ការជួល​កម្មករសំណង់​ឲ្យ​ទៅ​ជួសជុលផ្ទះ​តែ​ចៃដន្យ​កម្មករ​ម្នាក់​នោះបាន​ឆក់​ខ្សែភ្លើង​ស្លាប់​ក្នុង​បរិវេណ​ផ្ទះ​ ដោយសារ​តែមាន​បង្គោល​ភ្លើង​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​ដាំ​នៅក្បែរ​ផ្ទះ​នោះ​។ ​សួរថា តើ​ករណី​នេះ​ម្ចាស់ផ្ទះ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​ការស្លាប់​មនុស្ស​នោះដែរ​ទេ​?

ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោកស្រី មេធាវី លឹម ច័ន្ទលីដា ប្រធាន​​ក្រុមហ៊ុន​មេធាវី លីហ្គលសៀល មាន​ការិយាល័យ​នៅផ្ទះ​លេខ​ ១០ ផ្លូវ​ ១០៥ ភូមិ​បាក់ទូក សង្កាត់​ទួលសង្កែ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ឧបមាថា​មាន​កម្មករសំណង់​ម្នាក់​ត្រូវបាន​គេ​ជួល​ឲ្យ​ជួសជុល​ផ្ទះ​តែ​ចៃដន្យ​កន្លែង​ដែល​ត្រូវ​ជួសជុល​នោះ​នៅជាប់​បង្គោល​​ភ្លើង​របស់​រដ្ឋ​ហើយ​ឆក់​គាត់​ស្លាប់​។ ​ករណីនេះ​តើ​អ្នក​ជួល​កម្មករ​នោះ​ទទួល​ខុសត្រូវ​ទេ​ ​ព្រោះ​គាត់​ជួល​គេ​ហើយ​ស្លាប់​នៅ​​ផ្ទះ​របស់​ខ្លួន​? ​ចុះ​រដ្ឋ​មាន​កាតព្វកិច្ច​ទទួលខុសត្រូវ​ដែរ​ទេ​?

ជាទូទៅ​ពលរដ្ឋ​ច្រើន​ជួល​ជាង​ផ្ទះ​ ឬ​កម្មករ​ដោយផ្ទាល់​ដើម្បី​ជួសជុលផ្ទះ​ជា​លក្ខណៈ​ឯកជន និង​ទ្រង់ទ្រាយ​តូចៗ​ដែល​ធ្វើឡើង​ដោយ​កិច្ចសន្យា​ផ្ទាល់មាត់​។ នៅក្នុង​ករណីនេះ​ម្ចាស់ផ្ទះ​ត្រូវបាន​ចាត់ទុក​ទាំងស្រុង​ថា ជា​និយោជក និង​ជា​អ្នកទទួល​ខុសត្រូវ​ផងដែរ ចំពោះ​សុវត្ថិភាព និង​គ្រោះ​ថ្នាក់លើ​​ឈ្នួល​របស់ខ្លួន ដោយ​ហេតុថា​ម្ចាស់ផ្ទះ​បាន​ជួល​កម្មករ (​ហៅថា និយោជិត​) ​មក​ជួសជុល​ផ្ទះ​ក្នុង​អំឡុងពេល​បំពេញ​កិច្ចការងារ​ជួសជុល​នោះ​។

យោង​មាត្រា ៦៦៤ ក្រម​រដ្ឋប្បវេណី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចែងថា “កិច្ចសន្យា​ការងារ​ត្រូវបាន​បង្កើតឡើង ដោយ​ការសន្យា​របស់​ភាគី​ម្ខាង​ថា​ធ្វើ​ពលកម្ម​ឲ្យ​ភាគី​ម្ខាង​ទៀត ហើយ​ភាគី​ម្ខាង​ទៀត​សន្យា​ថា​ផ្តល់​ប្រាក់​ជួល​ទៅលើ​កិច្ចការងារ​ពលកម្ម​នោះ​។

ភាគី​ដែល​បាន​សន្យាថា ធ្វើ​ពលកម្ម​ហៅថា​និយោជិត ឯ​ភាគី​ម្ខាង​ទៀត​នោះ​ហៅថា និយោជក​”​។ ម្យ៉ាងទៀត​យោង​តាម​មាត្រា ៦៦៦ នៃ​ក្រមរដ្ឋប្បវេណី​ចែងថា​ “​និយោជក មាន​ករណី​កិច្ច​យក​ចិត្ត​ទុកដាក់​ដល់​ការរក្សា​រូបរាងកាយ សុខភាព ជាអាទិ៍ របស់​និយោជិត​ពី​គ្រោះថ្នាក់​នៅ​ទីកន្លែង​ដែល​កម្មករ​និយោជិត​ត្រូវធ្វើ​ពលកម្ម​សិល្បការ​នៅក្នុង​ការធ្វើ​ឧបករណ៍​”​។ ​

ដោយ​​ឡែក​តាម​មាត្រា​ ២៤៨ នៃ​ច្បាប់​ស្តីពី​ការងារ​ចែងថា​ “​ត្រូវ​ចាត់ទុក​ជា​គ្រោះថ្នាក់​ការងារ គ្រោះថ្នាក់​ដែល​កើតឡើង​ដោយ​ធ្វើការ​ ឬ​ក្នុងពេល​ធ្វើការ​ទោះ​ដោយហេតុ​យ៉ាងណា​ក៏ដោយ ហើយ​ទោះ​មាន​កំហុស​មកពី​កម្មករនិយោជិត​ ឬ​គ្មាន​ក៏ដោយ​គឺ​គ្រោះថ្នាក់​ដែល​ធ្លាក់​លើ​រូបកាយ​កម្មករនិយោជិត​ក្នុង​ពេល​ធ្វើការ​ឲ្យ​និយោជក ឬ​នាយកសហគ្រាស ឬ​ធ្លាក់​លើ​សិស្ស​វិជ្ជាជីវៈ​មាន​ឈ្នួល​ក្តី ឥត​ឈ្នួល​ក្តី​កាន់​មុខងារ​ជា​អ្វី​នៅ​ទីកន្លែង​ណាក៏ដោយ​”​។

តាម​បញ្ញត្តិ​ខាងលើ​នេះ​យើង​អាច​សន្និដ្ឋាន​បាន​ថា ម្ចាស់ផ្ទះ​​ដែល​បាន​ជួល​កម្មករ​នោះ​ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​លើ​គ្រោះថ្នាក់​ការងារ​របស់​របស់​កម្មករ​ដែល​ឆក់​ខ្សែភ្លើង​ស្លាប់​នេះ​។

លើសពី​នេះ​ទៅ​ទៀត​ក្នុងករណី​ដែល​គេ​រកឃើញ​ថា ឧបទ្ទវហេតុ​គ្រោះថ្នាក់​ស្លាប់​ឆក់​​ខ្សែភ្លើង​នេះ​បណ្តាល​មកពី​កំហុស​បច្ចេកទេស​របស់​អគ្គិសនី​ (​តំបន់​គ្រប់គ្រង​ដោយ​រដ្ឋ​) មាន​ន័យ​ថា អគ្គិសនី​តំបន់​នោះ​មាន​ចំណែក​ទទួលខុស​ត្រូវចំពោះ​គ្រោះថ្នាក់​នេះដែរ​។ ភាគី​ម្ចាស់ផ្ទះ​អាច​ធ្វើការ​ទាមទារ ឬ​ប្តឹង​ទាមទារ​ឲ្យ​អគ្គិសនី​តំបន់​នោះ​ចូលរួម​ទទួលខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​កម្មករ​នោះ​។

បើ​រដ្ឋ​គ្មាន​ចំណែក​ទទួល​​ខុសត្រូវ​ដោយសារ​អ្វី​? ​ហើយ​អ្នក​ជួល​កម្មករ​នោះ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ដូចម្ដេច​?

ក្នុងករណី​អគ្គិសនី​គ្រប់គ្រង​ក្នុង​តំបន់​នោះ​ (​រដ្ឋ​) ​មិន​ទទួលខុសត្រូវ​លើ​គ្រោះថ្នាក់​ឆក់​ខ្សែភ្លើង​របស់​កម្មករ​ឡើយ​កាលណា​អាជ្ញាធរ​អគ្គិសនី​តំបន់​នោះបាន​បំពេញ​កាតព្វកិច្ច​របស់ខ្លួន ដោយ​បាន​បិទបម្រាម​ហាមឃាត់​មិន​ឲ្យ​សាងសង់​សំណង់​ផ្សេងៗ​នៅ​បរិវេណ​នោះ តែ​ម្ចាស់ផ្ទះ​នោះ​មិន​គោរព​តាម​ការណែនាំ​របស់​អគ្គិសនី​តំបន់​នោះ​។ ហេតុដូច្នេះ​ម្ចាស់ផ្ទះ​អាចនឹង​ទទួល​ខុសត្រូវ​លើ​អំពើ​ល្មើស​របស់ខ្លួន​ដែល​ប្រឆាំង​នឹង​បម្រាម​អាជ្ញាធរ​អគ្គិសនី និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​ក្នុង​ករណី​សមត្ថកិច្ច​កសាង​សំណុំរឿង​បាន​រកឃើញថា​មាន​បទល្មើស​៕