ជារឿយៗ យើង​តែង​បាន​ឃើញ​​សមត្ថកិច្ច​ឃាត់ខ្លួន​អ្នក​ត​ចរន្តអគ្គិសនី​ដើម្បី​ឆក់​សត្វ​ដែល​បំផ្លាញ​ដំណាំ​ក្នុង​ដី​កម្មសិទ្ធិ​របស់គាត់​​តែ​បែរមក​ឆក់​អ្នកដទៃ​ដែល​ធ្វើ​ដំណើរ​កាត់​ទីតាំង​នោះ​បណ្ដាល​ឱ្យ​ស្លាប់​។ ចង់ដឹងថា​តើ​ការឃាត់ខ្លួន​នេះ​ត្រឹមត្រូវ​ឬ​​ទេ​បើ​គាត់​មិនបាន​ប្រព្រឹត្ត​ជាក់ស្ដែង​ផង​។ ជុំវិញ​ករណីនេះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី លី កុសល មាន​ការិយាល័យ​ធ្វើការ​នៅផ្ទះ​លេខ​ ៤៥Eo ផ្លូវ​ ៩ ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​៖

ឧបមា​ថា លោក​ (​ក​) ​បាន​រាយ​ខ្សែភ្លើង​ឆក់​សត្វ​នៅ​វាលស្រែ តែ​លោក​ (​ខ​) ​ដើរទៅ​ជាន់​ខ្សែភ្លើង​នោះ​បណ្តាល​ឱ្យ​ឆក់​ស្លាប់​។ ​ក្រោយ​កើតហេតុ​នគរបាល​បាន​ចាប់​លោក​ (​ក​)​។ តើ​ករណីនេះ​ហេតុអ្វី​បាន​ជា​នគរបាល​ចាប់​លោក​ (​ក​) ​បើ​គាត់​មិន​បាន​ប្រព្រឹត្ត​ជាក់ស្តែង​ផង​នោះ​?

ជាបឋម​យើង​ត្រូវ​ស្គាល់​ឱ្យ​ច្បាស់​ជាមុនសិន​នូវ​និយមន័យ​នៃ​បទល្មើស​ជាក់ស្តែង​ថា តើ​វា​មាន​លក្ខណៈ​បែប​ណា​ខ្លះ​ដែល​គេ​ចាត់ទុក​ជា​បទល្មើស​ជាក់ស្តែង​។

បើ​យោង​តាម​មាត្រា​ ៨៦ ​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​បានចែង​ថា​ “​ជា​បទល្មើស​ដែល​កំពុង​ប្រព្រឹត្ត ជា​បទល្មើស​ទើប​ប្រព្រឹត្ត​រួច​ភ្លាម​។ ​ត្រូវ​ចាត់ទុក​ថា​ជា​បទឧក្រិដ្ឋ​ ឬ​មជ្ឈិម​ជាក់ស្តែង​ដែរ​​កាលណា​នៅក្រោយ​ពេល​មាន​បទល្មើស​រួច​បន្តិច​មក ជនសង្ស័យ​ត្រូវបាន​សាធារណជន​ស្រែក​ដេញ​ប៉ផាប់ ចាប់​ពភីង ឬ​បុគ្គល​ដែល​ត្រូវគេ​រកឃើញ​មាន​វត្ថុ​ ឬ​ស្លាកស្នាម ឬ​តម្រុយ​ច្បាស់លាស់ ហើយ​ស៊ីចង្វាក់​ផ្សេង​ទៀត​ដែល​នាំឱ្យ​គេ​សន្និដ្ឋាន​បាន​ថា បុគ្គល​នោះបាន​ប្រព្រឹត្ត ឬ​បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស​” យោងតាម​ស្មារតី​នេះ​យើង​អាច​កំណត់​បាន​ថា បទល្មើស​ជាក់ស្តែង មិនមែន​កំណត់ តែ​សកម្មភាព​ដែល​​កំពុង​ប្រព្រឹត្ត​នោះ​ទេ ប៉ុន្តែ​អាច​ក្រោយ​សកម្មភាព​នោះ​បន្តិច​ហើយ​បុគ្គល​នោះ​ត្រូវបាន​គេ​រកឃើញថា មាន​តម្រុយ​ច្បាស់លាស់​ណាមួយ​ ឬ​សាក្សី​ចង្អុលបង្ហាញ​ភ្លាមៗ​ថា អំពើ​នោះ ឬ​សកម្មភាព​នោះ​ជា​ទង្វើ​របស់​អ្នកប្រព្រឹត្ត​នោះ​។ ​

យ៉ាងណាមិញ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​ខាងលើ​នោះ​យើង​ត្រូវ​ដឹង​ឱ្យបាន​ច្បាស់លាស់ ស៊ីជម្រៅ​នៃ​អង្គហេតុ​នោះ​ជាមុនសិន ទើប​យើង​អាច​កំណត់​បាន​ថា ការចាប់ខ្លួន​របស់​សមត្ថកិច្ច​ខុស​ ឬ​ត្រូវ​។

ករណី​នេះ​ប្រសិនបើ​គ្រួសារ​របស់​លោក​ (​ក​) ​ព្រម​ចេញ​សំណង​ដល់​គ្រួសារ​លោក​ (​ខ​) ​ហើយ​គ្រួសារ​លោក​ (​ខ​) ​ក៏​មិន​ប្តឹង​មក​សមត្ថកិច្ច តើ​លោក​ (​ក​) ​អាច​ផុត​ពី​ការចាប់ខ្លួន​បាន​ទេ​?

តាម​ការផ្តល់​អង្គហេតុ​ខាងលើ​នោះ​គឺ​វា​ស្ថិតនៅ​ក្នុងករណី​បទល្មើស​ព្រហ្មទណ្ឌ​ហើយ ដូច្នេះ​បើជា​បទល្មើស​ព្រហ្មទណ្ឌ​នោះ បណ្តឹងអាជ្ញា​ក៏មាន​ចលនា​ដែរ ហើយ​បណ្តឹង​អាជ្ញា​នេះ​ទៀតសោត គឺ​មិនអាច​បញ្ចប់​ ឬ​រលត់​តាម​ការចរចា​របស់​ជនរងគ្រោះ និង​ជនបង្ក​នោះដែរ​។

ការព្រម​ចេញ​សំណង​ដល់​គ្រួសារ​លោក​ (​ខ​) គឺ​ត្រឹមតែ​ជា​ការដោះស្រាយ​នូវ​សំណង​រដ្ឋប្បវេណី​តែប៉ុណ្ណោះ ហើយ​បណ្តឹងអាជ្ញា​នៅតែ​មាន​ចលនា​ដដែល​។ នៅក្នុង​ក្រមនីតិវិធី​ព្រហ្មទណ្ឌ​ត្រង់​មាត្រា​ ៧ ក៏មាន​ចែង​ដែរ​អំពី​ការ​រលត់​នៃ​បណ្តឹងអាជ្ញា មានដូចជា​៖

-​មរណភាព​នៃ​ជនល្មើស

-​ការផុត​អាជ្ញាយុកាល

-​ការលើកលែង​ទោស​ជាទូទៅ

-​និរាករណ៍​នៃ​ច្បាប់ព្រហ្មទណ្ឌ

-​អាជ្ញា​អស់ជំនុំ

ក្នុងករណី​មិនមាន​ចូលទៅ​នឹង​មូលហេតុ​នេះ​ការរលត់​បណ្តឹង​នៃ​មាត្រា​ ៧ ​នេះ​នៅតែ​មាន​ចលនា​។

ក្រោយ​ពេល​លោក​ (​ក​) ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ហើយ តើ​គេ​អាច​ចាត់ទុក​លោក​ (​ក​) ​ថា​ជា​អ្នកមាន​ទោស​ឬ​?

នៅក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ត្រង់​មាត្រា​ ៣៨ ​បាន​ចែងថា ​“​ច្បាប់​រ៉ាប់រង​មិនឱ្យ​មានការ​រំលោភបំពាន​លើ​រូបរាងកាយ​បុគ្គល​ណាមួយ​ឡើយ​។ ​ច្បាប់​ការពារ​ជីវិត កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​​របស់​ប្រជាពលរដ្ឋ​។ ​ការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់​ខ្លួន ឬ​ការឃុំខ្លួន​ជន​ណាមួយ​នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រាតែ​អនុវត្ត​ត្រឹមត្រូវ​តាម​បញ្ញត្តិ​ច្បាប់​។ ​

ការបង្ខិតបង្ខំ​ការធ្វើ​បាប​លើ​រូបរាងកាយ ឬ​ប្រព្រឹត្ត​កម្ម​ណាមួយ​ដែល​បន្ថែម​ទម្ងន់​ទណ្ឌកម្ម​អនុវត្ត​ចំពោះ​ជន​ជាប់​ឃុំឃាំង ឬ​ជាប់ពន្ធនាគារ​ត្រូវ​ហាមឃាត់​មិនឱ្យ​ធ្វើ​ឡើយ​។ ​អ្នកដៃដល់ អ្នក​រួម​ប្រព្រឹត្ត និង​អ្នកសមគំនិត​ត្រូវ​ទទួលទោស​តាមច្បាប់​។ ​ការទទួល​សារភាព​ដែល​កើតឡើង​ពី​ការបង្ខិតបង្ខំ​តាមផ្លូវ​កាយ​ក្តី តាមផ្លូវ​ចិត្ត​ក្តី​មិនត្រូវ​ទុកជា​ភ័ស្តុតាង​នៃ​ពិរុទ្ធភាព​ទេ​។ ​វិមតិសង្ស័យ​ត្រូវ​បាន​​ជា​ប្រយោជន៍​ដល់​ជនជាប់ចោទ​។

ជនជាប់ចោទ​ណា​ក៏ដោយ​ត្រូវ​ចាត់ទុក​ជា​មនុស្ស​អត់​ទោស​ដរាបណា​តុលាការ​មិនទាន់​កាត់ទោស​ជា​ស្ថាពរ​។ ​ជន​គ្រប់រូប​មាន​សិទ្ធិ​ការពារ​ខ្លួន​តាមផ្លូវ​តុលាការ​។ ដូច្នេះ​ពាក់ព័ន្ធ​នឹង​អង្គហេតុ​នេះ​លោក​ (​ក​) ​គឺ​មិន​​ទាន់​អាច​សន្មត​ថា​មានទោស​​នៅឡើយ​នោះ​ទេ ការឃាត់ខ្លួន​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ គឺជា​ការឃាត់ខ្លួន ដើម្បី​ស៊ើបអង្កេត​ចាត់ចែង​តាម​នីតិវិធី ដែល​ក្នុង​ដំណាក់កាល​នេះ ក្រមនីតិវិធី​ព្រហ្មទណ្ឌ​បាន​ប្រើពាក្យ​ថា ជនសង្ស័យ​តែ​ប៉ុណ្ណោះ​។

ចុះបើ​ជនរងគ្រោះ​ជា​កូន​ ឬ​សាច់ញាតិ​របស់​លោក​ (​ក​) ​វិញ តើ​ច្បាប់​អនុវត្ត​យ៉ាងម៉េច​ដែរ​?

បើ​យើង​ក្រឡេក​មើល​នៅក្នុង​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​នោះ​គឺជា​គោលការណ៍​នៅក្នុង​រឿង​ព្រហ្មទណ្ឌ បុគ្គល​ម្នាក់ៗ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ តែ​ចំពោះ​អំពើ​ផ្ទាល់ខ្លួន​យោងតាម​មាត្រា​ ២៤ ​គោលការណ៍​ឯកត្តកម្ម​នៃ​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ រួមទាំង​រដ្ឋធម្មនុញ្ញ​ក៏បាន​ចែង​ដែរ​ថា មនុស្ស​ម្នាក់ៗ​គឺមាន​សិទ្ធិ​ស្មើភាព​គ្នា​ចំពោះមុខ​ច្បាប់​។

ដូច្នេះ​ច្បាប់​មិនបាន​កំណត់ថា នឹង​លើកលែង​ទោស​ឱ្យ​ចំពោះ​សាច់ញាតិ​នោះទេ​ក្នុង​ករណី​ដែល​គាត់​ប្រព្រឹត្ត​បទល្មើស​ណាមួយ​មាន​ន័យ​ថា គាត់​គឺជា​អ្នកទទួល​ខុសត្រូវ​​នូវ​កំហុស​របស់ខ្លួន​ដែល​បាន​កើតឡើង​៕