ការរស់នៅប្រចាំថ្ងៃ ប្រសិនបើមានមនុស្សស្លាប់ដោយសារមានអ្នកកាប់ដើមឈើរលំសង្កត់លើ ខណៈជនរងគ្រោះកំពុងធ្វើដំណើរ ឬដើមឈើរលំសង្កត់មនុស្សស្លាប់នៅពេលជនរងគ្រោះចូលក្នុងបរិវេណដីឡូត៍គេ។ ក្នុងករណីនេះ តើអ្នកកាប់ផ្តួលរំលំដើមឈើនោះនឹងត្រូវមានទោសឬយ៉ាងណា?
ជុំវិញបញ្ហានេះភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោក មេធាវី ផុន ធារិន បម្រើការនៅក្រុមហ៊ុនមេធាវី អិល ប៊ីអិល មានការិយាល័យផ្ទះលេខ ១០ ផ្លូវ ១០៥ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ១ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម ៖
ថ្មីៗនេះមានហេតុការណ៍គ្រោះថ្នាក់កាប់ដើមត្នោត ហើយរលំសង្កត់មនុស្សស្លាប់នៅខេត្តកំពង់ឆ្នាំង។ សួរថាតើករណីនេះអ្នកកាប់ដើមត្នោតនោះមានទោសដែរទេ? ហើយបើគាត់មានទោសវិញ ជាទង្វើចេតនា ឬអចេតនា ?
ក្នុងករណីនេះអ្នកកាប់ដើមត្នោតឲ្យរលំត្រូវផ្តន្ទាទោសចំពោះទង្វើអចេតនារបស់ខ្លួនដែលទង្វើនេះបានកើតចេញពីការធ្វេសប្រហែស ការមិនយកចិត្តទុកដាក់ ឬការខ្ជីខ្ជារបស់ខ្លួនដោយបណ្តាលឲ្យអ្នកដទៃដែលកំពុងប្រាស្រ័យធ្វើដំណើរតាមដងផ្លូវនោះស្លាប់។
យោងតាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាចែងថា បទមនុស្សឃាតដោយអចេតនាគឺជាអំពើបណ្តាលឲ្យស្លាប់អ្នកដទៃដោយការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា ។ បទមនុស្សឃាតដោយអចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ)ឆ្នាំ ទៅ ៣ (បី)ឆ្នាំ និង ពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) ទៅ ៦ ០០០ ០០០ (ប្រាំមួយលាន)រៀល។ លើសពីនេះទៅទៀតអ្នកកាប់ដើមត្នោតនោះនឹងទទួលសងសំណងរដ្ឋប្បវេណីដល់ជនរងគ្រោះបន្ថែមទៀត។
ក្នុងករណីនេះដែរបើជនណាម្នាក់កាប់ដើមឈើនៅក្នុងបរិវេណដីរបស់គាត់ ហើយមានមនុស្សម្នាក់ទៀតចូលក្នុងរបងដីគាត់ឈរមើល តែចៃដន្យដើមឈើនោះរលំសង្កត់សួរថាអ្នកកាប់ដើមឈើនោះទទួលខុសត្រូវលើការស្លាប់របស់អ្នកចូលក្នុងរបងដីគាត់ដែរទេ បើម្ចាស់ផ្ទះមិនបានហៅជននោះចូលក្នុងរបងផ្ទះគាត់ផងនោះ ?
ទោះក្នុងករណីនេះក៏ដោយ ប្រសិនបើអ្នកកាប់ដើមឈើមានការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬខ្ជីខ្ជាដោយមិនបានដាក់ស្លាកសញ្ញា ឬការហាមឃាត់នៅបរិវេណដើមឈើដែលកំពុងកាប់នោះ អ្នកកាប់ដើមឈើនឹងប្រឈមមុខនឹងការទទួលទោសដែលបានរៀបរាប់ដូចនៅក្នុងសំណួរខាងលើដែរ។
ផ្ទុយមកវិញប្រសិនបើតុលាការរកភ័ស្តុតាងឃើញថាអ្នកកាប់ដើមឈើនោះបានប្រើមធ្យោបាយអស់ពីលទ្ធភាពដើម្បីបញ្ចៀសពីគ្រោះថ្នាក់ដោយបានដាក់សញ្ញាហាមឃាត់ ឬខ្សែហ៊ុមព័ទ្ធជុំវិញមិនឲ្យមនុស្សចូលបរិវេណកាប់ដើមឈើនោះ តែជនម្នាក់បានចូលទៅទីតាំងនោះដោយអ្នកកាប់ដើមឈើមិនបានដឹងថា ជននោះចូលក្នុងបរិវេណហាមឃាត់ដោយរបៀបណា ឬតាំងនោះពីពេលណា ដូច្នេះអ្នកកាប់ដើមឈើមិនទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌឡើយ ។
ករណីកាប់ដើមឈើរលំកាត់ផ្លូវសាធារណៈហើយពេលនោះមានមនុស្សធ្វើដំណើរកាត់ហើយត្រូវដើមឈើបាក់សង្កត់ស្លាប់សួរថា គាត់ទទួលខុសត្រូវកម្រិតណាដែរ?
ជាទូទៅប្រជាពលរដ្ឋគ្រប់ទីកន្លែងទោះនៅជនបទ ឬទីប្រជុំជន ឬទីក្រុង ពួកគាត់ស្រឡាញ់ការដាំដើមឈើ ពិសេសនៅមុខផ្ទះ ឬនៅក្នុងបរិវេណដីឡូត៍របស់ខ្លួនទាំងប្រភេទដើមឈើតូច-ធំ។ល។ ចំពោះដើមឈើដែលអាជ្ញាធរ ខេត្ត-ក្រុង ឬ ប្រជាពលរដ្ឋដាំនៅលើដងផ្លូវសាធារណៈរបស់រដ្ឋត្រូវបានគ្រប់គ្រងដោយអាជ្ញាធរ ខេត្ត-ក្រុង ។
រីឯដើមឈើដែលដាំក្នុងបរិវេណដីឡូត៍របស់ខ្លួនប្រជាពលរដ្ឋជាអ្នកគ្រប់គ្រងដោយទាញយកប្រយោជន៍ដោយអនុលោមច្បាប់រដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើដើមឈើស្ថិតក្នុងដីឡូត៍របស់អ្នកកាប់ដើមឈើហើយដើមឈើកាប់នោះបានដួលរលំកាត់ផ្លូវសាធារណៈ និងបណ្តាលឲ្យអ្នកដទៃស្លាប់ ករណីនេះអង្គហេតុបានកើតចេញដោយសារការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជាដោយមិនបានដាក់សញ្ញា ឬ ការហាមឃាត់នៅបរិវេណ ឬការហាមឃាត់នៅបរិវេណដើមឈើដែលកំពុងកាប់នោះ។
បើយោងតាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌនឹងត្រូវយកមកអនុវត្តដូចសំណួរខាងលើដែរ ។ ផ្ទុយទៅវិញដើមឈើនៅតាមដងផ្លូវសាធារណៈដែលមិនស្ថិតនៅក្នុងដីឡូត៍របស់អ្នកកាប់ដើមឈើ ទោះបីដើមឈើនោះអ្នកកាប់ដើមឈើជាអ្នកដាំក៏ដោយ ក៏គាត់មិនមានសិទ្ធិកាប់ដែរ។ ក្នុងករណីអ្នកកាប់ដើមឈើបានកាប់ដោយមិនមានការអនុញ្ញតពីអាជ្ញាធរមូលដ្ឋានមានសមត្ថកិច្ចនោះអ្នកកាប់ដើមឈើនឹងទទួលការពិន័យផ្សេងៗពីអាជ្ញាធរបន្ថែមទៀត។
ករណីដើមឈើនៅតាមសួនច្បារសាធារណៈដែលគ្រប់គ្រងដោយអាជ្ញាធរខេត្ត-ក្រុង ហើយចៃដន្យដួលរលំសង្កត់មនុស្សស្លាប់ ឬរលំសង្កត់រថយន្ត តើត្រូវដោះស្រាយតាមច្បាប់បែបណា ?
ជាធម្មតាដើមឈើនៅតាមសួនច្បារសាធារណៈគឺស្ថិតនៅក្នុងសមត្ថកិច្ចគ្រប់គ្រងដោយអាជ្ញាធរ ខេត្ត-ក្រុង ដែលតម្រូវឲ្យមន្ត្រីទទួលបន្ទុកជាអ្នកថែរក្សា និងត្រួតពិនិត្យឲ្យបានហ្មត់ចត់ដើម្បីថែរក្សាសោភណភាព និងបញ្ចៀសគ្រោះថ្នាក់ផ្សេងៗដែលប៉ះពាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិដោយប្រការណាមួយ។
ក្នុងករណីអ្នកកាប់ដើមឈើខាងលើជាមន្ត្រីថែរក្សាដើមឈើនៅតាមសួនច្បារសាធារណៈ ឬតាមដងផ្លូវសាធារណៈ ហើយមានការធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជាដោយមិនបានដាក់សញ្ញា ឬការហាមឃាត់នៅបរិវេណដើមឈើដែលកំពុងកាប់នោះ។ អ្នកកាប់ដើមឈើ ឬ អ្នកពាក់ព័ន្ធផ្សេងៗទៀតនៅក្នុងស្ថាប័ននឹងអាចទទួលខុសត្រូវព្រហ្មទណ្ឌ ។ ចំពោះសំណងរដ្ឋប្បវេណី ជនរងគ្រោះអាចប្តឹងទាមទារឲ្យស្ថាប័នទទួលបន្ទុកជាអ្នកសងសំណង៕