
ភ្នំពេញៈ លោក Brian Naswall អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ Aero Cambodia Airlines បាន ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីសប្តាហ៍មុនអំពីដំណើរការជាលើកដំបូងរបស់ក្រុមហ៊ុននៅកម្ពុជាដើម្បីទទួលបានអាជ្ញាប័ណ្ណហោះហើរយន្តហោះធុនតូចពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។ លោកមើលឃើញពីអនាគតមួយដ៏ភ្លឺថ្លាសម្រាប់វិស័យដឹកជញ្ជូនធុន តូច ហើយមានជំនឿថា វានឹងទៅដល់សហគមន៍ជនបទ និងជំរុញចង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្មឲ្យបានកាន់តែងាយស្រួលថែមទៀត។
អាកាសចរណ៍ Aero Cambodia ជាអ្វី ហើយអ្នកផ្តល់សេវាអ្វីខ្លះ?
ក្រុមហ៊ុនរបស់យើងគឺជាក្រុមហ៊ុនអាកាសចរណ៍ធុនតូចដោយមានជើងហោះហើរជាលក្ខណៈជួល និងជើងហោះហើរឈ្នួលដោយប្រើប្រាស់ប្រភេទយន្តហោះទម្ងន់តិចជាង ៥ ៧០០ គីឡូក្រាម។ យន្តហោះធុនតូចរបស់យើងមានកៅអីមួយដល់បីកៅអី ហើយប្រតិបត្តិការនៅលើដីនិងនៅលើទឹក។ យើងនឹងប្រតិបត្តិការយន្តហោះដែលមានរហូតដល់ ១៩ កៅអីផងដែរ ប្រសិនបើមានតម្រូវការនៅក្នុងពេលអនាគត។
យើងនឹងធ្វើការហោះហើរទៅកាន់ព្រលានយន្តហោះជាច្រើននៅក្នុងប្រទេសនេះតាមដែលអាចធ្វើបាន។ ធ្លាប់មានព្រលានយន្តហោះ ២៤ នៅទូទាំងប្រទេសនេះ។ សព្វថ្ងៃមានតែព្រលានយន្តហោះតិចតួចប៉ុណ្ណោះកំពុងប្រតិបតិ្តការ។
តម្លៃក្នុងជើងហោះហើរនឹងត្រូវគិតតាមម៉ោង។ លោកនិយាយថា តម្លៃទាបបំផុតរបស់យើងចាប់ពី ៥០ ដុល្លារអាមេរិក។
តើមានទីផ្សារសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ធុនតូចនៅកម្ពុជាទេ?
ប្រជាជន កម្ពុជា កំពុងផ្លាស់ប្តូរទៅរកជីវភាពរស់នៅមួយកាន់តែល្អប្រសើរ ហើយរកប្រាក់ចំណូលបានកាន់តែច្រើនចំណាយទៅលើរបស់ថ្លៃៗដូចជា ការធ្វើដំណើរជាដើម។
កំណើនទេសចរហាក់ដូចជាមិនអាចបញ្ឈប់បានទេ គឺកំពុងទទួលបានអត្ថប្រយោជន៍ពីទីផ្សារអាកាសចរណ៍យ៉ាងខ្លាំង ហើយមានការធ្វើដំណើរតាមផ្លូវអាកាសកាន់តែច្រើនឆ្ពោះទៅកាន់ទីកន្លែងជាច្រើន សេដ្ឋកិច្ចជនបទនឹងមើលឃើញពីអត្ថប្រយោជន៍នៃកំណើននៃការតភ្ជាប់។ យើងនឹងកំណត់ទិសដៅអតិថិជនជាជនជាតិ កម្ពុជា នៅក្នុងតំបន់ជាច្រើនដូចជា ខេត្ត បាត់ដំបង ខេត្ត កោះកុង ខេត្ត រតនគិរី ខេត្ត ស្ទឹងត្រែង និងខេត្ត កំពង់ចាម។ បន្ទាប់មកយើងនឹងបង្វែរការយកចិត្តទុកដាក់របស់យើងទៅរកពាណិជ្ជករ និងភ្ញៀវទេសចរវិញ។
តើក្រុមហ៊ុនដឹកជញ្ជូនជាយន្តហោះធុនតូចអាចធ្វើឲ្យវិស័យអាកាសចរណ៍ទាំងមូលរីកចម្រើនបានទេ?
បាទ! វាបង្ហាញពីវិស័យអាកាសចរណ៍របស់កម្ពុជាកំពុងឆ្ពោះទៅមុខមិនគ្រាន់តែនៅក្នុងវិស័យដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងពិភពលោកប៉ុណ្ណោះទេ។ ការធ្វើពាណិជ្ជកម្មយន្តហោះធុនតូចកាន់តែច្រើនតាមពិតមានន័យថា ជាការប្រកួតប្រជែងគ្នា ប៉ុន្តែទីបញ្ចប់អ្នកនឹងមើលឃើញពីពាណិជ្ជកម្មនឹងរីកចម្រើនចេញពីអាកាសចរណ៍ជនបទដែលបានកើនឡើងនេះផងដែរ។
តើអ្វីដែលវិស័យអាកាសចរណ៍អាចធ្វើបានជារួមដើម្បីជំរុញកំណើនក្នុងឆ្នាំ ២០១៤?
ឧស្សាហកម្មអាកាសចរណ៍អាចលើកកម្ពស់ប្រទេសកម្ពុជាជាកន្លែងមួយដែលពាណិជ្ជករអាចចែកចាយទំនិញរបស់ពួកគេតាមមធ្យោបាយច្រើន។ ពួកគេមានជម្រើសក្នុងពេលនេះតើត្រូវដឹកទំនិញរបស់ខ្លួនតាមរថយន្តឬដឹកតាមយន្តហោះទៅកាន់តំបន់ឆ្ងាយដាច់ស្រយាលរបស់ប្រទេសនេះក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ មិនមែនក្នុងរយៈពេលប៉ុន្មានថ្ងៃនោះទេ។
ប្រទេសទាំងអស់ដែលមានទីផ្សារអាកាសចរណ៍ធំៗ គ្រប់កម្រិត និងគ្រប់សមត្ថភាព ដែលធ្វើឲ្យសេដ្ឋកិច្ចកើនឡើងដោយសារតែរបៀបចែកចាយរបស់ពួកគេមានការរឹតបន្តឹងកាន់តែតិច។
តើមានផលលំបាកអ្វីខ្លះសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ធុនតូចក្នុងការបើកដំណើរការនៅកម្ពុជា?
ការលំបាកដ៏ធំគឺការស្វែងរកនូវទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុកនិងនៅបរទេសនៅក្នុងទីផ្សារអាកាសចរណ៍របស់កម្ពុជា។ ហើយតាមពិតទៅ ការងារមួយចំនួនដែលយើងកំពុងធ្វើគឺថ្មីចំពោះប្រទេសនេះ ហើយអ្នកជាប់ពាក់ព័ន្ធក្នុងការងារនេះត្រូវរៀនពីជំនាញថ្មីៗ៕ PB