ភ្នំពេញៈ ឧស្សាហកម្មកាត់ដេរ កម្ពុជា នៅតែស្ថិតក្នុងភាពរំជើបរំជួលដោយសារកម្មករយ៉ាងហោចណាស់ ៤នាក់ ស្លាប់កាលពីដើមខែ មករា ហើយលទ្ធភាពនៃការផ្ទុះកូដកម្មនាពេលអនាគតអំពីប្រាក់ឈ្នួលអប្បបរមាទំនងជានឹងកើតឡើងក្នុងពេលឆាប់ៗនេះ។
ក្រុមហ៊ុនមានយីហោល្បីៗដែលទិញសម្លៀកបំពាក់ពី កម្ពុជា កំពុងពិនិត្យមើលបញ្ហានេះយ៉ាងដិតដល់។ ក្រុមហ៊ុនផលិតសម្លៀកបំពាក់របស់ ស៊ុយអែត H&M គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឈានមុខគេដែលទិញសម្លៀកបំពាក់ពី កម្ពុជា។
ក្នុងបទសម្ភាសពិសេសមួយកាលពីសប្ដាហ៍មុន Daniel de Carteret អ្នកយកព័ត៌មាននៅ ភ្នំពេញ ប៉ុស្ដិ៍ បានជួបជាមួយលោកស្រី Anna Gedda អ្នកគ្រប់គ្រងផ្នែកនិរន្តរភាពសង្គមរបស់ក្រុមហ៊ុន H&M អំពីប្រាក់ឈ្នួលអប្បបរមាទំនាក់ទំនងឧស្សាហកម្ម និងពេលវេលាយូរប៉ុន្មានដែលក្រុមហ៊ុននេះអាចប្រើប្រាស់ឥទ្ធិពលរបស់ខ្លួនដើម្បីផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព។
ក្រុមហ៊ុន H&M បានជជែកអំពីការផ្ដល់ប្រាក់ឈ្នួលរស់នៅសមរម្យនៅឆ្នាំ ២០១៨ តើលោកអាចពន្យល់ពីផែនការនេះបានឬទេ?
ចក្ខុវិស័យដែលយើងមានគឺថា ប្រាក់ឈ្នួលរស់នៅសមរម្យគួរត្រូវបានចំណាយដោយក្រុមហ៊ុនផ្គត់ផ្គង់របស់យើងទាំងអស់។ វាមានការសហប្រតិបត្តិការគ្នាយ៉ាងខ្លាំងរវាងពួកយើងនិងក្រុមហ៊ុនផ្គត់ផ្គង់របស់យើង។ អ្វីដែលយើងចង់និយាយពី «ប្រាក់ឈ្នួលរស់នៅសមរម្យ» គឺថា គឺជាប្រាក់ឈ្នួលដែលចំណាយលើសេចក្ដីត្រូវការជាមូលដ្ឋាន។ វាមិនគ្រាន់តែចំនួនពិតប្រាកដនោះទេ ប៉ុន្តែថែមទាំងថាតើចំនួននេះមានសារៈសំខាន់ប៉ុនណាផងដែរ។
តើនឹងគ្មានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចពិតប្រាកដមួយក្នុងការកែតម្រូវប្រាក់ឈ្នួលតែក្នុងរោងចក្រមួយឬពីរនោះ?
យើងមានជំនឿថា តាមរយៈការជំរុញឲ្យមានការកំណត់ប្រាក់ឈ្នួលនេះ វានឹងបង្កើតអត្ថប្រយោជន៍វិជ្ជមានសម្រាប់រោងចក្រ។ អ្នកនឹងមានកម្មករតិច ជាឱកាសកាន់តែល្អប្រសើរនៃការរក្សាកម្មករជំនាញ អ្នកនឹងមិនមានអ្នកអវត្តមានអ្នកនឹងមានគុណភាពកាន់តែខ្ពស់ និងផលិតភាពកាន់តែខ្ពស់។ល។ ដូច្នេះនេះនឹងមិនចាំបាច់បង្កើតការចំណាយកាន់តែខ្ពស់នោះទេ។ យើងគិតថា នេះគឺជាអ្វីដែលជាអត្ថប្រយោជន៍ចំពោះរោងចក្រ និងអ្នកទិញផងដែរ។
តើលោកស្រីគិតថាអ្នកទិញផ្សេងទៀតនឹងធ្វើតាមដែរឬទេ?
ពិតហើយ! យើងមានការយល់ដឹងច្រើនថា ទោះបីជាយើងជាអ្នកទិញដ៏ធំនៅក្នុងប្រទេសជាច្រើនដូចជា កម្ពុជា និងប្រទេស បង់ក្លាដែស ក៏ដោយ ក៏យើងមិនអាចផ្លាស់ប្តូរឧស្សាហកម្មនេះតែម្នាក់ឯងបានទេ។ ការងារជាមួយប្រាក់ឈ្នួលពិតណាស់នឹងតម្រូវឲ្យមានការសហប្រតិបត្តិការគ្នា អ្នកទិញដែលយើងធ្វើការជាមួយអង្គការឧស្សាហកម្ម សហជីពកម្មករ និងយ៉ាងហោចណាស់មិនមែនតែរដ្ឋាភិបាលនោះទេ។ ដូច្នេះផែនការទាំងមូលរបស់យើងត្រូវពឹងផ្អែកលើការពិតដែលថាគ្រប់ៗគ្នាមានតួនាទីរបស់ខ្លួនដែលត្រូវធ្វើហើយពួកគេនឹងសហប្រតិបត្តិការគ្នានៅជុំវិញបញ្ហាទាំងនេះ។

នេះគឺគ្រាន់តែជារោងចក្រមួយនៅ កម្ពុជា រោងចក្រពីរទៀតនៅក្នុងប្រទេស បង់កា្លដែស ប៉ុណ្ណោះ?
ចាស៎ នោះពិតជាត្រឹមត្រូវ។
តាមទស្សនៈយីហោរបស់លោក តើអ្វីបង្កជាអំពើហិង្សានៅក្នុងវិស័យកាត់ដេរ?
ស្ថានការណ៍នៅក្នុងប្រទេស កម្ពុជា គឺមានភាពស្មុគស្មាញណាស់ ហើយយើងយល់ថាមានហេតុផលមូលដ្ឋានជាច្រើនអំពីអ្វីដែលបានកើតឡើងផងដែរ។ ប៉ុន្តែបញ្ហាមួយក្នុងចំណោមបញ្ហាទាំងនោះដែលយើង ដឹងតាមពិតគឺ មានបញ្ហាជាមួយនឹងយន្តការកំណត់ប្រាក់ឈ្នួលបច្ចុប្បន្ន ហើយសេចក្ដីត្រូវការត្រូវតែដោះស្រាយ។ ជាទូទៅមានកង្វះទំនាក់ទំនងឧស្សាហកម្មនៅក្នុងប្រទេសនេះ។ យើងពិតជាអាចមើលឃើញតាមរយៈបទពិសោធរបស់យើងដែលទំនាក់ទំនងឧស្សាហកម្មមានសារៈសំខាន់បំផុត ពិសេសសម្រាប់បញ្ហាសង្គមដើម្បីធ្វើឲ្យមានដំណើរការបានយ៉ាងល្អនៅក្នុងឧស្សាហកម្មវាយនភ័ណ្ឌនេះ។
តើមានគ្រោះថ្នាក់ណាមួយដែល H&M ធ្លាប់គិតពីការចាកចេញពី កម្ពុជា ទេ?
យើងមិនយល់ថា បញ្ហានោះជាយុទ្ធសាស្ដ្រ ឬជាដំណោះស្រាយមួយដ៏ល្អនោះទេ។ កម្ពុជា គឺជាទីផ្សារមួយដ៏សំខាន់សម្រាប់ពួកយើង ហើយយើងកំពុងសម្លឹងមើលក្នុងរយៈពេលវែងនៅក្នុងទីផ្សារផលិតកម្មសម្រាប់ក្រុមហ៊ុន H&M។ ហើយយើងគិតពីអ្វីដែលយើងអាចធ្វើបានក្នុងនាមជាអ្នកទិញ ពិតណាស់នឹងបង្ហាញការគាំទ្ររបស់យើងសម្រាប់ឧស្សាហកម្មនេះហើយថាយើងនឹងតែនៅទីនោះ។ ប៉ុន្តែដើម្បីឲ្យយើងអាចស្នាក់នៅបានយើងចង់មើលឃើញការកែលម្អកំពុងកើតឡើងនៅពេលនិយាយពីទំនាក់ទំនងឧស្សាហកម្ម។
តើមានសារៈសំខាន់ទេដែលអតិថិជនរបស់អ្នកដឹងពីទីកន្លែងឬក៏ពីរបៀបផលិតនៃផលិតផលទាំងនេះ?
ចាស៎! ពិតប្រាកដណាស់។ យើងអាចមើលឃើញនៅក្នុងការអង្កេតដែលយើងធ្វើជាមួយអតិថិជន យើងដឹងថា លក្ខខណ្ឌការងារនៅក្នុងទីផ្សារផលិតកម្មគឺជាបញ្ហាមួយនៅក្នុងចំណោមបញ្ហាមានអាទិភាពខ្ពស់បំផុត។ ដូច្នេះនេះគឺជាបញ្ហាដ៏មានសារៈសំខាន់មួយសម្រាប់ពួកយើងទាំងអស់គ្នា។ ហើយយើងគិតថា ជាហេតុផលមានសារៈសំខាន់សម្រាប់ពួកយើងដែលត្រូវតែមានតម្លាភាពអំពីអ្វីដែលកំពុងកើតឡើងនិងអ្វីដែលយើងកំពុងធ្វើ។
ប្រសិនបើមានការដំឡើងប្រាក់ឈ្នួលអប្បបរមា តើនរណាជាអ្នកចំណាយ?
យើងមិនមើលឃើញថាការដំឡើងប្រាក់ខែគួរតែត្រូវជាបន្ទុករបស់អ្នកប្រើប្រាស់នោះទេ។ យើងមានបំណងចំណាយសម្រាប់ការផ្លាស់ប្តូរនឹងកើតឡើងនេះ ហើយយើងយល់ថា បញ្ហានេះនឹងកើតឡើងហើយថា វានឹងមាននៅក្នុងការសហ-ប្រតិបត្តិការជាមួយក្រុមហ៊ុនផ្គត់ផ្គង់។ យើងគិតថា បញ្ហានេះពិតជានឹងផ្ដល់អត្ថប្រយោជន៍ដល់ពួកយើងក្នុងនាមជាអ្នកទិញ ហើយនឹងដល់អ្នកផ្គត់ផ្គង់ និងដល់ថៅកែទាក់ទងនឹងផលិតកម្មបានកើនឡើង។ ពិតណាស់យើងមើលឃើញបញ្ហានេះថា ជាការវិនិយោគមួយ។
តើអ្នកអាចនិយាយបានទេអំពីវិធីដែល H&M ទំនាក់ទំនងជាមួយរដ្ឋាភិបាល?
ខ្ញុំគិតថា បើនិយាយពីការតស៊ូមតិពីបញ្ហាមួយចំនួនក្នុងនាមយើងជាក្រុមហ៊ុនមានយីហោចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន ដែលយើងមិនត្រូវបានគេមើលឃើញការប្រើប្រាស់ឥទ្ធិពលរបស់យើងនៅក្នុងរបៀបមួយខុសឆ្គងទេ។
ប៉ុន្តែបើនិយាយពីប្រាក់ឈ្នួលជាឧទាហរណ៍ យើងបានទៅប្រទេស បង់ក្លាដែស ហើយបានជួបលោកនាយករដ្ឋមន្ដ្រីនៅទីនោះ ហើយកាលខែ តុលា នេះយើងបានទៅប្រទេស កម្ពុជា ហើយយើងបានជួបលោកនាយករដ្ឋមន្ដ្រី កម្ពុជា នៅទីនោះ ហើយខ្ញុំគិតថា ការពិភាក្សាដែលយើងបានធ្វើមានប្រយោជន៍យ៉ាងខ្លាំង៕ PB