
ភ្នំពេញៈ លោក Joe Freeman ការីនិពន្ធរងផ្នែកសេដ្ឋកិច្ចរបស់ ភ្នំពេញ ប៉ុស្ដិ៍ បានធ្វើបទសម្ភាសមួយជាមួយលោក ស៊ុន ចាន់ថុល ដែលបានឡើងកាន់តំណែងកាលពីខែ កញ្ញា បន្ទាប់ពីគណបក្សកំពុងកាន់អំណាចបានរុះរើតំណែងជាន់ខ្ពស់មួយចំនួនក្នុងគ្រាដែលសន្យាធ្វើការកែទម្រង់។
លោក ស៊ុន ចាន់ថុល ដែលបានឡើងកាន់តំណែងជំនួសលោក ចម ប្រសិទ្ធ រដ្ឋមន្ដ្រីក្រសួង ពាណិជ្ជកម្ម ដែលបានកាន់តំណែងរយៈពេលយូរនោះ ភ្លាមៗធ្វើការផ្លាស់ប្តូរជាច្រើន ដែលបង្ហាញថា លោកមកនេះគឺដើម្បីធ្វើកំណែទម្រង់។ លោក ចាន់ថុល បានសិក្សានៅ អាមេរិក កាលពីចុងទសវត្សរ៍ឆ្នាំ ១៩៧០ នាំយកបទពិសោធខាងវិស័យឯកជនអស់រយៈពេលជាច្រើនឆ្នាំមកបម្រើការងារនៅក្នុងក្រសួង ពាណិជ្ជកម្ម ហើយលោកបានធ្វើជាមន្ត្រីប្រតិបត្តិមួយរូបនៅក្រុមហ៊ុន General Electric មុនពេលលោកត្រឡប់ចូលមក កម្ពុជា នៅទសវត្សរ៍ឆ្នាំ ១៩៩០។
លោកបានជួយបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបានធ្វើជារដ្ឋមន្ដ្រីក្រសួង សាធារណការ និងដឹកជញ្ជូន ចាប់ពីឆ្នាំ ២០០៤ ដល់ឆ្នាំ ២០០៨។ រហូតដល់ពេលកាន់តំណែងបច្ចុប្បន្នលោកធ្លាប់ជាទេសរដ្ឋមន្ដ្រីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលលោកនៅតែរក្សាតំណែងជាអនុប្រធានរបស់លោកដដែល។
តើលោកចង់ឡើងកាន់តំណែងនៅក្រសួង ពាណិជ្ជកម្ម នេះឬ?
ខ្ញុំមិនបានស្នើសុំមុខតំណែងនេះទេ។ ខ្ញុំត្រូវបានស្នើសុំដោយលោកនាយករដ្ឋមន្ដ្រីឲ្យផ្លាស់មកកាន់តំណែងនៅទីនេះដើម្បីកែទម្រង់ក្រសួងនេះដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មឲ្យកាន់តែល្អប្រសើរឡើង និងដើម្បីជួយដល់វិស័យឯកជន។ ច្បាស់ណាស់ ពិភពលោកនេះបានប្រែប្រួលហើយ។ យើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ចូលរួមក្នុងសមាគមអាស៊ាន ឆ្នាំ ២០១៥។ ខ្ញុំមិននិយាយពីអ្វីដែលឯកឧត្តម ចម ប្រសិទ្ធ ធ្វើមិនបានល្អនោះទេ។ វាគឺជាអ្វីដែលល្អ។ អ្នកខ្លះអាចនិយាយថា លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានផ្លាស់ប្តូរមនុស្សចុះឡើងក្នុងគោលបំណងបង្ហាញពីគំនិតថ្មីៗ បន្ទាប់ពីការបោះឆ្នោតកាលពីខែ កក្កដា ដែលយើងបានមើលឃើញថា គណបក្សប្រឆាំងទទួលបានសំឡេងគាំទ្រខ្លាំងជាងមុន។
ពិតហើយ ការកែទម្រង់ផែនការសម្រាប់ការកែទម្រង់គឺមានរយៈពេលវែង សូម្បីតែមុនពេលបោះឆ្នោត។ នាយករដ្ឋមន្ដ្រីរបស់យើងបានរៀបចំផែនការរួចជាស្រេចហើយក្នុងការផ្លាស់ប្តូរ និងការកែទម្រង់មួយចំនួនដើម្បីធ្វើសមាហរណកម្ម និងធ្វើឲ្យកម្ពុជាអាចប្រកួតប្រជែងកាន់តែខ្លាំង និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបានកាន់តែច្រើន។ ទោះបីជាលទ្ធផលនៃការបោះឆ្នោតបានជួយពន្លឿនការកែទម្រង់ក៏ដោយក៏គំនិតនេះមានតាំងពីយូរណាស់មកហើយ។ វាមិនមែនថា លោកក្រោកឡើងហើយនិយាយថា ហេ! តោះយើងធ្វើការកែទម្រង់នោះទេ។ ទេ! ផែនការមានជាយូរមកហើយ។ ប៉ុន្តែល្បឿននៃផែនការនេះនឹងដើរលឿនបន្តិចហើយក្នុងពេលឥឡូវនេះ។
តើលោកអាចបង្ហាញត្រួសៗពីអ្វីដែលសម្រេចបានក្នុងការធ្វើកំណែទម្រង់របស់លោក ឬអ្វីដែលកំពុងព្យាយាមសម្រេចរហូតមកដល់ពេលនេះបានទេ?
ទី១- យើងបានលុបបំបាត់ចោលវិញ្ញាបនបត្របញ្ជាក់ប្រភពដើមសម្រាប់ការនាំចេញទៅកាន់ប្រទេសដែលមិនតម្រូវឲ្យមាន។ ទី២- យើងអនុញ្ញាតឲ្យក្រុមហ៊ុននាំចេញរៀបចំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមដោយខ្លួនឯង ដោយមានប្រសិទ្ធភាពចាប់ពីថ្ងៃ ទី១ ខែ មករា ឆ្នាំ ២០១៤ ទៅ។ ពួកគេអាចផ្តិតក្រយៅដៃក្នុងកុំព្យូទ័រ នៅជាន់ក្រោមក្នុងក្រសួងរបស់យើង ហើយអាចបោះពុម្ពចេញបានដូច្នេះវាសន្សំពេលវេលាសម្រាប់ការបញ្ចូលទិន្នន័យ។ យើងក៏កំពុងដំណើរការប្រព័ន្ធវិញ្ញាបនបត្របញ្ជាក់ពីប្រភពដើមដោយ ស្វ័យប្រវត្ដិដែលអាចឆ្លើយឆ្លងគ្នាបាន។
ដូច្នេះអ្នកនាំចេញមិនចាំបាច់មកដល់ក្រសួងនេះទេ។ ពួកគេនៅក្នុងរោងចក្ររបស់ខ្លួន ពួកគេចូលរកព័ត៌មាន ផ្ញើវាមកយើងតាមអ៊ីនធឺណិត យើងត្រួតពិនិត្យតាមអ៊ីនធឺណិតយើងចេញឲ្យតាមអ៊ីនធឺណិត ហើយវាអាចព្រីនបានទោះបីជានៅទីណាក៏ដោយនៅពេលពួកគេត្រូវការ។ បញ្ហាមួយផ្សេងទៀតគឺនៅពេលអ្នកនាំចេញអ្នកចាំបាច់ក្នុងការចុះបញ្ជីជាអ្នកនាំចេញទទួលបាន GSP (ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍) ហើយជារៀងរាល់ឆ្នាំអ្នកត្រូវត្រឡប់មកហើយធ្វើវាជាថ្មីម្ដងទៀត។
យើងបានលុបចោលអស់ហើយ។ អ្នកធ្វើវាតែម្ដងគត់ ហើយប្រើជារៀងរហូត។ ទី៤ ដើម្បីចុះបញ្ជីក្រុមហ៊ុនមួយ ដំបូងអ្នកត្រូវទៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា បន្ទាប់មកអ្នកត្រូវទៅកន្លែងដែលចុះបញ្ជីក្រុមហ៊ុន។ ឥឡូវនេះ អត់ទេ។ មានការិយាល័យច្រកចេញចូលតែមួយ យើងបានបញ្ចូលគ្នា។ អ្នកមកការិយាល័យច្រកចេញចូលតែមួយ យើងនឹងធ្វើការងារទាំងអស់នេះជូនអ្នក។ យើងកំពុងដំណើរការប្រព័ន្ធចុះឈ្មោះក្រុមហ៊ុនដោយស្វ័យប្រវត្តិផងដែរ។
ខ្ញុំបានឮពាក្យចោទប្រកាន់ជាច្រើនពីអំពើពុករលួយនៅកាំកុងត្រូលដែលជាផ្នែកមួយរបស់ក្រសួង ពាណិជ្ជកម្ម ដែលទទួលខុសត្រូវខាងការត្រួតពិនិត្យគុណភាពនាំចូលនិងនាំចេញ។ តើលោកនឹងធ្វើការផ្លាស់ប្តូរនៅកន្លែងនោះទេ?
ពិតហើយ។ ខ្ញុំបាននិយាយរួចហើយទៅកាន់អគ្គនាយក កាំកុងត្រូល។ យើងនឹងសម្លឹងមើល កាំកុងត្រូល ឲ្យបានល្អិតល្អន់ដើម្បីមើលតំបន់ណា និងអ្វីដែលចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរ។ ខ្ញុំនឹងបើកកិច្ចប្រជុំមួយដើម្បីត្រួតពិនិត្យសកម្មភាពចាប់ពីឆ្នាំ ២០១៣ និងដើម្បីបង្កើតផែនការសកម្មភាពសម្រាប់ឆ្នាំនេះ។ ខ្ញុំនឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយពួកគេដើម្បីរកមធ្យោបាយកែលម្អ ដើម្បីជួយសម្រួលនីតិវិធីនាំចេញសម្រាប់វិនិយោគិន និងដើម្បីពិនិត្យមើលពីរបៀបដែលយើងធ្វើឲ្យតូចបំផុតលុបបំបាត់ចោល និងកាត់បន្ថយការចំណាយក្រៅផ្លូវការ។
ខ្ញុំក៏បានឮដែរ លោកបានឮ ប៉ុន្តែខ្ញុំមិនអាចរកបានភ័ស្ដុតាងជាក់ស្ដែងដែលហេតុការណ៍នេះ កំពុងកើតឡើង។ ប៉ុន្តែគឺជាអ្វីដែលយើងបានឮនៅក្នុងផ្នែកនេះ។ លោកនឹងមើលឃើញការផ្លាស់ប្តូរមួយចំនួននៅក្នុងផ្នែក កាំកុងត្រូល ដើម្បីឲ្យមានការជឿជាក់ពិតប្រាកដ។
តើកម្ពុជាអាចស្រង់កេរ្តិ៍ឈ្មោះរបស់ខ្លួនពីអំពើពុករលួយបានដូចម្ដេច?
ការធ្វើស្វ័យប្រវត្តិកម្មនៃវិញ្ញាបនបត្របញ្ជាក់ប្រភពដើមការធ្វើស្វ័យប្រវត្តិកម្មនៃការចុះបញ្ជីក្រុមហ៊ុន ដែលបង្ហាញដល់ពិភពលោកថា យើងកំពុងធ្វើដំណើរនៅក្នុងទិសដៅនោះ។ យើងនឹងបំបាត់ទំនាក់ទំនងគ្នា ហើយនៅពេលដែលយើងធ្វើ នៅពេលនោះយើងអាចលុបបំបាត់ឬកាត់បន្ថយបញ្ហានោះនៅពេលនោះលោកអាចកាត់បន្ថយការចំណាយក្រៅផ្លូវការបាន។
តើលោកបានទទួលការប្រឈមលើការផ្លាស់ប្តូរមួយចំនួនទាំងនេះទេ?
រហូតមកដល់ពេលនេះខ្ញុំមិនទទួលបានការប្រឆាំងតបនោះទេ ទាំងពីក្រសួងផ្សេងទៀត ឬក៏ពីប្រជាជនជាច្រើននៅទីនេះ។ ប៉ុន្តែការផ្លាស់ប្តូរណាមួយនៅក្នុងអង្គការណាមួយគ្រប់ទីកន្លែងនៅលើពិភពលោកលោកតែងតែទទួលបានការប្រឆាំងតបជានិច្ច។ នោះគឺជាការពិតនៃជីវិត។ ខ្ញុំគិតថា លោកមិនអាចទទួលការពេញចិត្តពីប្រជាជនបាន ១០០ ភាគរយនោះទេ។
ការងាររបស់លោកគឺកៀងគរការវិនិយោគ តើលោកកំពុងសម្លឹងមើលទៅទីណាខ្លះ?
យើងកំពុងព្យាយាមកៀងគរការវិនិយោគឲ្យបានច្រើនឡើងៗពីប្រទេស ជប៉ុន។ យើងមើលឃើញថា ក្រុមហ៊ុន ជប៉ុន កំពុងឈានចូលប្រទេស កម្ពុជា ពួកគេកំពុងនាំយកវិស័យផលិតកម្មចំណេះធ្វើ បច្ចេកវិទ្យាមកកាន់ កម្ពុជា ខ្ញុំរំភើបចំពោះកត្តាទាំងនេះ។ យើងកំពុងទាក់ទាញការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម។ យើងមើលឃើញថា មនុស្សជាច្រើនកំពុងបង្កើតម៉ាស៊ីនកិនស្រូវក្នុងប្រទេស កម្ពុជា ឃ្លាំងស្តុក ដើម្បីសម្ងួតស្រូវ។
ដូចគ្នានេះដែរ វិនិយោគិនថ្នាក់ពិភពលោកមួយចំនួនចង់ឃើញការមានតុល្យភាពអំណាច ប្រសើរជាងនេះក្នុងប្រទេស កម្ពុជា ព្រមទាំងតម្លាភាពបន្ថែមទៀត មុនពេលពួកគេមកវិនិយោគនៅទីនេះ។ តើរដ្ឋាភិបាលបច្ចុប្បន្នដែលគ្រប់គ្រងស្ថានភាពនយោបាយអស់រយៈ ពេលជាច្រើនឆ្នាំនោះមានមធ្យោបាយប្រសើរដើម្បីទាក់ទាញក្រុមវិនិយោគិនប្រភេទនោះទេ?
ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការលើកទឹកចិត្តផ្នែកវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ចំណាយលើប្រតិបត្តិការ ទាំងអស់នេះគឺជាសមាសធាតុទាំងអស់ដែលវិនិយោគិនសម្លឹងមើល មុនពេលពួកគេមកវិនិយោគក្នុងប្រទេសមួយ។ លោកអ្នកមិនអាចមានតែស្ថិរភាពនយោបាយតែមួយ ប៉ុន្តែគ្មានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនោះទេ។ ហេដ្ឋារចនាសម្ព័ន្ធរបស់លោកអ្នកមិនល្អ គ្មាននរណានឹងមកវិនិយោគនោះទេ។ ផ្ទុយមកវិញ លោកអ្នកមិនអាចមានតែស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធល្អ ប៉ុន្តែនយោបាយមិនល្អនោះទេ។
ដូច្នេះលោកអ្នកត្រូវការសមាសធាតុទាំងនោះ ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសទៅកាន់ប្រទេសនោះ។ បច្ចុប្បន្ន ចាប់ពីបោះឆ្នោតមក យើងជួបភាពជាប់គាំងផ្នែកនយោបាយ។ មួយផ្នែក បាទ! វិនិយោគិនមួយចំនួនដែលសម្លឹងមើលកម្ពុជាអាចរង់ចាំបន្តិច ដោយចាំមើលថាមានអ្វីនឹងកើតឡើងនាពេលបន្ទាប់ ប៉ុន្តែសម្រាប់វិនិយោគិនផ្សេងទៀត ពួកគេនិយាយថា មើលខ្ញុំមិនគិតថានេះគឺជាបញ្ហាធំនោះទេ។ ដោយសារខ្ញុំក៏ជាអនុប្រធានក្រុមប្រឹក្សាវិនិយោគកម្ពុជាដែរនោះ ខ្ញុំនៅតែមើលឃើញថា ការវិនិយោគបានចូលមកប្រទេសយើងតាមរយៈក្រុមប្រឹក្សាវិនិយោគនេះ។
នៅថ្ងៃសុក្រនេះ យើងមានគម្រោងផ្សេងៗគ្នាចំនួន ២០ ដែលយើងនឹងពិនិត្យមើលឡើងវិញ។ ខ្ញុំសង្ឃឹមថា គណបក្សប្រឆាំងនឹងទទួលយកអាសនៈនៅរដ្ឋសភា ហើយនឹងចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ។ អ្វីដែលត្រូវលើកយកមកពិភាក្សាគ្នានោះ ការពិភាក្សាត្រូវធ្វើនៅក្នុងរដ្ឋសភាជាតិ។ វាមិនល្អសម្រាប់ប្រទេសជាតិនោះទេ វាមិនល្អនោះទេ។ ការធ្វើបែបនេះមិនអាចដោះស្រាយបញ្ហានោះទេ។ ខ្ញុំចង់ឲ្យយើងជជែកអំពីភាពខុសគ្នានៃគោលនយោបាយនៅក្នុងរដ្ឋសភា មិនមែននៅតាមផ្លូវនោះទេ។ វានឹងធ្វើឲ្យជីវិតខ្ញុំងាយស្រួលជាងនេះបន្តិចក្នុងការជំរុញការវិនិយោគនៅពេលដែលខ្ញុំធ្វើដំណើរទៅបរទេសទាក់ទាញពួកគេ៕ PB
កិច្ចសម្ភាសនឹងបន្តសប្តាហ៍ក្រោយទៀត!