ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ក្នុង​សហគមន៍ ប្រសិន​បើ​មាន​អ្នកណាម្នាក់​បានធ្វើ​អ្វីមួយ​បណ្ដាល​ឲ្យ​នរណាម្នាក់​ស្លាប់ តែ​អ្នកប្រព្រឹត្ត​នោះ​គឺ​គាត់​ត្រូវបាន​គេ​ជួល​ឲ្យ​មក​ធ្វើការងារ​ទេ​។ ជុំវិញ​ទោសទណ្ឌ​នៃ​ករណីនេះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សម្ភាស​ជាមួយ​លោក អ៊ឹម រចនា ក្រុម​មេធាវី ដឺ ហ្វ្លេក​ (The FLAG LAW- GROUP) ដែលមាន​ការិយាល័យ​នៅផ្ទះ​លេខ​ ២A ផ្លូវ​លេខ​ ៥៦៦ កែង​ផ្លូវ​ ៦០៨ សង្កាត់​បឹងកក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

ឧបមាថា លោក​ (​ក​) ​បាន​ជួល​កម្មករ​ម្នាក់​ឲ្យ​កាប់​ដើមឈើ តែ​ចៃដន្យ​ដើមឈើ​នោះ​រលំ​សង្កត់​លើ​មនុស្ស​ស្លាប់ តើ​លោក​ (​ក​) ​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​ ឬ​ក៏​កម្មករ​ជា​អ្នក​ទទួលខុសត្រូវ​?

ករណី​នេះ​ពាក់ព័ន្ធ​នឹង​មនុស្សឃាត​ដោយ​អចេតនា ហើយ​ជា​ឯតទគ្គកម្ម​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​គឺ​អ្នកណា​ប្រព្រឹត្ត​អ្នកនោះ​ទទួលខុសត្រូវ​ព្រហ្មទណ្ឌ​។ ​ចំពោះ​ទាក់ទង​នឹង​សំណង​វិញ​គឺ​ត្រូវ​មើល​ទំនាក់ទំនង​រវាង​អ្នក​ដែល​ត្រូវគេ​ជួល​ឲ្យ​កាប់​ឈើ និង​អ្នកទទួល​សេវា​ពី​ការកាប់​ឈើ​ថា តើ​ទំនាក់ទំនង​របស់​ពួកគេ​ស្ថិត​ក្នុង​លក្ខខណ្ឌ​បែបណា​ ឬ​ស្ថិតនៅក្នុង​ការចុះ​កុងត្រា​របៀប​ម៉េច​? ​ប្រសិនបើ​ភាគី​ទាំង​ ២ ​នាក់​មិនបាន​ធ្វើ​កិច្ចសន្យា​ជាមួយគ្នា​ទេ ជាទូទៅ​អ្នកណា​ប្រព្រឹត្ត​គឺ​អ្នកនោះ​ត្រូវ​សង​សំណង​ព្យសនកម្ម​។ ​ប៉ុន្តែ​ដោយសារ​ថា​យើង​មើលឃើញ​ការអនុវត្ត​ភាគច្រើន​គឺ​អ្នក​ដែល​ជួល​ឲ្យ​គេ​ធ្វើ ប៉ុន្តែ​ស្រាប់​តែ​អ្នកធ្វើ​នោះ​ធ្វេសប្រហែស ហើយ​នាំ​ឲ្យ​អ្នកផ្សេង​ស្លាប់ ឬ​រងគ្រោះ អ៊ីចឹង​ភាគច្រើន​អ្នក​ដែល​ជួល​ឲ្យ​គេ​ធ្វើ​ហ្នឹង​ជា​អ្នក​បង់ថ្លៃ​សេវា​ជួសជុល​ការខូចខាត​។

ករណី លោក​ (​ក​) ​ចេញ​សំណង​ទៅ​ឲ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ​ហើយ​ខាង​ភាគី​រងគ្រោះ​ក៏​មិន​ប្តឹង​ដែរ​។ ​តែ​រឿងនេះ​ត្រូវបាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ប្តឹងទៅ​តុលាការ​។ ​តើ​ករណី​បែបនេះ​លោក​ (​ក​) ​ជាប់​បណ្តឹង​ទេ​?

ក្នុង​ករណី​នេះ បើទោះបី​ជា​ខាង​ភាគី​ជនរងគ្រោះ​មាន​ការដក​ពាក្យបណ្តឹង​ក៏ពិតមែន ប៉ុន្តែ​ករណី​រឿង​ព្រហ្មទណ្ឌ​គឺ​វា​ជាប់​ពាក់ព័ន្ធ​បណ្តឹង​ ២ គឺ​បណ្តឹងអាជ្ញា​និង​បណ្តឹងរដ្ឋប្បវេណី​។ ​ចំពោះ​ដើម​បណ្តឹង​អាជ្ញា​គឺមាន​ព្រះរាជអាជ្ញា​ហើយ​សេនាធិការ​របស់​ព្រះរាជអាជ្ញា គឺ​នគរបាល​យុត្តិធម៌​។ អ៊ីចឹង​ទោះបីជា​ខាងដើម​បណ្តឹងរដ្ឋប្បវេណី​អាច​ថា​ជា​គ្រួសារ​របស់​ជនរងគ្រោះ​គាត់​ដក​ពាក្យបណ្តឹង​ដោយសារ​មាន​ការប៉ះប៉ូវ​ណាមួយ​រួចរាល់​ក៏ដោយ តែបើ​នគរបាល​មើល​ទៅ​ឃើញថា វា​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម​ធ្ងន់ធ្ងរ​គឺ​មន្ត្រី​នគរបាល​យុត្តិធម៌​មាន​សិទិ្ធ​ក្នុង​ការធ្វើ​របាយការណ៍​បញ្ជូន​រឿង​ហ្នឹង​ទៅ​ព្រះរាជអាជ្ញា​ដដែល​ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា​ចាត់ការ​ទៅតាម​សមត្ថកិច្ច​របស់ខ្លួន​ដែល​ជាដើម​បណ្តឹងអាជ្ញា​។ ​រឿង​ព្រហ្មទណ្ឌ​វា​ខុសគ្នា​នឹង​រឿង​រដ្ឋប្បវេណី​។ ​រឿង​រដ្ឋប្បវេណី​បើ​ភាគី​ទាំងសងខាង​ដោះស្រាយ​គ្នា​រួចរាល់​អស់​គឺ​ចប់​ហើយ​។

ប៉ុន្តែ​រឿង​ព្រហ្មទណ្ឌ គឺ​មិនមែន​អ៊ីចឹង​ទេ ត្រូវ​សង​ទាំង​សំណង​រដ្ឋប្បវេណី​ និង​​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ទៀត​។ ​ទោះបី​ជា​ការប៉ះប៉ូវ​នោះ​យើង​អាច​ចាត់បញ្ចូល​ហើយ​ថា​ជា​ការសង​សំណង​រដ្ឋប្បវេណី ប៉ុន្តែ​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​នៅតែ​ត្រូវអនុវត្ត​ដដែល​។ ​គ្រាន់តែ​ថា​អនុវត្ត​ទៅលើ​អ្នកប្រព្រឹត្ត​ដែល​នាំ​ឲ្យ​មាន​មនុស្ស​ស្លាប់​។ ​តែ​ចំពោះ​លោក​ (​ក​) ​ជួល​គឺ​គាត់​ពុំមាន​តួនាទី​ទទួលខុសត្រូវ​ករណី​ព្រហ្មទណ្ឌ តែ​គាត់​ទទួល​ខុសត្រូវ​ត្រឹម​សំណង​រដ្ឋប្បវេណី​តែ​ប៉ុណ្ណោះ​៕