The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ចម្លើយ​ដាក់​បន្ទុក​ត្រឹម​ត្រូវ​និង​មិន​ត្រឹម​ត្រូវ​ខុស​គ្នា​ដូចម្តេច?

ចម្លើយ​ដាក់​បន្ទុក​ត្រឹម​ត្រូវ​និង​មិន​ត្រឹម​ត្រូវ​ខុស​គ្នា​ដូចម្តេច?

ចម្លើយ​ដាក់​បន្ទុក​ត្រឹម​ត្រូវ​និង​មិន​ត្រឹម​ត្រូវ​ខុស​គ្នា​ដូចម្តេច?

20140321_08
លោកមេធាវី ជូង ជូងី សមាជិកក្រុមប្រឹក្សា គណៈមេធាវីកម្ពុជា គឹម សារុំ

លោក​មេធាវី ជូង ជូងី សមាជិក​ក្រុម​ប្រឹក្សា​គណៈ​មេធាវី កម្ពុជា និង​ជា​មេធាវី​ការិយាល័យ​ច្បាប់​សិលា បាន​ផ្តល់​បទសម្ភាស​ជាមួយ ភ្នំពេញ ប៉ុស្តិ៍ ជុំវិញ​បញ្ហា​ការ​យក​ចម្លើយ​ពី​ជន​ជាប់​សង្ស័យ​ឬ​ជន​ជាប់​ចោទ​ក្នុង​គ្រប់​ដំណាក់កាល​ផ្អែក​លើ​ខ្លឹមសារ​ច្បាប់​ជា​ធរមាន ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម៖

តាម​ច្បាប់​តើ​ការ​ចាប់​ខ្លួន​ជន​ណា​ម្នាក់​តម្រូវ​ឲ្យ​មាន​ដីកា​ពី​ស្ថាប័ន​ណា? ហើយ​ប៉ូលិស​អាច​ចាប់​ខ្លួន​ជន​ណា​ម្នាក់ ដោយ​គ្មាន​ដីកា​នៅ​ពេល​ណា?

ជា​ទូទៅ​នគរបាល​យុត្តិធម៌​អាច​ចាប់​ខ្លួន​នរណា​ម្នាក់​បាន គឺ​ត្រូវ​ផ្អែក​ទៅ​លើ​ការ​សម្រេច​ឲ្យ​ចាប់​ខ្លួន​ពី​តុលាការ​ឬ​ផ្អែក​លើ​ដីកា​ឲ្យ​ចាប់​ខ្លួន​ពី​តុលាការ។ តែ​ប្រសិន​បើ​គ្មាន​ការ​សម្រេច​គ្មាន​ដីកា ចាប់​ខ្លួន​ពី​តុលាការ​ការ​ចាប់​នោះ​គឺ​ខុស​ច្បាប់។

តែ​វា​មាន​លក្ខខណ្ឌ​ក្នុង​ករណី​ចាប់​បន្ទាន់ ឬ​ក៏​មាន​ភាព​ស្មុគ​ស្មាញ​ច្រើន គឺ​សមត្ថកិច្ច​អាច​សុំ​ការ​អនុញ្ញាត​ពី​ព្រះ​រាជអាជ្ញា​ដោយ​មិន​ចាំបាច់​រង់​ចាំ​ដីកា​ទេ។ ក្នុង​ករណី​ឃើញ​ជន​ណា​ប្រព្រឹត្ត​បទ​ល្មើស​ជាក់ស្តែង សមត្ថកិច្ច​មិន​ចាំបាច់​មាន​ដីកា​ពី​តុលាការ​ទេ ហើយ​ត្រូវ​ចាប់​ខ្លួន​ជន​នោះ​ធ្វើ​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។

តើ​ក្នុង​ដំណាក់កាល​នគរបាល​យុត្តិធម៌​តើ​ចម្លើយ​របស់​ជន​សង្ស័យ​ដែល​គ្មាន​មេធាវី​ការពារ​អាច​ចាត់​ទុក​ថា ត្រឹម​ត្រូវ​យក​ជា​ការ​បាន​ទេ?

គ្រប់​ជន​ត្រូវ​ចោទ ទោះ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្តី ឬ​ក៏​មិន​ទាន់​ត្រូវ​បាន​ឃាត់​ខ្លួន​ក្តី ជន​នោះ​មាន​សិទ្ធិ​ពឹង​ពាក់​មេធាវី​គ្រប់​កាលៈទេសៈ​ទោះ​នៅ​នគរបាល​យុត្តិធម៌​ឬ​នៅ​ព្រះ​រាជអាជ្ញា​ឬ​នៅ​ចៅក្រម​ជម្រះ​ក្តី។ បាន​ន័យ​ថា តាម​ច្បាប់​គឺ​អនុញ្ញាត​ឲ្យ​ជន​ត្រូវ​ចោទ​គ្រប់​រូប​មាន​សិទ្ធិ​ពឹង​មេធាវី​ការពារ​សិទ្ធិ​របស់​ខ្លួន​នៅ​គ្រប់​ដំណាក់កាល​ទាំងអស់​នៃ​នីតិវិធី។ មន្រ្តី​នគរបាល​យុត្តិធម៌ គឺ​គាត់​មាន​អំណាច​សាធារណៈ តែ​អ្នក​ខ្លះ​គាត់​អនុវត្ត​ដោយ​ខ្វះ​ការ​យល់​ដឹង ហើយ​ខ្លះ​ទៀត​អនុវត្ត ទាំង​បំពាន​តែ​ម្តង។ ដូច្នេះ ក្នុង​ករណី​ធ្វើ​ទាំង​បំពាន​បែប​នេះ គឺជា​ការ​អនុវត្ត​ខុស​ទៅ​នឹង​ច្បាប់។ របាយ​ការណ៍​របស់​នគរបាល​យុត្តិធម៌ គឺ​មិន​តម្រូវ​ថា តុលាការ​ត្រូវ​តែ​ជឿ​ទេ វា​គ្រាន់​តែ​ជា​ព័ត៌មាន​បឋម សម្រាប់​តុលាការ​យក​ទៅ​ពិចារណា និង​ស៊ើប​អង្កេត​បន្ត។ នៅ​ក្នុង​ការ​សម្រេច​ចុង​ក្រោយ​តុលាការ​អាច​ជឿ​ឬ​មិន​ជឿ​ទៅ​លើ​របាយ​ការណ៍​នោះ។ ចំពោះ​ការ​មិន​មាន​វត្តមាន​របស់​មេធាវី​ចូល​រួម​នៅ​ដំណាក់កាល ប៉ូលិស​វា​ជា​ការ​ខ្វះ​ចន្លោះ​មួយ ព្រោះ​មេធាវី​គាត់​មាន​សិទ្ធិ​ការពារ​កូន​ក្តី​នៅ​គ្រប់​ដំណាក់កាល​ក្នុង​ករណី ប៉ូលិស​កំណត់​ត្រា​ឬ​ប្រឌិត​ចម្លើយ​មិន​ត្រឹម​ត្រូវ​ដោយ​ការ​បង្ខំ គាត់​ឬ​ធ្វើ​ទារុណកម្ម​ទៅ​លើ​គាត់​និង​បង្ខំ​ឲ្យ​គាត់​ផ្តិត​មេដៃ នោះ​ជា​ការ​បំពាន​របស់​នគរបាល​យុត្តិធម៌ ហើយ​ដែល​បញ្ហា​នេះ ពេល​ជំនុំ​ជម្រះ​ក្តី​នៅ​តុលាការ​ពេល​គាត់​មាន​មេធាវី​ការពារ​ក្តី គាត់​តែង​បដិសេធ​ចម្លើយ​នោះ​ហើយ​ផ្តល់​ចម្លើយ​ផ្សេង​ទៅ​ចៅក្រម ឬ​ព្រះ​រាជអាជ្ញា​ខុស​ពី​ចម្លើយ​នៅ​នគរបាល​យុត្តិធម៌។

ទោះ​ជន​ជាប់​ចោទ​បដិសេធ​ចម្លើយ​នៅ​នគរបាល​យុត្តិធម៌​សំអាង​លើ​ការ​បង្ខំ​ឬ​រង​ទារុណកម្ម​ក្តី តែ​ជា​រឿយៗ​តុលាការ​តែង​យក​ចម្លើយ​នោះ​ដាក់​បន្ទុក​និង​ដាក់​ទោស​តើ​លោក​យល់​ដូចម្តេច​ដែរ?

ការ​ចោទ​ប្រកាន់​របស់​តុលាការ​សំអាង​លើ​របាយ​ការណ៍​របស់​ប៉ូលិស​តែង​តែ​មាន​ហើយ​កំហុស​នេះ បើ​សាលា​ដំបូង​ឬ​ថ្នាក់​ណា​ដែល​ជា​អ្នក​ចោទ​ប្រកាន់​ជន​នោះ ទៅ​ដាក់​ទោស​គឺ​ស្ថាប័ន​នោះ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ក្នុង​រឿង​នោះ បើ​រឿង​ហ្នឹង​ទៅ​ដល់​ឧទ្ធរណ៍​តែ​សាលា​ឧទ្ធរណ៍​នៅ​តែ​តម្កល់​សេចក្តី​សម្រេច​របស់​សាលា​ដំបូង ខណៈ​ដែល​ធាតុ​ពិត​គាត់​គ្មាន​កំហុស​ឬ​គ្មាន​ភ័ស្តុតាង​គ្មាន​សាក្សី​ថា ជន​នោះ​ប្រព្រឹត្ត​បទ​ល្មើស​ទេ។ ដូច្នេះ បាន​ន័យ​ថា តុលាការ​ឧទ្ធរណ៍​ក៏​ជា​អ្នក​រួម​ចំណែក​ខុស​ដែរ។ អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​គឺ​សំខាន់​លើ​បុគ្គល​មាន​តួនាទី​ជា​ចៅក្រម​វិនិច្ឆយ​ខុស ព្រោះ​តាម​គតិ​ច្បាប់​បើ​ផ្តន្ទាទោស​នរណា​ម្នាក់​ត្រូវ​ផ្អែក​ទៅ​លើ​ភ័ស្តុតាង​និង​សាក្សី តែ​បើ​គ្មាន​សាក្សី ភ័ស្តុតាង​បញ្ជាក់​បទ​ល្មើស​នោះ​ទេ​គឺ​តុលាការ​ត្រូវ​តែ​ដោះលែង។

មាន​រឿង​ខ្លះ​តុលាការ​រក​មិន​ឃើញ​កំហុស​ជន​ជាប់​ចោទ​ទេ​និង​បាន​ដោះលែង​វិញ តែ​តុលាការ​បាន​ចេញ​ដីកា​ឃុំ​ខ្លួន ៥​ឆ្នាំ ហួស​ហើយ តើ​គាត់​មាន​សិទ្ធិ​ប្តឹង​ទាមទារ​យុត្តិធម៌​ឬ​ជំងឺ​ចិត្ត​វិញ​បាន​ទេ?

បើ​ស្ថាប័ន​ណា​សម្រេច​ផ្តន្ទាទោស​គាត់​ដោយ​អយុត្តិធម៌​គាត់​មាន​សិទ្ធិ​ប្តឹង​ទាមទារ​ឲ្យ​សាលា​ដំបូង​នោះ​សង​ជំងឺ​ចិត្ត​គាត់ ហើយ​បន្ទាប់​មក​គាត់​មាន​សិទ្ធិ​ប្តឹង​បុគ្គល​ដែល​ប្រើ​តួនាទី​ជា​ចៅក្រម​ផ្តន្ទាទោស​គាត់​ទាំង​អយុត្តិធម៌។ ដោយ​ឡែក​នៅ​ស្រុក​ខ្មែរ​យើង​អត់​មាន​ច្បាប់ អត់​មាន​យន្តការ​ដើម្បី​ធានា​សម្រាប់​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​ដែល​រង​ការ​កាត់​ទោស​ដោយ​អយុត្តិធម៌​កន្លង​មក​ទេ ទើប​ធ្វើ​ឲ្យ​ជន​រងគ្រោះ​នៅ​តែ​ជួប​បញ្ហា​នេះ​ដដែល។

តាម​បទ​ពិសោធ​របស់​លោក​មេធាវី​មាន​ដែល​ជួប​ករណី​នេះ​ទេ?

ខ្ញុំ​បាន​ជួប​ប្រទះ​រឿង​នេះ ហើយ​កន្លង​មក​បាន​ប្តឹង​ទៅ​ឧត្តម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម ប្តឹង​ទៅ​រដ្ឋ​មន្រ្តី​ក្រសួង យុត្តិធម៌ ហើយ​ក៏​មាន​ប្តឹង​ទៅ​តុលាការ​ដែរ ប៉ុន្តែ​ពុំ​ទទួល​បាន​ចំណាត់ការ​ឲ្យ​បាន​ត្រឹម​ត្រូវ​និង​ផ្តល់​យុត្តិធម៌​ដល់​ពលរដ្ឋ​រងគ្រោះ​ក្នុង​ភាព​អយុត្តិធម៌​នោះ​ទេ។

ដើម្បី​វិនិច័្ឆយ​និង​ចោទ​ប្រកាន់​ឲ្យ​បាន​ត្រឹម​ត្រូវ​តើ​តុលាការ​ត្រូវ​ផ្អែក​ទៅ​លើ​អ្វី?

បើ​តាម​គោលការណ៍​ច្បាប់ ដើម្បី​វិនិច័្ឆយ​ទោស​លើ​ជន​ជាប់​ចោទ​ណា​មួយ​គឺ​តុលាការ​ត្រូវ​ផ្អែក​ទៅ​លើ​ភ័ស្តុតាង​និង​សាក្សី​ដើម្បី​បញ្ជាក់​ថា អ្នក​នោះ​ឯង​ប្រព្រឹត្ត​បទ​ល្មើស​ពិត​ប្រាកដ​មែន​តែ​ដរាប​ណា​គ្មាន​ភ័ស្តុតាង​ច្បាស់​លាស់ តុលាការ​ត្រូវ​តែ​ប្រកាស​ថា ជន​នោះ​គ្មាន​ទោស។ តែ ការ​អនុវត្ត​ជាក់ស្តែង​កន្លង​មក​ទោះ​បី​មាន​ការ​បដិសេធ​ឬ​គ្មាន​បន្ទុក​ច្បាស់​លាស់​ក្តី​ក៏​ចៅក្រម​ជំនុំ​ជម្រះ​ជាច្រើន​នៅ​តែ​រក្សា​ការ​ផ្តន្ទាទោស​ជន​ត្រូវ​ចោទ​ដែល​ប៉ូលិស​បញ្ជូន​មក។ ជា​ញឹក​ញាប់​ខ្ញុំ​សង្កេត​ឃើញ​ថា ចម្លើយ​របស់​ជន​ត្រូវ​ចោទ​នៅ​ប៉ូលិស​មាន​ភាព​ខុស​គ្នា​រវាង​ចម្លើយ​គាត់​នៅ​ព្រះ​រាជអាជ្ញា​ឬ​ចៅក្រម​ស៊ើបសួរ ហើយ​ចៅក្រម​ជំនុំ​ជម្រះ​ពុំ​មាន​ភ័ស្តុតាង​ដាក់​បន្ទុក​គ្រប់​គ្រាន់ ក៏​តុលាការ​នៅ​តែ​មាន​ទំនោរ​យក​របាយ​កាណ៍​របស់​ប៉ូលិស​ដដែល។

ដើម្បី​កុំ​ឲ្យ​ភាន់​ច្រឡំ​ក្នុង​ការ​ចាប់​ខ្លួន​ឬ​ឃុំ​ខ្លួន​ជន​ណា​ម្នាក់​ខុស តើ​លោក​យល់​ថា​នគរបាល​និង​តុលាការ​គួរ​ធ្វើ​អ្វី​ខ្លះ?

វា​មាន ២ ករណី ទី១ តុលាការ​បញ្ជា​ភាន់​ច្រឡំ ដូច្នេះ​បើ​តុលាការ​បញ្ជា​ច្រឡំ​គឺ​ប៉ូលិស​ដែល​ចាប់​នោះ​មិន​ខុស​ទេ តែ​ចៅក្រម​ដែល​បញ្ជា​ច្រឡំ​នោះ​ត្រូវ​តែ​ទទួល​ទោស​ទទួល​ខុស​ត្រូវ។ ទី២ បើ​ប៉ូលិស​បញ្ជា​ឲ្យ​ចាប់​ជន​ណា​ម្នាក់​ភាន់​ច្រឡំ គឺជា​សមត្ថកិច្ច​របស់​រដ្ឋ​មន្រ្តី​ក្រសួង មហាផ្ទៃ ជា​អ្នក​ត្រួត​ពិនិត្យ​លើ​រឿង​នេះ​ថា ច្រឡំ​ដោយ​អចេតនា​ឬ​ចេតនា រួច​ត្រូវ​ពិន័យ​ឲ្យ​ទៅ​រៀនសូត្រ​បន្ថែម​និង​ដក​តួនាទី​គាត់ បើ​ជា​អចេតនា។ តែ​បើ​ជា​ចេតនា​គឺ​ត្រូវ​តែ​ផ្តន្ទាទោស​គាត់​ទើប​យុត្តិធម៌៕

អត្ថបទគួរចាប់អារម្មណ៍