កាលពី​ថ្ងៃទី​ ៧ ខែ​កញ្ញា​កន្លង​ទៅ​នេះ ភ្នំពេញ​ប៉ុស្ដិ៍​បាន​ផ្សព្វផ្សាយ​ ១ ​វគ្គ​រួចមក​ហើយ ទាក់ទង​នឹង​ករណី​ទិញ​របស់​អ្វីមួយ​រួមគ្នា​ដូចជា ផ្ទះ​ ឬ​ដី​ក៏ប៉ុន្តែ​ក្នុង​ចំណោម​អ្នកទិញ​នោះ​មាន​អ្នកណា​ម្នាក់​បាន​ស្លាប់ ហើយ​អ្នកដែល​នៅរស់​ (​លោក​ «​ក​») ​បាន​យក​ម្នាក់ឯង​។ ​ត្រង់​ចំណុច​នេះ​តាម​ការពន្យល់​តប​នឹង​សំណួរ​​ទី​ ១ ​ពី​លោក​មេធាវី កុយ ដុល្លា សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ​ថា លោក​ «​ក​» ​បាន​អនុវត្ត​លើស​ច្បាប់​កំណត់ ដែល​តាមពិត​ក៏​ត្រូវជា​កម្មសិទ្ធិ​របស់​លោក​ «​ខ​» (​អ្នកស្លាប់​) ​ផង​ដែរ​។

ប៉ុន្តែ​ផ្អែក​តាម​មាត្រា​ ១១៤៥ កថាខណ្ឌ​ ១ ​និង​មាត្រា​ ១១៤៧ កថាខណ្ឌ​ ១ ​នៃ​ក្រមរដ្ឋប្បវេណី​គឺ​សន្តតិជន​ [​សាច់ញាតិ​] ​ត្រូវ​ទទួល​បន្ត​នូវ​សិទ្ធិ និង​ករណីយកិច្ច​ទាំងអស់​ដែល​ស្ថិត​នៅ​ក្រោម​ទ្រព្យសម្បត្តិ​របស់​មតកជន​ [​អ្នកស្លាប់​]​។ ប៉ុន្តែ​បញ្ញត្តិ​នេះ​មិន​ត្រូវ​យក​មក​អនុវត្ត​ទ្បើយ​ចំពោះ​សិទ្ធិ និង​ករណីយកិច្ច​ផ្តាច់មុខ​ទាំងស្រុង​របស់​មតកជន​។ ចំណែក​វគ្គ​បញ្ចប់​នេះ លោក​មេធាវី​បាន​ពន្យល់​បន្ត​ដូចខាងក្រោម ៖

ចុះបើ​កាលពី​ទិញ​ដី​ចូលគ្នា​នោះ​លោក​ «​ក​» និង​លោក​ «​ខ​» ​មាន​មេធាវី​ជា​សាក្សី សួរថា តើ​ភាគី​សាច់ញាតិ​លោក​ «​ខ​» អាច​ទាមទារ​ចំណែក​ដី​នោះ​បាន​ទេ ព្រោះ​មេធាវី​ជា​តំណាង​ស្រប​ច្បាប់​?

ជាទូទៅ​ការទិញ​លក់​ដី​មាន​ទំហំ​ទឹកប្រាក់​ច្រើនក្តី ឬ​តិចក្តី​​គឺ​សុទ្ធ​តែ​អាច​ធ្វើ​ឡើង​ជា​កិច្ចសន្យា​លាយលក្ខណ៍អក្សរ និង​ទទួល​ដឹងឮ​ពី​មេធាវី​ (​មេធាវី​ប្រថាប់ត្រា​លើ​កិច្ចសន្យា​) ​ព្រោះ​មេធាវី​ជួយ​សម្របសម្រួល​ក្នុង​ការចរចា​អំពី​លក្ខខណ្ឌ​នានា​ និង​ការតាក់តែង​កិច្ចសន្យា​ទាំងមូល ហើយ​កិច្ចសន្យា​ដែល​ធ្វើ​ទ្បើង​ចំពោះមុខ​មេធាវី​នោះ គឺ​ស្តែង​ឲ្យ​ឃើញថា កិច្ចសន្យា​នោះ​ធ្វើ​ទ្បើង​ដោយ​ការបង្ហាញ​ឆន្ទៈ​ពិតប្រាកដ​របស់​គូភាគី ដោយ​គ្មាន​វិការៈ និង​ជាពិសេស​ធានា​សុវត្ថិភាព​ជូន​ភាគី​ទាំង​អ្នកលក់ និង​ភាគី​អ្នកទិញ​ផងដែរ​។ អ៊ីចឹង​សួរថា កិច្ចសន្យា​មាន​សុវត្ថិភាព​យ៉ាង​ដូចម្តេច​?

កិច្ចសន្យា​ដែល​ធ្វើ​ទ្បើង​ចំពោះមុខ​មេធាវី​នឹង​ក្លាយ​ជា​ភ័ស្តុតាង​ដ៏សំខាន់​នៅពេល​មាន​វិវាទ ដោយ​ហេតុ​ថា កិច្ចសន្យា​នេះ​មាន​ភាព​ច្បាស់លាស់ និង​មាន​លក្ខណៈ​ត្រឹមត្រូវ​ទៅតាម​ច្បាប់​។ ម្យ៉ាងវិញទៀត ការយក​កិច្ចសន្យា​នេះ​ជា​ភ័ស្តុតាង​ដាក់ជូន​តុលាការ គឺ​កម្រិត​នៃ​ភាពជឿជាក់ និង​ការវាយតម្លៃ​របស់​តុលាការ​ទៅលើ​កិច្ចសន្យា​អាច​ធ្វើ​ជា​មូលដ្ឋាន​ក្នុង​ការសម្រេច​សេចក្តី​បាន​។

ហេតុដូច្នេះ​សន្តតិជន​ដូច​បាន​រៀបរាប់​ក្នុង​សំណួរ​ទី​ ១ ខាង​លើ​រឹត​តែ​មាន​ភ័ស្តុតាង​ដែល​មាន​កម្រិត​ច្បាស់លាស់ ត្រឹមត្រូវ និង​ជឿជាក់​ខ្ពស់​ក្នុង​ការទាមទារ​ចំណែក​ដី​ពី​លោក «​ក​» ដោយ​ផ្អែកលើ​សន្តតិកម្ម និង​កិច្ចសន្យា​ដែល​ធ្វើ​ទ្បើង​នៅ​ចំពោះមុខ​មេធាវី​។

តើ​មាន​វិធី​ណា ដើម្បី​កូនលោក​ «​ខ​» ​ទទួល​បាន​ចំណែក​ដី​នោះ​វិញ​?

ជាគោលការណ៍​ក្នុង​ការដោះស្រាយ​ជម្លោះ​មាន​ ២ (​ពីរ​) ​យន្តការ​គឺ​យន្តការ​ដោះស្រាយ​ជម្លោះ​ក្នុង​ប្រព័ន្ធតុលាការ និង​យន្តការ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធតុលាការ​។ តាម​ការពិនិត្យ​ទៅលើ​ការអនុវត្ត​ជាក់ស្តែង​ភាគី​នៃ​ជម្លោះ​ច្រើន​ប្រើប្រាស់​វិធី​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធតុលាការ តាមរយៈ​ការចរចា​ ឬ​សម្រុះសម្រួល​គ្នា​រវាង​គូភាគី​ដែល​ឈាន​ទៅ​រក​ការបញ្ចប់​ជម្លោះ​ដោយ​សន្តិវិធី ហើយ​ការចរចា​នេះ​គូភាគី​ក៏អាច​ពឹងពាក់​មេធាវី​ដើម្បី​ជួយ​សម្រួល​ដល់​កិច្ចចរចា​នេះ​ផង​​ដែរ​។ ផ្ទុយទៅវិញ ប្រសិន​បើ​ការដោះស្រាយ​ជម្លោះ​តាមរយៈ​ការចរចា​នេះ​ពុំ​ទទួល​បាន​ជោគជ័យ​នោះទេ គឺ​គូភាគី​អាច​ប្តឹង​​ទៅ​តុលាការ​ដើម្បី​ជួយ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​បាន​។

ហេតុដូច្នេះ​សន្តតិ​ជន​ដែល​ត្រូវជា​កូនបង្កើត​របស់​មតក​ជន​លោក​ «​ខ​» អាច​ប្រើប្រាស់​យន្តការ​ដោះស្រាយ​ជម្លោះ​ក្រៅ​ប្រព័ន្ធ​តុលាការ ឬ​យន្តការ​ដោះស្រាយ​ជម្លោះ​ក្នុង​ប្រព័ន្ធ​តុលាការ​តាមរយៈ​ការប្តឹង​ទៅ​តុលាការ​ដើម្បី​ទាមទារ​ចំណែក​ដី​ខាងលើ​ដោយ​ផ្អែកលើ​កិច្ចសន្យា​ទិញ​លក់ និង​របប​សន្តតិកម្ម​ (​ដូច​បាន​រៀបរាប់​នៅក្នុង​សំណួរ​ទី​ ១)៕