
ខេត្ត កែបៈ ដោយសារមានការផ្សព្វផ្សាយខ្លាំងពីសក្តានុពលទេសចរណ៍ក្នុងពិធីបុណ្យសមុទ្រ ខេត្ត កែប បានក្លាយជាគោលដៅទេសចរណ៍ថ្មីដែលកំពុងទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិ។ បើតាមការឲ្យដឹងពីលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តក្នុងឆ្នាំ ២០១៣ ភ្ញៀវទេសចរទៅទស្សនាខេត្ត កែប បានកើនដល់ចំនួនប្រមាណ ៧០ ម៉ឺននាក់។ ក្នុងបទសម្ភាសជាមួយ ភ្នំពេញ ប៉ុស្តិ៍ កាលពីពេលថ្មីៗនេះលោក សោម ចិន្តា បាននិយាយអំពីបច្ចុប្បន្នភាពរបស់ខេត្ត កែប ផែនការអភិវឌ្ឍន៍និងយុទ្ធសាស្រ្តទេសចរណ៍ដែលមន្ទីរកំពុងរៀបចំសម្រាប់ខេត្ត កែប។
អ្វីទៅជាចក្ខុវិស័យទេសចរណ៍របស់ខេត្ត កែប?
បច្ចុប្បន្នក៏ដូចជាទស្សនវិស័យយូរអង្វែងដែរ ខេត្ត កែប នេះគឺជាគោលដៅទេសចរណ៍ថ្មីមួយដែលភ្ញៀវជាតិនិងអន្តរជាតិមានការចាប់អារម្មណ៍។ ភ្ញៀវទេសចរខេត្ត កែប អាចមកតាមផ្លូវគោកតាមផ្លូវដែក និងតាមផ្លូវទឹក។ យើងមានគោលដៅទេសចរគឺទេសចរណ៍វប្បធម៌ និងទេសចរធម្មជាតិ។ ខេត្ត កែប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះយកចិត្តទុកដាក់ចំពោះបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ដែលកត្តានេះជាការសំខាន់បើមិនមានសន្តិសុខទេ ទេសចរក៏មិនមកអ្នកវិនិយោគក៏មិនមកដែរ។
ចក្ខុវិស័យរបស់ខេត្តគឺធ្វើឲ្យខេត្ត កែប ក្លាយជាទីក្រុងផ្កានាពេលអនាគតដូចជាទីក្រុង ដាឡាត់ របស់ប្រទេស វៀតណាម។ អ៊ីចឹងភ្ញៀវទេសចរគេមកលេង កែប គឺគេមកលេងជាមួយនឹងបរិយាកាសធម្មជាតិ ដែលមានស្រាប់និងអ្វីដែលយើងនឹងបង្កើតបន្ថែមទៀត ហើយគេមកញ៉ាំអាហារសមុទ្រផងដែរ។ នេះជាចំណុចទាក់ទាញភ្ញៀវទេសចរខ្លាំងណាស់គឺ អាហារសមុទ្រនៅខេត្ត កែប នេះល្បីល្បាញខ្លាំងណាស់។ យើងដឹងហើយថា កោះកុង និងខេត្ត ព្រះសីហនុ ក៏ជាខេត្តនៅតំបន់ឆ្នេរដែរ ប៉ុន្តែខេត្ត កែប មានម្ហូបសមុទ្រឆ្ងាញ់ជាងគេដោយសារខេត្ត កែប មិនមានការបំពុលបរិស្ថាន និងជីវចម្រុះមិនមានការបំពុលដោយសារមនុស្ស។
តើខេត្ត កែប មានគម្រោងទាក់ទាញភ្ញៀវទេសចរប្រភេទណាដែរ?
បច្ចុប្បន្ននេះភ្ញៀវអន្តរជាតិដែលមកទស្សនាខេត្ត កែប ភាគច្រើនគឺ ទេសចរមកពីអឺរ៉ុប បន្ទាប់មកគឺភ្ញៀវដែលមកពីប្រទេស វៀតណាម ដោយសារយើងមានព្រំប្រទល់ជាប់នឹងប្រទេស វៀតណាម។ ដោយសារ កែប គឺជាខេត្តមួយដែលមានព្រំប្រទល់ទឹកជាមួយប្រទេស វៀតណាម និងប្រទេស ថៃ។ យើងបានពិចារណារួចហើយក្នុងការទាក់ទាញភ្ញៀវមកពីច្រករបៀងខាងត្បូង។ យើងមានគោលដៅទាក់ទាញភ្ញៀវពីប្រទេសទាំងពីរនេះ ពិសេសភ្ញៀវ វៀតណាម ដែលមានប្រភពមកពីកោះ ត្រល់។ វាជាគោលដៅខ្លាំងមែនទែន ព្រោះពីយើងទៅកោះ ត្រល់ និងពីកោះ ត្រល់ មកយើងគឺវាជិតមែនទែន។
ភ្ញៀវមកដើម្បីរីករាយទទួលទានអាហារសមុទ្រ និងមកស្រូបក្លិនផ្កា និងដើមឈើដែលយើងកំពុងដាំនេះ។ ក្រៅពីធនធានធម្មជាតិ យើងមានទេសចរកសិកម្មផងដែរ ដូចជាស្រែអំបិល ចម្ការម្រេចដូចខេត្ត កំពត ដែរ។ ពេលនេះយើងកំពុងពង្រីកផ្លូវចាប់ពី កំពត ពីសេកស មកខេត្ត កែប ហើយយើងបានចាក់ខ្សាច់ស នៅមាត់ឆ្នេរ ដើម្បីសោភណភាពឆ្នេររបស់យើង។ យើងក៏មានកងឆ្មាំសមុទ្រ សម្រាប់ថែរក្សាសុវត្ថិភាពភ្ញៀវមកលេងឆ្នេរនេះយើងរៀបចំបន្ទប់ទឹកសាធារណៈ មជ្ឈមណ្ឌលព័ត៌មាន និងកន្លែងអង្គុយលេងពិសារម្ហូបអាហារផងដែរ។
តើខេត្ត កែប មានគោលដៅទេសចរណ៍ខុសពីខេត្ត ព្រះសីហនុ ដូចម្តេចខ្លះ?
ខេត្ត កែប មានគោលដៅទេសចរណ៍ពឹងផ្អែកលើធម្មជាតិក្នុងលក្ខណៈស្ងប់ស្ងាត់ មិនលើកទឹកចិត្តឲ្យមានភាពបំពងសំឡេងរញ៉េរញ៉ៃ ក្តុងក្តាំងដូចនៅខេត្ត ព្រះសីហនុ ដែលមាន ឌីស្កូ មានខារ៉ាអូខេ និងបារ៍អ៊ូអរនោះទេ។ ភ្ញៀវមកសម្រាក កម្សាន្តដើម្បីព្យាបាលសុខភាព។ អ៊ីចឹងបានជាយើងដាំដើមឈើ ដាំផ្កា ដាំដូងប្រេងជាដើមពង្រីកធ្វើសួនច្បារសាធារណៈ ធ្វើសួនសត្វ គឺធ្វើឲ្យស្រស់បំព្រង និងស្ងប់ស្ងាត់ សម្រាកកម្សាន្តជាមួយធម្មជាតិ។ យើងលើកទឹកចិត្តឲ្យវិស័យឯកជនមានការអភិវឌ្ឍ គ្រប់សព្វបែបយ៉ាង ក្នុងខេត្ត ព្រះសីហនុ ផ្នែកសេវាកម្មទេសចរណ៍មានដូចជា ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ខារ៉ាអូខេ ឌីស្កូ កាស៊ីណូជាដើម។ ប្រសិនបើភ្ញៀវគេចង់សប្បាយចូលចិត្តភាពអ៊ូអរ គេទៅខេត្ត ព្រះសីហនុ។ ភ្ញៀវដែលគេចង់សម្រាកកម្សាន្តបែបធម្មជាតិ បែបស្ងប់ស្ងាត់ និងស្រូបខ្យល់អាកាសបរិសុទ្ធគេមកខេត្ត កែប។ ឥឡូវខេត្តមានគម្រោងសាងសង់កន្លែងស្នាក់នៅច្រើនជាបន្តបន្ទាប់។
បើវិនិយោគិននាំគម្រោងអភិវឌ្ឍន៍ធំៗមកសម្រាប់អភិវឌ្ឍសេវាកម្មកម្សាន្តក្នុងខេត្ត កែប តើខេត្តនឹងមានវិធានការបែបណា?
ការពិតយើងចង់បានអ្នកអភិវឌ្ឍហើយ តែយើងត្រូវធ្វើដោយប្រុងប្រយ័ត្ន និងប្រកបដោយការទទួលខុសត្រូវ។ យើងបានគិតទុកអំពីទីតាំងភូមិសាស្រ្ត កន្លែងណាដែលយើងអនុញ្ញាតឲ្យមានការអភិវឌ្ឍផ្នែកសេវាកម្មកម្សាន្តនោះ។ ប្រសិនបើថ្ងៃក្រោយតម្រូវការទេសចរនៅខេត្ត កែប ត្រូវឲ្យមានខេត្តនិងអនុញ្ញាតឲ្យមានគម្រោងអភិវឌ្ឍន៍សេវាកម្មកម្សាន្ត នៅខាងកើតភ្នំដែលអាចក្លាយជាទីកន្លែងទេសចរណ៍ផ្នែកសេវាកម្ម កម្សាន្ត មានក្លិបកម្សាន្ត ខារ៉ាអូខេ ជាដើម តែមិនអនុញ្ញាតសម្រាប់ភាគខាងលិចភ្នំនេះទេ។ យើងរក្សាតំបន់ខាងលិចភ្នំនេះជាតំបន់ទេសចរណ៍ស្ងប់ស្ងាត់។ ទោះជាយ៉ាងរហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍សេវាកម្មកម្សាន្តក្លិបកម្សាន្ត និងខារ៉ាអូខេធំៗនៅមិនទាន់មានស្នើមកខាងខេត្ត កែប នេះនៅឡើយទេ។ ប៉ុន្តែមានគម្រោងអភិវឌ្ឍន៍ចូលមកខេត្ត កែប ពាក់ព័ន្ធនឹងការបង្កើតរមណីយដ្ឋាន ការសាងសង់សណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ តាមកោះគឺធ្លាប់មាន។
តើវាមានសារៈសំខាន់សម្រាប់ខេត្ត កែប ក្នុងការរក្សាទុកអគារសំណង់ដែលសល់ពីសម័យអាណានិគមបារាំងដែរឬទេ?
វាសំខាន់ក្នុងការរក្សាទុកអគារសំណង់ដែលសល់ពីសម័យអាណានិគម បារាំង។ រហូតមកដល់ពេលនេះខ្ញុំមិនទាន់ឮពីគម្រោងពីការកម្ទេចអគារសំណង់ដែលសល់ពីសម័យអាណានិគមបារាំងនោះទេ។ ទោះជាយ៉ាងណា យើងត្រូវផ្សារភ្ជាប់ការអភិរក្ស និងការអភិវឌ្ឍ មានន័យថា យើងអភិវឌ្ឍក៏ត្រូវគិតអំពីការអភិរក្សដែរ។ ពាក់ព័ន្ធនឹងសំណួរថា តើយើងគួរឲ្យធ្វើការថ្លឹងថ្លែងការអភិវឌ្ឍ និងការអភិរក្សឲ្យវាដើរទន្ទឹមគ្នាបានយ៉ាងណានោះ យើងត្រូវពិនិត្យស្ថានភាពជាក់ស្តែងគ្រាន់តែជាការបញ្ជាក់ថា ដល់ពេលនោះមិនមែនមានតែខ្ញុំម្នាក់ឯងនោះទេ ដែលសម្រេចចិត្ត គឺស្ថាប័នដែលពាក់ព័ន្ធនឹងត្រូវចូលរួមពិភាក្សាគ្នា ថាត្រូវដោះស្រាយយ៉ាងណា។
តើអ្វីទៅជាគម្រោងសម្រាប់វិស័យទេសចរណ៍ក្នុងការបន្តទាក់ទាញភ្ញៀវមកទស្សនានៅខេត្ត កែប?
គម្រោងរបស់យើងគឺ កែលម្អហេដ្ឋារចនាសម្ព័ន្ធ ទីពីរយើងធ្វើអាងចម្រោះទឹកកខ្វក់ ទីបីយើងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ទីបួនគឺ ការយកចិត្តទុកដាក់ក្នុងការដាំផ្កា និងដើមឈើ ដែលជាចក្ខុវិស័យនាពេលអនាគត។ មួយទៀត ធ្វើយ៉ាងណាឲ្យមានប្រព័ន្ធទឹកស្អាត និងបណ្តាញអគ្គិសនីនៅខេត្ត។ ខេត្ត កែប និងមានកំណើនសន្ទុះភ្ញៀវខ្លាំង យើងនឹងពង្រីកសេវាកម្មដឹកជញ្ជូនឲ្យបានប្រសើរជាងមុនដូច្នេះយើងយកចិត្តទុកដាក់ខ្លាំង លើសេវាកម្មដឹកជញ្ជូនភ្ញៀវទាំងផ្លូវគោក និងផ្លូវទឹក។ ខេត្តមានគម្រោងសាងសង់ផែអន្តរជាតិមួយ សម្រាប់ដឹកជញ្ជូនភ្ញៀវតាមកប៉ាល់ធំៗពី ថៃ ពី វៀតណាម ពិសេសភ្ញៀវពីកោះ ត្រល់ តែម្តង។ សព្វថ្ងៃ យើងមានផែមួយរួចហើយ ប៉ុន្តែវាជាផែតូច និងកំពុងបម្រើដល់ការដឹកភ្ញៀវដើរលេងតាមកោះក្នុងតំបន់របស់យើងប៉ុណ្ណោះទេ។ ការរៀបចំប្រព័ន្ធលូ ប្រព័ន្ធអាងចម្រោះទឹកកខ្វក់គឺគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ី និងបដិភាគរបស់រដ្ឋាភិបាល។យើងមិនទាន់ដឹងថា នឹងចាប់ផ្តើមពេលណាទេ ប៉ុន្តែនឹងចាប់ផ្តើមនៅពេលឆាប់ៗនេះ។
ក្នុងរង្វង់ប៉ុន្មានឆ្នាំខាងមុខនេះយើងនឹងឃើញកំណើនសន្ទុះសេដ្ឋកិច្ចក្នុងខេត្ត កែប មានល្បឿនខ្លាំងដោយមានភ្ញៀវទេសចរអ្នកវិនិយោគចូលមកក្នុងខេត្ត កែប ក្នុងនោះជីវភាពរបស់ប្រជាជនក៏នឹងមានភាពប្រសើរឡើងផងដែរ៕