The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការទិញ​អ្វី​ ១ ​រួមគ្នា បើ​មាន​អ្នកស្លាប់ តើ​សាច់ញាតិ​អាច​ទាមទារ​បាន​ឬ​ទេ​?




ការទិញ​អ្វី​ ១ ​រួមគ្នា បើ​មាន​អ្នកស្លាប់ តើ​សាច់ញាតិ​អាច​ទាមទារ​បាន​ឬ​ទេ​?

Content image - Phnom Penh Post
លោក មេធាវី កុយ ដុល្លា នាពេល​កន្លងមក​។ រូបថត សហការី

ការទិញ​អ្វី​ ១ ​រួមគ្នា បើ​មាន​អ្នកស្លាប់ តើ​សាច់ញាតិ​អាច​ទាមទារ​បាន​ឬ​ទេ​?

ការរស់នៅ​ប្រចាំ​ថ្ងៃ​មាន​ពលរដ្ឋ​ខ្លះ​បាន​ទិញ​របស់​អ្វី ​១ ​រួម​គ្នា​ដូចជា ផ្ទះ ឬ​ដី​ជាដើម​។ ​ប៉ុន្តែ​ចៃដន្យ ប្រសិន​បើ​មាន​អ្នក​ចូលហ៊ុន​គ្នា​ទិញ​ណា​ម្នាក់​បាន​ស្លាប់​​ តើ​ចំណែក​កម្មសិទ្ធិ​នោះ​ត្រូវ​បាន​លើ​អ្នកណា​? ​ជុំវិញ​បញ្ហា​នេះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី កុយ ដុល្លា ជា​សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ​មាន​ការិយាល័យ​នៅ​អគារ​លេខ​ ៣៦ ជាន់​ទី​ ១០ ផ្លូវ​លេខ​ ១៦៩ សង្កាត់​វាលវង់ ខណ្ឌ ៧​មករា រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម ៖

ឧបមា​ថា លោក «​ក​» និង​លោក​ «​ខ​» ​បាន​ទិញ​ដី​រួមគ្នា និង​មាន​ចុះកិច្ចសន្យា​ជាមួយ​គ្នា​​ផង តែ​សាច់ញាតិ​ភាគី​ទាំង​ ២ ​មិន​បាន​ចូលរួម​ផ្ដិតមេដៃ​ធ្វើជា​សាក្សី​ទេ​គ្រាន់​តែ​ដឹងឮ​។ ​បន្ទាប់មក​លោក​ «​ខ​» ​បាន​ស្លាប់​ហើយ​​លោក​ «​ក​» ​ក៏​បាន​យក​ដី​នោះ​ជា​​កម្មសិទ្ធិ​ម្នាក់ឯង ករណី​នេះ​បើ​សាច់ញាតិ​លោក​ «​ខ​» ​ប្តឹង​ទាមទារ​ចំណែក​ដី​នោះ​តើ​បាន​ឬទេ​?

មុន​នឹង​ឆ្លើយ​សំណួរ​នេះ យើង​ត្រូវ​ដឹងថា អ្វី​ទៅជា​កិច្ចសន្យា​ទិញ​លក់​? ​នៅក្នុង​សង្គម​តែងតែ​មាន​ប្រតិបត្តិការ​ទិញ-លក់ ជា​ចាំបាច់​សម្រាប់​ការធ្វើ​អាជីវកម្ម ឬ ការរស់នៅ​ទៅតាម​តម្រូវការ​នីមួយៗ​។ ផ្អែក​តាម​មាត្រា​ ៥១៥ នៃ​ក្រមរដ្ឋប្បវេណី​បាន​ចែងថា​ “​ការលក់-ទិញ​សំដៅ​ទៅលើ​កិច្ចសន្យា​ ១ ​ដែល​ភាគី​ម្ខាង​ហៅថា អ្នកលក់​មាន​ករណីយកិច្ច​ត្រូវ​ផ្ទេរកម្មសិទ្ធិ ឬ​សិទ្ធិ​ផ្សេង​​ទៀត​លើ​ទ្រព្យសម្បត្តិ​ឲ្យ​ទៅ​ភាគី​ម្ខាង​ទៀត​ហៅថា អ្នកទិញ ហើយ​អ្នកទិញ​មាន​ករណីយកិច្ច​ត្រូវ​ចេញថ្លៃ​ជា​ប្រាក់​ឲ្យ​អ្នកលក់​”​។

ផ្អែក​តាម​ខ្លឹមសារ​នៃ​និយមន័យ​ខាងលើ ភាគី​អ្នកទិញ​អាច​ធ្វើ​ប្រតិបត្តិការ​ទិញ​វត្ថុ​ (​ចលនវត្ថុ ឬ​អចលនវត្ថុ​) រួមគ្នា​បាន ដោយសារ​តែ​ច្បាប់​ពុំបាន​ហាមឃាត់​ក្នុង​ការទិញ​លក់​រួមគ្នា​នោះទេ ពោល​គឺ​ឲ្យ​តែ​ភាគី​ម្ខាង​យល់ព្រម​ទិញ ហើយ​ភាគី​ម្ខាង​ទៀត​យល់ព្រម​លក់​នោះ​កិច្ចសន្យា​ទិញ-លក់​នឹង​កើតទ្បើង​។ ប៉ុន្តែ​បញ្ហា​ផ្សេងៗ​អាច​កើតមាន​ទ្បើង ជាពិសេស​ក្នុង​ចំណោម​អ្នកទិញ​រួមគ្នា​នោះ​មាន​នរណា​ម្នាក់​បាន​ទទួល​មរណភាព​គឺអាច​ប្រឈម​​នឹង​ភាគី​អ្នកទិញ​គ្នាឯង​នោះ​យក​​ដី​ជា​កម្មសិទ្ធិ​ម្នាក់ឯង​។ ដូច្នេះ​​ចំពោះ​ករណីនេះ​តើ​សាច់ញាតិ​​លោក «​ខ​» អាច​ប្តឹង​ទាមទារ​​ចំណែក​ដី​បាន​ដោយ​សំអាង​ថា​​ជា​សាច់ញាតិ​បាន​ឬទេ​?

តាម​ការពិនិត្យ​ទៅលើ​អង្គហេតុ​ខាងលើ​ឃើញថា លោក «​ក​» និង​លោក «​ខ​» ជា​ភាគី​អ្នកទិញ​រួមគ្នា​នៅក្នុង​កិច្ចសន្យា​ទិញ​លក់​ដី តែ​ក្រោយ​ទិញ​លក់​រួច​លោក​ «​ខ​» បាន​ទទួល​មរណភាព ហើយ​លោក «​ក​» ឆ្លៀត​ឱកាស​យក​ដី​នោះ​ជា​កម្មសិទ្ធិ​របស់ខ្លួន​។ ចំណុច​នេះ​គេ​អាច​សំដៅ​ទៅលើ​កិច្ចសន្យា​ទិញ-លក់​នោះ​នាំ​ឲ្យ​ភាគី​អ្នកទិញ​ទាំង​ ២ ​នាក់​នោះ​ទទួល​លទ្ធកម្ម​ក្នុង​ឋានៈ​ជា​កម្មសិទ្ធិករ​អវិភាគ​លើដី​នោះ​រួច​ទៅ​ហើយ ប៉ុន្តែ​បញ្ហា​នៅត្រង់​​ថា​ភាគី​លោក​ «​ក​» បាន​អនុវត្ត​សិទ្ធិ​របស់ខ្លួន​លើស​ច្បាប់​កំណត់ ដោយ​យក​ដី​នោះ​ជា​កម្មសិទ្ធិ​​របស់ខ្លួន​។ ហេតុដូច្នេះ​យើង​គប្បី​មិនគួរ​ពិចារណា​លើ​អត្ថិភាព ឬ​នត្ថិភាព​នៃ​អានុភាព​កិច្ចសន្យា​តាម​មាត្រា​ ៣៣៦ នៃ​ក្រមរដ្ឋប្បវេណី​នោះទេ​។ ផ្ទុយទៅវិញ​យើង​គប្បី​សិក្សា​ថា តើ សាច់ញាតិ​លោក «​ខ​» មាន​សិទ្ធិ​ទាមទារ​ចំណែក​ដី​បាន​ឬទេ​?

ផ្អែក​តាម​មាត្រា ១១៤៥ កថាខណ្ឌ​ ១ ​នៃ​ក្រមរដ្ឋប្បវេណី​បាន​ចែងថា​ “​សន្តតិកម្ម​ត្រូវ​ចាប់ផ្តើម​ដោយ​មរណភាព​របស់​មតកជន​”​។

ផ្អែក​តាម​មាត្រា ១១៤៧ ​កថាខណ្ឌ​ ១ នៃ​ក្រមរដ្ឋប្បវេណី​បាន​ចែងថា “​សន្តតិជន​ត្រូវ​ទទួល​បន្ត​នូវ​សិទ្ធិ និង​ករណីយកិច្ច​ទាំងអស់​ដែល​ស្ថិត​នៅ​ក្រោម​ទ្រព្យសម្បត្តិ​របស់​មតកជន ចាប់ពី​​ពេល​ដែល​ចាប់ផ្តើម​សន្តតិកម្ម​។ ប៉ុន្តែ​បញ្ញត្តិ​នេះ​មិនត្រូវ​យក​មក​អនុវត្ត​ទ្បើយ​ចំពោះ​សិទ្ធិ និង​ករណីយកិច្ច​ផ្តាច់មុខ​ទាំងស្រុង​របស់​មតកជន”​។

ផ្អែក​តាម​ខ្លឹមសារ​នៃ​មាត្រា​ខាងលើ​នេះ សន្តតិ​ជន​ត្រូវ​ទទួលបាន​ចំណែក​នៃ​ដី​ខាងលើ​​បន្ត​ពី​មតកជន​ដែល​បាន​ទទួល​មរណភាព​ទៅហើយ​នោះ​។

ប៉ុន្តែ​សំណួរ​ចោទ​ទ្បើង​ថា តើ​សន្តតិ​ជន​ជា​នរណា​? ​នៅក្នុង​របប​សន្តតិកម្ម​មាន​លំដាប់​សន្តតិជន​ពោល​គឺ​សន្តតិជន​លំដាប់​ទី​ ១ ដែល​ជា​កូនបង្កើត ឬ​កូនសុំ​, សន្តតិ​ជន​លំដាប់​ទី​ ២ ដែលជា​បុព្វ​ញាតិ​ផ្ទាល់ (​ឪពុកម្តាយ​) និង​សន្តតិជន​លំដាប់​ទី​ ៣ ដែលជា​បងប្អូន​បង្កើត​របស់​មតក​ជន រីឯ​សហព័ន្ធ​របស់​មតកជន​គឺជា​សន្តតិជន​ជានិច្ច (​មាត្រា​ ១១៥៦, ​មាត្រា​ ១១៥៩, មាត្រា​ ១១៦០ និង​មាត្រា​ ១១៦១ នៃ​ក្រម​រដ្ឋប្បវេណី​)។

ហេតុដូច្នេះ​អ្នក​ដែល​មាន​សិទ្ធិ​ប្តឹង​ទាមទារ​ដំបូង​គេ​នោះ គឺ​សន្តតិ​ជន​លំដាប់​ទី​ ១ ដែល​ជា​កូនបង្កើត​ ឬ​កូនសុំ​របស់​មតកជន និង​ប្រពន្ធ​របស់​លោក «​ខ​» (​ករណី​គាត់​មាន​ប្រពន្ធ​) អាច​ទាមទារ​ចំណែក​នៃ​ដី​ខាងលើ​ដោយ​ផ្អែក​ទៅ​លើ​បញ្ញត្តិ​នៃ​សន្តតិកម្ម​នេះ ហើយ​សាច់ញាតិ​របស់​អ្នកទិញ​ពុំបាន​ចូលរួម​ផ្តិត​​មេដៃ​ក្នុង​កិច្ចសន្យា​លក់-ទិញ​នោះទេ តែ​គ្រាន់តែ​ដឹងឮ​នោះ គឺ​សន្តតិ​ជន​អាច​ស្នើសុំ​ពួកគាត់​ធ្វើជា​សាក្សី​បញ្ជាក់ជូន​តុលាការ​បាន​។ (​សូម​រង់ចាំ​អាន​វគ្គ​បន្ដ​នៅ​សប្ដាហ៍​ក្រោយ​)

អត្ថបទគួរចាប់អារម្មណ៍

  • ព្រះសីហនុៈ រដ្ឋបាលខេត្ត​ព្រះសីហនុ​កំពុង​ចាក់​ខ្សាច់​ថ្មី​បំពេញ​នៅតាម​កន្លែង​ជ្រលង​ទឹកហូរ​ដែលមាន​ខ្សាច់​ទាប និង​ខ្សាច់​ខ្មៅ​នៅ​ចំណុច​ឆ្នេរ​អូរឈើទាល​ក្នុង​សង្កាត់​លេខ​ ៤ ក្រុងព្រះសីហនុ ដើម្បី​កែលម្អ​សោភណភាព​ឆ្នេរ​ខ្សាច់ ក៏ប៉ុន្តែ​មន្ត្រីខេត្ត​នៅ​មិន​អាច​ប៉ាន់ប្រមាណ​ថា​នឹង​ត្រូវ​ប្រើ​ខ្សាច់​ប៉ុន្មាន​រថយន្ត​នោះទេ​។

  • ភ្នំពេញៈ ប្រទេស​ជប៉ុន​ ផ្តល់​ជំនួយ​ឥតសំណង​ដល់​កម្ពុជា​ចំនួន ១ ១៣២ ​លាន​យ៉េន​ (១០,៨ ​លាន​ដុល្លារ​) ​សម្រាប់​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​ចរាចរណ៍​នាវា​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ដើម្បី ​ធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​សុវត្ថិភាព​ផ្លូវ​សមុទ្រ​។ នេះ​បើតាម​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

  • ភ្នំពេញ៖ កីឡាការិនី​កូន​ខ្មែរ​កាត់​បារាំង វ័យ ១៧ ឆ្នាំ ម៉ា រីយ៉ាន មាន​ចំណង់​ចំណូលចិត្ត​ខ្លាំង​ទៅ​លើ​ប្រភេទ​កីឡា​ប្រយុទ្ធ ពិសេស​ការ​ប្រណាំង​ម៉ូតូ​ហោះ ហើយ​កញ្ញា​បាន​អះអាង​ថា នឹង​មិន​បោះបង់​ចោល​ជំនាញ​នេះ​ឡើយ បើ​ទោះបី​ជា​ប្រភេទ​កីឡា​នេះ មាន​ផល​ប៉ះពាល់ និង​ធ្លាប់​ជួប​ឧបសគ្គ​គ្រោះ​ថ្នាក់​ធំ​​ក៏​ដោយ។

  • ភ្នំពេញៈ តម្លៃ​ពោត​ក្នុង​រដូវ​ប្រមូលផល​ឆ្នាំនេះ​បាន​ស្ទុះ​ឡើង ដោយសារ​តែ​ការកើនឡើង​នៃ​តម្រូវការ​សម្រាប់​ការផលិត​ចំណី​សត្វ​ក្នុងស្រុក​។ ការប្រមូលផល​ពោតក្រហម​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​ពេលនេះ​សម្រេច​បាន​ប្រមាណ ៥០ ​ភាគរយ​ហើយ​ដោយ​តម្លៃ​គ្រាប់ពោត​ស្ងួត​បាន​កើនឡើង​ជិត ២០ ​ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន

  • កោះកុងៈ ដី​គម្រប​ព្រៃឈើ​របស់​រដ្ឋ​រាប់ពាន់​ម៉ែត្រការ៉េ​ក្នុង​ទំហំ​ដី​បម្រុង​របស់​រដ្ឋ​ទំហំ​ប្រមាណ​ ១១ ​ហិកតា ស្ថិតនៅ​ភូមិ​កោះស្តេច ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្តកោះកុង​ត្រូវបាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ចាប់ផ្ដើម​លួច​បោះបង្គោល​ថ្ម និង​ឈើ​ទន្ទ្រាន​យក​ដោយ​ខុសច្បាប់​។

  • កំពង់ស្ពឺៈ ពលរដ្ឋ​ជាង​ ៥០០ ​គ្រួសារ ​រស់នៅក្នុង​ឃុំ​ទួល​អម្ពិល​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​បាន​បង្ហាញ​ក្ដីបារម្ភ​ពី​ការខ្វះ​ទឹក​សម្រាប់​ស្រោចស្រព​ស្រែចម្ការ និង​ដំណាំ​ផ្សេងៗ ខណៈ​បច្ចុប្បន្ន​មាន​ឈ្មួញ​យក​ម៉ាស៊ីន​ទៅ​បូមទឹក​ទាំងយប់​ទាំង​ថ្ងៃ​នៅក្នុង​ទំនប់​បុរាណ​ព្រៃពាយ​ដែល​ពួកគាត់​កំពុង​ប្រើប្រាស់​ជាប្រចាំ​។