
ភ្នំពេញៈ វិស័យបច្ចេកវិទ្យាសារគមនាគមន៍ និងព័ត៌មាន របស់កម្ពុជានឹងអាចមានកំណើនឆាប់រហ័សក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ប៉ុន្តែបញ្ហាប្រឈមនៅតែមានដដែល មុនពេលដែលវិស័យនេះអាចសម្រេចបានសក្ដានុពលពេញលេញរបស់ខ្លួនក្នុងឆ្នាំ ២០២០។ នេះបើយោងតាមលោក កេន ចាន់ថន ប្រធានសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានកម្ពុជា។ លោកបន្តថា Koika ជាអង្គការប្រទេស កូរ៉េខាងត្បូង កំពុងសហការជាមួយក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ស្ដីពីសេចក្ដីព្រាងផែនការមេ ICT កម្ពុជា សម្រាប់ឆ្នាំ ២០១៤ រហូតដល់ឆ្នាំ ២០២០ ដែលនឹងជំរុញវិស័យទាំងមូលឲ្យកាន់តែឆ្ពោះទៅមុខ។
តើអ្វីដែលទប់ស្កាត់មិនឲ្យវិស័យនេះសម្រេចបានសក្ដានុពលពេញលេញរបស់ខ្លួននៅពេលនេះ?
ទីផ្សាររបស់ ICT នៅកម្ពុជានៅតូចនៅឡើយ។ ប្រាក់ចំណូលសរុបបានពីវិស័យនេះមានប្រហែល ១០០ លានដុល្លារអាមេរិក ប៉ុណ្ណោះបើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់ដែលមានប្រាក់ចំណូលកើនឡើងដល់រាប់រយពាន់លានដុល្លារអាមេរិក។ អ្នកប្រើប្រាស់អ៊ីនធឺណិតមានចំនួនតិចធ្វើឲ្យថ្លៃដើមកាន់តែខ្ពស់។ ខ្ញុំគិតថានៅពេលអ្នកប្រើប្រាស់អ៊ីនធឺណិតនៅកម្ពុជាកើនឡើងដល់ ជាង ៣ លាននាក់ ពេលនោះនឹងមានសង្ឃឹមច្រើនសម្រាប់ក្រុមហ៊ុនឯកជនក្នុងការរកបានប្រាក់ចំណូលក្នុងវិនិយោគនៅក្នុងឧស្សាហកម្ម ICT ។
បញ្ហា ផ្សេងទៀតនោះគឺកម្ពុជានៅខ្វះគោលនយោបាយ និងបទប្បញ្ញត្តិទាក់ទងជាមួយវិស័យ ICT។ យើងត្រូវការច្បាប់ដើម្បីការការពារផលប្រយោជន៍រួមសម្រាប់ វិស័យឯកជននៅក្នុងវិស័យនេះ និងដើម្បីធានាបាននូវក្រមសីលធម៌របស់អ្នកប្រើប្រាស់ដូចជា ច្បាប់ទាក់ទងនឹងទូរគមនាគមន៍ ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ល។ ធនធានមនុស្ស និងសមត្ថភាពនៅក្នុងជំនាញរបស់ IT នៅមានកម្រិត។ ហេដ្ឋារចនាសម្ព័ន្ធដែលរួមមាន ឧបករណ៍ទំនើបបែប ឌីជីថល និងខ្សែកាប អ៊ីនធឺណិត ជាដើម ត្រូវបានកម្រិតដល់អ្នកប្រើប្រាស់នៅក្នុងទីក្រុងនេះប៉ុណ្ណោះ។
ឧស្សាហកម្មរបស់ ICT មានសក្ដានុពលខ្ពស់នៅក្នុងវិស័យ SME ដោយសារពួកគេនឹងត្រូវការក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រង របស់ពួកគេ ប៉ុន្តែចំណេះដឹងពីរបៀបប្រើប្រាស់នៅមានកម្រិតហើយផលប្រយោជន៍ក្នុងការប្រើប្រាស់ ICT នៅលើពាណិជ្ជកម្មរបស់ពួកគេក៏បានធ្វើឲ្យមានកំណើនយឺតដល់វិស័យនេះផងដែរ។
តើវិស័យ ICT នៅកម្ពុជាបច្ចុប្បន្នមានស្ថានភាពយ៉ាងណាដែរ?
ថ្មីៗនេះវិស័យ ITC មានការអភិវឌ្ឍច្រើន។ មានក្រុមហ៊ុនជាច្រើនកំពុងបង្កើតឡើងដើម្បីផ្តល់ផលិតផល ICT និងសេវាដូចជា Software ការប្រឹក្សា និងកម្មវិធីសម្រាប់ទូរស័ព្ទចល័ត និងកុំព្យូទ័រ ព្រមទាំងផលិតជា Software សម្រាប់អតិថិជននៅក្រៅប្រទេសផងដែរ។ ឧស្សាហកម្មនេះកំពុងផ្តល់ឱកាសការងារកាន់តែច្រើនសម្រាប់និស្សិត IT។
អ្វីជាចំណាប់អារម្មណ៍នៅទីនេះគឺកម្ពុជាកំពុងផ្ដោតទៅលើការគ្រប់គ្រងតាមប្រព័ន្ធអ៊ីនធឺណិតរបស់រាជរដ្ឋាភិបាល។ ការគ្រប់គ្រងនេះកំពុងរៀបចំផែនការក្នុងការធ្វើសមាហរណកម្ម ប្រព័ន្ធ ICT នៅតាមក្រសួង ស្ថាប័នគ្រប់គ្រងទូទាំងប្រទេសដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រង ទិន្នន័យ ព្រមទាំងសេវាសាធារណៈដែលជាឱកាសដ៏ល្អមួយសម្រាប់ក្រុមហ៊ុននៅ ក្នុងឧស្សាហកម្ម ICT ដើម្បីផ្ដល់សេវាកម្ម និងផលិតផលរបស់ពួកគេ។
ទីផ្សារនេះនឹងកើនឡើងដោយសារតែយុវវ័យកម្ពុជានៅពេលនេះអាចអានភាសាអង់គ្លេស ហើយចង់ស្វែងយល់ពីបច្ចេកវិទ្យាដែលត្រូវបានគេផ្ដល់ឲ្យដូចជា ស្មាតហ្វូន និងការប្រើប្រាស់អ៊ីនធឺណិតយ៉ាងងាយស្រួល។
តើ ICT មានតួនាទីអ្វីនៅក្នុងវិស័យសេដ្ឋកិច្ច?
ICT ជួយបង្កើនផលិតភាព និងកំណើនសេដ្ឋកិច្ច។ សម្រាប់វិស័យឯកជន វាបង្កើនផលិតភាពសន្សំពេលវេលា និងកាត់បន្ថយការចំណាយ។ ដោយបំពាក់ឧបករណ៍ ICT ពួកគេធ្វើការងារបានកាន់តែរហ័ស ទំនាក់ទំនងបានកាន់តែល្អប្រសើរមានសុវត្ថិភាពក្នុងការគ្រប់គ្រងទិន្នន័យហើយដំណើរការទាំងមូលនឹងកាន់តែមានប្រសិទ្ធភាព។ ICT អនុញ្ញាត ឲ្យវិស័យឯកជនក្នុងការឆ្ពោះទៅមុខកាន់តែលឿនមានន័យថា វានឹងជួយបង្កើនកំណើនសេដ្ឋកិច្ចផងដែរ។
តើអ្វីជាការព្យាកររបស់លោកសម្រាប់ ICT ក្នុងឆ្នាំ ២០១៤?
វិស័យ ICT នឹងទទួលបានកំណើនខ្ពស់ក្នុងអំឡុងពេលធ្វើសមាហរណកម្ម សេដ្ឋកិច្ចអាស៊ាននាឆ្នាំ ២០១៥ ដោយសារតែក្រុមហ៊ុនជាច្រើននឹងអាចពង្រីកអតិថិជនទូទាំងប្រទេសក្នុងតំបន់អាស៊ាន។ ខ្ញុំគិតថាឧស្សាហកម្ម ICT នៅកម្ពុជានឹងអាចសម្រេចបាន សក្ដានុពលពេញលេញរបស់ខ្លួនក្នុងឆ្នាំ ២០២០ គឺនៅពេលធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងសមត្ថភាពភាសាត្រូវបានធ្វើឲ្យកាន់តែល្អប្រសើរឡើង។
មានការព្យាករថានឹងមានកង្វះអ្នកជំនាញខាង IT ចំនួន ១ លាននាក់នៅលើពិភពលោក ហើយការខ្វះខាតនេះនឹងកើនឡើងដល់ ១០ លាននាក់នៅក្នុងរយៈ ១០ ឆ្នាំទៀត។
កម្ពុជាគួរពិចារណាពីការវិនិយោគខាងធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធខាងវិស័យ ICT ហើយសេវានេះជាផ្នែកមួយនៃការធ្វើពិពិធកម្មដើម្បីជំរុញសេដ្ឋកិច្ចជាជាងការពឹងផ្អែកលើវិស័យសម្លៀកបំពាក់ និងស្បែកជើង ដែលពោរពេញទៅដោយហានិភ័យ។
ដើម្បីបង្កើតក្រុមហ៊ុន ICT គេត្រូវការចំណាយតិចជាងការបង្កើតរោងចក្រកាត់ដេរដល់ទៅ ៧០០ ដង ដោយគេគ្រាន់តែត្រូវការអ្នកដែលមានជំនាញធ្វើការខាង ICT ប៉ុណ្ណោះ។ Software គឺជាផលិតផលដែលមានតម្លៃខ្ពស់ និងអាចធ្វើឲ្យសេដ្ឋកិច្ចកើនឡើងបានយ៉ាងរហ័ស។
តើធ្វើយ៉ាងណាដើម្បីឲ្យវិស័យនេះរីកចម្រើនបន្ថែមទៀត?
អ្វី ដែលល្អនោះគឺកម្ពុជា មានអ្នកជំនាញផ្នែកព័ត៌មានវិទ្យាក្មេងៗដែលមានទេពកោសល្យកំពុង តែបង្កើតក្រុមដោយខ្លួនឯងសរសេរ Software លក់ដល់ក្រុមហ៊ុនតូចៗ។ ពួកគេមានគំនិតផ្តួចផ្តើមមានទាំងជំនាញ ប៉ុន្តែខ្វះប្រភពទុនដើម្បីបង្កើតជាស្ថាប័នមួយដែលអាចទទួលធ្វើគម្រោងធំៗ។អ្វីដែលយើងត្រូវការពេលនេះគឺការគាំទ្រពីរាជរដ្ឋាភិបាល។ ការបោះទុនលើហេដ្ឋារចនាសម្ព័ន្ធប្រសើរជាងនេះ មានតម្លៃថ្លៃ ដូច្នេះគួរតែមានការប្រមូលទុនរួមគ្នាពីអ្នកដែលពាក់ព័ន្ធដើម្បី ឲ្យការបណ្តាក់ទុនក្នុងវិស័យនេះទទួលបានប្រាក់ចំណេញ៕