The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​ផ្គត់​ផ្គង់​សម្ភារ​ក្មេង​នៅ​មាន​ឱកាស​ច្រើន

ការ​ផ្គត់​ផ្គង់​សម្ភារ​ក្មេង​នៅ​មាន​ឱកាស​ច្រើន

ការ​ផ្គត់​ផ្គង់​សម្ភារ​ក្មេង​នៅ​មាន​ឱកាស​ច្រើន

131115_12
លោក កេង ទិត្យភិរម្យ អគ្គនាយកហាងToys Me ផា លីណា

ភ្នំពេញៈ ការ​កើន​ឡើង​នៃ​សាលា​មតេ្តយ្យ​ឯកជន​នៅ ភ្នំពេញ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ផ្តល់​ឱកាស​ឲ្យ​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សម្ភារ​ក្មេង​លេង Toys&Me ឈរ​ជើង​ក្នុង​ទីផ្សារ​នៅ​ប្រទេស កម្ពុជា។ Toys & Me កំពុង​សម្លឹង​ឃើញ​ការ​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ឱពុក​ម្តាយ​សម័យ​ទំនើប។

លោក កេង ទិត្យភិរម្យ អគ្គ​នាយក​ហាង​លក់​សម្ភារ​ក្មេង​លេង​ឈាន​មុខ​គេ Toys & Me បាន​ឲ្យ​ដឹង​ថា ទីផ្សារ​ក្នុង​ការ​ផ្គត់​ផ្គង​សម្ភារ​ក្មេង​លេង​នៅ​តែ​មាន​សក្តានុពល​ខ្លាំង។

តើ​ក្រុមហ៊ុន Toys & Me ចាប់​ផ្តើម​ដោយ​របៀប​ណា?

Toys & Me កើត​ឡើង​នៅ​ឆ្នាំ ២០០៧ ជា​ពេល​ដែល​សាលា​មតេ្តយ្យ​ឯកជន​ចាប់​ផ្តើម​ច្រើន។ យើង​ឃើញ​ថា កង្វះ​ខាត​នៃ​ការ​ផ្គត់​ផ្គង់​សម្ភារ​ក្មេង​លេង​បែប​អប់រំ​ដល់​សាលា មាន​ការ​លំបាក។ សាលា​ទាំង​នោះ​ត្រូវ​ទៅ​ទិញ​ពី​ប្រទេស​ជិត​ខាង ពេល​នោះ​យើង​ផ្តោត​តែ​លើ​សម្ភារ​ក្មេង​លេង​បែប​អប់រំ​ប៉ុណ្ណោះ។ ចាប់​តាំង​ពី​ឆ្នាំ ២០០៨ យើង​ចាប់​ផ្តើម​បន្ថែម​សម្ភារ​ក្មេង​លេង​នៅ​ក្នុង​ហាង​ដើម្បី​ទាក់​ទាញ​អតិថិជន​ជា​ឪពុក​ម្តាយ។ ពេល​នោះ​យើង​ចាប់​ផ្តើម​ពន្យល់​ឪពុក​ម្តាយ​ពី​ប្រយោជន៍​នៃ​សម្ភារ​ក្មេង​លេង​ដែល​ជួយ​ដល់​ការ​លូត​លាស់ និង​ប្រាជ្ញា​ស្មារតី​ពួកគេ។ ការ​ខិតខំ​ប្រឹង​ប្រែង​របស់​យើង​ទទួល​បាន​លទ្ធផល​នៅ​ពេល​ដែល​ការ​លក់​កើន​ឡើង ១២០ ភាគរយ​ក្នុង​ឆ្នាំ ២០១២ ហើយ​យើង​រំពឹង​ថា នឹង​កើន​ឡើង​បន្ថែម​ទៀត​នៅ​ក្នុង​ឆ្នាំ​នេះ។

អ្វី​នាំ​ឲ្យ​មាន​កំណើន​នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ?

យើង​ត្រូវ​ក្រឡេក​មើល​មុន​ឆ្នាំ ២០០៧។ ឪពុក​ម្តាយ​ពេល​នោះ​គឺជា​អ្នក​ដែល​កើត​នៅ ១៩៧៩ ហើយ​បាន​ឆ្លង​កាត់​ការ​តស៊ូ​ក្នុង​ជីវិត​ក្រោយ​របប ប៉ុល ពត។ ដូច្នេះ​សម្ភារ​ក្មេង​លេង និយាយ​ចំពោះ​ពួក​គាត់​គឺជា ការ​ខ្ជះ​ខ្ជាយ​ថវិកា។ ពួក​គាត់​មិន​យល់​ពី​ប្រយោជន៍​របស់​វា ដែល​អាច​ជួយ​ដល់​ប្រាជ្ញា ស្មារតី របស់​ក្មេង​ឡើយ។ នៅ​ពេល​ដែល​គាត់​មក​ហាង​យើង​ដំបូង គាត់​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​បាន​ឃើញ​តម្លៃ​ខ្ពស់​ជាង​នៅ​តាម​ផ្សារ​។ យើង​ព្យាយាម​ពន្យល់​គាត់​ពី​សារ​ប្រយោជន៍​នៃ​សម្ភារ​ក្មេង​លេង​មាន​គុណភាព ដែល​មិន​ផ្ទុក​នូវ​សារធាតុ​ពុល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ក្មេង​។ ក្រោយ​ពី​បាន​ដឹង​ចំណុច​ទាំង​នេះ ឪពុក​ម្តាយ​ក្មេង​គាត់ ហ៊ាន​ចំណាយ។

Toys & Me មាន​ដំណើរការ​យ៉ាង​ណា​ដែរ​នៅ​ក្នុង​ទីផ្សារ?

នៅ​ពេល​ឥឡូវ​នេះ យើង​មិន​មាន​ការ​ប្រកួត​ប្រជែង​នោះ​ទេ។ មាន​អ្នក​ចែក​ចាយ​ផ្នែក​សម្ភារ​ក្មេង​លេង​នេះ ដែល​លេច​ធ្លោ​មួយ​ទៀត​ដែរ​នៅ​ក្នុង​ស្រុក ប៉ុន្តែ​ពួក​យើង​មាន​អតិថិជន ក្នុង​រង្វង់​ទីផ្សារ​ផ្សេង​គ្នា ដូច្នេះ មិន​មែន​ជា​បញ្ហា​នោះ​ទេ​។ ទី​ផ្សារ​របស់​យើង​គឺ​សំដៅ​រក​មហាជន មាន​ន័យ​ថា​នរណា​ក៏​អាច​ចូល​ហាង​របស់​យើង ហើយ​អាច​ចេញ​ទៅ​វិញ​ជាមួយ​សម្ភារ​ខ្លះ​ដែរ។ ទីនេះ​យើង​រក្សា​តម្លៃ​ឲ្យ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ប្រៀប​ធៀប​តម្លៃ ក្នុង​តំបន់ និង​ក្រៅ​ប្រទេស។

មក​ដល់​ពេល​នេះ យើង​ផ្គត់ផ្គង់​សម្ភារ​លេង ដល់​សាលា​ឯកជន​មិន​តិច​ជាង ៥០ នោះ​ទេ ហើយ​យើង​មាន​ហាង​ចែក​ចាយ​រហូត​ដល់ ៥ កន្លែង នៅ​ក្នុង​ទីតាំង​សំខាន់ៗ ក្នុង​ទីក្រុង ភ្នំពេញ។ យើង​ក៏​មាន​គម្រោង​ពង្រីក​ហាង​បន្ថែម ទាំង​នៅ​ខេត្ត និង​ទីក្រុង​។ យើង​ចង់​ក្លាយ​ជា​ហាង​ចែក​ចាយ​ដែល​ធំ​ជាង​គេ​បំផុត​នៅ កម្ពុជា នា​ពេល​អនាគត។

តើ​លោក​មើល​ឃើញ​អនាគត​ទីផ្សារ​ដូចម្តេច​ដែរ?

និយាយ​ពី​ទីផ្សារ​យើង​ឃើញ​មាន​ឱកាស​ច្រើន។ ទោះ​បី​ពេល​នោះ​មាន​ក្រុមហ៊ុន​មក​ពី​ក្រៅ​ក៏​ត្រូវ​គិត​ថា Toys & Me ជា​គូ​ប្រជែង​សំខាន់​ដែរ ព្រោះ​យើង​មាន​វត្តមាន​មុន​ពួក​គេ៕

អត្ថបទគួរចាប់អារម្មណ៍