គ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជានៅតែជាបញ្ហាចោទនៅឡើយដោយសារកត្តាជាច្រើន បើទោះជាច្បាប់ចរាចរណ៍ផ្លូវគោកត្រូវបានដាក់ឲ្យអនុវត្តហើយក្តី។ជុំវិញបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក គង់ សុវណ្ណ ជាទីប្រឹក្សាជំនាញ និងជាអនុប្រធានក្រុមកម្មវិធីសុវត្ថិភាពចរាចរណ៍សហគមន៍នៃគម្រោងអភិវឌ្ឍន៍ផ្លូវជនបទជំហានទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទទាក់ទងនឹងការវិវឌ្ឍក្រោយការអនុវត្តច្បាប់ដែលមានខ្លឹមសារដូចខាងក្រោម ៖
ទោះជាច្បាប់ត្រូវបានដាក់ឲ្យប្រើក្ដី ក៏បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅកើតឡើងដដែលៗ តើលោកគិតថា បណ្តាលមកពីកត្តាមនុស្សឬមកពីកត្តាអ្វីផ្សេងរួមផ្សំ?
មនុស្សតែងតែបង្កកំហុសឆ្គង និងងាយស្រួលទទួលរងនូវឥទ្ធិពលដែលងាយគ្រោះថ្នាក់ និងអវិជ្ជមានរហូតក្លាយទៅជាទម្លាប់។
ដូចនេះហើយដើម្បីផ្លាស់ប្តូរឥរិយាបថជំនឿ និងការប្រព្រឹត្តរបស់អ្នកបើកបរគ្រប់រូបឲ្យឆ្ពោះទៅគោរពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានជាចាំបាច់ រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន ក៏ដូចជាវិស័យព័ត៌មាន មានទូរទស្សន៍ កាសែត វិទ្យុ ទំព័របណ្តាញសង្គម ត្រូវពង្រីកបន្ថែមការចូលរួមចំណែកអប់រំផ្សព្វផ្សាយឲ្យបានជាប់លាប់ ហើយបន្តទ្រទ្រង់សកម្មភាពអាទិភាព។
ការបើកបរលើសល្បឿនកំណត់ការបើកបរប្រជែងក្នុងស្ថានភាពគ្រោះថ្នាក់ ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការល្មើសចំពោះភ្លើងបញ្ជាចរាចរណ៍ និងស្លាកសញ្ញាចរាចរណ៍បាននិងកំពុងនៅតែបន្តកា្លយជាមូលហេតុបង្កគ្រោះថ្នាក់ចម្បងជាចាំបាច់ ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តច្បាប់ និងមាត្រាពាក់ព័ន្ធនៃច្បាប់ចរាចរណ៍ក្នុងការដាក់ស្ថានទម្ងន់ និងពិន័យចំពោះម្ចាស់ក្រុមហ៊ុនដោយម៉ឺងម៉ាត់ និងទុកជាគំរូជំរុញឲ្យគ្រប់ក្រុមហ៊ុនដទៃត្រូវតែយកចិត្តទុកដាក់ក៏ដូចជា ចាត់អាទិភាពក្នុងការធានាសុវត្ថិភាពយានយន្តពង្រឹងសមត្ថភាព ក្រមសីលធម៌ និងលទ្ធភាពបើកបរចំពោះអ្នកបើកបររបស់ក្រុមហ៊ុនខ្លួននីមួយៗ។
តើលោកសង្កេតឃើញថា អ្នកដំណើរពេលនេះពាក់មួកសុវត្ថិភាពបានភាគច្រើនហើយឬនៅ?
ដំបូងឡើយការពាក់មួកសុវត្ថិភាពទាំងអ្នកបើកបរទាំងអ្នករួមដំណើរហាក់បីដូចជាមានការកើនឡើងខ្ពស់ តែបច្ចុប្បន្នមានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។ត្រង់ចំណុចនេះយើងអាចនិយាយបានថាប្រជាពលរដ្ឋគាត់ចូលរួមបានមួយឆាវហើយអាចថាការអនុវត្តច្បាប់ថមថយបន្តិចនៅក្នុងកម្រិតណាមួយ។
យើងឃើញថា ពេលថ្ងៃមានអ្នកដំណើរពាក់មួកសុវត្ថិភាពច្រើន ប៉ុន្តែនៅពេលយប់វិញគឺពាក់មួកសុត្ថិភាពតិចមែនទែន ពិសេសនៅក្នុងចំណោមក្រុមយុវវ័យសឹងតែមិនពាក់សោះតែម្តង។ មានន័យថា ការយល់ដឹងរបស់គាត់នៅមិនទាន់បានជ្រាបនៅឡើយទេទើបមិនទាន់បានផ្លាស់ប្តូរឥរិយាបថរបស់គាត់នៅឡើយទេក្នុងការជំរុញឲ្យពាក់មួកនេះ។
និយាយពីមន្រ្តីនគរបាលចរាចរណ៍វិញ លោកបានធ្វើការងារនេះសកម្ម ឬក៏បានដាស់តឿនក្រើនរំឭកឲ្យបានខ្លាំងក្លាដល់អ្នកដំណើរដែរទេ?
យើងឃើញថា ក្រោយពីមានច្បាប់អនុវត្តហើយ មានអនុក្រឹត្យ មានសេចក្តីប្រកាសឲ្យប្រើច្បាប់ចរាចរណ៍ជាច្រើនហើយមានផែនការអនុវត្តច្បាប់នៅតាម រាជធានីខេត្ត តែយើងអាចនិយាយបានថាការរឹតបន្តឹងលើច្បាប់ចរាចរណ៍ស្តីពីការពាក់មួកសុវត្ថិភាពនោះប្រហែលជាមានការថមថយចុះ បើទោះជាទៅលើកត្តាហានិភ័យអាចកើតឡើង ប៉ុន្តែការពង្រឹងលើការពាក់មួកហាក់ថយចុះ។
ប្រសិនបើនៅក្នុងដំណាក់កាលដំបូងប្រជាពលរដ្ឋនៅមិនទាន់បានយល់ជ្រួតជ្រាបផ្លាស់ប្តូរទម្លាប់ និងមិនបានរឹតបន្តឹងការអនុវត្តច្បាប់ឲ្យតឹងរឹុងទេនោះ ការពាក់មួកសុវត្ថិភាពនឹងអាចនៅដដែលឬកើនឡើងក្នុងកម្រិតណាមួយដែលនេះជាទូទៅទោះនៅបណ្តាប្រទេសផ្សេងៗក៏ដោយ។ បើនគរបាលអនុវត្តច្បាប់ឲ្យបានជាប់លាប់នៅពេលព្រឹក ពេលថ្ងៃ និងពេលយប់នោះគឺការពាក់មួកអាចនៅនឹងឬកើនឡើងក្នុងកម្រិតតិចតួចណាមួយ។ ខ្ញុំអាចនិយាយបានថាមន្រ្តីប្រហែលជាអនុវត្តលើកត្តាហានិភ័យមួយផ្សេងទៀតហើយធ្លាក់ដៃបន្តិចទៅលើការរឹតបន្តឹងរឿងពាក់មួក។
និយាយពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍វិញឥឡូវហាក់ដូចជាសាហាវរហូតមានមនុស្សស្លាប់ច្រើនផង តើលោកសង្កេតឃើញយ៉ាងម៉េចដែរពិសេសការបើកបរ?
ខ្ញុំយល់ឃើញថា បញ្ហានេះយើងបាននិយាយអប់រំជាច្រើនឆ្នាំមកហើយតាំងពីឆ្នាំ ២០១៥ ដែលស្ថាប័នពាក់ព័ន្ធចាប់ផ្តើមធ្វើផែនការសកម្មភាពរបស់ថ្នាក់ជាតិនិងឆ្នាំបន្តបន្ទាប់មកទៀត ក្នុងការ ចងក្រងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីរហូតមកដល់ពេលនេះឃើញថាល្បឿននៅតែជាមូលហេតុចម្បងដដែល។យើងបានដឹងហើយថាមូលហេតុនេះបានធ្វើឲ្យការបុកវាមានសភាពធ្ងន់ធ្ងរសាហាវហើយលក្ខណៈរបួសហ្នឹងគឺវាមានលក្ខណៈទ្រង់ទ្រាយធំ អ៊ីចឹងល្បឿនគឺជាមូលហេតុបង្កទី ១ ហើយបើយើងដឹងថា ល្បឿនជាមូលហេតុបង្កគ្រោះថ្នាក់គឺយើងត្រូវរកវិធានការវិធីសាស្រ្តទប់ស្កាត់រឿងល្បឿននេះ។
អ៊ីចឹងវិធីសាស្រ្តមានអីខ្លះគឺការដាក់គោលដៅត្រួតពិនិត្យចល័ត និងអចល័តឲ្យបានជាប់លាប់ជាពិសេសនៅតាមបណ្តាផ្លូវជាតិធំៗ។ នៅក្នុងបណ្តាប្រទេសមួយចំនួនមានរហូតទៅដល់ក្រុមគោលដៅចល័តដើរមើលក្នុងតំបន់គោលដៅធ្វើឲ្យជនដែលមានទម្លាប់បើកបរលឿនហ្នឹងគាត់អាចឲ្យជាសញ្ញាដល់គ្នាហើយបើយើងដាក់គោលដៅត្រួតពិនិត្យតែមួយកន្លែងនោះនៅកន្លែងផ្សេងគាត់បើកលឿនវិញហើយ។
ច្បាប់ចរាចរណ៍ផ្លូវគោករបស់យើងមានហើយពីការផាកពិន័យនៅពេលបើកបរហួសល្បឿនកំណត់ហ្នឹង ហើយអ្នកបង្កគ្រោះថ្នាក់ត្រូវប្រឈមនឹងការផាកពិន័យបែបណាខ្លះដែលធ្វើឲ្យបាត់បង់ជីវិតអ្នកដទៃទៀតហើយត្រូវបន្ថែមទោសទណ្ឌលើក្រមព្រហ្មទណ្ឌបែបណា។ អ៊ីចឹងគួរតែយកចំណុចទាំងអស់ហ្នឹង យកមកអនុវត្ត ហើយរឹតបន្តឹងឲ្យបានខ្លាំងជាប់លាប់ និងអប់រំឲ្យបានទូលំទូលាយថែមទៀត។
បើនិយាយពីការអប់រំនោះយើងឃើញក្រសួងឬស្ថាប័នមានសមត្ថកិច្ចក៏ដូចជាសង្គមស៊ីវិល និងវិស័យឯកជនបានចូលរួមច្រើន តែប្រសិនបើខ្វះការអនុវត្តច្បាប់ ពិសេសកត្តាហានិភ័យលើការបើកបរហួសល្បឿនកំណត់នេះ គឺប្រហែលបានត្រឹមតែអប់រំ មិនដឹងថា អ្នកបើកបរគាត់គោរពតាមឬមិនគោរព។ អ៊ីចឹងហើយការបុកប៉ះគឺមានលក្ខណៈទ្រង់ទ្រាយធំ។
ហេតុអីបានជាមានទម្លាប់បើកបុកហើយរត់ៗ តើលោកធ្វើការសង្កេតឃើញបែបណាដែរជុំវិញបញ្ហានេះ?
មិនថា ទាំងក្រុមហ៊ុនឯកជន មិនថា អ្នកបើកបររថយន្តជាលក្ខណៈគ្រួសារផ្ទាល់ខ្លួន បញ្ហានៃការបើកបុកហើយរត់នោះវាជាផ្នែកមួយជំរុញធ្វើឲ្យមនុស្សនោះគិតថា ប្រសិនជាបុកប៉ះអីទៅវាមិនអីទេគឺអញរត់រួច អ៊ីចឹងមិនសូវជាយកចិត្តទុកដាក់គោរព និងផ្តល់តម្លៃឲ្យទៅអ្នកដទៃទៀតប៉ុន្មានទេគឺឲ្យតែខ្លួនប្រញាប់។ សំណួរសួរថា អ្នកបើកបរឲ្យក្រុមហ៊ុនឯកជនដោយបង្ខំបើកឲ្យលឿនដើម្បីយកទំនិញទៅឲ្យក្រុមហ៊ុនដើម្បីបើកឲ្យបានច្រើនជើងដើម្បីបានកម្រៃជើងសាបានច្រើន។
នៅប្រទេសគេ បើសម្រាប់ក្រុមហ៊ុនវិញអ្នកបើកបរត្រូវមានអត្តសញ្ញាណច្បាស់លាស់ហើយអត្តសញ្ញាណនោះ មិនមែនមានតែនៅក្រុមហ៊ុនទេគឺមានទាំងនៅក្នុងក្រសួងស្ថាប័នរដ្ឋ។ អ៊ីចឹងចង់បុករត់ទៅដល់ណាក៏គេចមិនរួចដែរហើយបើសិនក្រុមហ៊ុននោះបុកមនុស្សបង្កជាគ្រោះថ្នាក់ស្លាប់ ឬ របួសឬត្រឹមតែខូចខាតត្រឹមទ្រព្យសម្បត្តិក៏ដោយ បើគាត់មិនបានបង្ហាញអត្តសញ្ញាណរបស់អ្នកបើកបរដល់អាជ្ញាធរមានសមត្ថកិច្ចទេនោះគឺម្ចាស់ក្រុមហ៊ុននោះនឹងទទួលការផាកពិន័យធ្ងន់ធ្ងរ។ ឧទាហរណ៍ថា បើម្ចាស់ក្រុមហ៊ុនបង្ហាញអត្តសញ្ញាណអ្នកបើកបរគឺផាក ៥០០ ដុល្លារ តែបើគាត់អត់បង្ហាញទេគឺគេផាកពិន័យទ្វេដង៕