
ភ្នំពេញៈ លោកសាស្ដ្រាចារ្យ Muhammad Yunus ដែលបានឈ្នះពាន់រង្វាន់ណូបែលកាលពី ឆ្នាំ២០០៦ សម្រាប់ការបង្កើតតួនាទីដ៏សំខាន់មួយប្រឆាំងនឹងភាពក្រីក្រដោយបានបង្កើតធនាគារ Grameen Bank ដែលផ្ដល់ប្រាក់កម្ចីចំនួនតិចតួចឲ្យអ្នកក្រីក្របំផុតនៅក្នុង ប្រទេសបង់ក្លាដេស។ ការអនុវត្តនេះត្រូវបាន គេហៅថា ជាមីក្រូហិរញ្ញវត្ថុឥណទានខ្នាតតូច ឬការផ្ដល់កម្ចីខា្នតតូច ដែលពេលនេះមាននៅទូទាំងពិភពលោក។ លោក Yunus បានផ្តល់បទសម្ភាសជាមួយ Joe Freeman អ្នកយកព័ត៌មាន ភ្នំពេញ ប៉ុស្ដិ៍។
ប្រជាជនជាច្រើននៅទីនេះក្លាយជាអ្នកជំពាក់បំណុលនៅក្នុងរដូវវស្សាដោយសារតែមានផលប៉ះពាល់លើដំណាំកសិផលរបស់ខ្លួន។ តើនេះជាកត្តាដែលធ្វើឲ្យកើតមានឥណទានខ្នាតតូចនេះដោយសារតែកសិករជំពាក់បំណុលតាមរយៈការខ្ចីប្រាក់កាន់តែច្រើននោះ?
នៅក្នុងប្រទេសធ្វើកសិកម្មវាមានបញ្ហាដូចគ្នា។ ខ្ញុំចង់និយាយថា នោះគឺជាឥណទានខ្នាតតូចមានគុណភាពអន់។ ឥណទានខ្នាតតូចប្រជាជនគួរដឹងពីរបៀបថា តើមានភាពសមរម្យល្អជាមួយជីវិតរបស់អតិថិជនដែរឬអត់? ពួកគេគួរតែយល់ថា ខ្លួនអាចបង់ប្រាក់ឲ្យអ្នកវិញ ហើយអ្នកគួរតែមានអារម្មណ៍ល្អធ្វើការជាមួយពួកគេ។ ប្រសិនបើវាគឺជាការឈឺក្បាលជាប្រចាំអ្នកឲ្យប្រាក់ខ្ចីហើយពួកគេមិនសងវិញ នេះមិនមែនជាការចាប់ផ្ដើមនោះទេ។ វានឹងមិនមានដំណើរការបានយូរឡើយ។
នៅពេលកម្រិតជីវភាពរស់នៅក្នុងបណ្ដាប្រទេសជាច្រើនដូចជា ប្រទេសបង់ក្លាដេស ឬកម្ពុជា តើមីក្រូហិរញ្ញវត្ថុនឹងនៅតែមានការពាក់ព័ន្ធដែរឬទេ?
យើងមានសាខាចំនួន ៦ នៅ ទីក្រុងញូវយ៉ក ហើយខ្ញុំទើបនឹងមកពី ទីក្រុង Los Angeles។ យើងបានបើកដំណើរការសាខាថ្មីពីរនៅទីនោះ។ នេះគឺនៅក្នុងប្រទេសដែលមានជាងគេបំផុតនៅក្នុងពិភពលោក ប៉ុន្តែនៅតែមានសេចក្ដីត្រូវការយ៉ាងធំ។ យើងមានសាខានៅក្នុង ទីក្រុង Omaha ទីក្រុង Charlotte ទីក្រុង Indianapolis ទីក្រុង San Francisco ទីក្រុង Boston និងទីក្រុង Austin។ យើងហៅវាថា Grameen America។ បញ្ហាជាមូលដ្ឋានគឺថា ធនាគារមិនផ្ដល់ប្រាក់កម្ចីឲ្យប្រជាជននៅក្រោមកម្រិតពិតប្រាកដមួយនោះទេ។ តើអ្នកដូចគ្នាអ្នកចង់ការប្រាក់ទេ? អ្នកចងការប្រាក់គឺជាបញ្ហាមួយគួរឲ្យខ្លាចបំផុត។ វាមានគ្រប់ទីកន្លែងនៅក្នុង ប្រទេសអាមេរិក។ ហេតុអ្វី? ដោយសារតែធនាគារមិនធ្វើការងារដូច្នេះអ្នកបានបង្កើតប្រភេទថ្មីនៃកម្ចីដែលគិតប្រាក់ការខ្ពស់។ អត្រាការប្រាក់គឺ ១០០ ភាគរយ ១០០០ ភាគរយ ២០០០ ភាគរយ។
តើមីក្រូហិរញ្ញវត្ថុជាទូទៅមិនមានការប្រាក់ខ្ពស់ទេឬ?
នៅក្នុង ទីក្រុងញូវយ៉ក អត្រាការប្រាក់របស់យើងគឺ ១៥ ភាគរយ។
វាហាក់ដូចជាថា នៅក្នុងការអនុវត្តថ្មីៗនៃការផ្ដល់ប្រាក់កម្ចីខ្នាតតូចត្រូវបានរិះគន់ដោយប្រជាជនដែលនិយាយថា វាពិតជាមិនដំណើរការហើយថា វាធ្វើឲ្យប្រជាជនជំពាក់បំណុលវិលជុំ។ តើគឺជាការពិតទេចំពោះបញ្ហានោះ?
មានមីក្រូហិរញ្ញវត្ថុរាប់ពាន់ប្រភេទ។ ដូច្នេះនៅពេលអ្នកនិយាយថា មីក្រូហិរញ្ញវត្ថុអាក្រក់ យើងមិនប្រាកដថា ជាបញ្ហាមួយដែលយើងកំពុងពិភាក្សាគ្នានោះទេ។ មានកម្មវិធីមីក្រូហិរញ្ញវត្ថុមិនសុចរិតជាច្រើន។ មានកម្មវិធីមីក្រូហិរញ្ញវត្ថុពិតប្រាកដ។ មានកម្មវិធីឥណទានខ្នាតតូចគ្រប់គ្រងតាមរបៀបមិនល្អ។ ប៉ុន្តែវាមិនមែនជាទូទៅទេ។
តាមដែលខ្ញុំដឹង ៩៦ ភាគរយនៃអតិថិជននៅធនាគារ Grameen Bank នៅក្នុង ប្រទេសបង់ក្លាដេស គឺជាស្ដ្រីតើពិតទេ? ហេតុអ្វី?
តាមពិតមានរហូតដល់ ៩៧ ភាគរយ។ ស្ថានភាពនៅក្នុងគ្រួសារគឺមានភាពល្អប្រសើរច្រើន។ ស្ដ្រីថែរក្សាប្រាក់នេះដោយប្រុងប្រយ័ត្នខ្លាំងណាស់។ បុរសមិនមានការប្រុងប្រយ័ត្នទេ។ បុរសចង់ចាយប្រាក់ ហើយទៅចូលហាងផឹកស៊ី និងការសប្បាយរីករាយ។ ស្រ្ដីមានការប្រុងប្រយ័ត្នជាមួយអ្វីដែលពួកគេធ្វើហើយចង់ទទួលបានអត្ថប្រយោជន៍ពីប្រាក់ដែលពួកគេខ្ចី។ ទាំងនេះគឺជាចរិតលក្ខណៈដូចគ្នានៅទូទាំងសកលលោក វាមិនមែនគ្រាន់តែប្រទេសមួយនោះទេ។ ប្រសិនបើសម្លឹងមើល កម្ពុជា អ្នកនឹងមើលឃើញបញ្ហាដូចគ្នានេះ។
តើមានកំហុសអ្វីខ្លះដែលប្រទេសជាច្រើនបានចម្លងតាមម៉ូដែលនេះ?
កំហុសរួមមួយគឺពួកគេទើបនឹងអានសៀវភៅរួចហើយនិយាយ។ «អូ! នោះគឺស្រួលណាស់!» ហើយពួកគេធ្វើវា ហើយបរាជ័យភា្លម។ ពួកគេមិនមានភាពអត់ធ្មត់រៀនពីរបៀបធ្វើវាទេ។ គំនិតនេះគឺសាមញ្ញ។ ប៉ុន្តែនៅពេលអ្នកទៅធ្វើ វាអ្នកចាំបាច់ត្រូវយល់ពីបញ្ហានីតិវិធីឲ្យបានច្បាស់។ តើអ្នកធ្វើវាដោយរបៀបណា? តើអ្នកនិយាយដូចម្ដេច? តើអ្នកកសាងទំនុកចិត្តដោយរបៀបណា? បញ្ហាជាច្រើនយើងត្រូវសិក្សាលម្អិតអស់រយៈពេលជាច្រើនឆ្នាំ។ ដូច្នេះអ្នកគួរតែចំណាយពេលវេលាមួយចំនួនជាមួយពួកយើង ឬជាមួយនរណាម្នាក់ដែលត្រូវធ្វើវាមួយរយៈពេលមកហើយ។
តើវាបានបរាជ័យនៅកន្លែងណា?
ប្រជាជនដែលមិនយល់ពីវា សម្រាប់នរណាម្នាក់ ឬអ្នកដែលកាត់យល់ខុស ដែលនិយាយថា «អា! នេះគឺអស្ចារ្យ ខ្ញុំអាចរកប្រាក់បានច្រើនដោយឲ្យប្រាក់កម្ចីទៅប្រជាជនក្រីក្រ»។
ឥណទានខ្នាតតូចមិនត្រូវបានបង្កើតឡើងដើម្បីរកប្រាក់សម្រាប់អ្នកមាននោះទេ។ វាត្រូវបានបង្កើតឡើងដើម្បីជួយប្រជាជនឲ្យផុតពីភាពក្រីក្រ។ ដូច្នេះប្រសិនបើអ្នកកំពុងប្រើប្រាស់ឧបករណ៍នេះដើម្បីធ្វើឲ្យខ្លួនឯងមានប្រាក់ច្រើន នោះគឺជាគំនិតមួយដែលខុស ជារឿងខុស។ ខ្ញុំបានឃើញកម្មវិធីឥណទានខ្នាតតូចធំៗដែលអត្រាការប្រាក់ខ្ពស់ជាង ១០០ ភាគរយវាគួរតែតិចជាង ២០ ភាគរយ។ អ្នកដែលធ្វើរបៀបនេះយើងបានរិះគន់យ៉ាងខ្លាំង។
តើរដ្ឋាភិបាលគួរតែពាក់ព័ន្ធជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនេះដែរឬទេ?
យើងព្យាយាមក្នុងការធ្វើឲ្យរដ្ឋាភិបាលមិនពាក់ព័ន្ធជាមួយវាទេ ដោយសារតែរដ្ឋាភិបាល និងឥណទានខ្នាតតូចមិនមានទំនាក់ទំនងល្អជាមួយគ្នានោះទេ។
នៅពេលអ្នកផ្ដល់ប្រាក់កម្ចីដល់ប្រជាជនក្រីក្រតាមរយៈរដ្ឋាភិបាលវាត្រូវជាប់ពាក់ព័ន្ធបញ្ហានយោបាយ។
ពេលបញ្ហានយោបាយ និងប្រាក់ត្រូវបានលាយចូលគ្នា ដំណើរការហិរញ្ញវត្ថុទទួលរងផលប៉ះពាល់ដែលអ្នកខ្ចីប្រាក់ដឹងថា អ្នកកំពុងផ្ដល់ប្រាក់ដោយសារតែអ្នកចង់បានសន្លឹកឆ្នោត៕ PB