ជា​ទូទៅ​ប្រសិន​បើ​មាន​វិវាទ​កើត​ឡើង​ភាគី​ជម្លោះ​តែងតែ​ពឹង​មេធាវី​ដែល​ជា​អ្នក​យល់​ដឹង​ពី​នីតិវិធី​ច្បាប់​ឱ្យ​ការពារ​រឿង​ក្ដី​របស់​ខ្លួន​។ ​ក៏​ប៉ុន្តែ​នៅ​ក្នុង​ដំណើរការ​ការពារ​ក្ដី​ទាំង​នោះ​ តើ​មាន​ន័យ​ថា​មេធាវី​ទាំង​នោះ គឺ​ជា​គូ​ទំនាស់ ឬ​មួយ​យ៉ាង​ណា​? ​ជុំវិញ​បញ្ហា​នេះ ​ភ្នំពេញ ​ប៉ុស្ដិ៍ បាន​សម្ភាស​ជាមួយ​​​លោក មេធាវី​ ឡោ គីមហ្គិច ជា​ក្រុម​មេធាវី​អាស៊ាន​អន្តរជាតិ​ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​ ១៦ R ផ្លូវ​ ២៥២ សង្កាត់​ចតុមុខ​ ដែល​មាន​ខ្លឹមសារ​ដូច​ខាង​ក្រោម​៖

ឧបមា​ថា​ លោក (ក) ​​បាន​ពឹង​មេធាវី​តាម​ច្បាប់​ក្នុង​ជម្លោះ​ដីធ្លី ​១ ដើម្បី​ជួយ​ការពារ​ក្ដី​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​​ទៅ​ភាគី​​ម្ខាង​ទៀត​ ដោយ​មាន​អាជ្ញាធរ​មូលដ្ឋាន​ដឹង​ឮ​ផង​។ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​បាន​ចោទ​ថា ​មេធាវី​រូប​នោះ​ជា​អ្នក​ចូលរួម​ក្នុង​ជម្លោះ​ដីធ្លី​ជាមួយ​លោក ​(ក) ​ដែរ​។ ក្នុង​ករណី​នេះ​ប្រសិន​បើ​មេធាវី​គ្រាន់​តែ​ការពារ​ផល​ប្រយោជន៍​ឱ្យ​លោក ​(ក) ​តើ​ខុស​ឬ​?​ ​

នៅ​ក្នុង​រឿង​វិវាទ​ដីធ្លី​រវាង​បុគ្គល​ និង​បុគ្គល​ជា​រឿង​រដ្ឋប្បវេណី ​រី​ឯ​មេធាវី​​ជា​តំណាង​​ឱ្យ​បុគ្គល​ណា​មួយ​ជា​ភាគី​នៃ​វិវាទ​នោះ។ មេធាវី​គឺ​ជា​អ្នក​តំណាង​ស្រប​ច្បាប់​​ មិន​មែន​​គូវិវាទ​ដូច​​បុគ្គល​ដែល​ជា​ម្ចាស់​ដី​ទេ​។ ​មេធាវី​តំណាង​ដោយ​អាណត្តិ​ ដែល​​ភាគី​បាន​ប្រគល់​​សិទិ្ធ​ឱ្យ​នោះ​ មាន​សិទ្ធិ​ចូលរួម​ដោះ​ស្រាយ ​ឬ​ដាក់​បណ្តឹង​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ជំនួស​កូនក្តី​របស់​ខ្លួន​ ដូចជា​ទៅ​អាជ្ញាធរ​ភូមិ​ ឃុំ អាជ្ញាធរ​​វិវាទ​ដីធ្លី​ និង​តុលាការ​​ ធ្វើ​យ៉ាង​ណា​ ដើម្បី​ការពារ​​ប្រយោជន៍​កូន​ក្តី​ខ្លួន​ស្រប​តាម​ច្បាប់​។

ចំពោះ​ថា ​មេធាវី​ចូលរួម​សម​គំនិត​ លុះត្រា​​តែ​នៅ​ពេល​ដែល​ភាគី​​ទាំង ២ ​កំពុង​ជជែក​គ្នា​ អាច​ឈាន​ដល់​ការ​ឈ្លោះ​គ្នា​ដណ្តើម​យក​ត្រូវ​រៀងៗ​ខ្លួន​ និង​ឈាន​ដល់​មាន​ការ​ជេរ​​ប្រមាថ​ ឬ​មាន​អំពើ​ហិង្សា​វាយ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​មេធាវី​ចូល​ទៅ​ជួយ​ជេរ​ប្រមាថ​ ឬ​ប្រើ​ហិង្សា​លើ​ភាគី​ម្ខាង​ទៀត​នោះ​ គឺ​មេធាវី​រូប​នោះ​ ក្លាយ​ជា​ជន​ល្មើស​ ឬ​ជន​សម​គំនិត​ក្នុង​អំពើ​ណាមួយ​។ តែ​​បើ​ភាគី​កំពុង​មាន​វិវាទ​ ហើយ​ភាគី​ម្ខាង​ទៀត​ បែរ​ជា​មក​ចោទ​ប្រកាន់​ថា ​មេធាវី​ជា​អ្នក​សម​គំនិត​ទាំង​មេធាវី​មិន​បាន​ធ្វើ​សកម្មភាព​អ្វី​សោះ គឺ​មិន​ត្រឹមត្រូវ​ទេ។ មិន​តែ​ប៉ុណ្ណោះ​បាន​យក​ទៅ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ជា​សាធារណៈ​​ដោយ​មិន​បាន​ដឹង​ច្បាស់​ថា ​មេធាវី​​ជា​អ្នក​តំណាង​ឱ្យ​ភាគី​ម្ខាង​ទៀត​ ហើយ​បែរ​ជា​និយាយ​ថា ​មេធាវី​ជា​អ្នក​សមគំ​និត ​ឬ​ជា​ម្ចាស់​ដី​បង្ក​ទំនាស់​ដែល​ចោទ​​ខុស​ពី​ការ​ពិត​។ ដូច​នេះ​ ​មេធាវី​អាច​ប្តឹង​ពី​បទបរិហារកេរ្តិ៍​ជា​សាធារណៈ​ទៅ​ក្រសួង​ព័ត៌មាន​ពី​អង្គភាព​សារព័ត៌មាន​នោះ​ ឬ​ទៅ​តុលាការ​ ដោយ​ផ្អែក​តាម​មាត្រា១០​ នៃ​ច្បាប់​របប​សារព័ត៌មាន​​ និង​មាត្រា ​៣០៥-៣០៦​ក្រម​ព្រហ្មទណ្ឌ​។​

ចំពោះ​មាត្រា​ ​១០​ នៃ​ច្បាប់​របប​សារព័ត៌មាន​ចែង​ថា​ ជន​ណា​ម្នាក់​​ដែល​យល់​ថា​ អត្ថ​បទ​ណា​មួយ​ ទោះ​ជា​សរសេរ​បញ្ឆិត​បញ្ឆៀង​ក៏​ដោយ​ រូប​គំនូរ​ ឬ​រូប​ថត​ណាមួយ​ នៃ​សារព័ត៌មាន​ណា​មួយ​ដែល​មាន​លក្ខណៈ​​ខុស​ពី​ការ​ពិត​ធ្វើ​ឱ្យ​ខូចខាត​ដល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​​របស់​ខ្លួន​ មាន​សិទ្ធិ​ទាមទារ​ឱ្យ​សារព័ត៌មាន​នោះ​ធ្វើ​ការ​កែ​តម្រូវ​ ឬ​មាន​សិទ្ធិ​ឆ្លើយ​តប​ និង​ធ្វើ​បណ្តឹង​ពី​បទបរិហារ​កេរ្តិ៍​ពី​បទ​មួល​បង្កាច់​ ឬ​ពី​បទ​​ជេរ​ប្រមាថ​ ចំពោះ​ការ​ប៉ះពាល់​កិត្តិយស​ និង​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្លួន​។​

ចម្លើយ​កែ​តម្រូវ​​ ឬ​ឆ្លើយ​តប​ ត្រូវ​ចុះ​ផ្សាយ​ក្នុង​រយៈពេល​ប្រាំ​ពីរ​ថ្ងៃ ​(៧ ថ្ងៃ) ​យ៉ាងយូរ​ ឬ​នៅ​លេខ​បន្ទាប់​ ក្រោយ​ពី​បាន​​ទទួល​ការ​ទាមទារ​ឱ្យ​កែ​តម្រូវ​ ឬ​ឆ្លើយ​តប​។ ​ចំពោះ​មាត្រា​ ​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​វិញ​ចែង​ថា​ គ្រប់​ការ​អះអាង​បំផ្លើស ឬ​ការ​ទម្លាក់​កំហុស​ដោយ​អសុទ្ធ​ចិត្ត​លើ​អំពើ​ណា​មួយ​​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ ឬ​កិត្តិស័ព្ទ​នៃ​បុគ្គល ​ឬ​នៃ​ស្ថាប័ន គឺ​ជា​ការ​បរិហារកេរ្តិ៍​។ ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី ​១ ​សែន​រៀល​ទៅ ១០ លាន​រៀល​។ បទបរិហារកេរ្តិ៍​ដែល​ប្រព្រឹត្ត​តាម​មធ្យោបាយ​​ណា​មួយ​ដូច​តទៅ៖ ​តាម​សម្តី​ទោះ​ជា​ប្រភេទ​​ណា​ក៏​ដោយ​ ដែល​បញ្ចេញ​នៅ​ទីសាធារណៈ ​ឬ​​នៅ​ក្នុង​ចំណោម​សាធារណជន ​​ឬ​ដាក់​តាំង​ឱ្យ​សាធារណជន​​មើល​។​

ចំពោះ​មាត្រា ​៣០៦ ​នៃ​ក្រម​ព្រហ្មទ​ណ្ឌ​ចែង​ថា ​ការ​បរិហារ​កេរ្តិ៍​ដែល​ប្រព្រឹត្ត​តាម​សារព័ត៌មាន​ត្រូវ​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន​។​

តើ​សំណុំ​រឿង​នេះ​ជា​រឿង​រដ្ឋប្បវេណី​ ឬ​ជា​រឿង​ព្រហ្មទណ្ឌ​? រឿង​រដ្ឋប្បវេណី​សំដៅ​លើ​អ្វី? រឿង​​ព្រហ្មទណ្ឌ​សំដៅ​លើ​អ្វី​? 

ដូច​ខ្ញុំ​បាន​លើក​ជូន​ខាង​ដើម​ហើយ​ថា​ វិវាទ​ដីធ្លី​ រវាង​បុគ្គល និង​បុគ្គល​ជា​រឿង​រដ្ឋប្បវេណី​។ រឿង​រដ្ឋប្បវេណី​ ​គឺ​និយាយ​ពី​សំណង​ រី​ឯ​រឿង​ព្រហ្មទណ្ឌ​និយាយ​លើ​ជន​ណា​ដែល​តុលាការ​បាន​ចោទ​ប្រកាន់​ពី​អំពើ​ល្មើស​ដែល​មាន​ចែង​ក្នុង​ក្រម​ព្រហ្មទណ្ឌ​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ និង​ច្បាប់​ពិសេស​ផ្សេងៗ​ទៀត​ ​(ច្បាប់​​ពិសេស​​ដូច​ជា​ច្បាប់​គ្រឿង​ញៀន​, ច្បាប់​សញ្ចារ​កម្ម​, ច្បាប់​ឯកពន្ធភាព​ជា​ដើម​) ហើយ​ច្បាប់​ដែល​ប្រទេស​កម្ពុជា ​យើង​ចុះ​អនុសញ្ញា​ជាមួយ​ប្រទេស​ផ្សេងៗ​ទៀត​ក៏​ជា​ទោស​ព្រហ្មទណ្ឌ​ដែរ។ ទោស​ព្រហ្មទណ្ឌ​មាន​ដូច​ជា​បទ​លហុ បទមជ្ឈិម​ ហើយ​បទ​បរិហារកេរ្តិ៍​គឺ​អត់​មាន​ទោស​ជាប់​ពន្ធនាគារ​ទេ​៕