
ភ្នំពេញៈ ទឹកបរិសុទ្ធ «អូគូលែន» ជាទឹកបរិសុទ្ធជាតិរ៉ែក្នុងស្រុកដំបូងរបស់ កម្ពុជា ដែលបានបើកដំណើរការនៅ ខេត្តសៀមរាប កាលពីដើមឆ្នាំមុន។ អូ គូលែន ក្នុងដបមានចំណុះ ១,៥ លីត្រមានតម្លៃប្រហែល ០,៨ ដុល្លារធៀបនឹងទឹកគ្មានជាតិរ៉ែដែលមានតម្លៃប្រហែលនឹង ០,៥ ដុល្លារ។ លោក Jacques Marcille អគ្គនាយកក្រុមហ៊ុនបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីភាពខុសគ្នានៃការវេចខ្ចប់ និងយុទ្ធសាស្ដ្រឆ្ពោះទៅមុខរបស់ក្រុមហ៊ុន។
ម៉ាកទឹកបរិសុទ្ធជាច្រើនដែលគេប្រទះឃើញនៅតាមផ្សារទំនើប ឡាក់គី និងផ្សារផ្សេងទៀត សុទ្ធតែជាទំនិញនាំចូលមែនទេ តើមានការប្រកួតប្រជែងខ្លាំងទេលើតម្លៃ?
មានការប្រកួតប្រជែងច្រើនណាស់ ជាពិសេសនៅតាមទីផ្សារទំនើបធំៗ ដោយមានយីហោទឹកបរិសុទ្ធបរទេសភាគច្រើនបាននាំចូលមកពីអឺរ៉ុប ហើយមួយចំនួននាំចូលមកពី វៀតណាម និង ថៃ។ មានយីហោនៅក្នុងស្រុកមួយចំនួនផងដែរ ដែលមិនមែនជាទឹកបរិសុទ្ធមានជាតិរ៉ែធម្មជាតិ។ ទឹកបរិសុទ្ធទាំងនោះបានដាក់យីហោជា «ទឹកពិសាបរិសុទ្ធ» ហើយមិនមានជាតិរ៉ែធម្មជាតិនោះទេ។
តើប្រជាជនចំណាយលើអ្វីដែលពួកគេចង់បាន ឬថាពួកគេកំពុងមានការយល់ខុសឬ?
ដៃគូប្រកួតប្រជែងរបស់យើងជាទឹកបរិសុទ្ធជាតិរ៉ែដែលនាំចូលមានគុណភាពល្អ។ តាមពិតគ្មានទឹកបរិសុទ្ធណាល្អប្រសើរជាងទឹកបរិសុទ្ធផលិតក្នុងស្រុករបស់យើង «អូ គូលែន» នោះទេទាក់ទងទៅនឹងសមាសភាពសារធាតុរ៉ែនោះ។ យីហោទឹកបរិសុទ្ធបរទេសមួយចំនួនមានជាតិហ្គាស ឬបន្ថែមសារធាតុកាបូនឌីអុកស៊ីត។ យើងមិនផលិតទឹកមានជាតិហ្គាសនៅឡើយទេ។ ខ្ញុំផ្ទាល់យល់ឃើញថា ការលក់ទឹកបរិសុទ្ធដបមានជាតិរ៉ែចំណុះ ១,៥ លីត្រក្នុងតម្លៃជាង ២ ដុល្លារក្នុងមួយដបគឺថ្លៃខ្លាំងណាស់ ហើយនិយាយឲ្យត្រង់ទៅគួរឲ្យអស់សំណើច។
តើការងារអ្វីដែលបានចាប់ផ្ដើមឲ្យមានការបង្កើតក្រុមហ៊ុននេះឡើង?
ការងារដ៏លំបាកដំបូងគឺការស្វែងរកផែនទីភូមិសាស្ដ្រច្បាស់លាស់ដើម្បី យល់ដឹងពីបរិស្ថានរបស់ ភ្នំគូលែន ដែលមានទីតាំងនៅក្នុង ខេត្តសៀមរាប។ ទី២ យើងជួបការលំបាកក្នុងការស្វែងរកក្រុមហ៊ុនដែលអាចខួងដល់ជម្រៅស្រទាប់ដីភក់ ដោយសារតែវាត្រូវការភាពជាក់លាក់ និងឧបករណ៍មានតម្លៃខ្ពស់ដើម្បីធ្វើការងារនេះ។ និយាយឲ្យអស់ទៅខ្ញុំត្រូវការរយៈពេលប្រហែល ១ ឆ្នាំក្នុងការស្វែងរកប្រភពទឹក អូ គូលែន។ ទោះបីជាយ៉ាងណា យើងត្រូវបានជួយដោយប្រជាជនដែលបានស្គាល់តំបន់នេះ រួមមានលោក Pierre Gubri មកពីអង្គការទឹកស្អាត (NGO Water for All) នៅ កម្ពុជា និងមិត្តភក្តិជាអ្នកភូមិសាស្ដ្រមួយចំនួនទៀត។ ប៉ុន្តែគំនិតផ្តួចផ្តើមដំបូងដើម្បីរកប្រភពទឹកមានជាតិរ៉ែកម្ពុជា បានមកពីលោក Bernard Forey ជាអ្នកផលិតទឹកជាតិរ៉ែធម្មជាតិ La Vie របស់ ប្រទេសវៀតណាម។
ចុះតម្លៃវិញយ៉ាងម៉េចដែរ?
នៅអឺរ៉ុបដើម្បីទទួលបានសិទ្ធិឲ្យគេហៅថា «ទឹកបរិសុទ្ធរ៉ែធម្មជាតិ» អ្នកចាំបាច់ត្រូវច្រកទឹកនៅនឹងប្រភពរបស់វាតែម្តង។ តាមពិតភាពងាយស្រួលរបស់យើងតម្រូវឲ្យមានថាមពលច្រើនដើម្បីផលិតផ្ទាល់នៅទីតាំងជើង ភ្នំគូលែន។ រាល់ការវិនិយោគនៅក្នុងតំបន់ដាច់ឆ្ងាយពីគេដូចនោះនឹងចៀសមិនផុតពីការចំណាយច្រើនទេ។ ការវិនិយោគនេះមានតម្លៃតិចជាង ៨ លានដុល្លារអាមេរិក។
តើមានគម្រោងពង្រីកអាជីវកម្មដែរឬទេ?
គោលបំណងរបស់យើងគឺដើម្បីក្លាយជាយីហោទឹករ៉ែធម្មជាតិលេខ ១ នៅ កម្ពុជា និងថែមទាំងនាំចេញទៅកាន់បណ្ដាប្រទេសនៅជិតខាងទៀតផង។ ច្បាស់ណាស់មានប្រភពទឹកដែលមិនបានប្រើប្រាស់ជាច្រើននៅ កម្ពុជា ប៉ុន្តែប្រភពទឹកជាច្រើនទាំងនេះមិនមានជាតិរ៉ែនោះទេ។ ប្រភពទឹកមួយចំនួនមានកម្រិតសារធាតុអាស៊ីត PH ខ្លាំងណាស់៕ PB