
ភ្នំពេញៈ វិស័យហិរញ្ញវត្ថុរបស់ កម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វិស័យហិរញ្ញវត្ថុនេះបាននិងកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការចាក់បញ្ចូលសាច់ប្រាក់ទៅក្នុងសេដ្ឋកិច្ច។ ស្ថាប័នអន្តរជាតិបានសម្តែងការព្រួយបារម្ភពីកំណើនខ្លាំងនៃវិស័យហិរញ្ញវត្ថុនេះ ហើយបានស្នើឲ្យធនាគារជាតិគួរតែមានវិធានការដើម្បីចៀសវាងហានិភ័យនៅក្នុងរយៈពេលវែង។ ក្នុងបទសម្ភាសជាមួយអ្នកយកពត៌មាន ភ្នំពេញ ប៉ុស្តិ៍ នៅសប្តាហ៍នេះ លោកស្រី ជា សិរី អគ្គនាយកធនាគារជាតិ រៀបរាប់ពីស្ថានភាពទូទៅនៃវិស័យហិរញ្ញវត្ថុ កម្ពុជា។
តើស្ថានភាពវិស័យហិរញ្ញវត្ថុកម្ពុជាដំណើរការយ៉ាងណាហើយនាពេលបច្ចុប្បន្ន?
វិស័យធនាគារយើងនាពេលបច្ចុប្បន្ននេះ យើងសង្កេតឃើញថា រីកចម្រើនច្រើន។ ជាទូទៅប្រាក់បញ្ញើកើនឡើងប្រហែល ៣០ ភាគរយក្នុងមួយឆ្នាំ។ បញ្ញើកើនឡើងមានន័យថា ប្រជាជនមានភាពទុកចិត្តលើវិស័យធនាគារជាងមុន។ កាលពីឆ្នាំទៅបើទោះបីយើងជួបបញ្ហាបោះឆ្នោតបញ្ហាបាតុកម្ម យើងនៅឃើញប្រាក់បញ្ញើបានកើនឡើង ១២,៥ ភាគរយ។ និន្នាការដែលប្រជាជនយើងយកលុយមកដាក់ក្នុងធនាគារមានច្រើន។ ចំនួនអ្នកដាក់ប្រាក់បញ្ញើក្នុងវិស័យផ្លូវការមានន័យថា វិស័យយើងរីកចម្រើនឥណទានយើងក៏កើនឡើង។ លទ្ធភាពរកប្រាក់កម្ចីនៅ កម្ពុជា មានភាពងាយស្រួលដោយសារថា ទីមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយើងមាននៅក្នុងស្រុកនៅស្ទើរគ្រប់កន្លែងក្នុងប្រទេស។ ទីពីរការឲ្យខ្ចីរបស់យើងមានភាពងាយស្រួល។
មានប្រជាជនមានគណនីធនាគារចំនួន ២,៣ លាននាក់នៃប្រជាជន ១៤ លាននាក់តែយើងអាចធ្វើឲ្យប្រជាជនកាន់តែច្រើនមានគណនីធនាគារ។ បើបាន ១០ លាននាក់ក្នុងចំណោម ១៤ លាននាក់មានគណនីជារឿងល្អ។ បច្ចុប្បន្នធនាគារពាណិជ្ជគាត់នៅតែតំបន់ប្រជុំជនធំៗទេ គាត់មិនចង់ទៅជនបទទេ។ យើងអាចជំរុញតាមរយៈតម្រូវការទីផ្សារខ្លះនិងតាមរយៈវិធានការរដ្ឋបាល។
វិស័យហិរញ្ញវត្ថុរបស់យើងនៅក្មេងខ្ចីនៅឡើយទេ ដោយសារប្រទេសយើងចាប់ផ្តើមឡើងក៏ក្រោយគេដែរ។ ប៉ុន្តែមិនមែនមានន័យថា យើងអន់ជាងគេប៉ុន្មានទេ។ យើងដើរក្រោយគេតែយើងដើរលឿន។
នៅ ឆ្នាំ២០១៣ យើងសង្កេតឃើញថា ការផ្តល់ឥណទានមានការកើនឡើងដល់ទៅ ២៥ ភាគរយខណៈអត្រានៃប្រាក់សន្សំកើនត្រឹម ១២,៥ ភាគរយប៉ុណ្ណោះ តើនេះអាចបង្កជាហានិភ័យទេ ហើយតើធនាគារជាតិមានវិធានការរឹតបន្តឹងការផ្តល់ប្រាក់កម្ចីដែរឬទេ?
តាមពិតទៅធនាគារមិនចាំបាច់ត្រូវការទទួលបានប្រាក់បញ្ញើដើម្បីផ្តល់ឥណទាននោះទេ។ គេមានទុនខ្លួនគេ ហើយគេខ្ចីពីទីផ្សារហិរញ្ញវត្ថុ។ គេអត់យកប្រាក់បញ្ញើរបស់អតិថិជនឲ្យខ្ចីទេ។ តែនៅស្រុកយើងធនាគារភាគច្រើននោះ គាត់ប្រើប្រាក់បញ្ញើដើម្បីផ្តល់ឥណទានស្ទើរតែទាំងស្រុងហើយ។
កំណើនឥណទាននេះសមស្របនឹងកំណើនសេដ្ឋកិច្ចរបស់យើង។ ពេលដែលសេដ្ឋកិច្ចកើនឡើងនោះត្រូវការដើមទុនដើម្បីយកទៅវិនិយោគ។ យើងឃើញមានកំណើនខ្ពស់តែសួរថា យើងកើនពីមូលដ្ឋានប៉ុន្មាន? យើងត្រូវស្គាល់ថា យើងជាប្រទេសដែលទើបតែងើបឡើង យើងត្រូវការទុនដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលទុននោះគឺបានពីធនាគារនោះឯង។
តើលោកស្រីយល់យ៉ាងណាអំពីសេចក្តីរាយការណ៍ដែលថា លោកស្រីប្រើទំនាក់ទំនងរបស់ឪពុកដើម្បីទទួលបានតំណែងថ្នាក់ដឹកនាំនេះ?
«វាមិនមានជារឿងថ្មីទេ។ ខ្ញុំទុកឲ្យអ្នកដែលធ្វើការជាមួយខ្ញុំក្នុងវិស័យនេះជាអ្នកវាយតម្លៃចុះថា តើខ្ញុំមានសមត្ថភាពនិងស័ក្តិសមសម្រាប់ខ្ញុំឬអត់? ខ្ញុំគិតថាវាចៀសមិនរួចទេ។ ការពិតនៅតែជាការពិត។ ខ្ញុំជាកូនរបស់ទេសាភិបាលខ្ញុំមិន អាចបដិសេធបានទេ។ ប៉ុន្តែសំខាន់ការងារដែលខ្ញុំមាននៅលើតុ តើខ្ញុំធ្វើបានឬអត់? សំខាន់អ្នកដែលគេធ្វើការជាមួយខ្ញុំគេទទួលស្គាល់សមត្ថភាពខ្ញុំឬអត់? ថាតើខ្ញុំអាចជួយស្ថាប័នរបស់ខ្ញុំឲ្យរីកចម្រើនទៅមុខឬអត់? បើខ្ញុំធ្វើមិនបានទេ ខ្ញុំនឹងគិតថា ខ្ញុំមិនស័ក្តិសមនឹងតំណែងនេះហើយខ្ញុំនឹងលើសពីរីករាយ លាលែងពីតំណែងនេះ។ ខ្ញុំទុកឲ្យអ្នកវិនិច្ឆយទៅចុះ។ របាយការណ៍នោះ មិនបានធ្វើឲ្យខ្ញុំមិនសប្បាយចិត្តទេ ប៉ុន្តែខ្ញុំនឹងមិនសប្បាយចិត្តបើសហសេវិករបស់ខ្ញុំនិយាយថា ការងារដែលខ្ញុំធ្វើទៅមិនអាចទទួលយកបាន ឬការដែលខ្ញុំមកកាន់តំណែងនេះនឹងធ្វើឲ្យរារាំង ឬខកខានដល់ការងារ ព្រោះខ្ញុំធ្វើការជាមួយពួកគាត់ ហើយពួកគាត់ស្គាល់ខ្ញុំ ហើយខ្ញុំទទួលការវិនិច្ឆយរបស់គាត់ចំពោះខ្ញុំ»។
ឥណទានបម្រើដល់វិស័យអចលនទ្រព្យមានការកើនឡើងក្នុង ឆ្នាំ២០១៣ តើអាចបង្កជាវិបត្តិហិញ្ញវត្ថុទេ?
ឥឡូវមាននិន្នាការរស់នៅឯករាជ្យពីឪពុកម្តាយ ផ្នត់គំនិតដែលចង់មានផ្ទះសម្បែងខ្លួនឯង អាចធ្វើទៅបាន ព្រោះយើងមានធនាគារគេឲ្យខ្ចី។ គេថាឥណទានដើម្បីទិញផ្ទះកើនខ្លាំង។ អ្វីដែលយើងត្រូវបារម្ភនោះ គឺអតិថិជនបានឥណទានទិញផ្ទះសម្រាប់លក់ចេញទៅវិញ។ អ៊ីចឹងនៅពេលដែលតម្លៃផ្ទះនោះធ្លាក់ចុះគាត់នឹងសុខចិត្តឲ្យធនាគាររឹបអូសហើយ។
យើងមិនសូវភ័យទេនៅពេលឥណទានដល់វិស័យអចលនទ្រព្យកើនឡើង។ អ្វីដែលត្រូវសួរថា គាត់ទិញសម្រាប់នៅឬក៏សម្រាប់ Speculate (ការកេងចំណេញទីផ្សារ)។ ប្រសិនបើគាត់ទិញសម្រាប់នៅនេះគឺជារឿងល្អ។ តាមការសង្កេត អតិថិជនភាគច្រើនទិញដើម្បីនៅ។
ពីឆ្នាំមុននេះដែរ យើងឃើញមានធនាគារច្រើនបានផ្លាស់ប្តូរភាគទុនិក តើចលនាបែបនេះជាឥទ្ធិពលវិជ្ជមានឬអវិជ្ជមានសម្រាប់វិស័យធនាគារ?
ការផ្លាស់ប្តូរភាគទុនិកនេះមិនមានឥទ្ធិពលអ្វីទេដល់វិស័យធនាគារ។ វាអាស្រ័យលើភាគទុនិកដែលចូលមកថ្មីជានរណា? ប្រសិនបើភាគទុនិកទាំងនោះគេខ្លាំង យើងត្រូវតែអរទៅ។ ភាគច្រើនធនាគារដូចជា UBC និង SBC សុទ្ធតែជាធនាគារលំដាប់នៅប្រទេសរបស់គេដែរ។ យើងកក់ក្តៅនៅពេលធនាគារគេមកស្រុកយើង ព្រោះមានន័យថា គេសិក្សាពីស្រុកយើងរួចអស់ហើយមុននឹងគេចូលមក។ ធនាគារទាំងនេះបើមានរឿងអី គេមិនងាយរត់ចោលទេ ព្រោះគេត្រូវរក្សាតម្លៃកេរ្តិ៍ឈ្មោះ។ យើងមានភាពទុកចិត្តព្រោះ គេប្រយ័ត្នប្រយែងណាស់។ ឧទាហរណ៍ បើធនាគារ «ក» មានភាគទុនិកមកពីធនាគារបរទេសស្រាប់តែមានបញ្ហា អ៊ីចឹងធនាគារដែលនៅស្នាក់ការកណ្តាលនោះមិនទុកឲ្យធនាគារជាសាខាមានបញ្ហានោះទេ គេច្បាស់ជាជួយដើម្បីរក្សាកេរ្តិ៍ឈ្មោះរបស់គេ។
តាមពិតទៅយើងឃើញធនាគារបរទេសច្រើនចូលយើងគួរសប្បាយចិត្ត។ មិនមានប្រទេសណាដែលទើបតែងើបពីសង្រ្គាមទាក់ទាញធនាគារបរទេសដូច កម្ពុជា ទេ។
ក្នុងឆ្នាំនេះ ធនាគារជាតិគ្រោងផ្តល់អាជ្ញាប័ណ្ណឲ្យធនាគារផ្សេងទៀតដើម្បីធ្វើប្រតិបត្តិការដែរឬទេ? តើកម្ពុជា ត្រូវការធនាគារច្រើនបែបនេះឬទេ?
ការដែលផ្តល់អាជ្ញាប័ណ្ណដល់ធនាគារមួយៗគឺត្រូវឆ្លងកាត់ការត្រួតពិនិត្យលើការស្នើសុំរបស់គាត់។ ប្រសិនបើការចូលមកទីផ្សាររបស់គាត់បន្ថែមតម្លៃ និងជម្រើសផលិតផលសម្រាប់អតិថិជន យើងនឹងស្វាគមន៍គាត់។ វាផ្តល់ប្រយោជន៍ដល់អតិថិជនទៅវិញទេ ដែលទទួលបានការប្រាក់ច្រើន។ វាអាស្រ័យទៅលើតម្រូវការទីផ្សារ។ យើងពិបាកនិយាយថា សម្រាប់ទីផ្សារ កម្ពុជា ត្រូវការធនាគារចំនួន ១០ ឬ ២០ ណាស់។ វាមិនមានការសិក្សាណាដែលនិយាយថា យើងត្រូវការធនាគារប៉ុណ្ណឹងគ្រប់គ្រាន់នោះទេ។
ធនាគារពាណិជ្ជ ៣៧ ហើយតែគាត់មិនទៅផ្តល់សេវាឲ្យប្រជាជនយើងតាមជនបទ។ យើងនិយាយថា នេះជាការប្រកួតប្រជែងដោយសេរីទីមួយគឺឲ្យគាត់ប្រកួតប្រជែងគ្នា បើអ្នកឯងទៅមិនរួចអ្នកឯងដកខ្លួនចេញ។ នេះហៅថាយន្តការទីផ្សារ។
តួនាទីរបស់ធនាគារជាតិគឺធ្វើយ៉ាងណាឲ្យការដកខ្លួនរបស់គាត់ធ្វើទៅដោយរលូនមិនមានការរំខានដល់អ្នកដាក់ប្រាក់បញ្ញើ ហើយមិនបង្កហានិភ័យអ្វីទាំងអស់ក្នុងប្រព័ន្ធធនាគារ។
យើងមិនដឹងថា តើ កម្ពុជា ត្រូវការធនាគារប៉ុន្មាននោះទេ។ ធនាគារមុននឹងដាក់ទុនគាត់ដឹងច្បាស់ថា តើអាចរកប្រាក់ចំណេញបានដែរឬក៏អត់? ជារឿយៗ គឺយើងក៏លើកទឹកចិត្តដែរថា ប្រសិនបើធនាគារមួយមិនមានទុនច្រើនដូចធនាគារដែលទើបតែចូលមក ឬក៏គាត់ជាធនាគារធំដែរ ប៉ុន្តែដៃគូប្រជែងរបស់គាត់គេមានទុនធំជាងគាត់ គឺយើងស្នើឲ្យគាត់សហការជាមួយគ្នាដើម្បីប្រជែងជាមួយធនាគារដែលធំជាង។
ស្ថាប័នគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានច្រើន ប៉ុន្តែការផ្តល់កម្ចីនៅតែមានអត្រាការប្រាក់ខ្ពស់ដោយសារការខ្ចីទុនពីក្រៅប្រទេសពួកគាត់ក៏កំពុងស្វែងរកការខ្ចីទុនពីធនាគារពាណិជ្ជដែរ ប៉ុន្តែមិនមានទ្រព្យបញ្ចាំ តើធនាគារជាតិមានយន្តការសម្រួលដល់ពួកគាត់ដែរឬទេ?
វិស័យមីក្រូហិរញ្ញវត្ថុដែលកើនឡើងច្រើន ព្រោះមានការផ្លាស់ប្តូរពីការផ្តល់ឥណទានក្រៅផ្លូវការដែលមិនមានយន្តការផ្លូវច្បាប់ណាដែលធានាការពារអតិថិជន ភាសាសាមញ្ញគឺការចងការនោះឯង។ ការពិតទៅ បើមីក្រូហិរញ្ញវត្ថុទៅខ្ចីឥណទានពីធនាគារខាងក្រៅស្រុកត្រូវ បង់ការប្រាក់តិចជាងការខ្ចីពីធនាគារនៅក្នុងស្រុក។ បើទោះបីជាគាត់ត្រូវបង់ពន្ធពេលសងចេញទៅវិញមែន ប៉ុន្តែបើទូទាត់ទៅ អត្រាការប្រាក់នៅតែថោកជាង។ ធនាគារពាណិជ្ជនៅក្នុងស្រុកក៏ខ្វះទុនដែរ។ ធនាគារភាគច្រើននៅមិនទាន់មានភាពស៊ីជម្រៅលើការទទួលរបាយការណ៍ហិរញ្ញវត្ថុរបស់ស្ថាប័នមីក្រូហិរញ្ញវត្ថុក្នុងការផ្តល់ឥណទាន។ គាត់ធ្លាប់តែឲ្យខ្ចីដោយដាក់ទ្រព្យបញ្ចាំ។ គាត់មិនធ្លាប់ឲ្យខ្ចីតាមរយៈ Cash Flow lending ត្រូវមើលទៅលំហូរសាច់ប្រាក់ជាទៀងទាត់របស់ស្ថាប័នមីក្រូហិរញ្ញវត្ថុ ហើយមួយទៀតយើងអាចថា ប្រព័ន្ធច្បាប់យើងមិនទាន់មានសម្រាប់អនុវត្តទៅលើកិច្ចសន្យានិងលំហូរសាច់ប្រាក់ហ្នឹង។ អ៊ីចឹងត្រូវការឲ្យធនាគារពង្រឹងសមត្ថភាពរបស់គាត់ឲ្យកាន់តែខ្ពស់ជាងមុនឯចំណែកស្ថាប័នមីក្រូហិរញ្ញវត្ថុគាត់ត្រូវប្រឹងប្រែងបន្ថែមទៀត។ ប៉ុន្តែរហូតមកទល់ពេលនេះ យើងសង្កេតឃើញធនាគារភាគច្រើនបានផ្តល់កម្ចីឲ្យស្ថាប័នមីក្រូហិរញ្ញវត្ថុច្រើនជាងមុន។ ឥឡូវនេះ ធនាគារពាណិជ្ជចាប់ផ្តើមគិតថា ស្ថាប័នមីក្រូហិរញ្ញវត្ថុជាវិស័យមានតម្លាភាពដែលគាត់អាចទុកចិត្តបាន៕