តើជនដែលសមត្ថកិច្ចចាប់ខ្លួនដំបូងចាំបាច់ត្រូវមានមេធាវីចូលការពារសិទ្ធិដែរទេ ហើយចុះបើនៅដំណាក់កាលព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរវិញចាំបាច់ត្រូវតែមានមេធាវីការពារឬមួយយ៉ាងណា? ជុំវិញបញ្ហានេះ ភ្នំពេញប៉ុស្តិ៍បានសម្ភាសជាមួយលោកមេធាវី ឡោ គីមហ្គិច នៃក្រុមមេធាវីអាស៊ាន-អន្តរជាតិ ដែលមានអាសយដ្ឋានផ្ទះលេខ ១៦R ផ្លូវ ២៥២ សង្កាត់ចតុមុខដែលមានខ្លឹមសារដូចខាងក្រោម ៖
ការឃាត់ខ្លួនជនណាម្នាក់ពីកម្លាំងសមត្ថកិច្ចទៅសួរចម្លើយតើច្បាប់តម្រូវឲ្យជនម្នាក់នោះមានមេធាវីដែរ ឬទេ?
ករណីសួរថា ពេលជនណាម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយសួរចម្លើយចាំបាច់មានមេធាវីឬគ្មានមេធាវីនោះ បើតាមច្បាប់មិនចាំបាច់តម្រូវឲ្យជននោះមានមេធាវីដើម្បីការពារសិទ្ធិនោះទេ។ ដោយសារថានីតិវិធីនៅនគរបាលយុត្តិធម៌មានរយៈពេលខ្លីពោលគឺតែ ៤៨ ម៉ោងទេ។ ដូច្នេះនៅពេលដែលនគរបាលយុត្តិធម៌ចាប់ជនណាម្នាក់ហើយគឺគាត់ត្រូវនាំជននោះទៅសាកសួរ ហើយដែលមិនអាចទុកយូរបាន។
ម៉្យាងទៀត បើជននោះប្រាប់ទៅនគរបាលយុត្តិធម៌ថា រឿងនោះគាត់មិនទាន់ឆ្លើយបានទេ ហើយស្នើសុំរកមេធាវី ដោយពឹងមន្រ្តីនគរបាលយុត្តិធម៌ជូនដំណឹងទៅក្រុមគ្រួសារជនដែលត្រូវឃាត់ខ្លួនដើម្បីឲ្យក្រុមគ្រួសារនោះរកមេធាវីកាពារសិទ្ធិឲ្យ។ ក៏ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាយើងលោកមិនសូវយល់ពីច្បាប់ហើយនៅពេលដែលសមត្ថកិច្ចចាប់ខ្លួនយកទៅសាកសួរគឺជនម្នាក់នោះចេះតែឆ្លើយៗទៅ ហើយសមត្ថកិច្ចត្រូវតែយកចម្លើយនោះជាផ្លូវការ។
ភាគច្រើនជនដែលត្រូវសមត្ថកិច្ចចាប់ខ្លួននោះក៏មិនបានសំណូមពរទៅមន្រ្តីនគរបាលយុត្តិធម៌ពីការរកមេធាវីនោះដែរ រីឯមន្រ្តីនគរបាលយុត្តិធម៌វិញក៏ច្បាប់មិនបានកំណត់ថា ពេលសាកសួរជននោះចាំបាច់ត្រូវតែមានមេធាវីដែរ។អ៊ីចឹងបើទោះបីរឿងនោះជារឿងឧក្រិដ្ឋក៏ដោយគឺការស៊ើបអង្កេតបឋមរបស់មន្រ្តីនគរបាលយុត្តិធម៌គឺការសួរយកចម្លើយអ៊ីចឹងហើយ ហើយក៏មិនខុសច្បាប់ដែរ។
ករណីនេះនៅពេលនគរបាលយុត្តិធម៌សួរបានចម្លើយពីជនណាម្នាក់ហើយផ្ញើកំណត់ហេតុនោះទៅតុលាការ បើទោះជាអត់មានវត្តមានមេធាវីការពារសិទ្ធិឲ្យជននោះនៅដំណាក់កាលនគរបាលយុត្តិធម៌នោះក៏ដោយ តើតុលាការយកកំណត់ហេតុនោះជាផ្លូវការបានទេ?
តាមច្បាប់គេកំណត់ថា របាការណ៍របស់មន្រ្តីនគរបាលយុត្តិធម៌ គឺជារបាយការណ៍បន្ទាល់។ អ៊ីចឹងរបាយការណ៍បន្ទាល់នោះ តុលាការជឿជាក់ ប៉ុន្តែជារឿយៗជនជាប់ចោទនៅពេលឡើងឆ្លើយក្នុងសវនាការពេលជំនុំជម្រះគាត់តែងតែប្រាប់តុលាការថា នគរបាលជាអ្នកវាយបង្ខំឲ្យគាត់ឆ្លើយ។តែតុលាការភាគច្រើនមិនបានជឿលើសម្តីរបស់ជនជាប់ឃុំឡើយ ប៉ុន្តែត្រង់កន្លែងនេះ ក៏ជាការមួយផ្លោះសិទ្ធិដល់ជនជាប់ឃុំដែរដែលបញ្ហានេះអាចមកពីការផ្សព្វផ្សាយស្តីពីច្បាប់មិនបានទូលំទូលាយ។
ករណីជនជាប់ឃុំនេះដែរ អ្នកខ្លះនិយាយប្រាប់តុលាការថា នគរបាលវ៉ៃគាត់ទើបបានជាគាត់ចេះតែឆ្លើយៗទៅ។ តាមពិតគាត់មិនបានប្រព្រឹត្តបែបនេះ បែបនោះទេ។ ចំពោះសិទ្ធិដែលជនជាប់សង្ស័យត្រូវមានមេធាវីគឺនៅដំណាក់កាលណាដែរ?
ចំពោះសិទ្ធិដែលត្រូវមានមេធាវីវិញ គឺជននោះមានសិទ្ធិតាំងពីសមត្ថកិច្ចចាប់ខ្លួនដំបូងមកម្ល៉េះ ក៏ប៉ុន្តែដោយសារតែ ពួកគាត់មិនបានយល់ពីច្បាប់ អ៊ីចឹងពេលសមត្ថកិច្ចសួរគាត់គឺគាត់ចេះតែឆ្លើយទៅ ហើយចម្លើយរបស់ជននោះគឺ តុលាការយកជាការហើយ តែបើពេលសមត្ថកិច្ចចាប់ខ្លួនដំបូងហើយបើគាត់មានមេធាវីអង្គុយនៅក្បែរគាត់ក៏គាត់មានអារម្មណ៍មួយកក់ក្តៅដែរ។ ចំពោះនៅដំណាក់កាលអយ្យការ និងនៅដំណាក់កាលចៅក្រមស៊ើបសួរវិញ វាអាស្រ័យលើជនជាប់ចោទ បើគាត់អាចពឹងពាក់រកមេធាវីបានក៏គាត់រកទៅ។
ប៉ុន្តែតាមនីតិវិធី ការសួរចម្លើយជនណាម្នាក់នៅដំណាក់កាលតុលាការគឺមានតែព្រះរាជអាជ្ញា និងចៅក្រមទេ ដែលមានសិទ្ធិពោលគឺមិនអាចអ្នកគ្មានសមត្ថកិច្ចមកសួរចម្លើយបានឡើយ។ ប៉ុន្តែលោកសំណូមពរផងដែរថា សូមកុំឲ្យក្រឡាបញ្ជីជាអ្នកសួរចម្លើយជនសង្ស័យជំនួសព្រះរាជអាជ្ញា ឬចៅក្រមអីកុំប្រគល់សិទ្ធិឲ្យក្រឡាបញ្ជីសួរតែម្នាក់ឯងរហូតនោះ៕