ភ្នំពេញៈ ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​របស់​នគរបាល​ចរាចរណ៍​ទៅ​លើ​អ្នក​បើកបរ​ម៉ូតូ​ ឬ​យានយន្ត​បាន​ចុះ​អនុវត្ត​ដល់​ខណ្ឌ​សង្កាត់​ខុស​ពី​ពេល​មុន​។ ករណី​នេះ​មតិសាធារណៈ​យល់​ថា មាន​ប្រសិទ្ធភាព​ជាង​ការ​ផ្សព្វផ្សាយ​អប់រំ​។

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ ​ប៉ុស្តិ៍ បាន​សម្ភាស​ជាមួយ​លោក គង់ សុវណ្ណ នាយក​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផលប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​ (I.A.R.D) និង​ជា​ទីប្រឹក្សា​ផ្នែក​ការងារ​សុវត្ថិភាព​ចរាចរណ៍​ក្នុង​គម្រោង​អភិវឌ្ឍន៍​ជនបទ​ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម ៖

នៅ​មុន​នេះ​ប៉ុន្មាន​ខែ​គេ​សង្កេត​ឃើញ​ថា​នគរបាល​ចរាចរណ៍​បាន​ចុះ​អនុវត្ត​បទល្មើស​ចរាចរណ៍​នៅ​តាម​ខណ្ឌ​សង្កាត់​ខុស​ពី​មុន​ដែល​នៅ​តែ​តាម​គោលដៅ​សំខាន់​។ ​ក្នុង​នាម​លោក​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​បាន​ចូលរួម​កែលម្អ​ការ​ធ្វើ​ចរាចរណ៍ តើ​លោក​យល់​ឃើញ​បែប​ណា​ដែរ​អំពី​ការងារ​នេះ​?

ជាធម្មតា​បើ​តាម​លក្ខណៈ​បច្ចេកទេស​ក៏​ដូចជា​ករណី​សិក្សា​ជា​រួម​នឹង​បទពិសោធ​ពី​បណ្តា​ប្រទេស​ផ្សេងៗ​គេ​រកឃើញ​ថា ការ​អប់រំ​ និង​ការ​រឹត​បន្តឹង​បូក​បញ្ចូល​គ្នា​ដែល​មាន​លក្ខណៈ​ពី​ថ្នាក់ជាតិ​រហូត​ដល់​ថ្នាក់​ក្រោម​ជាតិ​គឺ​មាន​ភាព​សំខាន់​ចាំបាច់​ណាស់​។

ដូច្នេះ​រឿង​ដែល​លោក​បាន​លើក​ឡើង​តាមរយៈ​សំណួរ​ខាង​លើ​ដែល​បង្ហាញ​ថា​មន្ត្រី​នគរបាល​ចរាចរណ៍​ចុះ​ដល់​មូលដ្ឋាន​ខណ្ឌ​សង្កាត់​ដើម្បី​អនុវត្ត​ចរាចរណ៍​ដែល​អ្នក​បើកបរ​តែងតែ​ជិះ​បញ្ច្រាស​ទិស​នោះ​គឺជា​រឿង​មួយ​ល្អ ព្រោះ​បើ​យើង​និយាយ​ឲ្យ​ខ្លី​បើ​ធ្វើ​ការងារ​អ្វី​មួយ​អន្តរាគមន៍​? ​

ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ហ្នឹង​គឺ​យើង​ត្រូវ​មើល​ទៅ​លើ​ទិន្នន័យ​ និង​ភាព​ជាក់ស្តែង​ថា បញ្ហា​នោះ​វា​កើត​មកពី​អី​។ វា​កើត​មកពី​កន្លែង​ណា ក្រុម​ណា​ជា​អ្នក​បង្ក​? ហើយ​តើ​ស្ថានភាព​នោះ​វា​របៀប​ម៉េច​? កាល​ណា​មើល​ឃើញ​បញ្ហា​អស់​នោះ​ហើយ​យើង​នឹង​ធ្វើការ​ទប់ស្កាត់​ដាក់​នូវ​វិធីសាស្ត្រ​ទប់ស្កាត់​គឺជា​បញ្ហា​មួយ​ល្អ​។

ប៉ុន្តែ​យន្តការ​ទាំងអស់​នោះ​ទាមទារ​ដោយ​រក្សា​នូវ​និរន្តរភាព​ពោល​គឺ​ធ្វើឲ្យ​បាន​ជាប់លាប់​ហើយ​យើង​មើល​ទៅ​លើ​ទិន្នន័យ​ជា​សំខាន់ ពីព្រោះ​ថា​ពី​ខណ្ឌ​មួយ​ទៅ​ខណ្ឌ​មួយ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​គឺ​វា​មាន​ស្ថានភាព​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជា​ក្រុម​បង្ក​ផ្សេងៗ​គ្នា​។ អ៊ីចឹង​ត្រូវ​មើល​លម្អិត​ទៅ​លើ​ទិន្នន័យ​ហើយ​និង​យន្តការ​សមស្រប​ទៅ​នឹង​បរិបទ​នៃ​ខណ្ឌ​ ឬ​ខេត្ត​របស់​ខ្លួនឯង​។

មួយ​វិញ​ទៀត ​ត្រូវ​តែ​មាន​ផែនការ​ត្រូវ​តែ​មាន​ការ​អនុវត្ត​ដែល​មាន​លក្ខណៈ​និរន្តរភាព​កុំ​ឲ្យ​ថា​ទាល់​តែ​ថ្នាក់​ដឹកនាំ​កំពូល​លោក​ស្រែក​អ៊ីចឹង​ទៅ​បាន​យើង​ប្រឹងប្រែង​ដុត​​ដៃ​ដុតជើង​ធ្វើ​បន្តិច​អ៊ីចឹង​ទៅ​ហើយ​ បន្ទាប់​មក​យើង​លែង​ធ្វើ​វិញ​។ បាន​ន័យ​ថា​វា​បាន​ល្អ​ដែរ​តែ​បាន​តែ​មួយ​ភ្លែត​ហើយ​បញ្ហា​នោះ​វា​កើត​មក​វិញ​ដដែល​។

ប្រជាពលរដ្ឋ​មួយ​ចំនួន​អះអាង​ថា​ការ​ចុះ​អនុវត្ត​របស់​នគរបាល​ចរាចរណ៍​ដល់​មូលដ្ឋាន​បែប​នេះ​អាច​ធ្វើឲ្យ​អ្នក​បើក​ម៉ូតូ​ ឬ​​រថយន្ត​ដែល​ចូលចិត្ត​ជិះ​ល្មើស​ច្បាប់​មាន​ការ​ប្រុងប្រយ័ត្ន​។ ​បញ្ហា​នេះ​លោក​យល់​ស្រប​ដូច​ការ​លើក​ឡើង​នេះ​ដែរ​ទេ​? ​ហើយ​អាច​និយាយ​បាន​ថា​ការងារ​នេះ​វា​មាន​ប្រសិទ្ធភាព​ជាង​ការ​ផ្សព្វផ្សាយ​អប់រំ​ពី​ច្បាប់​ចរាចរណ៍​ដែរ​ទេ​?

បើ​និយាយ​តាម​កន្លែង​នេះ​អាច​ត្រូវ​ដែរ​ហើយ​វា​ស្រប​នឹង​ករណី​សិក្សា​ដែល​យើង​ធ្វើ​ថ្មីៗ​នេះ​អំពី​ការ​ទប់ស្កាត់​ការ​បើកបរ​ពី​ឥទ្ធិពល​គ្រឿង​ស្រវឹង​។

បញ្ហា​នេះ​យើង​បាន​ធ្វើការ​សាកសួរ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ និង​ខេត្ត​គោលដៅ​មួយ​ចំនួន​បាន​រកឃើញ​ថា ការ​ចុះ​អនុវត្ត​ចូលរួម​ផ្សព្វផ្សាយ និង​អនុវត្ត​ច្បាប់​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ក៏​ដូចជា​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ក្នុង​ដែនដី​ហ្នឹង​គឺ​មាន​ប្រសិទ្ធភាព​ខ្ពស់​ហើយ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​គាត់​ភ្ញាក់រឭក​ហើយ​ញញើត​ក្នុង​ការ​ល្មើស​ច្បាប់​ចរាចរណ៍​គឺ​មាន​ប្រសិទ្ធភាព​គឺ​គាត់​ខ្លាច​ជាង​ការ​ទៅ​បង្រៀន​គ្រាន់​តែ​ទៅ​ផ្សព្វផ្សាយ​អំពី​ការ​អនុវត្ត​ច្បាប់​ហ្នឹង​។ ពេល​គាត់​ខុស​នៅ​នឹង​គោលដៅ​ហើយ​ត្រូវ​មន្ត្រី​នគរបាល​ចរាចរណ៍​ទៅ​ដល់​មូលដ្ឋាន​ទៅ​ដល់​កន្លែង​ផ្ទាល់​ទៀត​គឺ​គាត់​ចាប់ផ្តើម​ចាំ​បាន​ហើយ​នៅ​ពេល​គាត់​ចង់​បង្ក​ល្មើសច្បាប់​គឺ​គាត់​នឹកឃើញ​ហើយ​អំពី​ច្បាប់​ហ្នឹង​។

កាលណា​គាត់​នឹក​ឃើញ និង​មាន​ការ​ខ្លាចរអា​។ បញ្ហា​នេះ​គឺ​គេ​រកឃើញ​អ៊ីចឹង​។ បន្ទាប់​មក​គឺ​ការ​អប់រំ​តាមរយៈ​ទូរទស្សន៍​បណ្តាញ​សង្គម​ហើយ​និង​វិទ្យុ​អ៊ីចឹង​តែ​​សំខាន់​គឺ​ការ​អប់រំ​របស់​នគរបាល​នៅ​តាម​ស្រុក​ខណ្ឌ​។

ក្នុង​នាម​លោក​ជា​អង្គការ​ដែល​ចូលរួម​សហការ​អំពី​ការ​អប់រំ​ចរាចរណ៍​នេះ​កន្លង​មក​ក៏ដូចជា​បច្ចុប្បន្ន​មាន​បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ញឹកញាប់​ទេ​?

ជាទូទៅ​ឃើញ​ធ្វើ​បាន​ច្រើន​ញឹកញាប់​បាន​ន័យ​ថា កម្មវិធី​ប៉ុន្មាន​ឆ្នាំ​មក​នេះ​គឺ​យើង​ធ្វើ​​ការ​ផ្សព្វផ្សាយ​រហូត​ទៅ​ដល់​សហគមន៍​ងាយ​រងគ្រោះ​ហើយ​ចំណុច​សំខាន់​នោះ​តែងតែ​ធ្វើ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​គឺ​ធ្វើ​មុន​បុណ្យទាន​ធំៗ​។ ​ឧទាហរណ៍​បុណ្យ​ចូលឆ្នាំ​ចិន-វៀតណាម​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​តែងតែ​ប្រារព្ធ​ពិធី​ហ្នឹង​បូក​ជាមួយ​បុណ្យជាតិ​ធំៗ​ និង​តាម​បណ្តាញ​សង្គម​ផង​ដែរ​។ ​

អ្វី​សំខាន់​នោះ​វា​នឹង​កាន់តែ​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​អប់រំ​ផ្សព្វផ្សាយ​មុន​ពេល​បុណ្យទាន​សំខាន់​។ សំខាន់​លើ​បញ្ហា​មួក​សុវត្ថិភាព​ការ​បើកបរ​ការ​បើក​លើស​ល្បឿន​កំណត់​ ឬ​ការ​បើកបរ​នៅ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​គឺ​បូករួម​បញ្ចូល​គ្នា​ដែល​មន្ត្រី​អនុវត្ត​ច្បាប់​មាន​គោលដៅ​អនុវត្ត​។

ឧទាហរណ៍​ថា​យ៉ាង​នេះ​ចុះ​ព្រោះ​វា​មិនមែន​ជា​លក្ខណៈ​បច្ចេកទេស​ ប៉ុន្តែ​គ្រាន់​តែ​យើង​ធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ផ្លូវ​ក៏​ដូចជា​សហគមន៍​ដែល​យើង​អាច​ដឹង​ពី​ចំណូល​ ឬ​ពី​ផលិតកម្ម​របស់​គាត់​ខ្លះ​។ អ៊ីចឹង​ក្នុង​ករណី​ប្រជាពលរដ្ឋ​គាត់​មាន​ប្រារព្ធ​ពិធី​បុណ្យទាន​អ៊ីចឹង​យើង​ដាក់​គោលដៅ​ទោះ​មិន​បាន​ផាក​ពិន័យ​ក៏​ឲ្យ​ពួកគាត់​មាន​ការ​ភ្ញាក់រឭក​បង្អន់​ល្បឿន​ខ្លះ​ ឬ​ក៏​ធ្វើការ​អប់រំ​ពួកគាត់​ដែរ​។ វា​ជា​យុទ្ធនាការ​រឹតបន្តឹង​ច្បាប់​មិន​បាន​ផាកពិន័យ​ក៏​ដោយ​ ប៉ុន្តែ​ក្រើន​រំឭក និង​ធ្វើការ​អប់រំ​ និង​បូក​បន្ថែម​ពី​ការ​អប់រំ​នៅ​តាម​ក្រសួង​មន្ទីរ​ពាក់ព័ន្ធ​នឹង​អង្គការ​សង្គម​ស៊ីវិល​រួម​ដៃគូ​ផ្សេងៗ គឺ​ប្រសិទ្ធភាព​នឹង​បាន​ផល​ធំ​។

ការ​អនុវត្ត​ពី​ច្បាប់​ចរាចរណ៍​ទាំង​នគរបាល​ទាំង​អ្នក​បើកបរ​នៅ​តាម​ដង​ផ្លូវ​រហូត​ដល់​បច្ចុប្បន្ន​ថា​តើ​ពួកគាត់​បាន​កែប្រែ​ឥរិយាបថ​ជិះ​ល្មើស​ខ្លះ​ដែរ​ឬ​ទេ​?

ជាក់ស្តែង​យើង​ឃើញ​ថា​កម្រិត​នៃ​ការ​កែប្រែ​ឥរិយាបថ​នេះ​នៅ​មាន​តិចតួច​នៅ​ឡើយ បើ​ទោះបី​ជា​យើង​អាច​សន្និដ្ឋាន​ថា​មាន​ការ​ជ្រាប​ដឹង​ពី​មាត្រា​នៃ​ច្បាប់​ចរាចរណ៍​បាន​មួយ​ចំនួន​ធំ​ក៏​ពិត​មែន​។ ប៉ុន្តែ​ការ​អនុវត្ត​របស់​ប្រជាពលរដ្ឋ​ដែល​គោរព​ច្បាប់​ចរាចរណ៍​យើង​គិត​ថា​ស្ថិត​ក្នុង​កម្រិត​មួយ​ដែល​ទាមទារ​ឲ្យ​មាន​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ព្រោះ​យើង​មិន​អាច​បន្ថយ​ដៃ​បាន​ទេ​រឿង​នេះ​។

ជា​ការ​លើក​ឧទាហរណ៍​ជាក់ស្តែង​បើ​គ្មាន​ការ​អនុវត្ត​ច្បាប់​គឺ​អ្នក​ប្រើប្រាស់​ផ្លូវ​មួយ​ចំនួន​គឺ​គាត់​ព្យាយាម​មិន​យល់​ច្បាប់​ដដែល​។

អ៊ីចឹង​អាច​សន្និដ្ឋាន​ជា​រួម​គឺ​ថា​មិនមែន​មិន​ដឹង​ទេ បើ​ទោះបី​ដឹង​ច្រើន​ហើយ​ក៏​ដោយ​ ក៏​ប៉ុន្តែ​ឥរិយាបថ​នៃ​ការ​ប្រព្រឹត្ត​ទាមទារ​ពេលវេលា​ក្នុង​ការ​ផ្លាស់ប្តូរ​។

អ៊ីចឹង​ទាមទារ​ពេលវេលា​ច្រើន​ទៀត បើ​មិន​អ៊ីចឹង​ទេ​វា​អាច​បក​ត្រឡប់​ក្រោយ​វិញ​។

ជា​ការ​អង្កេត​ជារួម​ឃើញ​ថា​អ្នក​បើកបរ​មិនមែន​ថា ពួកគាត់​មិន​ដឹង​ទេ​តែ​ពេល​ឃើញ​នគរបាល​ចរាចរណ៍​ឈរ​យាម​ទើប​គាត់​ខ្លាច តើ​ពិត​មែន​ទេ​?

បញ្ហា​នេះ​អាច​ថា​មកពី​គាត់​មិន​ទាន់​យល់​ជ្រាប​ពី​សារ​ប្រយោជន៍​នៃ​ការ​បើកបរ​ក៏​ដូចជា​ការ​គោរព​ច្បាប់​ចរាចរណ៍​ដែល​ជា​ប្រយោជន៍​ដល់​ខ្លួន​គាត់​ផ្ទាល់ ដល់​ក្រុម​គ្រួសារ​ក៏​ដូចជា​អ្នកដទៃ​ដើម្បី​ឲ្យ​ចៀស​ផុត​ពី​គ្រោះថ្នាក់​ហ្នឹង​។

តែ​បែរ​ជា​ពួកគាត់​នៅ​គិត​នៅ​ខ្លាច​នគរបាល​ចរាចរណ៍​ ដូច្នេះ​ហើយ​នៅ​តែ​បន្ត​ការ​អប់រំ​ការ​ផ្សព្វផ្សាយ​ដែល​អាច​ថា​ពេល​ខាង​មុខ​មិន​ថា ៥ ​ឆ្នាំ​ ឬ​ ១៥ ​ឆ្នាំ​ទេ​នឹង​អាច​ឈាន​ទៅ​ដល់​ជា​លក្ខណៈ​ស្វ័យប្រវត្តិ​នៅ​ពេល​ឡើង​កាន់​ដៃ​ចង្កូត​គឺ​ត្រូវ​ពាក់​មួក​ដឹង​ថា​នៅ​លើ​ផ្លូវត្រូវ​បើក​ល្បឿន​ត្រឹម​ណា​កន្លែង​ណា​ដែល​មាន​ស្លាក​សញ្ញា​ហាម​ត្រឡប់​ក្រោយ​។​ល​។

ដូច្នេះ​ត្រូវ​តែ​បន្ត​អនុវត្ត​ឲ្យ​បាន​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត​៕