
ភ្នំពេញៈ នៅសប្ដាហ៍នេះអ្នកយកសារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ ជួបជាមួយលោក Rimsky Yuen រដ្ឋមន្ដ្រីក្រសួង យុត្តិធម៌ របស់ទីក្រុង ហុងកុង។ លោកបានធ្វើដំណើរយ៉ាងរហ័សមក កម្ពុជា និង វៀតណាម ក្នុងបំណំងការផ្សព្វផ្សាយពីមជ្ឈត្តកម្មអន្តរជាតិរបស់ ហុងកុង ឬសេវាដោះស្រាយជម្លោះផ្លូវច្បាប់ឆ្លងកាត់សមុទ្រ។ លោក Rimsky ថ្លែងថា ទំហំពាណិជ្ជកម្មកើនឡើងនៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានផ្ដល់កន្លែងដែលទទួលបានលទ្ធផលល្អសម្រាប់សេវាជម្លោះផ្លូវច្បាប់អន្តរជាតិ ហើយវាប្រាកដជាមានតម្រូវការកាន់តែធំសម្រាប់គោលបំណងទទួលបានមជ្ឈត្តករពីក្រៅប្រទេស។
មជ្ឈត្តកម្ម អន្តរជាតិគឺជាអ្វី?
កាលពីសម័យមុន នៅពេលមានជម្លោះផ្លូវច្បាប់ត្រូវបានកំណត់ជាដំបូងចំពោះប្រទេសមួយ ពាណិជ្ជករ មានក្ដីសប្បាយរីករាយដែលបានដោះស្រាយជម្លោះនេះដោយតុលាការ ក្នុងស្រុក។ ប៉ុន្តែដោយមានសកលភាវូបនីយកម្ម ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងការកើនឡើងខាងបច្ចេកវិទ្យា ទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងពាណិជ្ជកម្មអន្តរជាតិបានកើនឡើងយ៉ាងខ្លាំង។
ជាលទ្ធផលសេចក្ដីត្រូវការមជ្ឈត្តករពីក្រៅប្រទេសកើនឡើង។ ឧទាហរណ៍បើខ្ញុំត្រូវបានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុន អាមេរិក នៅក្នុងជម្លោះពាណិជ្ជកម្មមួយជាមួយក្រុមហ៊ុន ចិន វាអាចជាជម្លោះធម្មតាសម្រាប់ភាគីទាំងពីរដែលមិនត្រូវការប្ដឹងទៅតុលាការរបស់ភាគីផ្សេងទៀតដោយសារតែខ្លាចមានភាពលម្អៀង។ មជ្ឈត្តកម្មអន្តរជាតិអនុញ្ញាតឲ្យភាគីទាំងពីរសម្រេចចិត្តលើទីតាំង និងសមាជិករបស់ចៅក្រមជាប្រធាន។
តើពាណិជ្ជករកម្ពុជាយល់ពីដំណើរការផ្លូវច្បាប់អន្តរជាតិ និងមជ្ឈត្តករឬទេ?
ខ្ញុំគិតថា មជ្ឈត្តកម្មអន្តរជាតិគឺស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍនៅទីនេះដូច្នេះវាជារឿងធម្មតាដែលនឹងត្រូវការពេលវេលាបន្តិចសម្រាប់ឲ្យប្រជាជនយល់ដឹងពីរបៀបធ្វើការងាររបស់មជ្ឈត្តកម្ម និងពីរបៀបមជ្ឈត្តកម្មនេះអាចជួយដល់សហគមន៍ពាណិជ្ជកម្ម។ ម៉្យាងវិញទៀត នៅពេលដែលពាណិជ្ជករ កម្ពុជា ធ្វើពាណិជ្ជកម្មជាមួយសហគ្រាសក្រៅ ប្រទេសកាន់តែច្រើនពួកគេនឹងយល់ដឹងពីក្របខ័ណ្ឌច្បាប់អន្តរជាតិកាន់តែច្រើនផងដែរ។ ការកើនឡើងដែលអាចជួយសម្រួលដល់ការយល់ដឹងរបស់ប្រជាជន កម្ពុជា អំពីដំណើរការដែលជាប់ពាក់ព័ន្ធនេះ។ នៅទីក្រុង ហុងកុង យើងបានប្រើប្រាស់ដំណើរការដូចគ្នានេះ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
តើកម្ពុជាដែលបង្កើនពាណិជ្ជកម្មអន្តរជាតិ បច្ចុប្បន្នមានតម្លៃ ១៥,៩ ពាន់លានដុល្លារបង្ហាញពីតម្រូវការមជ្ឈត្តករពីក្រៅប្រទេសដែរឬទេ?
បើនិយាយតាមត្រង់ទៅ គឺត្រូវការ។ ថ្មីៗនេះខ្ញុំនិយាយជាមួយមិត្តភកិ្ដម្នាក់ថា ពាណិជ្ជករមិនធ្វើតាមមេធាវីមេធាវីធ្វើតាមពាណិជ្ជករ។ តាមការពិតពាណិជ្ជករនឹងមិនទៅប្រទេសមួយជាពិសេសសម្រាប់មេធាវីរបស់គេឡើយ ខ្ញុំសង្ស័យពួកគេប្រហែលជានឹងព្យាយាមគេចចេញពីមេធាវី។ ប៉ុន្តែ មេធាវីកត់សម្គាល់ពីឱកាសធ្វើពាណិជ្ជកម្មដោយសារសកម្មភាពពាណិជ្ជកម្មកើនឡើង។ ច្បាស់ណាស់ការកើនឡើងរបស់ កម្ពុជា នៅក្នុងទំហំពាណិជ្ជកម្មជាមូលហេតុមួយសម្រាប់ការធ្វើដំណើររបស់យើងមកទីនេះ។ អ្នកខ្លះនិយាយថា សន្ទុះកំណើនសេដ្ឋកិច្ចរបស់ពិភពលោកបានផ្លាស់ប្តូរជាអចិន្ត្រៃយ៍ពីភាគខាងលិចឆ្ពោះទៅកាន់ភាគខាងកើត។
តើមានជម្លោះទាក់ទងនឹងឧស្សាហកម្មឬវិស័យជាពិសេសនៅ កម្ពុជា ដែលបានទាក់ទាញហុងកុង ដើម្បីលើកកម្ពស់សេវាកម្មមជ្ឈត្តកម្មអន្តរជាតិរបស់ខ្លួននៅទីនេះដែរឬទេ?
មិនមានទេ! ការមកដល់ទីនេះរបស់យើងគឺមិនមែនជាការឆ្លើយតបទៅនឹងសេចក្ដីត្រូវការមជ្ឈត្តកម្មរបស់ឧស្សាហកម្មមួយចំនួននោះទេ។ មជ្ឈត្តកម្មមានផលប្រយោជន៍បន្ថែមនៃការជ្រើសរើសដោយភាគីមួយដើម្បីពិនិត្យ និងដោះស្រាយជម្លោះ។ សមាជិកទាំងនេះអាចជាមនុស្សមានចំណេះដឹងជ្រៅជ្រះ ឬជាមេធាវីមានឯកទេសខាងវិស័យនេះពិតប្រាកដ។ ជាលទ្ធផលមជ្ឈត្តកម្មអន្តរជាតិស័ក្ដិសមនឹងឧស្សាហកម្ម និងវិស័យទាំងអស់ ទោះបីជាវិស័យធនាគារ ហិរញ្ញវត្ថុ ឬវិស័យផលិតកម្មក៏ដោយ៕ PB