The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុមហ៊ុន​អង្ករ​ថ្មី ១ មាន​មហិច្ឆតា​ដឹក​នាំ​ឧស្សាហកម្ម

ក្រុមហ៊ុន​អង្ករ​ថ្មី ១ មាន​មហិច្ឆតា​ដឹក​នាំ​ឧស្សាហកម្ម

ក្រុមហ៊ុន​អង្ករ​ថ្មី ១ មាន​មហិច្ឆតា​ដឹក​នាំ​ឧស្សាហកម្ម

20140425_13
លោក យ៉ន សុវណ្ណ ប្រធានក្រុមហ៊ុន Bayon Cereal ក្នុងបទសម្ភាសជាមួយភ្នំពេញ ប៉ុស្តិ៍ ម៉ៃ វីរៈ

ភ្នំពេញៈ កាល​ពី ខែ​មីនា រដ្ឋាភិបាល​បាន​ប្រកាស​បង្កើត​សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា ដើម្បី​ធ្វើ​ជា​តំណាង​ឧស្សាហកម្ម​នេះ​នៅ​ឆាក​អន្តរជាតិ។

ក្រោយ​ពី​បាន​ប្រកាស​បង្កើត​សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា អ្នក​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ព្រម​ព្រៀង​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​មួយ​រូប​ជា​ប្រធាន​ដែល​នឹង​ធ្វើ​ឡើង​នៅ ខែ​ឧសភា ខាង​មុខ​នេះ។ បេក្ខជន​ដែល​នឹង​ឈរ​ឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​រួម​មាន​លោក គិត ម៉េង លោក តែ តាំងប៉ លោក សុខ ពុទ្ធីវុធ និង លោក លឹម ប៊ុនហេង។

លោក យ៉ន សុវណ្ណ ប្រធាន​ក្រុមហ៊ុន Bayon Cereal ដែល​ទើប​តែ​ចាប់​ផ្តើម​មាន​ឈ្មោះ​នៅ​ក្នុង​ឧស្សាហកម្ម​អង្ករ​ក៏​ជា​បេក្ខភាព​ដែល​នឹង​ចូល​រួម​ប្រជែង​យក​តំណែង​ជា​ប្រធាន​ផង​ដែរ។ ខាង​ក្រោម​នេះ ជា​កិច្ច​សម្ភាស​ថា​តើ​ក្រុមហ៊ុន​ថ្មី​នេះ​នឹង​មាន​ផែនការ​ដូចម្តេច ដើម្បី​ចូល​រួម​ក្នុង​ឧស្សាហកម្ម​នេះ ហើយ​តើ​ហេតុអ្វី​បាន​ជា​លោក​ចូល​រួម​ប្រជែង​ជា​តំណែង​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា។

តើ Bayon Cereal ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ណា? មាន​ប្រតិបត្តិ​ការ​ដូចម្តេច​ដែរ?

Bayon Cereal ចាប់​ផ្តើម​នៅ ឆ្នាំ​២០១២ ដំណើរការ​ជា​អ្នក​នាំ​អង្ករ​ចេញ។ បច្ចុប្បន្ន ខ្ញុំ​មាន​ដៃ​គូ​ចែកចាយ នៅ​ប្រទេស​មួយ​ចំនួន​នៅ​សហភាព​អឺរ៉ុប ដូចជា អាល្លឺម៉ង់ ប៉ូឡូញ និង ស្វ៊ីស ជាដើម។ ការ​នាំ​ចេញ​របស់​ខ្ញុំ​នៅ​មាន​ទ្រង់​ទ្រាយ​តូច​នៅ​ឡើយ​ទេ។ នៅ​ក្នុង​រយៈ​ពេល ៣​ខែ ដំបូង​ដើម​ឆ្នាំ​នេះ ខ្ញុំ​ទើប​តែ​នាំ​ចេញ​បាន​ចំនួន​ជាង ២០០ តោន​ប៉ុណ្ណោះ។ ប្រតិបត្តិការ​នៅ​តូច​នៅ​ឡើយ ព្រោះ​ខ្ញុំ​ទើប​តែ​ចាប់​ផ្តើម។ ពេល​ដែល​ខ្ញុំ​កសាង​ទំនុក​ចិត្ត​ជាមួយ​អ្នក​ទិញ និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​បាន​ល្អ​ជាង​នេះ ខ្ញុំ​នឹង​អាច​ពង្រីក​ការ​នាំ​ចេញ​ឲ្យ​ធំ​ជាង​នេះ។ ខ្ញុំ​នាំ​ចេញ​ទាំង​អង្ករ​ក្រអូប និង​អង្ករ​ធម្មតា។

មុន​នឹង​ក្លាយ​ជា​អ្នក​នាំ​ចេញ តើ​លោក​មាន​តួនាទី​ជា​អ្វី​ដែរ? ហេតុ​អ្វី​បាន​ជា​ចាប់​អារម្មណ៍​ខាង​វិស័យ​ស្រូវ​អង្ករ?

បើ​និយាយ​ពី​ការ​សិក្សា ខ្ញុំ​គ្មាន​ជំនាញ​អ្វី​ទេ តែ​ខ្ញុំ​ធ្លាប់​ធ្វើ​ការ​នៅ​ក្រុមហ៊ុន តៃវ៉ាន់ មួយ​ដែល​មាន​តួនាទី​ជា​អ្នក​បញ្ជា​ទិញ និង​គ្រប់​គ្រង​ដំណើរការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​ដល់​អ្នក​បញ្ជា​ទិញ ចាប់ផ្តើម​ពី ឆ្នាំ​១៩៩៧។ ក្រុមហ៊ុន​នោះ​គេ​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ផលិតផល​កសិកម្ម អ៊ីចឹង​ខ្ញុំ​មាន​បទ​ពិសោធ​នាំ​ចេញ​តាម​រយៈ​ការងារ​នោះ។

ដើម​ហេតុ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មក​ពាក់ព័ន្ធ​នឹង​វិស័យ​អង្ករ​គឺ ដោយសារ​មាន​មិត្តភក្តិ [អ្នក​បញ្ជា​ទិញ] ថ្ងៃ​មួយ គាត់​សួរ​ខ្ញុំ​ថា មាន​លក់​អង្ករ​ឬ​ទេ។ ខ្ញុំ​ថា កម្ពុជា មាន​អង្ករ ហើយ​ខ្ញុំ​ឲ្យ​គេ​ផ្ញើ​ប្រភេទ​អង្ករ​ដែល​គេ​ចង់​បាន។ ខ្ញុំ​ទៅ​ទាក់​ទង​រោង​ម៉ាស៊ីន​ភ្លាម ហើយ​ខ្ញុំ​អាច​ផ្តល់​ទំនិញ​ឲ្យ​គេ​ទាន់​ពេល​វេលា​ក៏​ទុក​ចិត្ត​ធ្វើ​ការ​ជាមួយ​គ្នា​រហូត​មក។ ខ្ញុំ​ក៏​ចាប់​ផ្តើម​ជា​អ្នក​នាំ​ចេញ​ខ្លួន​ឯង។ ភរិយា​ខ្ញុំ​ក៏​ជា​អ្នក​លក់​អង្ករ​យូរ​ឆ្នាំ​ហើយ​ដែរ។

តើ​លោក​អាច​រៀបរាប់​ពី​ការ​វិវត្ត​របស់​ឧស្សាហកម្ម​ស្រូវ​អង្ករ​ចាប់​តាំង​ពី​រដ្ឋាភិបាល​ដាក់​ចេញ​គោល​នយោបាយ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​កាល​ពី ឆ្នាំ​២០១០ បាន​ទេ?

ចាប់​តាំង​ពី​មាន​គោល​នយោបាយ​ជំរុញ​ការ​នាំ​អង្ករ​ចេញ​មក ឃើញ​ថា វិស័យ​នេះ​រីក​ចម្រើន​ជា​លំដាប់។ រោង​ម៉ាស៊ីន​កិន​ស្រូវ​ឥឡូវ​ភាគ​ច្រើន​សុទ្ធ​តែ​បំពាក់​ដោយ​ឧបករណ៍​ទំនើប។ កសិករ​ក៏​មាន​ជីវភាព​ធូរធារ​ច្រើន​ដែរ។ គាត់​មាន​លទ្ធភាព​ប្រើ​ម៉ាស៊ីន​ច្រូត​កាត់។ ការ​នាំ​ចេញ​ក៏​បន្ត​កើន​ដែរ។ យើង​ឃើញ​ថា រដ្ឋាភិបាល​បាន​ជួយ​ជំរុញ​បាន​ច្រើន​ក្នុង​វិស័យ​នេះ។ ប៉ុន្តែ​នៅ​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ​នេះ ការ​នាំ​ចេញ​មាន​ការ​ធ្លាក់​ចុះ ដោយ​សារ​តែ​តម្រូវ​ការ​ទីផ្សារ​សកល។

ហេតុអ្វី​បាន​ជា​លោក​មាន​បំណង​ឈរ​ឈ្មោះ​ជា​បេក្ខភាព?

ខ្ញុំ​មើល​ឃើញ​សក្តានុពល​ឧស្សាហកម្ម​អង្ករ​ធំ​ធេង​ណាស់។ យើង​នៅ​ត្រូវ​ការ​ធនធាន​មនុស្ស​ច្រើន ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ចង់​ជួយ។ សព្វ​ថ្ងៃ យើង​ខ្វះ​អ្នក​រក​ទីផ្សារ។ យើង​ឃើញ​សព្វ​ថ្ងៃ​នេះ អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​មិន​ទាន់​បាន​ចងក្រង​គ្នា​នៅ​ឡើយ​ទេ។ ឧទាហរណ៍​នៅ​ពេល​ដែល​មាន​ការ​កុម្ម៉ង់​ទិញ​ក្នុង​ទ្រង់​ទ្រាយ​ធំ កម្ពុជា យើង​មិន​មាន​អ្នក​ណា​ហ៊ាន​ទទួល​នោះ​ទេ ព្រោះ​អត់​មាន​អ្នក​ធានា​ថា អាច​រក​បាន​គ្រប់​ចំនួន។ ជាក់ស្តែង ដូចជា​ការ​ដេញ​ថ្លៃ​អង្ករ​របស់ ហ្វីលីពីន ៨០ ម៉ឺន​តោន​ដែល វៀតណាម ទើប​ទទួល​បាន​អ៊ីចឹង។ អង្ករ​ធម្មតា​បាក់ ១៥ ភាគរយ​គេ​អាច​លក់​បាន​មួយ​តោន​តម្លៃ​ជាង ៤០០ ដុល្លារ។ តម្លៃ​ប៉ុណ្ណឹង កម្ពុជា យើង​ក៏​អាច​លក់​បាន​ដែរ តែ​យើង​មិន​ទៅ​ចូល​រួម​ដេញ​ថ្លៃ​នឹង​គេ​ព្រោះ​យើង​អត់​មាន​ក្រុម​ការងារ​ដែល​ទៅ​ចរចា​អាច​ធានា​ផ្តល់​អង្ករ​ឲ្យ​គេ​តាម​កាល​កំណត់​ដូច្នេះ​យើង​មិន​អាច​ចាប់​យក​ទីផ្សារ​ធំ​បាន។ យើង​មាន​អង្ករ​ល្អ ហើយ​មាន​គុណភាព។ យើង​អាច​ផលិត​បាន​តាម​ស្តង់ដារ​អន្តរជាតិ សឹង​តែ​ល្អ​ជាង​ប្រទេស​ជិត​ខាង​ទៅ​ទៀត ប៉ុន្តែ​យើង​ខ្លួន​ឯង​មិន​បាន​ដឹង​ថា យើង​អាច​ធ្វើ​ទៅ​បាន។ រោង​ម៉ាស៊ីន​យើង​នៅ​ខ្វះ​ព័ត៌មាន​អំពី​តម្រូវការ និង​ស្តង់ដារ​អង្ករ​ក្នុង​ទីផ្សារ​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​យើង​ចាញ់​ប្រៀប​គេ។ ខ្ញុំ​ចង់​ជួយ​តាម​រយៈ​ការ​ប្រមូល​ធនធាន​មនុស្ស និង​បង្កើត​ជា​ក្រុម​រឹងមាំ​មួយ​ដើម្បី​បំពេញ​ភាព​ខ្វះ​ចន្លោះ​ទាំង​នេះ។

លោក​យល់​យ៉ាង​ណា​ចំពោះ​បេក្ខជន​ផ្សេង​ទៀត​ដែល​កំពុង​ឈរ​ឈ្មោះ?

ចំពោះ​រឿង​នេះ ខ្ញុំ​ថា​វា​ជា​រឿង​ល្អ​ទេ។ ជា​អ្នក​ដឹក​នាំ សំខាន់​គឺ​ប្រកាន់​គោល​ការណ៍​រួម និង​មាន​ឆន្ទៈ​គិត​ប្រយោជន៍​រួម។ ចំណេះ​ដឹង​ក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ​នេះ គាត់​អាច​រៀន​សូត្រ​តែ​បន្តិច​គឺ​បាន​ហើយ។ វា​ជា​រឿង​ល្អ​សម្រាប់​អ្នក​នៅ​ក្នុង​ឧស្សាហកម្ម​នេះ ព្រោះ​គាត់​គ្មាន​រោង​ម៉ាស៊ីន​ខ្លួន​ឯង អ៊ីចឹង​គាត់​មក​នេះ​គឺ​មាន​បំណង​ចង់​ជួយ​យើង​ហើយ​ដោយ​មិន​គិត​ពី ប្រយោជន៍​ផ្ទាល់​ខ្លួន។ ណា​មួយ​គាត់​មាន​បទ​ពិសោធ​ដឹកនាំ​ក្រុមហ៊ុន​គាត់​ដំណើរការ​បាន​ជោគជ័យ គឺ​គាត់​មាន​សមត្ថភាព ទាំង​ផ្នែក​ភាសា និង​បទ​ពិសោធ​ដឹក​នាំ​ដែល​គ្រប់​គ្រាន់​ដើម្បី​ជំរុញ​វិស័យ​នេះ។ សម្រាប់​ខ្ញុំ បើ​គិត​ទៅ​មិន​មាន​ធនធាន​ដូចជា​គាត់​នោះ​ទេ តែ​ខ្ញុំ​គិត​ប្រយោជន៍​រួម​ជា​ធំ​ហើយ​ខ្ញុំ​ជឿ​ថា ខ្ញុំ​អាច​សហការ​ជាមួយ​អ្នក​ដែល​នៅ​ក្នុង​វិស័យ​នេះ​ដើម្បី​បង្កើន​ទីផ្សារ​សម្រាប់​អង្ករ កម្ពុជា នៅ​ទីផ្សារ​អន្តរជាតិ។ តាម​វិធីសាស្រ្ត​របស់​ខ្ញុំ អនុវត្ត​កន្លង​មក គឺ​ខ្ញុំ​នឹង​បើក​ចំហ​រវាង​អ្នក​បញ្ជា​ទិញ និង​រោង​ម៉ាស៊ីន មិន​លាក់​លៀម​ដើម្បី​ទទួល​បាន​ប្រយោជន៍​តាម​រយៈ​ការ​ធ្វើ​ជា​ឈ្មួញ​កណ្តាល​ទេ ព្រោះ​នោះ​ជា​ទីផ្សារ​របស់​គាត់។ ខ្ញុំ​សប្បាយ​ចិត្ត​បើ​ខ្ញុំ​អាច​ជួយ​បាន​តាម​រយៈ​ការ​បង្កើន​ទីផ្សារ។

បន្ទាប់​ពី​បើក​ចំហ​ទីផ្សារ​កាល​ពី ឆ្នាំ​២០១២ មីយ៉ាន់ម៉ា ត្រូវ​បាន​មើល​ឃើញ​ថា បាន​ក្លាយ​ជា​គូ​ប្រជែង​របស់ កម្ពុជា ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​ទីផ្សារ អឺរ៉ុប ដោយ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​ដែរ តើ​លោក​យល់​យ៉ាង​ណា​ដែរ?

ខ្ញុំ​គិត​ថា វា​មិន​មែន​ជា​រឿង​គួរ​ឲ្យ​បារម្ភ​នោះ​ទេ ព្រោះ​អង្ករ កម្ពុជា មាន​រសជាតិ និង​គុណភាព​លើស​គេ។ ចំពោះ​អ្នក​ដែល​គេ​ដឹង​និង​ស្គាល់​ពី​រសជាតិ និង​គុណភាព​របស់​យើង​គេ​នៅ​តែ​ទិញ​ពី​យើង​អ៊ីចឹង​សំខាន់​យើង​ផ្តល់​តម្លៃ​ល្អ​ឲ្យ​គេ ហើយ​នេះ​ក៏​ជា​ឧបសគ្គ​មួយ​ដែរ​សម្រាប់​យើង ព្រោះ​ថ្លៃ​ដើម​របស់​យើង​ខ្ពស់​ជាង​គេ​ធៀប​នឹង​ប្រទេស​ដទៃ។ ត្រឡប់​មក​វិញ យើង​គួរ​តែ​ផ្តោត​សំខាន់​លើ​ការ​ដាំ​ដុះ និង​ការ​ផលិត​អង្ករ​ដែល​មាន​គុណភាព និង​រសជាតិ​ឆ្ងាញ់​ដើម្បី​បន្ត​ទាក់ទាញ​អ្នក​ទិញ​ឲ្យ​ទិញ​ផលិតផល​របស់​យើង។ កាល​ណា​របស់​យើង​ល្អ នោះ​យើង​ក៏​បាន​តម្លៃ​ល្អ​ដែរ ហើយ​ក៏​គួរ​តែ​បន្ត​ផ្សព្វ​ផ្សាយ​ពី​អង្ករ​របស់​យើង​នៅ​ទីផ្សារ​ក្រៅ​ពី​ទីផ្សារ​ដែល​យើង​មាន​នៅ​ពេល​ឥឡូវ​នេះ​ដើម្បី​ឲ្យ​គេ​ស្គាល់។ បើ​យើង​មាន​របស់​ល្អ​ហើយ តែ​មិន​មាន​អ្នក​ស្គាល់​ពី​របស់​យើង ធ្វើ​ម៉េច​គេ​ទិញ​ពី​យើង?

បើ​លោក​ត្រូវ​បាន​ជ្រើសរើស​ជា​ប្រធាន តើ​លោក​នឹង​មាន​ផែនការ​យ៉ាង​ណា​ដើម្បី​ជំរុញ​វិស័យ​នេះ?

កន្លង​មក​យើង​មាន​សម្ព័ន្ធ និង​សមាគម​ផលិត និង​អ្នក​នាំ​ចេញ​អង្ករ​ច្រើន តែ​ពួក​គាត់​មិន​បាន​តំណាង​កសិករ និង​រោង​ម៉ាស៊ីន​កិន​ស្រូវ​នោះ​ទេ។ គាត់​ជា​អ្នក​នាំ​ចេញ និង​មាន​ម៉ាស៊ីន​កិន​ស្រូវ​អង្ករ​ខ្លួន​ឯង​ដែរ ដែល​ធ្វើ​ឲ្យ​គាត់​ពិបាក​បែង​ចែក​រវាង​ផល​ប្រយោជន៍​រួម និង​ផល​ប្រយោជន៍​បុគ្គល។ ដូច្នេះ​ហើយ​ការ​បង្កើត​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា គឺជា​ការ​បង្កើត​អង្គភាព​មួយ​ដែល​អ្នក​ក្នុង​ឧស្សាហកម្ម​ស្រូវ​អង្ករ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​បម្រើ​ផល​ប្រយោជន៍​រួម​សម្រាប់​អ្នក​នៅ​ក្នុង​វិស័យ​ដ៏​សំខាន់​មួយ​នេះ។

ពេល​ណា​មាន​ក្រុម​ការងារ​ដែល​សហការ​គ្នា និង​គិត​ពី​ប្រយោជន៍​រួម​នោះ យើង​អាច​បង្កើន​ទីផ្សារ​សម្រាប់​អ្នក​ផលិត​ក្នុង​ស្រុក។ គោលដៅ​សំខាន់​របស់​ខ្ញុំ​គឺ​បង្កើន​ទីផ្សារ​សម្រាប់​រោង​ម៉ាស៊ីន​កិន​ស្រូវ និង​ផ្តល់​ព័ត៌មាន​ជូន​គាត់​ពាក់ព័ន្ធ និង​តម្លៃ​និង​តម្រូវការ​ទីផ្សារ។ វា​ក៏​នឹង​ផ្តល់​ប្រយោជន៍​ទៅ​ដល់​កសិករ​ដែរ។ ខ្ញុំ​សង្កេត​ឃើញ​ថា យើង​ក៏​មិន​សូវ​មាន​វត្តមាន​នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ដែល​ពាក់​ព័ន្ធ​នឹង​វិស័យ​អង្ករ​ដែរ ដូច្នេះ​ខ្ញុំ​នឹង​រៀបចំ​ក្រុម​ការងារ​មួយ​ដែល​មាន​សមត្ថភាព​ផ្នែក​ភាសា និង​ចំណេះ​ដឹង​ពី​អង្ករ​សម្រាប់​ផ្សព្វ​ផ្សាយ​ពី​អង្ករ​យើង​ឲ្យ​គេ​ស្គាល់៕

អត្ថបទគួរចាប់អារម្មណ៍