
លោក អ៊ូច ឡេង ផ្តល់បទសម្ភាសដល់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៣ ខែមីនា។ ហេង ជីវ័ន
ម្ចាស់ពានរង្វាន់វីរជនបរិស្ថានពិភពលោកលោក អ៊ូច ឡេង សកម្មជនព្រៃឈើដ៏ល្បីបានបង្ហាញនូវក្តីព្រួយបារម្ភយ៉ាងខ្លាំងអំពីវិនាសកម្មព្រៃឈើដែលកាន់តែរីកធំទៅៗ ខណៈដែលកម្ពុជាកំពុងមានវិបត្តិនយោបាយ និងស្របពេលអវត្តមានគណបក្សប្រឆាំងដោយលោកចាត់ទុកជាកញ្ចក់ឆ្លុះរបស់រដ្ឋាភិបាល ព្រោះនៅពេលមានតំណាងរាស្ត្ររបស់បក្សនេះក្នុងរដ្ឋសភាគ្រាន់បានសួរដេញដោលអំពីរឿងប្រយោជន៍របស់ជាតិ មិនបណ្តោយឲ្យបក្សកាន់អំណាចជិះសេះលែងដៃ។
សក់រួញអង្គាដី សម្តីខ្លាំងៗ សម្បុរខ្មៅស្រអែម លោក អ៊ូច ឡេង បានសម្រេចចិត្តហើយថា លោកនឹងសុខចិត្តលះបង់មិនថាកម្លាំងកាយចិត្តនោះទេ ទាំងអាយុជីវិត ទោះបីត្រូវប្រឈមនឹងបញ្ហាធ្ងន់ធ្ងរគ្របសង្កត់មកលើរូបលោកគឺលោកមិនដកថយពីការបំពេញបេសកកម្មក្នុងការការពារព្រៃឈើនោះឡើយ បើទោះបីត្រូវបង់ជីវិតក៏ដោយ។ ដោយការចុះផ្ទាល់នឹងការងារក្នុងដំណើរបំពេញបេសកកម្មការពារព្រៃឈើលោក អ៊ូច ឡេង បានដឹងអំពីទំហំនៃវិនាសកម្មព្រៃឈើគឺកាន់តែរីករាលដាលធំទៅៗនៅកម្ពុជា ដូចជាតំបន់សេសាននៃខេត្តស្ទឹងត្រែងដែលលោកពិពណ៌នាថា តំបន់សេសានពីមុនមានដេប៉ូឈើប្រមាណពី ១០០-២០០ ហិកតាប៉ុណ្ណោះ។ ប៉ុន្តែតំបន់សេសានបច្ចុប្បន្នបានក្លាយជាទីផ្សារដ៏ធំសម្រាប់ជំនួញឈើដែលម្ចាស់ពានរង្វាន់ពិភពលោករូបនេះហៅថាជា «ទីក្រុងកាប់ឈើ» ដែលមានដេប៉ូឈើកើនឡើងរាប់ពាន់ហិកតាឯណោះ។
ជួបជាមួយភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ១៣ ខែមីនា លោក អ៊ូច ឡេង បង្ហាញនូវស្មារតីមោះមុតឥតរាថយក្នុងបេសកកម្មការពារព្រៃឈើបញ្ជាក់ថា៖ «ខ្ញុំមិនមែនមានគំនិតចង់រិះគន់ទៅលើថ្នាក់ដឹកនាំទេ ប៉ុន្តែនេះជាការពិតដែលខ្ញុំត្រូវបង្ហាញទៅឲ្យប្រជាពលរដុ្ឋខ្មែរទាំងមូលទូទាំងពិភពលោកបានដឹងការពិតនៃវិនាសកម្មព្រៃឈើនៅក្នុងប្រទេសកម្ពុជា»។
លោកអះអាងថា៖ «ពីមុនដេប៉ូ [ឈើ] តូចទេ ដេប៉ូយើងរកឃើញនៅក្នុងសេសានហ្នឹងប្រហែលជា ១០០ ហិកតា ២០០ ហិកតាទេ។ ឥឡូវហ្នឹងគឺឡើងដល់រាប់ពាន់ហិកតាមានន័យថាការកាប់បំផ្លាញព្រៃឈើហ្នឹងមានការកើនឡើង ១០ ដង។ ហើយស្របពេលដែលយើងមានវិបត្តិនយោបាយមិនមានគណបក្សប្រឆាំង មិនមានសមាជិកសភាដើម្បីធ្វើការសួរដេញដោលទាក់ទងនឹងរឿងធនធានធម្មជាតិក៏ដូចជាព្រៃឈើនេះ អ៊ីចឹងហើយឧកញ៉ាទាំងនោះគាត់ត្រឡប់មកវិញដើម្បីប្រមូលកាប់បំផ្លាញព្រៃឈើដឹកជញ្ជូនទៅវៀតណាមដោយសេរី»។
បើតាមលោក អ៊ូច ឡេង នៅតំបន់សេសានបច្ចុប្បន្នគឺមានជនជាតិវៀតណាមច្រើនជាងខ្មែរ គឺប្រហែល ៦០-៧០ ភាគរយដែលពួកគេសម្រុកមកប្រមូលធនធានធម្មជាតិព្រៃឈើពីកម្ពុជាទៅយកចំណេញនៅប្រទេសរបស់គេ។ ឈើដែលត្រូវបានដឹកជញ្ជូនចេញពីតំបន់សេសានក្នុងមួយថ្ងៃពី ២០០-៣០០ ឡាន ហើយក្នុងមួយថ្ងៃពួកគេអាចរកចំណូលតាមរយៈការនាំឈើចេញនេះរាប់លានដុល្លារដែលធ្វើឲ្យបាត់បង់ថវិកាជាតិយ៉ាងច្រើន។
លោក ឡេង បញ្ជាក់ថា៖ «ខ្ញុំអាចនិយាយថាអ្វីដែលខ្ញុំរកឃើញគឺថាការកាប់បំផ្លាញព្រៃឈើមានការកើនឡើង បន្ទាប់ពីយើងមានវិបត្តិនយោបាយ។ គណបក្សប្រឆាំងក៏បានជួយខិតខំខ្នះខ្នែងដើម្បីតម្រង់ទិសរដ្ឋាភិបាលឲ្យខិតខំយកចិត្តទុកដាក់ក្នុងការការពារព្រៃឈើការពារធនធានធម្មជាតិ។ អ៊ីចឹងអត់មានគណបក្សប្រឆាំងមានតែរដ្ឋាភិបាលតែមួយ ឈ្មួញ ឧកញ៉ាមកពីវៀតណាមសម្រុកចូល»។
ក្នុងជំនួញព្រៃឈើនៅកម្ពុជាដែលជ្រោងមនុស្សមួយចំនួនតូច ស្និទ្ធនឹងអ្នកមានអំណាចឲ្យក្លាយជាឧកញ៉ា មហាសេដ្ឋីមានលុយវាល់លានដុល្លារនេះ ម្ចាស់ពានរង្វាន់អន្តរជាតិលោក អ៊ូច ឡេង ក៏បានឲ្យដឹងផងដែរអំពីឈ្មួញ ឬឧកញ៉ាមួយចំនួនកំពុងជាប់បណ្តឹងនៅតុលាការផងដែរ។ ឧកញ៉ាខ្លះមានដីកាកោះពីតុលាការមានបទចោទប្រកាន់ព្រហ្មទណ្ឌទៀតផង ប៉ុន្តែសម្រាប់តុលាការស្រុកខ្មែរមិនបានធ្វើឲ្យបុគ្គលអ្នកមានលុយទាំងនោះខ្វល់ខ្វាយអ្វីឡើយ ដោយពួកគេគិតតែធ្វើយ៉ាងណាឲ្យតែមុខជំនួញឈើរបស់ពួកគេបានជោគជ័យ។
លោកថា៖ «គាត់នៅតែត្រឡប់មកដើម្បីសូកប៉ាន់មន្ត្រីជំនាញដឹកជញ្ជូនឈើ កាប់ឈើ។ មិនមែនកាប់លក្ខណៈទ្រង់ទ្រាយតូចទេគឺទ្រង់ទ្រាយធំតែម្តងដឹករាប់រយឡានក្នុងមួយថ្ងៃ»។
វិនាសកម្មព្រៃឈើក្នុងប្រទេសកម្ពុជាដែលស្ទើរតែហិនហោចទៅហើយនេះត្រូវបានម្ចាស់ពានរង្វាន់រូបនេះចាត់ទុកជាឧស្សាហកម្មផ្នែកជំនួញព្រៃឈើឆ្លងដែនរវាងរដ្ឋមួយទៅរដ្ឋមួយ។ លោកមិនត្រឹមតែសំដៅទៅលើការនាំឈើពីកម្ពុជាទៅវៀតណាម ប៉ុណ្ណោះទេ លោក អ៊ូច ឡេង ក៏បានសំដៅទៅដល់អាមេរិក ជប៉ុន និងចិន ផងដែរ ដែលវៀតណាមក៏បាននាំឈើទៅកាន់ប្រទេសទាំងនោះ។
លោក អ៊ូច ឡេង និយាយថា៖ «រដ្ឋាភិបាលលោកដឹង ប៉ុន្តែលោកធ្វើមិនដឹង។ សម្តេចនាយករដ្ឋមន្ត្រី [ហ៊ុន សែន] ក៏ដឹងដែរ គាត់ដឹងថាមានការដឹកឈើ។ ឈើមិនមែនដូចគ្រឿងញៀនខ្ចប់លាក់ឯណា ឈើដឹកទៅអ្នកណាក៏ឃើញដឹងដែរ ប៉ុន្តែគាត់ធ្វើ មិនដឹង មិនដឹងចាត់វិធានការយ៉ាងម៉េច ព្រោះថាសុទ្ធតែជាមន្ត្រីក្រោមឱវាទរបស់គាត់។ សុទ្ធតែឧកញ៉ាដែលគាត់លើកសំណើតែងតាំង»។
បើទោះបីឧកញ៉ាខ្លះដែលលោក អ៊ូច ឡេង ដឹងថាជំនួញរបស់ពួកគេពាក់ព័ន្ធនឹងជំនួញឈើ ហើយបានបរិច្ចាគលុយជួយក្នុងការសាងសង់ផ្លូវថ្នល់ សាលារៀនក៏ពិតមែន ប៉ុន្តែលោកបានចាត់ទុកការបរិច្ចាគទាំងនោះមិនគួរផ្សាភ្ជាប់នឹងការបង្ក្រាបបទល្មើសព្រៃឈើឡើយ។ ការទប់ស្កាត់ ឬបង្ក្រាបជំនួញព្រៃឈើ និងការបរិច្ចាគតិចតួចជួយដល់ការសាងសង់អ្វីមួយគឺត្រូវបែងចែកឲ្យដាច់ ដោយលោកជំរុញថ្នាក់ដឹកនាំត្រូវបង្ហាញឆន្ទៈឲ្យច្បាស់លាស់ក្នុងការទប់ស្កាត់ព្រៃឈើ ថាតើរកស៊ីឈើ ឬទប់ស្កាត់ព្រៃឈើ។ កុំការពារឈើនៅលើតែក្រដាស ការពារឈើតែមុនពេលបោះឆ្នោត ឬការពារឈើនៅពេលរុក្ខទិវា និងពេលជួបជាមួយម្ចាស់ជំនួយហើយប្រាប់ថាការពារព្រៃឈើដែរនោះ ។
លោកបញ្ជាក់ថា៖ «ខ្ញុំស្តាយធនធានធម្មជាតិត្រូវបានបំផ្លាញនៅក្នុងសម័យនេះតែម្តង»។
បើនិយាយពីការអភិវឌ្ឍរបស់ក្រុមហ៊ុនវិញ គឺខាងក្រុមហ៊ុនដែលចូលមកអភិវឌ្ឍក្នុងដីសម្បទានសង្គមកិច្ច ឬសេដ្ឋកិច្ច ពួកគេសម្លឹងឃើញតែផលប្រយោជន៍ពីព្រៃឈើ និងធនធានធម្មជាតិក្នុងដី។
លោក ឡេង អះអាងថា៖ «អ្វីដែលគេសម្លឹងមុនគេបំផុតគឺឈើតែម្តង ព្រោះឈើមានតម្លៃខ្លាំងណាស់។ យ៉ាងហោចណាស់ក៏គេអាចរកបាន ៣ លានទៅ ៥ លានដុល្លារក្នុងមួយថ្ងៃដែរច្រើនមែនទែន»។ ចំណូលរកបានពីជំនួញឈើដ៏ក្រាស់ក្រែលនេះគឺ លោកសំដៅតែទៅលើឈើដែលត្រូវបានដឹកចេញពី ៣ តំបន់ប៉ុណ្ណោះ គឺតំបន់ភ្នំព្រិចក្នុងខេត្តមណ្ឌលគិរី កន្ទុយនាគវីរជ័យក្នុងខេត្តរតនគិរីជាប់នឹងមណ្ឌលគិរី និងតំបន់សេសានក្នុងខេត្តស្ទឹងត្រែងជាប់នឹងខេត្តរតនគិរី។
សកម្មជនព្រៃឈើដ៏ល្បីលោក អ៊ូច ឡេង ក៏បានប្រដូចតំបន់ដែលគេរកស៊ីជំនួញឈើដោយសេរីនេះទៅនឹងទីក្រុងធំមួយដោយលោកហៅថាជា «ទីក្រុងកាប់ឈើ» ដែលមានកន្លែងកម្សាន្តខារ៉ាអូខេ មានផ្សារ ការ៉ាស់សាំង ហាងលក់ទូរស័ព្ទ ជាដើម។
(សូមរង់ចាំអានភាគបន្តនៅសប្តាហ៍ក្រោយ)