កន្លងមក​ការធ្វើ​សំបុត្រកំណើត​ ឬ​លិខិត​អត្រានុកូលដ្ឋាន​ផ្សេងៗ​គឺ​តែង​មាន​ករណី​ខុស​ឈ្មោះ ឬ​អក្ខរាវិរុទ្ធ​នៅពេល​ចេញ​ជា​ផ្លូវការ​។ ដើម្បី​ដោះស្រាយ​បញ្ហា​​នេះ តើ​ពលរដ្ឋ​អាច​ទាមទារ​ធ្វើ​ថ្មី​បាន​ឬទេ​? ជុំវិញ​បញ្ហា​នេះ​​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សម្ភាស​ជាមួយ​​លោក​មេធាវី ផុន ធារិន បម្រើការ​នៅ​ការិយាល័យ​មេធាវី ផុន ធារិន ក្នុង​បុរី​ឌឺ​មេគង្គ​រ៉ូយ៉ាល់ ផ្ទះ​លេខ​ ៧១ ​ផ្លូវ M08 ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ឧបមាថា លោក​ (​ក​) ​បាន​ធ្វើ​សំបុត្រកំណើត តែ​នៅពេល​ធ្វើ​នោះ​ត្រូវបាន​មន្ត្រី​អត្រា​នុកូលដ្ឋាន​សរសេរ​ឈ្មោះ​គាត់​ខុស ឬ​ខ្វះ​ព្យញ្ជនៈ​ណាមួយ​នៃ​ឈ្មោះ​របស់គាត់​។ តើ​លោក​ (​ក​) ​អាច​ទាមទារ​ធ្វើ​ឡើងវិញ​បានទេ​?​

មុន​ឈានដល់​សំណួរ​ខាងលើ​នេះ សូម​ស្វែងយល់​ពាក្យ​ថា “​សំបុត្រ​អត្រានុកូលដ្ឋាន​”​ បន្តិច​​សិន​។ សំបុត្រ​អត្រានុកូលដ្ឋាន គឺជា​សំបុត្រ​សម្រាប់​កត់ត្រា​ភាព​ជា​ស៊ីវិល​នៃ​ប្រជាពលរដ្ឋ​ខ្មែរ និង​ជនបរទេស​ដែល​រស់នៅ​ស្របច្បាប់​ក្នុង​ដែន​សមត្ថកិច្ច​កំណត់​នៃ​ច្បាប់​ព្រះរាជាណាចក្រ​កម្ពុជា​។ សំបុត្រ​អត្រានុកូលដ្ឋាន​រួមមាន​៖ សំបុត្រ​កំណើត សំបុត្រ​អាពាហ៍ពិពាហ៍ និង​សំបុត្រមរណភាព​។

តាម​ច្បាប់​លោក​ (​ក​) ​ឬ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្នើសុំ​ធ្វើការ​កែតម្រូវ ឈ្មោះ ឬ​អក្ខរាវិរុទ្ធ​លើ​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត​ក្នុង​ឆ្នាំ​មិនទាន់​ដាច់​នៅ​សាលាសង្កាត់​/​ឃុំ​បាន ទោះ​ជា​កំហុស​បច្ចេកទេស​នោះ​កើតចេញ​​ពី​មន្ត្រី​អត្រានុកូលដ្ឋាន ឬ​ប្រជាពលរដ្ឋ​ក៏ដោយ​។

មានន័យថា ការស្នើសុំ​កែតម្រូវ​សំបុត្រកំណើត​​ ឬ​សំបុត្រ​បញ្ជាក់​កំណើត​បាន​​តែ​អំឡុង​ ១២ ​ខែ​ប៉ុណ្ណោះ គិត​ចាប់ពី​ថ្ងៃ​ចុះ​សំបុត្រ​អត្រានុកូលដ្ឋាន​នោះ គឺ​ចន្លោះ​ថ្ងៃទី​ ១ ខែ​​មករា ដល់​ថ្ងៃទី​ ៣១ ខែធ្នូ នៃ​ឆ្នាំ​នីមួយៗ ដោយ​មន្ត្រី​អត្រានុកូលដ្ឋាន​សាលាសង្កាត់ /​ឃុំ​។ ក្នុង​ករណី​មាន​កំហុស​មិនអាច​កែ​បាន​រួមមាន​៖ សរសេរ​ខុស​ច្រើនពេក​ ឬ​សរសេរ​ឬ​បំពេញ​ខុស​​ខ្ទង់​ក្នុង​ករណី​នេះ មន្ត្រី​អត្រានុកូលដ្ឋាន​ត្រូវបំពេញ​បែបបទ​មោឃភាព​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត​នោះ​ហើយ​ត្រូវ​ចេញ​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត​ថ្មី​មួយទៀត​ជំនួស​ជូន​ប្រជាពលរដ្ឋ​តាម​នីតិវិធី​។

ដោយឡែក​សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត​ត្រូវ​បាន​ឆ្លង​ឆ្នាំ និង​បញ្ជូន​ទិន្នន័យ​ផុតពី​សាលាសង្កាត់​/​ឃុំ ការស្នើ​​សុំ​កែតម្រូវ​ឈ្មោះ ឬ​អក្ខរាវិរុទ្ធ​តម្រូវ​ឱ្យ​ដាក់ពាក្យ​ស្នើសុំ​ទៅ​តុលាការ​នៃ​ទីតាំង​បញ្ជី​អត្រានុកូលដ្ឋាន​របស់​សាមីខ្លួន ដើម្បីឱ្យ​​តុលាការ​ចេញ​សាលក្រម​កែតម្រូវ​ឈ្មោះ ឬ​អក្ខរាវិទ្ធ​នោះ​។ ក្រោយពី​ទទួល​បាន​សាលក្រម​រួច យើង​អាច​ស្នើសុំ​កែតម្រូវ​ទិន្នន័យ​អត្តសញ្ញាណ​នៅ​នាយកដ្ឋាន​អត្រានុកូលដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​នៃ​ក្រសួងមហាផ្ទៃ​ ឬ​សាលាក្រុង​ស្រុក​ខណ្ឌ​នៃ​ទីតាំង​ដែល​បញ្ជី​អត្រានុកូលដ្ឋាន​របស់​សាមី​ខ្លួន​កំពុង​រក្សាទុក​។

ករណី​បែប​នេះ ហេតុអ្វី​បាន​ជា​មន្ត្រី​អត្រានុកូលដ្ឋាន​មិន​ទទួល​ខុសត្រូវ ព្រោះថា​គឺ​សមត្ថកិច្ច​ផ្នែក​គាត់​ទេ​ដែលជា​អ្នក​បំពេញ​ឈ្មោះ​ខុស​?

ក្នុងករណី​ជា​កំហុស​បច្ចេកទេស​របស់​មន្ត្រី​អត្រានុកូលដ្ឋាន​ក្នុង​ការសរសេរ​ឈ្មោះ ឬ​អក្ខរាវិរុទ្ធ​ខុស​ប្រជាពលរដ្ឋ​ត្រូវ​មាន​ករណីយកិច្ច​ និង​កាតព្វកិច្ច​ត្រួតពិនិត្យ​មុន​យក​ទៅ​ប្រើប្រាស់​ជា​ផ្លូវការ ប៉ុន្តែ​ប្រជាពលរដ្ឋ​ខ្លួនឯង​បានដឹង​អំពី​កំហុស​នោះ ឬ​បណ្តែតបណ្តោយ​មិន​ព្រម​យកទៅ​កែ​កំហុស​នោះ​ឱ្យទាន់​ពេលវេលា​នៅ​សាលាសង្កាត់​/​ឃុំ ​តាម​ច្បាប់​កំណត់ នោះ​មានន័យ​ថា ប្រជាពលរដ្ឋ​នោះ​មាន​កំហុស​ដោយ​កើតចេញពី​ខ្លួនឯង ដែល​មិនអាច​បន្ទោស​លើ​មន្ត្រី​អត្រានុកូលដ្ឋាន​ទាំងស្រុង​បានឡើយ​។ ម្យ៉ាងទៀត​ច្បាប់​ក៏បាន​ទុក​សិទ្ធិ​ឱ្យ​ប្រជាពលរដ្ឋ​កែតម្រូវ​តាម​នីតិវិធី​ច្បាប់​ផងដែរ​។

ចុះបើ​មាន​ករណី​បែប​នេះ តើ​លោក​ (​ក​) ​អាច​ប្តឹង​មន្ត្រី​ដែល​បំពេញ​ឈ្មោះ​គាត់​ខុស​នោះ​បាន​ទេ​?

បើ​និយាយ​មែនទែន​ទៅ​លោក​ (​ក​) ​ឬ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ប្តឹង​មន្ត្រី​អត្រានុកូលដ្ឋាន ក្នុង​ករណី​ដែល​មន្ត្រី​អត្រានុកូលដ្ឋាន​ណាមួយ​បង្ក​ឱ្យ​មាន​កំហុស​ច្រើនពេក​ដោយសារ​ការកើត​ចេញពី​ភាព​ខ្ជីខ្ជា ឬ​ការ​ធ្វេសប្រហែស​មន្ត្រី​អត្រានុកូលដ្ឋាន​នោះ គួរតែ​ទទួលរង​ការពិន័យ​រដ្ឋបាល​ ឬ​បញ្ចប់​តួនាទី​ពី​មន្ត្រី​អត្រានុកូលដ្ឋាន​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​។ ដោយឡែក​ក្នុង​ករណី​កំហុស​អក្ខរាវិរុទ្ធ​កើត​មាន​ម្តងម្កាល ហើយ​មិនមែន​ជា​ចេតនា​របស់​មន្ត្រី​អត្រានុកូលដ្ឋាន តែ​ជា​ចំណែក​ការទទួល​ខុសត្រូវ​របស់​សាមីខ្លួន​មិនបាន​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​គួរ​មិនត្រូវ​ដាក់បន្ទុក​កំហុស​លើ​មន្ត្រី​អត្រានុកូលដ្ឋាន​ទាំងស្រុង​ឡើយ គួរ​ដោះស្រាយ​កែតម្រូវ​តាម​នីតិវិធី​ច្បាប់​កំណត់​វិញ​៕