The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គឹម​សាវុធ៖ ជោគជ័យ​មិន​ចៃដន្យ​ទេ

គឹម​សាវុធ៖ ជោគជ័យ​មិន​ចៃដន្យ​ទេ

គឹម​សាវុធ៖ ជោគជ័យ​មិន​ចៃដន្យ​ទេ

130123_12
លោក គឹម សាវុធ ប្រធានក្រុមហ៊ុនខ្មែរហ្វូតផ្តល់សម្ភាសដល់ភ្នំពេញប៉ុស្តិ៍ ហេង ជីវ័ន

ភ្នំពេញៈ​នៅ​ក្នុង​ឃ្លាំង​ស្តុក​អង្ករ​នៃ​រោង​ម៉ាស៊ីន​កែ​ច្នៃ​អង្ករ​មួយ​ក្នុង​ខណ្ឌ​មាន​ជ័យ រាជធានី​ភ្នំពេញ​កម្មករ​ជា​ច្រើន​កំពុង​មមា​ញឹក​ក្នុង​ការ​ងារ​របស់​ពួក​គេ​។​ខ្លះ​កំពុង​ប្រមូល​ច្រក​អង្ករ​ចូល​ទៅ​ក្នុង​បាវ​ខណៈ​ខ្លះ​ទៀត​កំពុង​ជញ្ជូន​អង្ករ​ដាក់​ទៅ​ក្នុង​រថយន្ត​ត្រៀម​ដឹក​ទៅ​កំពង់​ផែ​សម្រាប់​នាំ​ចេញ​។​នេះ​ជា​រោង​ម៉ាស៊ីន​កែ​ច្នៃ​អង្ករ​របស់​ក្រុមហ៊ុន​ខ្មែរ​ហ្វូត​។

ខ្មែរ​ហ្វូត​ជា​ក្រុមហ៊ុន​ផលិត​អង្ករ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​នៅ​កម្ពុជា​ដែល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​ផលិត​ភាព​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​។

«​ដោយ​សារ​ទំនាក់​ទំនង​ដ៏​ល្អ​ដែល​យើង​មាន​ជាមួយ​ដៃ​គូ​ពាណិជ្ជកម្ម​យើង​អាច​ផ្គត់​ផ្គង់​អង្ករ​ដែល​មាន​គុណ​ភាព​ក្នុង​តម្លៃ​មាន​លក្ខណៈ​ប្រកួត​ប្រជែង​»​នេះ​ជា​ការ​លើក​ឡើង​របស់​លោក គឹម សាវុធ ប្រធាន​ក្រុមហ៊ុន​ខ្មែរ​ហ្វូត​។

លោក​បន្ត​ថា​នៅ​ឆ្នាំ​២០១២​កម្ពុជា​បាន​នំា​ចេញ​អង្ករ​សរុប​១៨៧ ០០០​តោន​ក្នុង​នោះ​ក្រុមហ៊ុន​ខ្មែរ​ហ្វូត​មាន​៣​ម៉ឺន​តោន​។ ចំនួន​នេះ​បាន​បង្ហាញ​ថា​ខ្មែរ​ហ្វូត​បាន​រួម​ចំណែក​ប្រមាណ​១៥ ភាគ​រយ​នៃ​ការ​នាំ​ចេញ​អង្ករ​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១២​។

លោក​បន្ត​ថា ក្រុមហ៊ុន​មាន​គម្រោង​នាំ​ចេញ​ឲ្យ​បាន​៥​ម៉ឺន​តោន​នៅ​ឆ្នាំ​២០១៣ ។

កាល​ពី​ឆ្នាំ​២០១១ ក្រុមហ៊ុន​ខ្មែរ​ហ្វូត​បាន​នាំ​ចេញ​អង្ករ​សរុប​ចំនួន ២៥ ០០០ តោន​។

បច្ចុប្បន្ន ខ្មែរ​ហ្វូត​បាន​នឹង​កំពុង ផ្តល់​ការ​ងារ​ជា​ច្រើន​ដល់​កម្មករ​ទាំង​អ្នក​មាន​ជំនាញ នឹង​អ្នក​មាន​ជំនាញ​តិច​តួច​។​នៅ​ក្នុង​រោង​ចក្រ​មាន​កម្មករ​ប្រមាណ​១២០​នាក់​ដែល​ជា​អ្នក​មាន​ជំនាញ​តិច​តួច​កំពុង​ធ្វើ​ការ​ជា​ប្រចាំ​។

លោក គឹម សាវុធ បាន​ឲ្យ​ដឹង​ថា​៖ «​កាល​ពី​ឆ្នាំ​២០០៩​លោក​ត្រូវ​ចំណាយ​ប្រមាណ​៥០ ដុល្លារ​ដើម្បី​នាំ​ចេញ​អង្ករ​ក្នុង​១​តោន​ប៉ុន្តែ​បច្ចុប្បន្ន​លោក​អាច​ចំណាយ​ត្រឹម​តែ​២៣ ដុល្លារ​ប៉ុណ្ណោះ​។ លោក​បន្ត​ថា៖ «​ដំណើរ​ការ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​បាន​នឹង​កំពុង​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​យ៉ាង​ច្រើន​»​។

ខ្មែរ​ហ្វូត​បាន​ប្រមូល​ទិញ​អង្ករ​ពី​រោង​ម៉ាស៊ីន​កិន​ស្រូវ​តូចៗ​ប្រមាណ​១០០​ក្រុមហ៊ុន​តាម​ខេត្ត​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យក​មក​កែ​ច្នៃ​បន្ត​ឲ្យ​កាន់​តែ​មាន​គុណភាព​ខ្ពស់។​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​គោល​ដៅ​ទីផ្សារ​នាំ​ចេញ​សំខាន់ៗ​ជា​ច្រើន​ដូច​ជា​សហគមន៍​អឺរ៉ុប​មាន​ប្រទេស បារាំង ហុង​គ្រី អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី និង ប៉ូឡូញ​។

លោក គឹម សាវុធ មិន​បាន​បញ្ចប់​ការ​សិក្សា​ខាង​ជំនាញ​កសិកម្ម​ទេ ប៉ុន្តែ​លោក​ទទួល​បាន​ជោគ​ជ័យ​ធំ​ធេង​ក្នុង​វិស័យ​នេះ។​លោក​ជា វេជ្ជ​បណ្ឌិត​មួយ​រូប និង​បាន​ចំណាយ​ពេល​ក្នុង​អាជីព​នេះ​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​។

សម្រាប់​ពាណិជ្ជករ​រូប​នេះ​បង្កើត​មុខ​របរ​ដោយ​ខ្លួន​ឯង​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​លោក​មាន​ភាព​ប្រសើរ។

លោក​បន្ត​ថា ភាព​ជោគ​ជ័យ​របស់​លោក​នៅ​ពេល​នេះ​មិន​មែន​ជា​ការ​ចៃ​ដន្យ​នោះ​ទេ​តែ​វា​បាន​មក​ពី​ការ​តស៊ូ​នឹង​ជម្នះ​ឧបសគ្គ​រាប់​រយ​ជំពូក។​លោក​គឹម សាវុធ មាន​ដំណើរ​ជីវិត​ជា​ក្មេង​កំព្រា បន្ទាប់​ពី​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ។​លោក​បាន​ចាប់​ផ្តើម​ជា​អ្នក​លក់​នំបុ័ង​នៅ​ពេល​ព្រឹក​និង​ពេល​យប់​រត់​កង់​ឌុប​ដើម្បី​បាន​ប្រាក់​បន្ត​ការ​សិក្សា​។

លោក​បន្ត​ថា៖ «​រាល់​គ្រប់​ដំណើរ​ជីវិត​តែង​តែ​មាន​ឧបសគ្គ​ហើយ​ត្រូវ​ចំា​ថា​នៅ​ពេល​ទំហំ​ពាណិជ្ជកម្ម​កាន់​តែ​ធំ ឧបសគ្គ​ក៏​មាន​កាន់​តែ​ច្រើន​។​តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​រាល់​គ្រប់​ឧបសគ្គ​តែង​តែ​មាន​ដំណោះ​ស្រាយ»​៕

អត្ថបទគួរចាប់អារម្មណ៍