
ភ្នំពេញៈ លោកស្រី Helen Brand ប្រធានសមាគម Chartered Certified Accountants (ACCA) បានមកដល់ កម្ពុជា ក្នុងសប្តាហ៍នេះក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនៅកម្ពុជាក្នុងបំណងពង្រឹងផ្នែកគណនេយ្យរបស់កម្ពុជា។ លោកស្រីរួមជាមួយនឹងតំណាងមកពីក្រុមប្រឹក្សាគណនេយ្យជាតិ (NAC) និងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាក្នុងកិច្ចខិតខំ ប្រឹងប្រែងក្នុងការបង្កើនទំនាក់ទំនងអន្តរជាតិ និងបណ្ដុះបណ្ដាលនៅក្នុងឧស្សាហកម្មគណនេយ្យ។
មានសមាជិក ACCA កម្ពុជាប៉ុន្មាននាក់នៅពេលបច្ចុប្បន្ន ដែលពួកគេនឹងទទួលបានសញ្ញាបត្របញ្ចប់ការសិក្សាពី ACCA និងអ្វីជាការចាំបាច់ក្នុងការបង្កើតអាជីពផ្នែកគណនេយ្យឲ្យ បានកាន់តែល្អប្រសើរនៅ កម្ពុជា?
មានសមាជិក ACCA ជិត ១០០ នាក់នៅកម្ពុជា ហើយយើងមាននិស្សិតជិត ២ ០០០ នាក់កំពុងបន្តការសិក្សានៅ ACCA។ ពួកគេចេញមកពីប្រភពនិងមានសញ្ញាបត្រផ្សេងៗគ្នា ហើយចង់ធ្វើការងារក្នុងការអនុវត្តជាក់ស្ដែងជាសាធារណៈ វិស័យឯកជន វិស័យសេវាហិរញ្ញវត្ថុព្រមទាំងវិស័យសាធារណៈផងដែរ។ ពួកគេនាំមកនូវតួនាទី និងអាជីពវិជ្ជាជីវៈរៀងៗគ្នា ក្រមសីលធម៌ និងសមត្ថភាពបច្ចេកទេសដែលការសិក្សានៅ ACCA បានផ្ដល់ឲ្យពួកគេហើយអនុញ្ញាតឲ្យពួកគេរួមចំណែកយ៉ាងមានប្រសិទ្ធភាពដល់អង្គការរបស់ពួកគេ និងទីបំផុតដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែទូលំទូលាយ។ នៅកម្ពុជាយើងជាដៃគូជាមួយនឹងវិទ្យាស្ថានគណនេយ្យករជំនាញនិង សវនករកម្ពុជា។ ក្នុងរយៈពេលមួយឆ្នាំកន្លងមក យើងបានមើលឃើញកំណើនសមាជិក ៩ ភាគរយ ហើយកំណើននិស្សិត ២ ភាគរយនៅ កម្ពុជា ប៉ុន្តែនៅមានការងារចំពោះមុខច្រើនក្នុងការបង្កើតមុខជំនាញ និងការកសាងសមត្ថភាពនៅក្នុងប្រទេសនេះ។
តើការធ្វើទស្សនកិច្ចរបស់អ្នកនៅកម្ពុជាជាចម្បងផ្ដោតលើការបង្កើនភាពជឿទុកចិត្ត និងទំនុកចិត្តក្នុងឧស្សាហកម្មគណនេយ្យកម្ពុជាឬ?
ការធ្វើទស្សនកិច្ចរបស់ខ្ញុំគឺដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់ ACCA ចំពោះកម្ពុជា និងការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនៅទីនេះ។ កម្ពុជានៅតែជាដៃគូមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិជ្ជាជីវៈ ពិសេសនៅក្នុងប្រទេស អាស៊ាន ហើយខ្ញុំចង់មកធ្វើទស្សនកិច្ចនៅកម្ពុជាដើម្បីទទួលបានទស្សនៈ ផ្ទាល់នៃការអភិវឌ្ឍវិជ្ជាជីវៈនៅកម្ពុជា។
តើអ្នកបានផ្ដល់ដំណោះស្រាយដល់រដ្ឋាភិបាលកម្ពុជាស្ដីពីការបរាជ័យនៅក្នុងអភិបាលកិច្ចសាជីវកម្មឬទេ?
បញ្ហានេះគឺត្រូវធ្វើបានយ៉ាងល្អបំផុតតាមរយៈការសម្លឹងមើលលើពិភពលោកខណៈយើងមើលឃើញការគ្រប់គ្រងសាជីវកម្មជាបញ្ហាក្នុងស្រុក និងពិភពលោក។ បើសម្លឹងមើលត្រឡប់ទៅក្រោយវិញ ACCA ជឿជាក់ថា ការគ្រប់គ្រងកិច្ចសាជីវកម្មមិនបានល្អគឺជាចំណុចកណ្ដាលនៃការបរាជ័យហិរញ្ញវត្ថុក្នុងឆ្នាំ ២០០៧/២០០៨ ក្នុងសេដ្ឋកិច្ចលោកខាងលិច។ យើងបានធ្វើការចាប់តាំងពីពេលនោះក្នុងការចែករំលែកការអនុវត្តជាក់ស្ដែងល្អបំផុតនៅក្នុងការគ្រប់គ្រងទាំងនៅក្នុងពាណិជ្ជកម្ម និងវិស័យសាធារណៈ។
តើវិស័យគណនេយ្យកែលម្អដូចម្ដេចដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ កម្ពុជា កាន់តែមានភាពល្អប្រសើរឡើង ពិសេសប្រព័ន្ធពន្ធដារបស់ខ្លួន?
យើងជឿជាក់យ៉ាងខ្លាំងថាគណនេយ្យមានគុណភាពខ្ពស់ របាយការណ៍ហិរញ្ញវត្ថុ និងការធ្វើសវនកម្មដើរតួនាទីដ៏សំខាន់នៅក្នុងដំណើរការសេដ្ឋកិច្ច។ ហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុមានគុណភាពល្អគឺមានសារៈសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានការរីកចម្រើន ដូចជាការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាការកែលម្អផ្លូវថ្នល់ និងផ្លូវរថភ្លើង ខែ្សកាបទូរគមនាគមន៍ និងសុវត្ថិភាពប្រព័ន្ធបង្ហូរទឹកនិងអគិ្គសនី។
មានទំនាក់ទំនងដ៏សំខាន់រវាងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអភិបាលកិច្ចដ៏រឹងមាំ និងរបាយការណ៍ហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពនៅក្នុងប្រទេស មានសេដ្ឋកិច្ចកំពុងរីកចម្រើន។ ឧទាហរណ៍ បើធនធានបានវិនិយោគក្នុងការដាក់បណ្ដាញទឹកនៅតាមទីកន្លែង មិនអាចធ្វើបានលទ្ធផលចុងក្រោយជាធម្មតាក្លាយជាផ្លូវគ្មានគោលដៅបាត់បង់ថាមពល និងការខូចខាតទូរគមនាគមន៍។ សម្រាប់អ្នកដែលវិនិយោគខាងពាណិជ្ជកម្មឯកជននៅក្នុងសេដ្ឋកិច្ចទាំងនេះក្របខណ្ឌរបាយការណ៍សាជីវកម្មមានភាពចាំបាច់។
តើក្រមសីលធម៌ និងជំនឿទុកចិត្តជាបញ្ហាសំខាន់នៅកម្ពុជាសម្រាប់ ACCA ឬទេ? ហេតុអ្វី?
ក្រមសីលធម៌គឺជាធាតុផ្សំដ៏សំខាន់នៃការក្លាយជាសមាជិករបស់ ACCA ដោយមិនគិតពីទីកន្លែង លក្ខណៈសម្បត្តិគ្រប់គ្រាន់របស់មនុស្សនោះទេ។ មុខវិជ្ជាជីវៈ និងក្រមសីលធម៌ត្រូវបានបង្កប់ក្នុងការបញ្ជាក់ពីលក្ខណៈសម្បត្តិ និងគ្រប់ការប្រឡង ប៉ុន្តែយើងក៏មានមុខវិជ្ជាជីវៈ និងមេរៀនក្រមសីលធម៌ដាច់ដោយឡែកពីគ្នា ដែលត្រូវបានផ្ដល់ជូនតាមអ៊ីនធឺណិតដើម្បីធ្វើតេស្ដនិស្សិត ស្ដីពីសមត្ថភាពក្នុងការយល់របស់ពួកគេនៃការវិនិច្ឆ័យក្រមសីលធម៌ដែលពួកគេនឹងត្រូវតែក្លាយជាគណនេយ្យករអាជីព។ វាគឺជាមេរៀនចាំបាច់ដែលពួកគេត្រូវតែបំពេញមុនពេលពួកគេ អាចត្រូវបានអនុញ្ញាតឲ្យចូលជាសមាជិក។
យើងជឿជាក់ថា ក្រមសីលធម៌គឺជាបញ្ហាដ៏សំខាន់ទូទាំងពិភពលោក។ វាគឺជាអ្វីដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នក្នុងការអនុវត្ត ពាណិជ្ជកម្មដើម្បីធានាឲ្យប្រាកដថា នឹងមានបញ្ហាតិចតួចបំផុត។
តើវិទ្យាស្ថាន ឬអង្គការអ្វីដែលលោកស្រីកំពុងធ្វើការនៅកម្ពុជាដើម្បីធានា ឲ្យបានប្រាកដថា ការអប់រំ និងសមត្ថភាពបានកែលម្អនៅក្នុងឧស្សាហកម្មនេះ?
ACCA សហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធសំខាន់ៗចម្រុះមួយចំនួននៅ កម្ពុជា ក្នុងការគាំទ្រដល់ការអប់រំ និងក្របខណ្ឌសមត្ថភាពហិរញ្ញវត្ថុ។ យើងសហការយ៉ាងជិតសិ្នទ្ធជាមួយក្រុមប្រឹក្សាគណនេយ្យជាតិ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា អាជ្ញាធរសវនកម្មជាតិ គណៈកម្មការមូលបត្រកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ។ យើងសហការយ៉ាងជិតស្និទ្ធជាមួយនឹងសាកលវិទ្យាល័យជាច្រើនព្រមទាំងភ្នាក់ងារពហុភាគីដូចជាធនាគារអភិវឌ្ឍន៍អាស៊ីនៅកម្ពុជាផងដែរ។
តើលោកស្រីធ្វើដូចម្ដេចក្នុងការកែលម្អឱកាសរបស់និស្សិតកម្ពុជាក្នុងការក្លាយជាសមាជិករបស់ ACCA?
ACCA សហការយ៉ាងជិតស្និទ្ធជាមួយដៃគូពីរនៅ កម្ពុជា គឺ CamEd Business School និង FTMS Global Cambodia។ យើងដឹកនាំកម្មវិធី «បណ្ដុះបណ្ដាលគ្រូបង្គោល» ជាទៀតទាត់ និងកិច្ចប្រជុំក្រៅផ្លូវការជាមួយដៃគូ ព្រមទាំងសាកលវិទ្យាល័យជាច្រើនក្នុងការកែលម្អអត្រាប្រឡង ជាប់សម្រាប់និស្សិតក្នុងការបន្តការសិក្សាថ្នាក់ ACCA និងកែលម្អសមត្ថភាពបង្រៀននៅក្នុងប្រទេសនេះផងដែរ៕ PB