
ភ្នំពេញៈ ពេលដែលកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ីនទ្រី បានបដិសេធមិនធ្វើការដោយទាមទារឲ្យមានការដំឡើងប្រាក់ខែគោលឲ្យបាន ១៥០ ដុល្លារនាពេលថ្មីៗកន្លងទៅនេះរាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងនយោបាយសំខាន់មួយរបស់ កម្ពុជា បានក្លាយជាទីតាំងដែលមានផ្ទុកសំរាមពាសវាលពាសកាល និងក្លិនស្អុយស្ទើរគ្រប់ទីកន្លែង។ បញ្ហាបានអូសបន្លាយពេលបីថ្ងៃក៏ត្រូវបានដោះស្រាយរួចរវាងភាគីកម្មករ និងនិយោគជក។ គំនរសំរាម និងក្លិនស្អុយនាពេលនោះ ជាការដាស់តឿនមួយដល់ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ឲ្យយកចិត្តទុកដាក់ចូលរួមដើម្បីរក្សាសោភណភាពរាជធានី។
លោក សេង សាវី ប្រធានក្រុមហ៊ុន ស៊ីនទ្រី (ខេមបូឌា) បានលើកឡើងថា ការសម្អាតទីក្រុងនៅតែជួបបញ្ហាប្រឈមជាច្រើននៅឡើយ។
តើបរិមាណសំរាមនៅភ្នំពេញមានការប្រែប្រួលយ៉ាងដូចម្តេចដែរពីមួយឆ្នាំទៅមួយឆ្នាំ?
ចំនួនកាកសំណល់មានការកើនឡើងជារៀងរាល់ឆ្នាំគឺក្នុងរង្វង់ ១៣ ភាគរយជាប្រចាំ។ សព្វថ្ងៃនេះ បរិមាណកាកសំណល់នៅទីក្រុង ភ្នំពេញ មានប្រហែល ១ ៤០០ តោនក្នុងមួយថ្ងៃ គឺកើនឡើងពី ៨០០ តោនក្នុងមួយថ្ងៃកាលពីឆ្នាំ ២០០២។
ប្រជាជននៅរាជធានីតែងរអ៊ូពីគុណភាពនៃការផ្តល់សេវាប្រមូលសំរាមនាពេលកន្លងមក។ តើលោកយល់យ៉ាងណាចំពោះការលើកឡើងនេះ?
យើងទទួលស្គាល់ គឺថា គ្រប់យ៉ាងនៅមិនទាន់ទទួលយកបាននៅឡើយទេ ពីការសំអាតទីក្រុងហ្នឹង។
ក្រុមហ៊ុន និងសាលារាជធានីបានសិក្សារយៈពេលប៉ុន្មានខែមកហើយ ដើម្បីកែទម្រង់ប្រព័ន្ធប្រមូលសំរាម និងការរៀបចំកាលវិភាគម៉ោងពេលដើម្បីដឹកជញ្ជូនសំរាមឲ្យបានល្អ។ ខ្ញុំជឿថា ពេលខាងមុខនឹងអាចដោះស្រាយបាន គឺនឹងល្អជាងហ្នឹង។
ទន្ទឹមនេះដែរប្រជាពលរដ្ឋត្រូវជួយសម្អាតទាំងអស់គ្នាត្រូវផ្លាល់ប្តូរទម្លាប់នៃការទុកដាក់សំរាមរាយប៉ាយ ដោយរៀបចំឲ្យមានសណ្តាប់ធ្នាប់ល្អសម្រាប់ភាពងាយស្រួលក្នុងការប្រមូល។
អ្វីជាបញ្ហាប្រឈមដែលក្រុមហ៊ុនលោកជួបប្រទះកន្លងមក?
យើងត្រូវដឹងថា តារាងតម្លៃដែលប្រជាពលរដ្ឋផ្តល់ឲ្យគឺមិនទាន់សមស្របនៅឡើយទេ។ តម្លៃ ១ ដុល្លារសម្រាប់អ្នករស់នៅផ្ទះជាន់ផ្ទាល់ដី និង ០,៨ ដុល្លារសម្រាប់ជាន់លើគឺវាទាបណាស់តម្លៃនេះនៅដដែល ហើយមិនត្រឹមប៉ុណ្ណោះ ប្រជាពលរដ្ឋដែលមិនទាន់ចូលរួមបង់ថ្លៃសេវាប្រមូលសំរាមនេះ នៅមានច្រើននៅឡើយគឺមានទាំងប្រជាពលរដ្ឋដែលជាអ្នកស្នាក់នៅធម្មតា និងម្ចាស់អាជីវកម្មផងដែរ។ បន្ថែមលើសពីនេះទៀតបញ្ហាទីតាំងចាក់ផ្ទុកសំរាមដែលជិតពេញទៅហើយរឹតតែជាបញ្ហាគួរឲ្យបារម្ភ។
អ្វីជាបញ្ហាចំពោះក្តីបារម្ភទាក់ទងនឹងទីតាំងផ្ទុកសំរាម?
យើងមានទីតាំងផ្ទុកសំរាមនៅខណ្ឌ ដង្កោ ដែលមានផ្ទៃដី ៣០ ហិកតា គឺជាទីតាំងផ្ទុកសំរាមតាំងពីឆ្នាំ ២០០៩ មក។ បើយោងតាមការស្មានរបស់យើងទីលាននេះនឹងពេញនៅប្រាំឆ្នាំខាងមុខ។
ឥឡូវនេះបញ្ហាទីលានផ្ទុកសំរាមជាបញ្ហាធំបំផុត។ តើនឹងមានអ្វីកើតឡើងនៅពេលដែលទីលាននេះពេញ តើយើងត្រូវដឹកទៅទុកនៅខេត្ត? តើក្រុមហ៊ុននឹងអាចទូទាត់ចំណូលចំណាយបានដោយរបៀបណាបើត្រូវដឹកសំរាមទៅផ្ទុកនៅឆ្ងាយ? បញ្ហាទីលានផ្ទុកសំរាមគឺជាអ្វីដែលគួរឲ្យបារម្ភបំផុតនាពេល នេះហើយយើងកំពុងសិក្សាពីលទ្ធភាពវិនិយោគលើរោងចក្រកែច្នៃ កាកសំណល់ដើម្បីធ្វើឲ្យទីតាំងផ្ទុកនេះអាចនៅបន្តបានយូរទៀត ប៉ុន្តែបញ្ហាមានច្រើនណាស់។
លោកអាចរៀបរាប់ពីអ្វីដែលរកឃើញពីការសិក្សានេះទេ?
អ្វីជាបញ្ហាគឺការប្រឈមមុខនឹងការខាតបង់ បើវិនិយោគលើការកែច្នៃសុទ្ធសាធមិនមានក្រុមហ៊ុនណាចង់ធ្វើទេ ទាល់តែរដ្ឋជួយឧបត្ថម្ភដូចជាការផ្តល់អនុគ្រោះពន្ធនានា។
កាកសំណល់ដែលចេញពីគេហដ្ឋានភាគច្រើនលើសលប់មិនអាចយកមកប្រើប្រាស់ដើម្បីកែច្នៃបានទេ។
ជាទូទៅសំណល់ដែលអាចប្រើបានសម្រាប់កែច្នៃប្រជាពលរដ្ឋមិនបោះចោលទេ គឺទុកលក់ឲ្យអេតចាយ។ ដូច្នេះកាកសំណល់ដែលអាចកែច្នៃបំប្លែងជាវត្ថុផ្សេងនៅសល់តិចតួចបំផុតដែលមិនអាចដំណើរការរោងចក្រកែច្នៃបាន៕ PB