The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - លោក​ អ៊ូច ឡេង ពី​កូន​អ្នក​ធាក់ស៊ីក្លូ​ និង​សុំទាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ពិភពលោក

លោក​ អ៊ូច ឡេង ពី​កូន​អ្នក​ធាក់ស៊ីក្លូ​ និង​សុំទាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ពិភពលោក

Content image - Phnom Penh Post
ម្ចាស់​ពានរង្វាន់​លោក​ អ៊ូច ឡេង ពេល​ផ្តល់​បទសម្ភាស​ដល់​ភ្នំពេញ​ប៉ុស្តិ៍ ថ្ងៃ​ទី​ ១៣ មីនា​។ ហេង ជីវ័ន

លោក​ អ៊ូច ឡេង ពី​កូន​អ្នក​ធាក់ស៊ីក្លូ​ និង​សុំទាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ពិភពលោក

តពី​សប្តាហ៍​មុន...

កាលពី​សប្តាហ៍​មុន ភ្នំពេញ-ប៉ុស្តិ៍ បាន​លើក​យក​នូវ​វីរភាព​របស់​បុគ្គល​ក្លាហាន​ម្នាក់ គឺ​ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន​ពិភពលោក ឈ្មោះ​ អ៊ូច ឡេង ដែល​ជា​សកម្មជន​ការពារ​ព្រៃឈើ​ដ៏ល្បីល្បាញ ហ៊ាន​យក​ជីវិត​ទៅ​ផ្សារភ្ជាប់​នឹង​បេសកកម្ម​ងាយ​គ្រោះថ្នាក់​ក្នុង​ទិសដៅ​មួយ​ដើម្បី​ការពារ​ព្រៃឈើ​ដែល​កំពុង​ប្រឈម​នឹង​ភាព​អន្តរាយ​ហិនហោច ដោយសារ​តែ​មុខ​ជំនួញ​ឈើ​របស់​មហាសេដ្ឋី​ដែល​មាន​លុយ​វាល់​លាន​មួយ​ចំនួន​។

រឿងរ៉ាវ​ជីវិត​ពិត​ឬ​ប្រវត្តិ​សង្ខេប និង​បេសកកម្ម​ការពារ​ព្រៃឈើ​របស់​លោក ដែល​បាន​តស៊ូ​លះបង់​រហូត​បាន​ក្លាយ​ជា​បុគ្គល​ល្បី និង​ជា​ម្ចាស់​ពាន​ពិភពលោក​ទៀត​នោះ​ត្រូវ​បាន​លើក​យក​មក​ពិពណ៌នា​បន្ថែម​ទៀត​ក្នុង​សប្តាហ៍​នេះ​។ មាន​ប្រភព​ចេញ​ពី​គ្រួសារ​ដែល​មាន​ឪពុកម្តាយ​ជា​អ្នកស្រែ ហើយ​មក​រស់នៅ​ដី​ក្រុង​នា​ទសវត្សរ៍​ ១៩៨០ ​ក្នុង​ជីវភាព​ក្រខ្សត់​លំបាក​លំបិន ដែល​ឪពុក​ជា​អ្នក​ធាក់ស៊ីក្លូ និង​ម្តាយ​ដើរ​សុំទាន​គេ​ទាំង​មាន​សតិ​មិន​គ្រប់​ដើម្បី​យក​មក​ចិញ្ចឹម​កូនៗ កុមារា​អ៊ូច ឡេង បាន​តស៊ូ​ប្រយុទ្ធ​នឹង​ភាព​ក្រក្រី​នេះ​តាមរយៈ​ការ​ខំប្រឹងប្រែង​រៀនសូត្រ​យ៉ាង​លំបាក​រហូត​ដល់​ពេញ​វ័យ​ក្លាយ​ជា​បុគ្គល​ជោគជ័យ​ជា​បន្តបន្ទាប់ និង​ឈាន​មក​ដល់​បច្ចុប្បន្ន​លោក​បាន​ក្លាយ​ជា​បុគ្គល​ដ៏ល្បី​ដែល​ទទួល​បាន​ពានរង្វាន់​វីរជន​បរិស្ថាន​ពិភពលោក​ផ្នែក​ការពារ​ព្រៃឈើ​នៅ​កម្ពុជា​ដែល​ជា​មោទនភាព​បំផុត​សម្រាប់​គ្រួសារ​ក៏ដូចជា​សង្គមជាតិ​។

ពិតណាស់​ការព្យាយាម​តស៊ូ​រមែង​ទទួល​បាន​ផល​យ៉ាង​ណាមិញ​លោក​​ អ៊ូច ឡេង ដែល​ធ្លាប់​បាន​តស៊ូ​រស់នៅ​រៀនសូត្រ​យ៉ាង​លំបាក​ក្នុង​គ្រួសារ​ក្រីក្រ​មួយ​នោះ បច្ចុប្បន្ន​លោក​បាន​ហែល​ឆ្លង​មក​ដល់​ត្រើយ​សុភមង្គល​ហើយ​។ បើ​ទោះបី​ជា​ម្ចាស់​ពាន​រង្វាន់ ពិភពលោក​រូប​នេះ​មិនមែន​ជា​បុគ្គល​រស់នៅ​ក្នុង​ស្ថានភាព​គ្រួសារ​ហ៊ឺហារ​ស៊ីវីល័យ​ចាយ​ដុល្លារ​ពេញៗ​ដៃ ដូច​ក្រុម​គ្រួសារ​អ្នក​មាន​ស្តុកស្តម្ភ ឬ​ឧកញ៉ា​មួយ​ចំនួន​ក៏ដោយ ប៉ុន្តែ​សម្រាប់​ស្ថានភាព​គ្រួសារ​លោក​ អ៊ូច ឡេង នាពេល​បច្ចុប្បន្ន​នេះ​ធ្វើឲ្យ​លោក​អាច​រស់នៅ​បាន​ស្រួល​ និង​មាន​លទ្ធភាព​បន្ត​ការពារ​ព្រៃឈើ​ថែម​ទៀត​។

ជា​អ្នក​ជំនាញ​ខាង​តាមដាន​ឃ្លាំ​មើល​ទៅ​លើ​វិនាសកម្ម​ព្រៃឈើ​លោក​បាន​កត់សម្គាល់​ឃើញ​ថា រដូវប្រាំង​គឺជា​ឱកាស​ល្អ​សម្រាប់​ក្រុម​ឈ្មួញ​ក្នុង​មុខរបរ​ជំនួញ​ឈើ​របស់​ពួកគេ​ដែល​ត្រូវ​ដឹកឈើ​ចេញ​។ ចាប់ពី​ខែ​កញ្ញា ឬ​ខែ​តុលា ពួកគេ​បាន​ចូល​ទៅក្នុង​ព្រៃ​ដើម្បី​កាប់​ឈើ​ផ្តួល ហើយ​ពួកគេ​ចាប់ផ្តើម​ដឹកជញ្ជូន​ឈើ​ចេញ​ចាប់ពី​ខែ​តុលា​ដល់​ខែ​មេសា​។ ការ​សម្រុក​ដឹកជញ្ជូន​ចេញ​យ៉ាង​គគ្រឹកគគ្រេង​នោះ​គឺ​មុន​ចូល​ឆ្នាំ​ចិន និង​ក្រោយ​ចូល​ឆ្នាំ​ចិន​។

ក្រៅពី​នេះ​ថ្ងៃ​បុណ្យ​ ១០ ធ្នូ និង​ថ្ងៃ​បុណ្យ​ ៧ ​មករា ឬ​មុន ១-២ ​ថ្ងៃ​ក៏​ជា​ឱកាស​ដ៏ល្អ​ក្នុង​ការ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញ​ផង​ដែរ ព្រោះ​ថ្ងៃ​បុណ្យ​ជា​ថ្ងៃ​ឈប់​សម្រាក​សម្រាប់​មន្ត្រីរាជការ​ ឬ​បុគ្គល​នៃ​ស្ថាប័ន​នានា ប៉ុន្តែ​សម្រាប់​ក្រុម​ឈ្មួញ​រកស៊ី​ឈើ​មិនមែន​ជា​ថ្ងៃ​សម្រាក​របស់​ពួកគេ​ទេ តែ​នោះ​ជា​ថ្ងៃ​សម្រុក​ដឹកឈើ​របស់​ពួកគេ​។

ម្ចាស់​ពានរង្វាន់​ផ្នែក​អភិរក្ស​ព្រៃឈើ​រូប​នេះ​បញ្ជាក់​ថា​៖ ​«​គេ​បើក​ឱកាស​ឲ្យ​កាប់​តែ​ម្តង​។ ទៅ​ឃើញ​ហើយ​គេ​បើក​រកស៊ី​តែ​ម្តង​។ ទាល់តែ​ថ្នាក់​ជាតិ​គាត់​បើក​ភ្លើង​ខៀវ​ឲ្យ​បាន​ថ្នាក់​ក្រោម​គាត់​អាច​។ ព្រោះ​ថា​ការរកស៊ី​ឈើ​នេះ​សូម្បី​តែ​រដ្ឋាភិបាល​ក៏​ដឹង​ដែរ​វា​មាន​ការ​ពុករលួយ​លក្ខណៈ​ស៊ីចង្វាក់​ទៅ​ហើយ​»​។

លោក​ អ៊ូច ឡេង បន្ថែម​ថា​៖ «​បើសិន​ជា​មាន​ការ​បង្ក្រាប​ទាល់តែ​ចាប់ចង​ទាំងអស់​គ្នា​ព្រោះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​តាំង​ពី​ថ្នាក់ក្រោម​រហូត​ដល់​ថ្នាក់​ជាតិ​។ បើសិន​ជា​ថ្នាក់​លើ​មិន​បើក​ដៃ ថ្នាក់​ក្រោម​ក៏​មិន​បណ្តោយ ហើយ​បើ​ថ្នាក់​ក្រោម​មិន​បណ្តោយ​ក៏​អត់​មាន​អ្នក​ណា​ចូល​កាប់​ឈើ​ដែរ​»​។

ជុំវិញ​ជំនួញ​ឈើ​ដែល​ដំណើរការ​បាន​យ៉ាង​រលូន ដោយ​មិន​មាន​ការរំខាន​ដល់​សមត្ថកិច្ច​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល បើ​តាម​លោក​ អ៊ូច ឡេង ដែល​អះអាង​ថា បាន​ចុះ​ផ្ទាល់​ជួប​ជាមួយ​មេការ​ក្រុមហ៊ុន​រកស៊ី​កាប់​ឈើ គឺថា​ដំណើរការ​ដឹកឈើ​ប្រព្រឹត្ត​ទៅ​យ៉ាង​ស្រួល​នោះ ដោយសារ​តែ​ឈ្មួញ​ឈើ​បាន​សូកប៉ាន់​ដល់​មន្ត្រី​ពាក់ព័ន្ធ​នៅ​គ្រប់​ស្ថាប័ន​តាំងពី​ថ្នាក់​ក្រោម​ដល់​ថ្នាក់​លើ​។

ឈ្មួញ​ឈើ​ដែល​បាន​និង​កំពុង​រកស៊ី​យ៉ាង​កាក់កប​នេះ​គឺជា​ឈ្មួញ​មុខ​ដដែលៗ ដែល​អ្នក​ខ្លះ​ពី​មុន​មក​ធ្លាប់​បាន​ឈប់​រកស៊ីរ​បរកាប់​ឈើ​លក់​នេះ​ដែរ ប៉ុន្តែ​ដល់​ឥឡូវ​បែរ​ជា​វិល​មក​ប្រកប​មុខរបរ​នេះ​វិញ​ដដែល​ដោយសារ​ថា ជំនួញ​ឈើ​ជួយ​ឲ្យ​ពួកគេ ឆាប់​ក្លាយ​ជា​អ្នក​មាន​បាន​ឆាប់ ដែល​មិន​មាន​មុខរបរ​អ្វី​ជួយ​ឲ្យ​ពួកគេ​ក្លាយ​ជា​អ្នក​មាន​លឿន​ជាង​មុខរបរ​រកស៊ី​ឈើ​នេះ​ទេ​។

លើស​ពី​នេះ​លោក​ក៏​បាន​បង្ហើប​ថា​ឈ្មួញ​ឈើ​ធំៗ​មួយ​ចំនួន​ដែល​កំពុងតែ​កាក់កប​នឹង​ជំនួញ​ឈើ​របស់​ពួកគេ​សុទ្ធ​តែ​មាន​តួនាទី​ខ្ពស់ៗ​នៅក្នុង​រដ្ឋាភិបាល​។ ពួកគេ​កាប់​ឈើ​បង្កើត​ដេប៉ូ​ឈើ​ក្នុង​តំបន់​ការពារ និង​ដឹក​ចេញ​តាម​ច្រករបៀង​ចូល​ទៅ​វៀតណាម​យ៉ាង​គគ្រឹកគគ្រេង ដោយ​ឃុបឃិត​ជាមួយ​មន្ត្រី​តាម​ច្រក​ព្រំដែន​។ ដោយ​មាន​ការហាមឃាត់​មិន​ឲ្យ​ចូល​ឧទ្យាន​ជាតិ ដែល​ជា​ឧទ្យាន​ជាតិ​សម្រាប់​ទាំងអស់​គ្នា​លោក​ អ៊ូច ឡេង កត់សម្គាល់​ឃើញ​ថា មូលហេតុ​ដែល​គេ​ហាមឃាត់​នេះ​គឺ​ដោយសារ​តែ​មាន​គេ​កាប់​ឈើ​នៅ​ក្នុង​ឧទ្យាន​ជាតិ​នោះ​។ មាន​យួន​រាប់រយ​នាក់​កំពុង​ពួន​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ទៅ​វៀតណាម​យ៉ាង​គគ្រឹក​គគ្រេង​។

លោក​ថា​៖ «​ខ្ញុំ​ហ៊ាន​និយាយ​ពីព្រោះ​ខ្ញុំ​មាន​ភ័ស្តុតាង​មាន​វីដេអូ មាន​រូបភាព​ដែល​អ្នក​ទាំង​នោះ​កំពុង​តែ​កាប់បំផ្លាញ​ព្រៃឈើ​ហើយ​ដឹកជញ្ជូន​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​ធ្វើឲ្យ​យើង​បាត់បង់​ចំណូល​បាត់បង់​ធនធាន​ធម្មជាតិ​»​។

លោក​ថ្លែង​ថា​៖ «​អត់​មាន​បំណង​វាយប្រហារ​រដ្ឋាភិបាល​ទេ​។ ខ្ញុំ​និយាយ​អំពី​ការពិត ការពិត​យ៉ាងម៉េច បើ​គេ​ដឹកជញ្ជូន​ឈើ​មុខ​ខ្ញុំ​មិន​ឃើញ​។ ខ្ញុំ​ឃើញ​ខ្ញុំ​និយាយ ខ្ញុំ​រាយការណ៍​ដើម្បី​ឲ្យ​គេ​ដឹង​ទាំងអស់​គ្នា ហើយ​រដ្ឋាភិបាល​គាត់​ក៏​ដឹង​ដែរ ប៉ុន្តែ​គាត់​ធ្វើ​មិន​ដឹង​គាត់​មិន​ចាត់វិធានការ​អាហ្នឹង​ជា​រឿង​របស់​គាត់​។ ប៉ុន្តែ​ខ្ញុំ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ​មួយ​រូប​ខ្ញុំ​ត្រូវ​តែ​មើលឃើញ ខ្ញុំ​ត្រូវ​តែ​និយាយ ខ្ញុំ​ត្រូវ​តែ​បង្ហាញ​ភ័ស្តុតាង បង្ហាញ​អំពី​ការរកស៊ី​ឈើ​ជា​ចង្វាក់ អំពី​អំពើ​ពុករលួយ​ក្នុង​ជំនួញ​ឈើ​»​។

បើ​តាម​លោក​ អ៊ូច ឡេង នៅឯ​បាត​អាង​នៃ​តំបន់​សេសាន​ដែល​ជា​ទីតាំង​កាប់​ឈើ​ដ៏ធំ​នោះ​ត្រូវ​បាន​ការពារ​យ៉ាង​តឹងរ៉ឹង​បំផុត​។

លោក​ឲ្យ​ដឹង​ថា​៖ «​ខ្ញុំ​ជួនកាល​បន្លំ​ខ្លួន​ដូច​ជា​អ្នក​រកស៊ី​ឈើ​ដែរ ដើម្បី​ទៅ​យក​ព័ត៌មាន​ពិតប្រាកដ ហើយ​យើង​ជួនកាល​ហែល​ទឹក លូន​តាម​ព្រៃ​ជាដើម​ទៅ​។ ជួនកាល​យើង​ធ្វើ​ដំណើរ​ជាមួយ​អ្នក​បើកឡាន​ [​ដឹកឈើ​] ជាមួយ​កម្មករ​រកស៊ី​ឈើ​ដើម្បី​ទៅ​យក​ព័ត៌មាន​ផ្ទាល់​។ បើសិន​ជា​គេ​ឆែក​ឃើញ​កាមេរ៉ា គឺ​គេ​បាញ់​ចោល​តែ​ម្តង អាហ្នឹង​វា​ជា​ទ្រឹស្តី​គេ​ឲ្យ​តែ​ចាប់​បាន​គេ​បាញ់​ចោល​ហើយ​។ នៅ​កណ្តាល​ព្រៃ​គេ​មិន​គិត​អំពី​ច្បាប់ មិន​គិត​អំពី​សិទ្ធិ​មនុស្ស​»​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​អ៊ីចឹង វា​ជា​ការ​ប្រឈមមុខ​ដល់​អាយុ​ជីវិត​ខ្លាំង​ណាស់​សម្រាប់​រូប​ខ្ញុំ​ក៏​ដូចជា​ក្រុម​ការងារ​ខ្ញុំ​ទាំង​មូល​។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​យើង​ត្រូវ​តែ​លះបង់​ត្រូវ​តែ​ក្រាញននៀល​ដើម្បី​ព្យាយាម​យក​ព័ត៌មាន​ពិតប្រាកដ​អំពី​ការកាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​បាន​ដឹង​ក៏ដូចជា​ឲ្យ​ពិភពលោក​ជួយ​ទប់ស្កាត់​»​។

​(​សូម​រង់ចាំ​អាន​ភាគ​បន្ត​សប្តាហ៍​ក្រោយ​)​

អត្ថបទគួរចាប់អារម្មណ៍