
កាលពីសប្តាហ៍មុន ភ្នំពេញ ប៉ុស្តិ៍ បានធ្វើកិច្ចសម្ភាសពិសេសជាមួយនឹងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង ពាណិជ្ជកម្ម ដែលទើបតែងតាំងថ្មីនិយាយអំពីការកំណែទម្រង់របស់ក្រសួងនិងការសម្រួលការនាំចេញ។ ដោយឡែកនៅសប្តាហ៍នេះ យើងនឹងបន្តនូវកិច្ចពិភាក្សានេះដោយផ្តោតលើបញ្ហាបាតុកម្មជុំវិញការទាមទារដំឡើងប្រាក់ឈ្នួលអប្បរមា ការធ្វើបាតុកម្ម និងការទាមទាររបស់បក្សប្រឆាំងក្នុងការដឹកនាំប្រទេសនិងប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសអភិវឌ្ឍន៍ផ្តល់ឲ្យ។
បើគណបក្សប្រឆាំង ទទួលបានអំណាចក្នុងមុខតំណែងណាមួយតើពួកគេមានចំណេះដឹងខាងបច្ចេកទេសដឹកនាំរដ្ឋាភិបាលដែរឬទេ?
ខ្ញុំមិនដឹងថា តើធនធានមនុស្សរបស់គណបក្សប្រឆាំងបានមកពីណានោះទេ។ តែការដឹកនាំប្រទេស យើងមិនដឹកនាំតាមទ្រឹស្តីក្នុងសៀវភៅ នោះទេ។ អ្នកត្រូវការបទពិសោធ។ អ្នកមិនអាចចូលមក ហើយនិយាយថា មើលនែ! នេះជាអ្វីដែលខ្ញុំនឹងធ្វើនោះទេ។ ដោយសារក្រុមហ៊ុនមួយ អ្នកមិនអាចឲ្យនរណាម្នាក់ចាកចេញទៅ ហើយប្រាប់ថា ទៅទៅធ្វើការងារនេះ ឬការងារនោះ នោះទេ។ យើងមិនអាចធ្វើបែបនេះបានទេ។ អ្នកត្រូវចូលរួម ហើយសិក្សាពីស្ថានការណ៍នានា ដើម្បីបន្តដោះស្រាយបញ្ហានានានៅក្នុងក្រុមហ៊ុនឯកជន ឬនៅក្នុងប្រទេសមួយ។ ដូច្នេះពួកគេត្រូវការបទពិសោធនោះ។ តាមគំនិតរបស់ខ្ញុំផ្ទាល់ មនុស្សក្នុងបក្សប្រឆាំងដែលខ្ញុំបានជួប ពុំសូវមានបទពិសោធក្នុងការដឹកនាំប្រទេស ឬប្រតិបត្តិការអ្វីនោះទេ។ ខ្ញុំនិយាយជាទូទៅ ខ្ញុំមិនបាននិយាយថា ពួកគេមិនល្អនោះទេ។ ខ្ញុំនិយាយថា ពួកគេត្រូវការបទពិសោធ និងប្រវត្តិការងារអ្វីមួយ ហើយកន្លងមកខ្ញុំមិនទាន់ឃើញពួកគេមានបទពិសោធនោះទេ។ តែពួកគេក៏អាចមានពិសោធនោះហើយក៏មិនដឹង។
តែវាហាក់ដូចជាទៅយកប័ណ្ណបើកបរដែរ អ្នកត្រូវមានប័ណ្ណបើកបរដើម្បីបើកបររថយន្ត។ ដើម្បីទទួលបានបទពិសោធ អ្នកត្រូវតែមានឱកាសសិក្សាពីការងារនោះ?
វាគឺជារឿងមេមាន់ និងពងមាន់អ៊ីចឹងដែរមែនទេ។ តែអ្នកក៏ត្រូវមានឧទាហរណ៍មូលដ្ឋានផងដែរ។ ខ្ញុំមិនបាននិយាយថា ពួកគេមិនអាចដឹកនាំប្រទេសបាននោះទេ។ ដោយសារមានមនុស្សខ្លះក្នុងចំណោមពួកគេ មានបទពិសោធដឹកនាំក្នុងវិស័យឯកជនពីមុនមកហើយ តែពួកគេមានធនធានមនុស្សដែលមានបទពិសោធច្រើនប៉ុនណាដែរ?
សហជីព និងសមាជិកបក្សប្រឆាំង បានស្រែកថា រដ្ឋាភិបាលមិនអើពើចំពោះការដំឡើងប្រាក់ឈ្នួលនេះ?
ពុំមានមន្ត្រីនៅប្រទេសណាមួយក្នុងពិភពលោកនេះ មិនចង់ចំណាយកាន់តែច្រើនឲ្យប្រជាជនរបស់ខ្លួននោះទេ។ គ្រប់គ្នាយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់ប្រជាជនខ្លួន។ យើងចង់ចំណាយឲ្យពួកគេ។ បើយើងអាចចំណាយឲ្យពួកគេបាន ២០០ ដុល្លារនោះ យើងនឹងចំណាយ ២០០ ដុល្លារក្នុងមួយខែឲ្យពួកគេ។ បើពួកគេស្នើសុំ ១៦០ ដុល្លារ ហើយយើងអាចចំណាយបាន ២០០ ដុល្លារនោះ យើងនឹងចំណាយ ២០០ ដុល្លារ។ តែបញ្ហានោះគឺ បើយើងធ្វើបែបនេះ តើប្រទេសកម្ពុជានៅតែអាចប្រកួតប្រជែងបានដែរឬទេ? តើយើងអាចបន្តទាក់ទាញរោងចក្រផ្សេងៗឲ្យមក កម្ពុជា បានទេ ឬក៏រោងចក្រទាំងនោះ នឹងផ្លាស់ទៅប្រទេសផ្សេង ដែលចំណាយតិចជាងនៅ កម្ពុជា ដូចជាប្រទេស បង់ក្លាដែស ស្រីលង្កា មីយ៉ាន់ម៉ា វៀតណាម និងប្រទេស ឡាវ ជាដើម នៅទីនោះ ពួកគេចំណាយតិចជាងនៅទីនេះ។ ខ្ញុំមិនទាន់ឃើញប្រទេសណាមួយ វិស័យឯកជន ដែលបានដំឡើងប្រាក់ឈ្នួលទ្វេដងក្នុងពេលតែមួយនោះទេ។ យើងចាំបាច់ត្រូវដំឡើងជាបណ្តើរៗ យើងត្រូវវិភាគ។ តើអ្នកអាចលៃលករក្សារោងចក្រទាំងនោះបានដែរឬទេ? តើអ្នកអាចទាក់ទាញវិនិយោគបន្ថែមមកកម្ពុជាដែរឬទេ? ប្រទេស មីយ៉ាន់ម៉ា ចំណាយត្រឹមតែ ៥៧ ដុល្លារក្នុងមួយខែ អ្នកចំណាយ ១៦០ ដុល្លារ ពួកគេនឹងសាកសួរពីការចំណាយនេះ។ បើសិនអ្នកជាម្ចាស់រោងចក្រ តើអ្នកនឹងដំឡើងប្រាក់ឈ្នួល ឬត្រូវផ្លាស់ទៅរកកន្លែងផ្សេង?
បាតុកម្មដឹកនាំដោយបក្សប្រឆាំងវាគ្រាន់ជាផ្នែកមួយនៃអស្ថិរភាពសក្តានុពលភាព រួមទាំងវិស័យកាត់ដេរផងដែរ។ យើងឃើញថា យ៉ាងហោចណាស់ក៏មានកម្មករ ៤នាក់ ត្រូវបានបាត់បង់ជីវិតនៅក្នុងបាតុកម្មដែលបានកើតឡើងកាលពីដើមខែ មករា ចំពោះការទាមទារដំឡើងប្រាក់ឈ្នួលអប្បរមាទ្វេរដងដល់ ១៦០ ដុល្លារអាមេរិក។ តើរដ្ឋាភិបាលគួរតែមិនខ្វាយខ្វល់ពីការដំឡើងឬក៏ធ្វើការពិចារណាដំឡើងឲ្យពួកគេ?
អ្វីដែលខ្ញុំកំពុងនិយាយ នៅពេលនេះ បើអ្នកផ្តល់ប្រាក់ឈ្នួលចំនួន ១៦០ ដុល្លារនៅពេលនេះ រោងចក្រនឹងបិទទ្វារ។ យើងអាចនិយាយបានថា អ្នកមានអ្នកបើកបរម្នាក់ អ្នកផ្តល់ប្រាក់ឈ្នួលឲ្យគាត់ចំនួន ១០០ ដុល្លារ ហើយគាត់ឆ្លើយថា មិនព្រមទេ គាត់ទាមទារ ២០០ ដុល្លារ តើអ្នកនឹងធ្វើបែបណា? អ្នកនឹងឈប់ជួលគាត់។
ដោយឡែករោងចក្រ នៅពេលដែលពួកគេមកបោះទីតាំងនៅ កម្ពុជា ពួកគេដឹងថា ប្រាក់ឈ្នួលនៅទីនេះទាប ចំណាយរស់នៅប្រចាំថ្ងៃកើនឡើង នៅទីនេះមានអតិផរណា តម្លៃនៅទីនេះយើងនឹងទទួលបានពីអ្នកបញ្ជាទិញ។ ដូច្នេះពួកគេប្រឈមនឹងបញ្ហាជាច្រើន ដែលពួកគេអាចចំណាយបាន ហើយនៅទទួលបានប្រាក់ចំណេញ។ ខ្ញុំបារម្ភថា បើយើងនៅតែបង្ខំដំឡើងប្រាក់ឈ្នួលនោះរោងចក្រទាំងនោះនឹងចាកចេញពី កម្ពុជា។ តើយើងនឹងត្រូវធ្វើបែបណាចំពោះកម្មករចំនួន ៦០ ម៉ឺននាក់នៅកម្ពុជា។
កម្មករម្នាក់ៗ ជាទូទៅមានភារៈផ្គត់ផ្គង់សមាជិកគ្រួសារពី ៤ ទៅ ៥នាក់។ អ្នកឃើញពីផលប៉ះពាល់ទេ។ ការងារផ្ទាល់ចំនួន ៦០ ម៉ឺននាក់។ ចុះសកម្មភាពដែលពាក់ព័ន្ធវិញនោះ? អ្នករត់ម៉ូតូឌុប ស្ត្រីដែលលក់ចំណីអាហារតាមដងផ្លូវក្បែររោងចក្រកាត់ដេរ ហាងអ៊ុតសក់ កាត់សក់ ធ្វើក្រចកវិញ មានសកម្មភាពជាច្រើនដែលពាក់ព័ន្ធនឹងវិស័យនេះ។ វាមិនមែនប៉ះពាល់តែកម្មករម្នាក់ទេ វាប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាទាំងមូល។ អ្នកត្រូវតែប្រុងប្រយ័ត្ន។ ដូច្នេះយើងត្រូវសួរខ្លួនឯងថា តើយើងអាចដំឡើងប្រាក់ឈ្នួលទ្វេដងឲ្យកម្មករម្នាក់ៗបានទេ?
តើវិបត្តិរោងចក្រកាត់ដេរ និងវិបត្តិនយោបាយ នឹងគំរាមកំហែងដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងអាវុធ (EBA) និងការនាំចេញដែលជាមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាដែរឬទេ?
ប្រព័ន្ឋអនុគ្រោះ គឺជាកត្តាសំខាន់ ណាស់សម្រាប់កម្ពុជា។ កិច្ចព្រមព្រៀងពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ គឺល្អសម្រាប់កម្ពុជា ហើយយើងមិនចង់បាត់បង់វានោះទេ។ យើងនឹងធ្វើអ្វីដែលយើងអាចធ្វើបាន ដើម្បីរក្សាកិច្ចព្រមព្រៀងទាំងនោះ។ ឥឡូវយើងនិយាយពីអង្ករវិញ។ យើងដឹងថា នៅអឺរ៉ុប បានបង្ហាញពីក្តីបារម្ភថា បរិមាណអង្ករដែលយើងនាំចេញទៅតំបន់អឺរ៉ុប កើនឡើងយ៉ាងឆាប់រហ័ស គឺលឿនខ្លាំងណាស់។ ដែលជាហេតុធ្វើឲ្យពួកគេបារម្ភនោះ តែគេពុំមានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថា អង្កររបស់យើងមានជាតិពុល។ ដូច្នេះពួកគេចង់ឲ្យយើងធានាថា អង្កររបស់យើងគ្មានជាតិពុល។
ក្រុមហ៊ុននាំចេញអង្ករនៅ កម្ពុជា កំពុងសិក្សាពីក្រមសីលធម៌មួយ ដែលតម្រូវឲ្យក្រុមហ៊ុននាំចេញអង្ករ ទាំងអស់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ដើម្បីធានាថា អង្កររបស់ខ្លួនគ្មានជាតិពុល ឬក៏ពួកគេមិនប្រើប្រាស់អង្ករពីប្រទេសផ្សេង ដើម្បីនាំចេញទៅអឺរ៉ុបទេ ហើយធានាថា វាជាអង្ករកម្ពុជាមែន។ យើងក៏កំពុងបំពេញការងាររបស់យើងផងដែរនៅក្រសួង ពាណិជ្ជកម្ម ដើម្បីឲ្យដឹងច្បាស់ថា អង្ករគឺជាអង្ករកម្ពុជាមែន មុនពេលចេញវិញ្ញាបនបត្របញ្ជាក់ពីប្រភពអង្ករទាំងនោះឲ្យពួកគេ។
តើលោកបារម្ភទេថា វិបត្តិក្នុងវិស័យកាត់ដេរអាចប៉ះពាល់ដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មអ្វីៗគ្រប់យ៉ាលើកលែងតែអាវុធ (EBA) ដែរឬទេ?
ចំពោះរូបខ្ញុំ ខ្ញុំសង្ឃឹមថា ប្រទេសនៅតំបន់អឺរ៉ុបនឹងទទួលស្គាល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម (EBA) នេះ នូវអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែព្យាយាមធ្វើ។
កាលពីថ្ងៃ ទី១៨ ខែ ធ្នូ កន្លងទៅនេះ យើងបានចុះហត្ថលេខាពន្យារពេលបីឆ្នាំទៀតដើម្បីពិនិត្យតាមដានរោងចក្រនៅកម្ពុជា។ តើមានប្រទេសប៉ុន្មាននៅក្នុងពិភពលោកនេះ បានរៀបចំកម្មវិធីបែបនេះ? មិនមានច្រើនទេ។ ដូច្នេះ យើងបានធ្វើកិច្ចការច្រើនណាស់ ដើម្បីបំពេញតាមតម្រូវការរបស់កម្មករ។
ការពិតមានបញ្ហាច្រើនណាស់នៅតាមប្រទេសនីមួយៗ សូមក្រឡេកមើលអ្វីដែលយើងបានធ្វើកន្លងមក។ សូមផ្តល់ពិន្ទុដល់យើងផង។ ផ្តល់ពិន្ទុនូវអ្វីដែលយើងធ្វើបានល្អសម្រាប់ប្រជាជនរបស់យើង។ សូមកុំបោះចោលសមិទ្ធផលទាំងនោះ។ នៅពេលដែលយើងបោះបង់នូវសមិទ្ធផលនោះ វាមានន័យថា អ្នកកំពុងដាក់ទោសប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នាហើយ៕ B.P