The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កិច្ច​សម្ភាស​ពី​ការ​វិនិយោគ​ដំណាំ​ស្វាយ​របស់ ម៉ុង ឫទ្ធី គ្រុប

កិច្ច​សម្ភាស​ពី​ការ​វិនិយោគ​ដំណាំ​ស្វាយ​របស់ ម៉ុង ឫទ្ធី គ្រុប

កិច្ច​សម្ភាស​ពី​ការ​វិនិយោគ​ដំណាំ​ស្វាយ​របស់ ម៉ុង ឫទ្ធី គ្រុប

20140404_12
លោក ម៉ុង ចាន់ថុល កំពុងដើរពិនិត្យផ្លែស្វាយនៅក្នុងចម្ការ ហេង ជីវ័ន

ខេត្ត​ព្រះសីហនុៈ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើ​គម្រោង​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ប្រមាណ​ជិត ២ ម៉ឺន​ហិកតា បាន​ពង្រីក​ទំហំ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន​លើ​វិស័យ កសិកម្ម ជា​បន្ត​បន្ទាប់​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ផ្តើម​ចេញ​ពី​ដំណាំ​ដូង​ប្រេង ក្រុមហ៊ុន​បាន​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​លើ​ប្រភេទ​ដំណាំ​កៅស៊ូ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក ផ្ទៃ​ដី​ដាំ​ដុះ​ស្រូវ និង ដំណាំ​ស្វាយ​ជាដើម។ ខណៈ​ការ​ដាំ​ដុះ​ដំណាំ​ស្វាយ​កំពុង​កើន​ឡើង​នៅ កម្ពុជា ក្រុមហ៊ុន​បាន​សម្រេច​នា​ពេល​ថ្មី​នេះ​វិនិយោគ​លើ​រោងចក្រ​វេច​ខ្ចប់​ស្វាយ​ដើម្បី​នាំ​ចេញ​ទៅ​លក់​នៅ​ទីផ្សារ​អន្តរជាតិ។

អ្នក​យក​ព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ បាន​ជួប​ជាមួយ​លោក ម៉ុង ចាន់ថុល កូន​ប្រុស​លោក ម៉ុង ឫទ្ធី ដែល​ជា​អ្នក​គ្រប់​គ្រង​គម្រោង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក និង​ដំណាំ​ស្វាយ​របស់​ក្រុមហ៊ុន​ដើម្បី​សាកសួរ​ពី​ព័ត៌មាន​នានា ទាក់ទង​នឹង​គម្រោង​វិនិយោគ​លើ​រោងចក្រ​ថ្មី​នេះ។

ដំណើរការ​សាង​សង់​រោងចក្រ​វេច​ខ្ចប់​ស្វាយ​របស់​ក្រុមហ៊ុន​លោក​មាន​ការ​វិវឌ្ឍ​ដល់​ណា​ហើយ​មក​ទល់​ពេល​នេះ?

យើង​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ដៃគូ​វិនិយោគ​របស់​យើង​រួច​ហើយ ដើម្បី​ដំណើរការ​រោងចក្រ​វេច​ខ្ចប់​ស្វាយ​ដើម្បី​នាំ​ចេញ​នេះ។ គាត់​មក​ពី​ខាង សិង្ហបុរី ហើយ​គាត់​ជា​អ្នក​សហការ​ផ្តល់​បច្ចេកទេស និង​ស្វែង​រក​ទីផ្សារ​សម្រាប់​គម្រោង​នេះ​ខាង​យើង​ជា​អ្នក​សម្រប​សម្រួល​ប្រមូល​ទិញ​និង​ផ្គត់ផ្គង់​ស្វាយ។ យើង​កំពុង​ដំណើរការ​សាងសង់​រោងចក្រ និង​បំពាក់​ឧបករណ៍​បច្ចេកទេស​នានា​ដើម្បី​ដំណើរការ​រោងចក្រ។ រោងចក្រ​នេះ​វិនិយោគ​ដោយ​មាន​ទឹក​ប្រាក់​ប្រមាណ ២ លាន​ដុល្លារ​គឺ​ធ្វើ​ឡើង​ដើម្បី​វេច​ខ្ចប់​ស្វាយ​នាំ​ចេញ​ទៅ​លក់​លើ​ទីផ្សារ​អន្តរជាតិ។ បើ​តាម​គម្រោង​រោងចក្រ​នឹង​បញ្ចប់​រួច​រាល់​នៅ​ចុង​ឆ្នាំ​នេះ​ហើយ​នៅ​ឆ្នាំ​ដំបូង​យើង​គ្រោង​នឹង​នាំ​ចេញ​ស្វាយ​ប្រមាណ ៤ ០០០ តោន​មុន​នឹង​ពង្រីក​បន្ត​ទៀត​នៅ​ឆ្នាំ​បន្ទាប់។

តើ​រោងចក្រ​នេះ​នឹង​វេច​ខ្ចប់​តែ​ស្វាយ​ដែល​ក្រុមហ៊ុន​លោក​ដាំ​ទេ ឬ​ក៏​នឹង​ប្រមូល​ទិញ​ពី​កសិករ​ដែរ?

យើង​នឹង​ទិញ​ពី​កសិករ​ដែរ ប៉ុន្តែ​វា​អាស្រ័យ​លើ​ទំហំ និង​តម្រូវការ​នៅ​លើ​ទីផ្សារ​ជាក់ស្តែង។ ជា​ទូទៅ​កសិករ​យើង​ភាគ​ច្រើន​ពួក​គាត់​ដាំ​ស្វាយ «កែវ​រមៀត»។ ដូច្នេះ​ប្រសិន​បើ​ទីផ្សារ​គេ​គាំទ្រ​ស្វាយ​កែវរមៀត យើង​នឹង​ទិញ​ស្វាយ​នេះ​ពី​កសិករ​ដើម្បី​វេច​ខ្ចប់​នាំ​ចេញ។ យើង​នៅ​មិន​ទាន់​មាន​ពូជ​ស្វាយ​ដែល​ទីផ្សារ​ក្រៅ​ប្រទេស​គេ​ស្គាល់​ខ្លាំង​នៅ​ឡើយ​ទេ តែ​សម្រាប់​ប្រទេស​ដទៃ​ដូចជា តៃវ៉ាន់ ហ្វីលីពីន ថៃ ម៉ិកស៊ិក វិញ គេ​មាន​ពូជ​ស្វាយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្តរជាតិ​អាច​នាំ​ចេញ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​បាន​ប្រាក់​កម្រៃ​ច្រើន​ជាង​ការ​លក់​នៅ​ក្នុង​ស្រុក។ មាន​ការ​ខុស​ប្លែក​បន្តិច​ដោយ​សារ​ថា ទីផ្សារ​អន្តរជាតិ​គេ​ពេញ​និយម​ស្វាយ​ទុំ​ខណៈ​ការ​លក់​ស្វាយ​កែវ​រមៀត​របស់​យើង​កន្លង​មក​គឺ​ស្វាយ​ចាស់។

វា​ជា​ដំណឹង​ល្អ​មួយ​ព្រោះ​ថា មាន​កសិករ​ជាច្រើន​បាន​បង្កើន​ផ្ទៃ​ដី​ដាំដុះ​ដំណាំ​ស្វាយ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហើយ​ភាគ​ច្រើន​ជា​ប្រភេទ​ស្វាយ​កែវ​រមៀត។ កសិករ​ជាច្រើន​ក៏​បាន​លក់​ឲ្យ​ឈ្មួញ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​សម្រាប់​នាំ​ចេញ​រួច​ហើយ​ដែរ​តើ​ខុស​គ្នា​យ៉ាង​ដូចម្តេច​ពី​ឈ្មួញ​ដែល​ធ្លាប់​មាន​កន្លង​មក?

បើ​តាម​ខ្ញុំ​ដឹង ការ​កើន​ឡើង​ផ្ទៃ​ដី​ដាំ​ដុះ​ស្វាយ​កែវ​រមៀត​នា​ពេល​នេះ គឺ​ដោយ​សារ​កសិករ​ឃើញ​មាន​ទីផ្សារ និង​មាន​តម្រូវការ​ពី​ខាង វៀតណាម។ យើង​ក៏​មិន​មាន​ទិន្នន័យ​ពី​ផលិតកម្ម​ដែល​យើង​មាន​ជាក់ស្តែង​និង​ទំហំ​តម្រូវការ​ជាក់ស្តែង​ពី​ខាង​ឈ្មួញ វៀតណាម ដែរ។ ដូច្នេះ​សំណួរ​សួរ​ថា តើ​វា​មាន​អី​កើត​ឡើង​ប្រសិន​បើ​ខាង វៀតណាម គេ​ឈប់​ទិញ? តើ​យើង​នឹង​លក់​ឲ្យ​អ្នក​ណា​នៅ​ពេល​នោះ? ដូច្នេះ​ការ​កើន​ឡើង​នៃ​ផ្ទៃ​ដី​ដាំ​ដុះ​ស្វាយ​កែវ​រមៀត គឺថា​អ្វីៗ​មិន​ទាន់​ប្រាកដ​ប្រជា​នៅ​ឡើយ​ទេ។ យើង​ត្រូវ​ការ​រោងចក្រ​វេច​ខ្ចប់​ព្រោះ​ថា ស្វាយ​ដែល​យើង​ប្រមូល​ពី​កសិករ យើង​មិន​អាច​នាំ​ចេញ​ដោយ​ផ្ទាល់​ទេ។

យើង​ត្រូវ​លាង​សម្អាត​មេរោគ សម្អាត​ជាតិ​គីមី​ជា​មុន​សិន។ យើង​ត្រូវ​ធ្វើ​តាម​លក្ខខណ្ឌ​តម្រូវ​ទីផ្សារ​ដែល​គេ​យក​ចិត្ត​ទុក​ដាក់​ខាង​ផ្នែក​ភូតគាម​អនាម័យ សុវត្ថិភាព​ចំណី​អាហារ និង​ស្តង់ដារ​វេច​ខ្ចប់​ត្រឹម​ត្រូវ។ ម្យ៉ាង​ទៀត​ស្វាយ​ដែល​នាំ​ចេញ​ត្រូវ​បែង​ចែក​តាម​ទំហំ​ស្មើៗ​គ្នា។ ស្វាយ​កែវ​រមៀត​ដែល​កសិករ​យើង​មាន​គឺ​មាន​ជាតិ​គីមី​ច្រើន។ ដើម្បី​ទទួល​បាន​ស្ថិរភាព​តម្លៃ និង​ទីផ្សារ ការ​ដាំ​ស្វាយ​ដោយ​រើស​ពូជ​ស្វាយ​ដែល​មាន​គុណភាព​ល្អ​គឺ​មាន​សារៈ​សំខាន់​ណាស់។ ស្វាយ កែវ​ចិន ស្វាយ​ទុរេន ជាដើម​មាន​ស្ថិរភាព​ទីផ្សារ​ជាង ព្រោះ​វា​ជា​ប្រភេទ​ស្វាយ​ដែល​មាន​គុណភាព​ខ្ពស់​របស់​ខ្មែរ ហើយ​វា​មាន​រសជាតិ​ឆ្ងាញ់​ងាយ​លក់​ចេញ។ កន្លង​មក​នេះ​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប បាន​នាំ​ចូល​ពូជ​ស្វាយ «Irwin» មក​ដាំ​នៅ​ដី​ចម្ការ​របស់​ក្រុមហ៊ុន​នៅ ភូមិ​កែវផុស ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ដោយ​សារ​មាន​តម្លៃ​ខ្ពស់​នៅ​ទីផ្សារ ប្រទេស​កូរ៉េ ជប៉ុន និង ហុងកុង ជាដើម ហើយ​យើង​សង្ឃឹម​ថា វា​មាន​ស្ថិរភាព​តម្លៃ និង​ទីផ្សារ​ជាង។

តើ​រហូត​ដល់​ពេល​នេះ​ក្រុមហ៊ុន​លោក​មាន​ផលិតកម្ម​ទំហំ​ប៉ុនណា​ដែរ ទាក់​ទង​ស្វាយ Irwin នេះ?

ពូជ​ស្វាយ Irwin គឺជា​ស្វាយ​របស់ តៃវ៉ាន់ ដែល​ពេញ​និយម​ពី​អតិថិជន​នៅ​តាម​ហាង​ទំនើប​នានា ហុងកុង ជប៉ុន កូរ៉េ និង សិង្ហបុរី ជាដើម។ ពេល​នេះ​យើង​បាន​ដាំ​ប្រមាណ ៨ ម៉ឺន​ដើម​រួច​ហើយ ហើយ​នឹង​ពង្រីក​បន្ថែម ៥ ម៉ឺន​ដើម​ទៀត។ យើង​ក៏​គ្រោង​នឹង​ផ្តល់​ជូន​ពូជ​នេះ​ទៅ​កសិករ​ផង​ដែរ​នា​ពេល​ខាង​មុខ​នៅ​ពេល​ដែល​យើង​បាន​ដាំ​គ្រប់​គ្រាន់​ហើយ៕

អត្ថបទគួរចាប់អារម្មណ៍