
ភ្នំពេញៈ ដោយសារការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាពិភពលោកពិសេសឧស្សាហកម្មទូរស័ព្ទ។ ទូរស័ព្ទទំនើប ឬស្មាតហ្វូនបានរីកចម្រើនកាន់តែខ្លាំងដោយធ្វើឲ្យអតិថិជនរីករាយនឹងការប្រើប្រាស់កម្មវិធីជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ និងការងារខ្លួន។
Huawei Technologies ដែលជាក្រុមហ៊ុនបច្ចេកវិទ្យា និងទូរស័ព្ទចល័តធំជាងគេនៅ ប្រទេសចិន និងជាប់លំដាប់ថ្នាក់ទីបីផ្នែកផលិតទូរស័ព្ទទំនើបនៅទូទាំងពិភពលោកបាននិងកំពុងប្រតិបត្តិការអាជីវកម្មនៅ កម្ពុជា ចាប់តាំងពី ឆ្នាំ១៩៩៩ មក។ ក្រុមហ៊ុននេះបានដាក់លក់ទូរស័ព្ទទំនើបរបស់ខ្លួននៅទីផ្សារមួយនេះកាលពីឆ្នាំមុន។
លោក Jason Liu អគ្គនាយកផ្នែកនាយកដ្ឋានអាជីវកម្មអតិថិជនរបស់ក្រុមហ៊ុន Huawei Technologies ប្រចាំ កម្ពុជា និង ឡាវ បានផ្តល់បទសម្ភាសដល់ ភ្នំពេញ ប៉ុស្តិ៍ អំពីទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Huawei ដែលទើបតែបានដាក់លក់នៅ ប្រទេសកម្ពុជា។
លោកបានដាក់លក់ទូរស័ព្ទទំនើបរបស់ក្រុមហ៊ុន Huawei នៅទីផ្សារនេះតាំងពីឆ្នាំណាមក? ហេតុអ្វី?
យើងបានចូលមកទីផ្សារ កម្ពុជា នៅ ឆ្នាំ១៩៩៩ ពោលគឺជាង ១០ ឆ្នាំហើយ។ ហេតុអ្វីបានជាយើងជ្រើសរើសយក ប្រទេសកម្ពុជា? ជាបឋមខ្ញុំសូមបង្ហាញភាពស្មោះត្រង់ថា ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនយើងនៅទីនេះ ទទួលបានជោគជ័យខ្លាំងណាស់ យើងមានការមមាញឹកច្រើនជាមួយប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តក្នុងស្រុក ដូចជា ក្រុមហ៊ុន មិត្តហ្វូន ក្រុមហ៊ុន Cellcard និងក្រុមហ៊ុន Smart ជាដើម។
ការពិតអតិថិជនក្នុងស្រុកបានទទួលស្គាល់ផលិតផលរបស់យើងរួចទៅហើយ តែពួកគេពុំដឹងថា វាជាផលិតផលរបស់ក្រុមហ៊ុន Huawei ទេ ដោយសារយើងលក់ផលិតផលទាំងនោះឲ្យប្រតិបត្តិករ ហើយពួកគេប្រើប្រាស់ឈ្មោះប្រតិបត្តិករទាំងនោះ។ តែបច្ចុប្បន្នទូរស័ព្ទទំនើបរបស់យើងកំពុងផ្លាស់ប្តូរ។ ដូច្នេះយើងត្រូវផ្តោតលើទីផ្សារសេរី ដែលមនុស្សជាច្រើនយកចិត្តទុកដាក់ចំពោះម៉ាកផលិតផលហេតុនេះហើយកាលពីឆ្នាំមុនក្រុមហ៊ុនយើងបានចាប់ផ្តើមបង្អួតម៉ាកផលិតផលនៅទីផ្សារខាងក្រៅដើម្បីឲ្យអតិថិជនបានស្គាល់ម៉ាក Huawei។
ដោយសារអ្នកជាក្រុមហ៊ុនទើបចូលប្រឡូកក្នុងឧស្សាហកម្មទូរស័ព្ទទំនើប តើអ្នកអាចប្រៀបធៀបផលិតផលរបស់អ្នកទៅនឹងទូរស័ព្ទ Samsung ម៉ាក LG ទូរស័ព្ទ Iphone ឬទូរស័ព្ទម៉ាក Nokia ដោយរបៀបណា? តើអ្នកមានយុទ្ធសាស្រ្តអ្វីដើម្បីប្រកួតប្រជែងនឹងទូរស័ព្ទទាំងនោះ?
ជាការពិតក្រុមហ៊ុនយើងបានបំពេញការងារយ៉ាងល្អនៅពេលនេះ។ Huawei ជាក្រុមហ៊ុនថ្មីនៅ កម្ពុជា ហើយយើងបានសិក្សាពីផលិតផលទាំងនោះរួចហើយ។ យើងតែងតែយកចិត្តទុកដាក់ចំពោះគុណភាពពោលគឺគុណភាពខ្ពស់ហើយយើងក៏យកចិត្តទុកដាក់ចំពោះសមត្ថភាពផងដែរ មានន័យថា គុណភាពល្អ តម្លៃសមរម្យ។
យើងដឹងថា មនុស្សគ្រប់គ្នាចង់ប្រើប្រាស់ទូរស័ព្ទទំនើប។ ប៉ុន្តែអ្នកដឹងថា ចំណូលរបស់ពួកគេ មិនសូវខ្ពស់ទេ។ ពួកគេភាគច្រើនពុំមានលទ្ធភាពទិញទូរស័ព្ទទំនើបគុណភាពល្អ និងមានតម្លៃខ្ពស់។ តែ Huawei អាចផ្តល់ទំនិញល្អ មានកម្មវិធីល្អ មានសមត្ថភាពខ្ពស់ និងតម្លៃសមរម្យ ដូច្នេះយើងបានផ្តល់ឱកាសដល់អ្នកប្រើប្រាស់រីករាយនៅការប្រើប្រាស់ទូរស័ព្ទទំនើបនិងរីករាយក្នុងការប្រើប្រាស់អ៊ីនធឺណិត។
ដូច្នេះខ្ញុំយល់ថា យើងកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវមួយ។ បច្ចុប្បន្ននៅទូទាំងពិភពលោកក្រុមហ៊ុនយើងស្ថិតក្នុងចំណោមក្រុមហ៊ុនផលិតទូរស័ព្ទទំនើបធំៗ ទាំងបីនៅក្នុងទីផ្សារ។ តែនៅ កម្ពុជា យើងកំណត់ទិសដៅរួចរាល់ហើយកាលពីឆ្នាំមុន យើងបានវិនិយោគយ៉ាងច្រើនក្នុងទីផ្សារនេះហើយនៅឆ្នាំនេះ យើងនឹងបន្តវិនិយោគទៀត ដូច្នេះទិសដៅរបស់យើងនៅឆ្នាំនេះនឹងមានចំណែកទីផ្សារ ៦ ឬ ៧ ភាគរយហើយនៅឆ្នាំបន្តបន្ទាប់ទៀត ចំណែកទីផ្សាររបស់យើងនឹងកើនឡើងដល់ ១០ ភាគរយ។
តើអតិថិជនគោលដៅរបស់ក្រុមហ៊ុនលោកជាអតិថិជនប្រភេទណា?
ត្រូវហើយ! យើងភ្ញាក់ផ្អើលណាស់ដែលនៅ កម្ពុជា យើងមានអតិថិជនក្មេងៗច្រើន ហើយអតិថិជនគោលដៅរបស់ខ្ញុំគឺក្រុមអតិថិជនវ័យក្មេង ដោយសារនៅពេលដែលប្រជាពលរដ្ឋវ័យក្មេងចូលចិត្តរបស់ថ្មី ពួកគេចង់សាកល្បងប្រើប្រាស់វា ពួកគេត្រូវការបទពិសោធពួកគេចង់ដឹងពីពិភពខាងក្រៅ ដូច្នេះពួកគេចង់ប្រើប្រាស់ទូរស័ព្ទទំនើប។
តើអ្នកដឹងទេថា ទីផ្សារទូរស័ព្ទទំនើបនៅ កម្ពុជា មានទំហំធំប៉ុនណា? ហើយមាននិន្នាការយ៉ាងដូចម្តេច?
ទីផ្សារ កម្ពុជា មានតម្រូវការទូរស័ព្ទទំនើបប្រមាណ ១ លានគ្រឿងក្នុងមួយឆ្នាំ ហើយខ្ញុំជឿជាក់ថា នាពេលអនាគត ទូរស័ព្ទទំនើបនឹងប្រែប្រួលខ្លាំងជាងគេដោយសារតែមនុស្សច្រើនចង់ប្រើប្រាស់ទូរស័ព្ទទំនើបជំនួសឲ្យទូរស័ព្ទដៃធម្មតា ដោយសារចាប់តាំងពីឆ្នាំនេះទៅប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តទាំងអស់ ដូចជាក្រុមហ៊ុន Metphone និងក្រុមហ៊ុន Cellcard មានបំណងវិនិយោគថវិកាយ៉ាងច្រើនលើបណ្តាញ 4G ដូច្នេះបណ្តាញនេះល្អណាស់ ហើយការបញ្ជូនទិន្នន័យក៏លឿនដែរ ដោយសារតែអ្នកប្រើចង់រីករាយនឹងការប្រើប្រាស់បណ្តាញនេះ។ ដូច្នេះនៅក្នុងរយៈពេលពីរទៅបីឆ្នាំខាងមុខនឹងមានការប្រែប្រួលខ្លាំង។ បច្ចុប្បន្នយើងអាចព្យាករបានថា តើមានមនុស្សប៉ុន្មាននាក់ ដែលប្រើប្រាស់ទូរស័ព្ទដៃធម្មតា គឺមានចំនួនប្រមាណ ២ ឬ ៣ លាននាក់ក្នុងមួយឆ្នាំនៅក្នុងទីផ្សារកម្ពុជា។
ខ្ញុំជឿថា នៅក្នុងរយៈពេល ៥ឆ្នាំ ខាងមុខនេះ អ្នកប្រើប្រាស់ទូរស័ព្ទដៃធម្មតាចំនួន ៨០ ឬ ៩០ ភាគរយនឹងក្លាយជាអ្នកប្រើប្រាស់ទូរស័ព្ទទំនើបដោយសារខ្ញុំមានបទពិសោធនៅតាមបណ្តាប្រទេសផ្សេងទៀត ដូចជា នៅ ទីក្រុងហុងកុង ជាដើម។
កាលពី ៥ឆ្នាំ មុន ទីក្រុងហុងកុង មានមនុស្សពាក់កណ្តាលដែលប្រើប្រាស់ទូរស័ព្ទដៃធម្មតាតែបច្ចុប្បន្នពុំមានអ្នកប្រើប្រាស់ទូរស័ព្ទដៃធម្មតាទៀតទេ។ មូលហេតុទីមួយគឺដោយសារពួកគេមានប្រាក់បៀវត្សរ៍ខ្ពស់ ទីពីរគឺប្រព័ន្ធអ៊ីនធឺណិតមានតម្លៃថោកមនុស្សគ្រប់គ្នាអាចប្រើប្រាស់បាន ហើយទូរស័ព្ទទំនើបមានឥទ្ធិពលកាន់តែខ្លាំងឡើង និងមានមុខងារកាន់តែច្រើនថែមទៀត។ ហេតុដូច្នេះខ្ញុំយល់ឃើញថា ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខទៀត ទីផ្សារនៅ ប្រទេសកម្ពុជា នឹងល្អប្រសើរច្រើន៕ BP