អ្នក​ណា​មិន​ស្មោះត្រង់​ទាំង​កិច្ចការ​បោះឆ្នោត ទាំង​ការ​រៀបចំ​ប្រកួត​ប្រជែង​តាម​ពិត​ល្មើស​ច្បាប់​ហើយ ច្បាប់​ត្រូវ​ផ្តន្ទាទោស​។ តែ​ដោយសារ​ច្បាប់​ហ្នឹង​អ្នក​រៀបចំ​ជា​អ្នក​កាន់ តើ​បាន​អ្នក​ណា​ទៅ​ផ្តន្ទាទោស​ពួកគេ បើ​អ្នក​លួច និង​អ្នក​កាន់​ច្បាប់​ជា​មនុស្ស​តែ​មួយ​។

លោក​ សួង សុភ័ណ្ឌ បញ្ជាក់​ថា​៖ «​ទោះបី​ខ្ញុំ​ដឹង​ថា​ឡើង​រេញ​ប្រដាល់​ទាំង​រេញ​ក៏​គេ​អ្នក​រៀប​ទាំង​ចៅក្រម​គេ​ហៅ​ថា​គណៈកម្មការ ក៏​ភាគី​ប្រកួត​ប្រជែង​អ្នក​រៀប ទាំង​អាប៊ីត ក៏​ភាគី​ម្ខាង​ទៀត​អ្នក​រៀប​ក៏ដោយ​ចុះ តែ​ខ្ញុំ​នឹង​ឡើង​ប្រកួត​...»​។

លោក​បន្ថែម​ថា​៖ «​តែ​ផ្ទុយ​ទៅ​វិញ​កុំ​ភ្លេច​គឺ​ច្បាប់​ធម្មជាតិ​។ បើ​ប្រៀបធៀប​មេគណបក្ស​នយោបាយ​ផ្សេងៗ​ទៀត​មក​ដល់​ម៉ោង​នេះ​ខ្ញុំ​អាយុ​តិច​ជាង​គេ​។ បើ​និយាយ​អំពី​ច្បាប់​ធម្មជាតិ​ខ្ញុំ​ឈ្នះ​។ ខ្ញុំ​ឈ្នះ​ដោយសារ​អី ៥ ​ឆ្នាំ​ហ្នឹង​អត់​ជោគជ័យ យើង​សង្ឃឹម​ ៥ ​ឆ្នាំ​ទៀត​។ ពី​ ៥ ​ឆ្នាំ​ទៅ​ ៥ ​ឆ្នាំ ពី​ ១ ​អាណត្តិ​ទៅ​ ១ ​អាណត្តិ​ខ្ញុំ​កាន់​តែ​រឹងមាំ សមត្ថភាព​កាន់តែ​កើនឡើង ខ្ញុំ​អាច​មាន​ទេពកោសល្យ​ថ្មីៗ​ប៉ុន្តែ​សម្រាប់​តួអង្គ​ចាស់ សាច់​រឿង​ចាស់ មេដឹកនាំ​ចាស់ អ្នក​ប្រកួត​ប្រជែង​ចាស់ៗ​គាត់​កាន់​តែ​ចាស់​ទៅៗ​ដូច្នេះ​ពួកគាត់​មិន​គួរ​ប្រឆាំង​នឹង​ធម្មជាតិ​ទេ​»​។

អ្នក​នយោបាយ​វ័យ​ក្មេង​លោក​ សួង សុភ័ណ្ឌ ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន វាយ​ឲ្យ​របួស​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​ ២០១០ កាលពី​លោក​យក​ញត្តិ​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ដាក់​ជូន​សុំ​អន្តរាគមន៍​ពី​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក​បាន គីមូន កាលពី​លោក​មក​ទស្សនកិច្ច​ប្រទេស​កម្ពុជា ហើយ​លោក​ចូល​ពិនិត្យ​មើល​មន្ទីរពេទ្យ​រុស្ស៊ី​។

គ្រោះថ្នាក់​លើក​ទី​ ២ លោក​ សុភ័ណ្ឌ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​វាយ​រហូត​ដល់​សន្លប់​នា​ឆ្នាំ​ ២០១១ កាលពី​លោក​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ដល់​អ្នក​ភូមិ​បឹងកក់​ក្នុង​ជម្លោះ​ដីធ្លី​ដែល​ពួកគេ​ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​បណ្តេញ​ចេញ​ពី​លំនៅឋាន​កាលពី​លោក​នៅ​ជា​សកម្មជន​របស់​អតីត​គណបក្ស​ប្រឆាំង​។ បើ​ទោះបី​ជា​ធ្លាប់​ត្រូវ​រង​នូវ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​យ៉ាង​ណា​ក្តី ប៉ុន្តែ​ចិត្ត​ជា​អ្នក​នយោបាយ​គឺ​មិន​បាន​ធ្វើឲ្យ​បុរស​ម្នាក់​នេះ​រួញរា ឬ​បាក់​ស្បាត​នឹង​អំពើ​ហិង្សា​នោះ​ទេ ផ្ទុយ​ទៅ​វិញ​វា​ហាក់​ដូច​ជំរុញ​ទឹក​ចិត្ត​អ្នក​នយោបាយ​វ័យ​ក្មេង​នេះ​ឲ្យ​កាន់តែ​រឹងប៉ឹង​ថែម​ទៀត​ក្នុង​ការ​តស៊ូ​ផ្នែក​នយោបាយ​។

ក្នុង​នាម​មេបក្ស​នយោបាយ​លោក​ សួង សុភ័ណ្ឌ បាន​ដាក់​ចេញ​នូវ​គោលនយោបាយ​បក្ស​ចំនួន​ ៧ សម្រាប់​ចូលរួម​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ខាង​មុខ និង​សម្រាប់​អនុវត្ត​ក្រោយ​ពេល​ឈ្នះឆ្នោត​។ ប៉ុន្តែ​ក្នុង​ពេល​នេះ​លោក​បង្ហាញ​គោលនយោបាយ​ចំនួន​ ៤ ​សិន​ប៉ុណ្ណោះ​ក្នុង​នោះ​គោលនយោបាយ​អាទិភាព​ទី​ ១ គឺ​លុប​បំបាត់​ឲ្យ​អស់​រាល់​ល្បែង​ស៊ីសង​ទាំង​ឡាយ និង គ្រឿងញៀន​។ ក្រោយ​ជាប់​ឆ្នោត​រយៈពេល​ ៦ ​ខែ ប្រសិន​បើ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​អំណាច​ខ្មែរ​មិន​មាន​សមត្ថភាព​អនុវត្ត​គោលនយោបាយ​នេះ​បាន​គឺ​សុខ​ចិត្ត​ចុះ​ចេញ​ពី​តំណែង​ភ្លាម​តែ​ម្តង​។

គោលនយោបាយ​អាទិភាព​ទី​ ២ ត្រូវ​រៀបចំ​ធ្វើ​របង​ព្រំដែន​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​លើ​តំបន់​ណា​ដែល​មិន​មាន​ជម្លោះ​។ ប្រសិន​បើ​តំបន់​ណា​មាន​ជម្លោះ​រដ្ឋាភិបាល​អំណាច​ខ្មែរ ត្រូវ​តែ​បើក​ការ​ចរចា​រក​ដំណោះស្រាយ​សិន​ទើប​ធ្វើ​របង​ព្រំដែន ហើយ​បើ​ធ្វើ​មិន​បាន​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​ក្រោយ​ជាប់​ឆ្នោត ឡើង​កាន់​អំណាច​លោក​នឹង​ចុះ​ចេញ​ពី​តំណែង​។ គោលនយោបាយ​ទី​ ៣ វិធានការ​លើ​ចោរកម្ម បើ​ជាប់​ឆ្នោត​ហើយ​រយៈពេល​ ៦ ​ខែ​ធ្វើ​មិន​បាន​គណបក្ស​អំណាច​ខ្មែរ ក៏​នឹង​ចុះ​ចេញ​ពី​តំណែង​ដែរ​។

ឯ​គោលនយោបាយ​អាទិភាព​ទី​ ៤ គណបក្ស​អំណាច​ខ្មែរ​ធានា​លុប​បំបាត់​ឲ្យ​អស់​នូវ​ចំណី​អាហារ​មាន​ជាតិ​គីមី​។

លោក​បញ្ជាក់​ថា​៖ «​ទាំងអស់​នេះ​ទោះបី​គណបក្ស​អំណាច​ខ្មែរ មិន​ទាន់​ជាប់​ជា​រដ្ឋាភិបាល​ពេញ​សិទ្ធិ​ក៏ដោយ ក៏​គណបក្ស​អំណាច​ខ្មែរ​នឹង​ធ្វើឲ្យ​បាន​ ៣០-៤០ ​ភាគរយ​ដែរ​អ្វី​ដែល​ជា​គោលនយោបាយ​គណបក្ស​អំណាច​ខ្មែរ​។ ខ្ញុំ​យល់​ថា​ប្រជាពលរដ្ឋ សព្វថ្ងៃ​បាន​ដឹង​ហើយ​មាន​ការ​ព្រួយបារម្ភ​ណាស់​ពាក់ព័ន្ធ​ល្បែង​ស៊ីសង និង​គ្រឿងញៀន តែ​ផ្ទុយ​ទៅ​វិញ​គាត់​អត់​ដឹង​វិធី កម្ចាត់ តែ​គណបក្ស​អំណាច​ខ្មែរ យើង​នឹង​ដាក់​រូបមន្ត​កម្ចាត់​ឲ្យ​ហ្មង​»​។

តាម​លោក​ សួង សុភ័ណ្ឌ រូបមន្ត​ដែល​គណបក្ស​របស់​លោក​ដាក់​ចេញ​ឲ្យ​នោះ គឺ​ថា​ព្យាយាម​ពន្យល់​ប្រជាពលរដ្ឋ​ឲ្យ​ចង​គ្នា​ជា​ក្រុម ហើយ​នៅ​ពេល​ដឹង​ថា កន្លែង​ណា​មាន​គ្រឿងញៀន ឬ​ក៏​មាន​ល្បែង​ស៊ីសង​ត្រូវ​រាយការណ៍​ទៅ​សមត្ថកិច្ច ឬ​រាយការណ៍​ទៅ​លោក​ សុភ័ណ្ឌ និង​សមាជិក​នៃ​គណបក្ស​អំណាច​ខ្មែរ ផ្ទាល់​តែ​ម្តង​ដើម្បី​ក្រុម​លោក​សហការ​ជាមួយ​អាជ្ញាធរ​ចាត់​វិធានការ​បង្ក្រាប​ទៅ​លើ​បន​ល្បែង និង​គ្រឿង​ញៀន​ទាំង​នោះ​។ ប្រសិន​បើ​អាជ្ញាធរ​មិន​អើពើ ឬ​មាន​វិធានការ​ទេ គណបក្ស​អំណាច ខ្មែរ នឹង​ប្តឹង​ទៅ​តុលាការ​។

ក្នុង​វ័យ ​៣១ ​ឆ្នាំ សួង សុភ័ណ្ឌ មាន​ភរិយា​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ និង​មាន​កូន​ប្រុស​ស្រី​​ ៤ ​នាក់​ក្នុង​បន្ទុក​។ លោក​មាន​ដើមកំណើត​នៅ​ស្រុក​ពញាឮ ខេត្ត​កណ្តាល​។

លោក​ជា​កូន​ទី​ ២ ក្នុង​គ្រួសារ​ជា​អាជីវករ​ដែល​មាន​ឪពុក​ឈ្មោះ​ សួង សុភាព និង​ម្តាយ​ឈ្មោះ​ តុល សុខហេង​។ បើ​តាម​ការ​ឲ្យ​ដឹង​កាលពី​ស្ថិត​ក្នុង​បន្ទុក​របស់​ឪពុកម្តាយ យុវជន​ សួង សុភ័ណ្ឌ រស់​នៅ​ក្នុង​គ្រួសារ​មួយ​ដែល​មាន​ជីវភាព​ធូរធារ​។

ទោះបី​រស់នៅ​ក្នុង​ជីវភាព​គ្រួសារ​ធូរធារ​មួយ​ក៏​ពិតមែន ប៉ុន្តែ​យុវជន​ សួង សុភ័ណ្ឌ ចាត់​ទុក​ខ្លួនឯង​ថា​ជា​កូន​អកត្តញ្ញូ​ដែល​មិន​ស្តាប់​បង្គាប់​ឪពុកម្តាយ ដោយសារ​តែ​ធ្វើ​អ្វីៗ​ទៅ​តាម​តែ​ចិត្ត​ចង់ ដូចជា​ឪពុក​ឲ្យ​រៀន​មុខ​វិជ្ជាពេទ្យ សុភ័ណ្ឌ បែរ​ជា​ទៅ​រៀន​ជំនាញ​ច្បាប់​។ ឪពុកម្តាយ​ហាម​មិន​ឲ្យ​ចូល​ប្រឡូក​ក្នុង​នយោបាយ សុភ័ណ្ឌ មានះ​ចូល​ធ្វើ​នយោបាយ​ដោយ​ស៊ូ​លះបង់​ចាកចេញ​ឆ្ងាយ​ពី​ការ​ឃុំ​គ្រង​របស់​ឪពុកម្តាយ​អស់​រយៈពេល​ ៣-៤ ​ឆ្នាំ ដើម្បី​មក​សម្ងំ​ធ្វើ​នយោបាយ​ជាមួយ​អតីត​បក្ស​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​លោក​ សម រង្ស៊ី​។

លោក​និយាយ​ថា​៖ «​ប៉ុន្តែ​ក្រោយៗ​មក​ពេល​ដែល​ខ្ញុំ​ធ្វើការ​ទៅ វា​ហាក់បី​ដូចជា​ជោគជ័យ​ដែរ​នៅ​ក្នុង​ការងារ​ដែល​ខ្ញុំ​ប្តេជ្ញា​ហ្នឹង ដូច្នេះ​គាត់​ក៏​សប្បាយ​ចិត្ត ហើយ​ក្លាយ​ជា​កូន​កត្តញ្ញូ​វិញ​។ យើង​ឃ្លាត​ពី​គាត់​មែន​មួយ​រយៈ​ខ្លី ប៉ុន្តែ​យើង​បាន​ធ្វើ​អ្វីៗ​ដែល​គាត់​ចង់​ឲ្យ​យើង​ធ្វើ​ចប់​សព្វ​គ្រប់​ដោយ​ជោគជ័យ​»​។

យុវជន សួង សុភ័ណ្ឌ បាន​បញ្ចប់​ថ្នាក់​បាក់ឌុប​នៅ​វិទ្យាល័យ​បាក់ទូក​នា​ឆ្នាំ​ ២០០៥ ក្រោយ​ពី​បាន​សិក្សា​នៅ​ស្រុក​កំណើត​។

ក្រោយ​មក​លោក​បាន​បន្ត​ការ​សិក្សា​ផ្នែក​ច្បាប់​ដោយ​បញ្ចប់​កម្រិត​បរិញ្ញាបត្រ​នា​ឆ្នាំ​ ២០១១ និង​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​រហូត​ដល់​ ២ ​គឺ​ផ្នែក​ច្បាប់ និង​វិទ្យាសាស្ត្រ​នយោបាយ​នា​ឆ្នាំ​ ២០១៣៕

អត្ថបទគួរចាប់អារម្មណ៍