លោក សុខ សុគន្ធ ហៅ ​ជែម សុខ ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​​សហ​រដ្ឋ​អាមេរិក ហើយ​តែង​តែ​ធ្វើ​ការ​ជជែក​ផ្សាយ​បន្ត​ផ្ទាល់​នៅ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ដែល​ធ្វើ​ឲ្យ​មាន​ការ​​រិះ​គន់​ផង​និង​គាំទ្រ​លោក​ផង​នោះ​​បា​ន​ណែ​នាំ​ខ្លួន​លោក​ទៅ​តាម​ការ​សាក​សួរ​របស់​ភ្នំពេញ​ប៉ុស្តិ៍ ​និង​​បាន​ប្រាប់​ពី​អ្វី​ដែល​លោក​បាន​ធ្វើ​និង​កំពុង​ធ្វើ​ដែល​មាន​ខ្លឹម​សា​​រដូច​ខាង​​ក្រោម​៖

១-​ជា​ដំបូងសូម​លោក​ណែ​​នាំ​ខ្លួន​ដោយ​ខ្លី។

ខ្ញុំ កើត​នៅ​ខេត្ត​កណ្ដាល​ ពេល​ធំ​​បាន​ចូល​រៀន​នៅ​បាត់​ដំបង​។ បាន​សិក្សា​ជំនាញ​ខាង​វិជ្ជា​គណិ​តូបកម្ម​ទាំង​កម្ម​វិធី​និង​គ្រឿង​ប្រដាប់​កុំ​ព្យូ​ទ័រ។ ពិសោ​​​ធលើ​វិស័យ data processing, programing, networking, and admin ចំនួន​ជាង ២៥ ឆ្នាំ។ បន្ទាប់​មក​សិ​ក្សា​ខាង​វិជ្ជា​ចាត់​ការ​លក់​រាយ និង​ចាត់​ការ​ខាង​ផលិត​ផល​ប៉េ​​ត្រូល​​។ ​ពិសោធ​ច្រើន​​យ៉ាង​លើ​កិច្ចការ​អភិបាល​លើ​ធន​ធា​ន​​មនុស្សនិង​ចាត់ការ​ជំនួញ​។ ចំ​​ណូល​ចិត្ត​លើ ប្រវត្តិ​សា​ស្ដ្រ សិ​ក្សា​ស្រាវ​ជ្រាវ​ច្រើន​ឆ្នាំ​ក្រៅ​សាលា​។

២-លោក​ឧស្សាហ៍​ចែក​រំលែ​​​​ក​​បទ​ពិសោធ និង​ការ​យល់​ឃើញ​របស់​លោក​នៅ​លើ​​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​លើ​ប្រធាន​បទ​ផ្សេង​ៗ​មិន​ថា ​បញ្ហា​​សង្គម ​ឬ​នយោបាយ។ តើ​លោ​ក​មាន​គោល​បំណង​អ្វី​ក្នុង​ការ​​ធ្វើ​បែប​នេះ?

ខ្ញុំជា​ខ្មែរ​ដំបូង​បង្អស់​ ក្នុង​ពិភព​លោក​ ដែល​ប្រើភាសា​ខ្មែរ​ក្នុង Discussion e-mail group, web group, chat clients like yahoo.com and paltalk.co​m រហូត​ដល់ Faceboo, Twtter, Telegram​s ​។ល​។ ជា​មនុស្ស​បបួល​សន្ទនា​អំពី​សង្គម​តាំង​ពី​​រវាង​ពាក់​កណ្ដាល​ទសវត្ស​រ៍ទី​ ៩០ ​មកម្ល៉េះ។ គោល​ដៅ​ខ្ញុំ​គឺ ស្វែង​យល់ពី​​បញ្ហា​សង្គម និងចែក​ចាយ​​គំនិត​ប្លែកៗ ដែល​មិន​ចាំ​បាច់​ជា​គំនិត​របស់​ខ្ញុំ។

៣-តើ​លោក​យល់​ឃើញ​យ៉ាង​ណា​ចំពោះ​​ខ្លួន​ឯង បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្នក​វិភាគ​ផ្សេង​ទៀត?

ខ្ញុំ​មិន​មែន​អ្នក​វិភាគ​ជំនាញ​ទេ​។ ខ្ញុំ​ជា​វាគ្មិន​ប្រជា​ប្រិយ​ច្រើន​​ជាង​។ ព្រោះ​វិភាគ​ទាម​ទារ​ខ្ញុំ​ធ្វើ​លំហាត់​ច្បាស់​លាស់ដែល​ខ្ញុំខ្ជិលធ្វើ។ដូច្នេះ​ ខ្ញុំ​មិន​អាច​ប្រៀ​ប​​ធៀប​ទៅ​លោក​អ្នក​ជំនា​ញ​ខាង​វិភាគ​អស់​នោះ​ឡើយ។ អ្វី​​ដែល​ខ្ញុំ​បញ្ចេញ​មតិ​យោបល់​គឺ​ជា​ពិសោធន៍ និង​ការ​ចេះ​ដឹង​ជា​ឱរ៉ាល់​របស់​ខ្ញុំ។

៤-ក្នុង​ការ​វិភាគ​របស់​លោក លោក​ហាក់​ដូច​ជា​វាយប្រហារ​ទៅ​លើ​លោក​ សម រង្ស៊ី ច្រើន​ជាង​វាយប្រហារ​ទៅ​លើ​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។ តើ​លោក​អាច​ពន្យល់​ពី​​ការ​សម្រេច​ធ្វើ​ដូច្នេះបាន​ទេ?

រឿងរិះគន់​លោក​សម​រង្ស៊ី​ព្រោះ​​​ខ្ញុំ​ចង់​ឃើញ​គាត់​ ប្រឹ​ង​​ធ្វើ​ការ​កុំ​ភូ​ត និង​កុំ​ទំនើង​វាយ​ឫក​ពេក។​ ម្យ៉ាង​និន្នាការ​នយោ​បាយ​ មិន​ត្រូវ​កុហក​ប្រជា​ជន​ទេ។ ខ្មែរ​ត្រូវ​ការ​អ្នក​នយោបាយ​ស្មោះ​ត្រង់ រាបសា និងមាន​និន្នាការ​ច្បាស់​លាស់។ ខ្មែរ​មិន​ត្រូវ​ការមនុស្ស​​​ មក​បោក​លោក​គ្រប់​ទិស​ទេ​។ ខ្ញុំមិន​បាន​វាយ​គាត់​ទេ តែ​រិះគន់​នយោ​បាយ​គាត់​មិន​ដាច់ រហូត​ដល់​បាន​ជោគ​ជ័យ​មួយ​កម្រិត។

៥-កាល​ពី​ថ្ងៃ​ទី​១១ មករា កន្លង​ទៅ​លោក​ ហ៊ុន សែន បា​ន​​សរសើរ​លោក​ថា​ លោក​វិភាគ​ត្រូវ។ តើ​លោក​មាន​អារម្មណ៍​យ៉ាង​ណា​ចំពោះ​ការ​សរសើរ​នេះ​?​ តើ​លោក​គិត​ថាការ​សរសើរ​​​​​​​​នេះ​ដោយ​សារ​តែ​លោក​នៅ​ខា​ង​​លោក ហ៊ុន សែន ​មែន​ទេ?

រឿង​លោក ហ៊ុន សែន សរ​​សើរ​គឺ​ជា​កាំបិត​មុខ ​២។ ខ្ញុំ​ភិត​ភ័យ​ច្រើន​ជាង​ត្រេក​អរ ឬស៊ីជោរ។ ខ្ញុំ​ក៏​ត្រូវ​ប្រឹង​ជូន​គំនិត​ទៅ​គាត់​ ដើម្បី​គោល​ដៅ​មហា​ជន​ ហើយ​ក៏ចង់​សម្ដែង​ភាព​ស្មោះ​ត្រង់​ លើការ​រិះគន់​រាជ​រដ្ឋា​​ភិបាល​ជាពិសេសគឺ​រូបគាត់​។​ នេះ​មិន​បាន​សេចក្ដី​ថា​ ខ្ញុំ​អែប​អប​គាត់​ទេ។ ហេតុ​នេះខ្ញុំ​ដាក់លក្ខ-​​​ខណ្ឌ​ជាស្រេច​ថា (១) មិន​ធ្វើ​នយោបាយ (២ )​មិន​វិល​ទៅ​រស់​នៅ​កម្ពុជា (៣) មិន​ត្រូវការ​រង្វាន់​ (៤) មិន​ទទួល​ឋានៈរាជ​ការ។ប៉ុណ្ណឹង​គិត​ថា​ គ្រប់​គ្រាន់​។

៦-តើ​​ការ​សរសើរ​របស់​លោ​ក​ ហ៊ុន សែន ​នេះ​ មាន​ឥទ្ធិពល​យ៉ាង​ណា​ លើ​ការ​វិភាគ​របស់​លោក?

ការ​សរសើរ​ពី​លោក ហ៊ុន​ សែន ជួយ​ខ្ញុំ​ផងបំផ្លាញ​ខ្ញុំ​ផង​។ តែ​ជា​ការ​ប្រថុយ​របស់​មនុ​ស្ស​យើង។ លោក​បាន​ជួយ​ឲ្យ​គេ​គិត​ពិចារណា​សម្ដី​ខ្ញុំ​ ថា​តើ​និយាយ​ត្រឹម​ត្រូវ និង​មាន​ហេតុផល​ឬ​ទេ? ហើយ​ក៏​បង្ហាញ​ថា ​លោក ហ៊ុន ​សែន ជា​មនុស្ស​មាន​សុភ​វិនិច្ឆ័យ​យ៉ាង​ណា​? ​ចំណែក​បំផ្លាញ គឺ​ខ្ញុំ​ត្រូវ​គេ​វាយ ជេរ បន្ទោស​ចោទ​ ដាក់​ស្លាក​លាប​ពណ៌ ដែល​ខ្ញុំ​មិន​ចាំ​បាច់​តបត​ពេក​ទេព្រោះ​និយា​យ​​​ច្រើន​ហើយ​។ អ្វី​​ដែល​ខ្ញុំ​ប្រយ័ត្ន​ គឺ​ឆ្កែ​ខាំ​ក្រៅ​ស៊ីវិល័យ​សង្គម​។​ ជាពិសេស​មនុស្ស​មិន​ព្រម​ចេះ​សន្ទនា និង​ទទួល​នូវ​ទស្សន​ទាន​​។

៧-នៅ​ពេល​មួយ​នោះលោ​ក​​និយាយ​ថា លោក​ ហុក ឡងឌី អតី​ត​អគ្គ​ស្នង​ការ​នគរបាល​ជា​តិ​ ​​(ដែល​បាន​ទទួល​មរណភាព​ហើយ​នោះ) បាន​ឲ្យ​អាវ​លោក​មួយ​ មាន​តម្លៃ​ ១០០​ ដុល្លារ ប៉ុន្តែ​លោក​មិន​យក។ តើ​លោក​អាច​ពន្យ​ល់​​បាន​ទេ ​អំពី​ទំនាក់​ទំនង​របស់​លោក​​ជាមួយ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា?

លោក ហុក​ ឡងឌី ម​កប្រជុំ​នៅ​អាមេរិក​កាល​នោះ​ លោក​មក​ក្រុង​ញូវ​យ៉ក ហើយ​ខ្ញុំ​ក៏​បាន​ត្រូវ​គេ​ពឹង​រឿង​ជួល​សណ្ឋាគារ​ជូន​គណៈ​ប្រតិភូ។ លោកឌី ជួប​ខ្ញុំកាល​នោះ​ ហើយ​ខ្ញុំ​បាន​នាំ​លោក​ទស្សនា​អគារ​ world trade centers និង​បាន​ហូប​គុយ​ទាវ ​១ ​ពេល​។ គាត់​ពេញ​ចិត្ត​ឥរិយាបថ​មិន​អែប​អប​រប​ស់​​ខ្ញុំ និង​របៀប​គិត​។ មុន​គាត់​ចាក​ចេញ​វិល​ទៅ​វិញ គាត់​បាន​និយាយ​​ទូរស័ព្ទ​លា​ខ្ញុំ ហើយ​ប្រាប់​ថា ​គាត់​បាន​ទិញ​អាវ​មួយ​ជាកាដូជូន​ខ្ញុំ។ ខ្ញុំ​ក៏ឆ្លើយ​អរគុ​ណ​គាត់ ហើយ​មិន​បាន​ទៅ​យក​អាវ​នោះ​ទេ ព្រោះ​ខ្ញុំ​ជា​មនុស្ស​មាន​សមត្ថភាព​លុយ​កាក់ និង​​មិន​សូវ​ចូល​ចិត្ត​ទទួល​កាដូ​ទេ។ ម្យ៉ាង​នៅ​អាមេរិក​ មា​ន​គំនិត​ ethical value មួយ គេ​មិន​ទទួល​កាដូពី​មន្ដ្រី​បរទេ​ស ឬ​ក្នុង​កិច្ច​ការ​ទេ វា​បង្ហាញ​ភាព​ពុក​រលួយ​។

៨-តើ​លោក​មាន​គម្រោង​ត្រឡប់​មក​រស់​នៅ​កម្ពុជា​វិញ​ទេ​?

ខ្ញុំគ្មាន​បំណង និង គិត​ទុកថា ​មក​រស់នៅក​ម្ពុជា​ទេ។ តែ​បើម​ក​ធ្វើកិច្ច​ការ​មួយ​ភ្លែតៗ​ហ្នឹង​អាច​។

៩-តើ​លោក​មាន​អ្វី​ចង់​បន្ថែ​ម​​ទៀត​ទេ ក្រៅ​ពី​សំណួរ​ដែល​ខ្ញុំ​បាន​សួរ?

គ្មាន​ទេ និយាយ​ប្រាប់​ត្រង់​​ហើ​​យ​មិន​សូវ​ខ្វាយ​ខ្វល់​នឹង​​សាធា​រណៈ​ប្រតិកម្ម​ទេ​ព្រោះ​ការ​​​ពិត​ក្នុង​ខ្លួន​ខ្ញុំងាយ​ៗណា​ស់៕