
ភ្នំពេញៈ ទីផ្សារអាកាសចរណ៍របស់ កម្ពុជា គឺតូច ប៉ុន្តែកំពុងកើនឡើងនៅក្នុងល្បឿនដ៏លឿនក្នុងចំណោមប្រទេសអាស៊ាន។ ខណៈមានក្រុមហ៊ុនជាច្រើនដែលបានសាកល្បង និងបានបរាជ័យកាលពីអតីតកាលក្នុងការបង្កើតក្រុមហ៊ុនអាកាសចរណ៍ជាតិមួយសម្រាប់រយៈពេលយូរអង្វែង គឺមានតែក្រុមហ៊ុនអាកាសចរណ៍ កម្ពុជាអង្គរអ៊ែរ (CAA) ប៉ុណ្ណោះ ដែលមានលទ្ធភាពអាចឈរជើងដ៏រឹងមាំនៅក្នុងទីផ្សារតូចនេះ។
ភ្នំពេញ ប៉ុស្តិ៍ បានជួបជាមួយលោក Trinh Hong Quang អគ្គនាយកក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ អំពីភាពផ្ដាច់មុខរបស់ក្រុមហ៊ុននេះនៅក្នុងទីផ្សារអាកាសចរណ៍របស់ កម្ពុជា និងពីរបៀបដែលក្រុមហ៊ុនបានជម្នះក្នុងរយៈពេលជាច្រើនឆ្នាំចាប់តាំងពីការបង្កើតឡើងក៏ដូចជាអ្វីដែលនឹងបន្តកើតឡើងក្នុង ឆ្នាំ២០១៤ ការកើនឡើងដៃគូប្រកួតប្រជែងក្នុងស្រុកក្នុងការនាំទៅកាន់ការធ្វើសេរីកម្មទាំងស្រុងនៃការបើកចំហជើងមេឃនៅក្នុងតំបន់អាស៊ាននា ឆ្នាំ២០១៥ ខាងមុខនេះ។
តើចំនួនអ្នកដំណើររបស់ CAA មានដំណើរការដូចម្ដេចដែរ?
ពេលបច្ចុប្បន្នវាមានសុវត្ថិភាពក្នុងការនិយាយថា យើងបានបង្កើនចំនួនអ្នកដំណើររបស់យើងកាលពី ឆ្នាំ២០១៣ ធៀបនឹង ឆ្នាំ២០១២។ ប៉ុន្តែអ្នកដឹងទេថា នៅពេលយើងបានវិនិយោគជាលើកដំបូង និងបានចាប់ផ្ដើមដំណើរការក្រុមហ៊ុនអាកាសចរណ៍ CAA កាលពី ឆ្នាំ២០០៩ មកវាមិនងាយស្រួលនោះទេ ជាពិសេសនៅក្នុងរយៈពេល ៥ ឆ្នាំដំបូង។ ខ្ញុំអាចនិយាយថា CAA កំពុងស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវផ្នែកហិរញ្ញវត្ថុ ហើយយើងកំពុងសង្ឃឹមថា អ្នកដំណើរមានភាពវិជ្ជមានព្រមទាំងកំណើនហិរញ្ញវត្ថុបន្ថែមទៀតនៅឆ្នាំនេះ។
តើអ្វីជាបញ្ហាប្រឈមដែលអ្នកបានជួបប្រទះក្នុងអំឡុងពេលពីរបីឆ្នាំដំបូង?
បាទ ពិតណាស់! នៅក្នុងរយៈពេល ៥ឆ្នាំ ដំបូងគឺជាបញ្ហាប្រឈម។ បញ្ហាដែលធំជាងគេនោះគឺធ្វើឲ្យប្រជាជនទទួលស្គាល់ក្រុមហ៊ុន CAA ថា ជាក្រុមហ៊ុនអាកាសចរណ៍មួយនៅកន្លែងនេះជាលើកដំបូង។ វាមិនសូវមានការពិបាកក្នុងការរកយន្តហោះនិងការហោះហើរទៀងទាត់នោះទេ ប៉ុន្តែគ្មាននរណាម្នាក់ដឹងពីយីហោ ឬការឈរជើងរបស់យើងនៅក្នុងទីផ្សារអាកាសចរណ៍ក្នុងស្រុក តើវាល្អសម្រាប់អ្វី? ដូច្នេះ នោះគឺជាបញ្ហាប្រឈមដ៏ធំបំផុត ប៉ុន្តែនៅពេលនេះយើងអាចនិយាយថា បន្ទាប់ពីរយៈពេល ៥ឆ្នាំ នោះប្រជាជនជាច្រើនទូទាំងតំបន់នៅពេលនេះដឹងពីក្រុមហ៊ុនអាកាសចរណ៍របស់យើង។
ក្រុមហ៊ុនអាកាសចរណ៍ធំៗជាច្រើនគឺដឹងពីផលិតផលរបស់យើង ហើយនេះគឺល្អ វាមានន័យថាឈ្មោះរបស់យើងត្រូវបានគេស្គាល់ ហើយថាយើងក្លាយជាដៃគូប្រកួតប្រជែង។
CAA បានប្រកាសក្នុងរយៈពេលប៉ុន្មានខែថ្មីៗពីទិសដៅបន្ថែម។ តើនេះនឹងត្រូវបានបន្តក្នុងរយៈពេល ១២ ខែក្រោយ និងលើសពីនេះទេ?
យើងបានហោះហើរពី ទីក្រុងភ្នំពេញ ទៅកាន់ ទីក្រុងបាងកក និង សៀមរាប ទៅកាន់ ទីក្រុងសំខាន់ៗទាំងអស់នៅក្នុង ប្រទេសវៀតណាម រួចទៅហើយដូចជា ទៅ ទីក្រុង Guangzhou ទីក្រុងស៊ាងហៃ និងទៅកាន់ ទីក្រុងចិន ជាច្រើនទៀត។ អ្នកទាំងអស់គ្នាបាននិយាយថា ទិសដៅហោះហើរ យើងមានសុទិដ្ឋិនិយមបំផុតគឺ ប្រទេសចិន។ វាមិនមានអាថ៌កំបាំងថា ប្រទេសចិន គឺជាទីផ្សារដ៏ធំបំផុតមួយសម្រាប់ឧស្សាហកម្មទេសចរណ៍របស់ កម្ពុជា ទេ ពិតហើយ ជាពិសេសភ្ញៀវទេសចរ ចិន កំពុងមកទស្សនា ប្រាសាទអង្គរវត្ត។ ប្រជាជនចិន ត្រូវបានទាក់ទាញមកទស្សនា អង្គរវត្ត ហើយខ្ញុំជឿជាក់ថា ទីផ្សារនេះនឹងអភិវឌ្ឍ បន្ថែមទៀតនៅក្នុងរយៈពេល ១០ ឆ្នាំក្រោយនេះ។ នេះជាទីផ្សារដ៏ធំមួយសម្រាប់ពួកយើង។
តើមានអ្វីផ្សេងទៀតនឹងបន្តសម្រាប់ ឆ្នាំ២០១៤?
ឆ្នាំ២០១៤ នេះជាឆ្នាំនៃក្តីសង្ឃឹមធំជាងគេបំផុតនៅលើកំណត់ត្រារបស់ CAA។ យើងមានទំនុកចិត្តថា យើងនឹងដឹកជញ្ជូនអ្នកដំណើរជាង ១ លាននាក់ក្នុងរយៈពេលដំបូង។ តាមពិត យើងកំពុងប៉ាន់ប្រមាណថា យើងនឹងដឹកជញ្ជូនអ្នកដំណើរ ១,២ លាននាក់ក្នុង ឆ្នាំ២០១៤ ដែលលើសពីទិសដៅកំណត់។ នៅឆ្នាំនេះផងដែរ យើងនឹងចាប់ផ្ដើមទិសដៅហោះហើរថ្មីនៅក្នុង ប្រទេសជប៉ុន និង ប្រទេសសិង្ហបុរី ដែលប្រទេសទាំងពីរនេះបានផ្ដោតលើការទទួលបានភ្ញៀវទេសចរទៅកាន់ ប្រាសាទអង្គរ។ យើងបានលើកឡើងអំពីទិសដៅថ្មីទាំងនេះហើយទិសដៅទាំងនេះស្ថិតនៅក្នុងផែនការ ឆ្នាំ២០១៤ របស់យើង។
CAA នឹងផ្ដល់ជូននូវ Business Class។ តើតម្លៃនោះមានដំណើរការដូចម្ដេច?
ពេលនេះខ្ញុំគិតថា មិនមែនជាពេលវេលាដ៏ត្រឹមត្រូវក្នុងការផ្ដោតលើសេវា Business Class នោះទេ ពីព្រោះពេលនេះទីផ្សារ កម្ពុជា គឺភាគច្រើនជាទីផ្សារភ្ញៀវទេសចរ និងដូចជាបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀតដែរ ដូចជា ប្រទេសវៀតណាម និង ឡាវ កម្ពុជា នៅតែមិនមានក្រុមអ្នកដំណើរផ្នែកពាណិជ្ជកម្មធំៗ កំពុងធ្វើដំណើរលើមូលដ្ឋានគ្រប់គ្រាន់ជាទៀងទាត់នោះទេ។ ដូច្នេះពេលនេះយើងកំពុងផ្ដោតលើទីផ្សារទេសចរណ៍របស់យើង ហើយប្រហែលជារយៈពេល ៥ឆ្នាំ ទៀត យើងនឹងសម្លឹងមើលកាន់តែយកចិត្តទុកដាក់លើអតិថិជន លំដាប់ខ្ពស់ (Biz Class)។
អ្នកគឺជាក្រុមហ៊ុនដឹកជញ្ជូនក្នុងស្រុក និងអន្តរជាតិតែមួយគត់ តើអ្វីគឺជាទស្សនៈរបស់អ្នកស្ដីអំពីវិស័យអាកាសចរណ៍របស់ កម្ពុជា? តើអ្វីចាំបាច់ដែលត្រូវផ្លាស់ប្តូរ?
ខ្ញុំគិតថា អាទិភាពតែមួយគត់សម្រាប់ឧស្សាហកម្មអាកាសចរណ៍គឺត្រូវតែបង្កើនសេដ្ឋកិច្ចរបស់ កម្ពុជា តាមរយៈទេសចរណ៍។ វិស័យនោះនឹងជំរុញដល់វិស័យអាកាសចរណ៍។ អង្គរវត្ត គឺជាទីផ្សារដ៏ធំមួយសម្រាប់អាកាសចរណ៍កម្ពុជា ដូច្នេះការធ្វើឲ្យក្រុមហ៊ុននេះត្រូវគេស្គាល់ទូទាំងពិភពលោកនិងការធ្វើឲ្យវាមានភាពងាយស្រួលក្នុងធ្វើដំណើរមានសារៈសំខាន់ណាស់។ ប្រសិនបើ កម្ពុជា អាចកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្នែកដឹកជញ្ជូននៅក្នុងប្រទេសបានខ្ញុំគិតថាបញ្ហានេះនឹងពិតជាទទួលបានផលប្រយោជន៍ពីចំនួនទេសចរ។ ឧទាហរណ៍ ព្រលានយន្តហោះមានការកម្រិត ដូច្នេះការអភិវឌ្ឍវិស័យអាកាសចរណ៍របស់យើងទាំងមូលត្រូវបានកម្រិត។ ព្រលានយន្តហោះកំពុងធ្វើការជួសជុលឡើងវិញ ហើយយើងមានការរំភើបនៅពេលការជួសជុលត្រូវបានបញ្ចប់។ នៅពេលព្រលានយន្តហោះត្រូវបានធ្វើរួចហើយ យើងអាចពង្រីកការហោះហើរទៀងទាត់ទៅ ខេត្តសៀមរាប ភ្នំពេញ និងក្រុងព្រះសីហនុ។
ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកថ្មីគ្រោងនឹងបើកដំណើរការនៅ កម្ពុជា រួមមាន ក្រុមហ៊ុនអាកាសចរណ៍ កម្ពុជាអ៊ែរឡាញ ដែលជាការវិនិយោគរួមរបស់ក្រុមហ៊ុន Royal Group និងក្រុមហ៊ុនអាកាសចរណ៍ ហ្វីលីពីន អ៊ែរឡាញ (PAL)។ ទន្ទឹមនឹងនេះ គោលនយោបាយបើកចំហជើងមេឃរបស់អាស៊ានត្រូវបានកំណត់ចូលជាធរមានក្នុង ឆ្នាំ២០១៥។ តើ CAA នឹងទទួលរងផលប៉ះពាល់ពីបញ្ហានេះដូចម្ដេច?
នេះគឺជាការពិត។ ក្រុមហ៊ុន Royal Group និង PAL មានផែនការរបស់ខ្លួនដើម្បីចាប់ផ្ដើមដំណើរការក្រុមហ៊ុនអាកាសចរណ៍ជាតិផ្សេងទៀតគឺក្រុមហ៊ុន កម្ពុជា អ៊ែរឡាញ។ ខ្ញុំគិតថា សព្វថ្ងៃនេះពិភពលោកគឺជាទីកន្លែងតូចបំផុតហើយវាគឺជាការឆ្កួតៗក្នុងការគិតថា យើងអាចគេចចេញពីការប្រកួតប្រជែងនោះ។ នោះនិយាយបានថា យើងមិនអាចរស់នៅជាមួយនឹងភាពផ្តាច់មុខនោះទេ ជាអ្វីដែលមានតែក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិមួយចំនួនតូច កំពុងបម្រើសេវានៅទីផ្សាររបស់ កម្ពុជា។ ខ្ញុំគិតថា ការប្រកួតប្រជែងគ្នាគឺជារឿងដ៏ល្អខ្លាំងណាស់។ សូម្បីតែនៅក្នុងការប្រឈមក្នុងចំណោមការប្រកួតប្រជែងគ្នាដ៏ខ្លាំងក្លាក៏ដោយ ក៏ CAA ត្រៀមខ្លូនជាស្រេចក្នុងការចាប់ផ្ដើមការប្រកួតប្រជែងគ្នាទាំងក្នុងស្រុក និងអន្តរជាតិ។ គោលនយោបាយបើកចំហជើងមេឃរបស់អាស៊ាននឹងបន្ធូរបន្ថយការត្រួតពិនិត្យដល់លំហអាកាសក្នុងតំបន់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកទាំងអស់ក្នុងការហោះហើរឆ្លងកាត់ព្រំដែន។ យើងត្រៀមខ្លួនជាស្រេចដើម្បីប្រឈមបញ្ហានេះយើងនឹងខិតខំឲ្យអស់ពីសមត្ថភាព៕ PB