នៅក្នុង​ការរស់នៅ​ប្រចាំ​ថ្ងៃ​មានគ្រួសារ​ខ្លះ មាន​លំនៅឋាន​​ជាប់​ផ្លូវ​សារណៈ ហើយ​ការចត​យានយន្ត​នៅមុខ​ផ្ទះ​របស់​ខ្លួន​លើផ្លូវ ក៏​អាច​បង្ក​ឲ្យ​អ្នកដំណើរ​ជួប​គ្រោះថ្នាក់​ផងដែរ ជា​ហេតុ​ធ្វើឲ្យ​ភាគី​ទាំង​ ២ ​ជជែក​គ្នា​យក​​ត្រូវ​រៀងៗ​ខ្លួន​។ ជុំវិញ​បញ្ហា​នេះ តើ​មាន​ការខុសត្រូវ​បែប​ណា​នោះ ភ្នំពេញ​ប៉ុស្តិ៍​បាន​សម្ភាស​ជាមួយ​លោក​មេធាវី ផុន ធារិន ជា​សមាជិក​ក្រុមហ៊ុន​មេធាវី លីហ្គលសៀល ដែល​មាន​ការិយាល័យ​នៅផ្ទះ​លេខ​ ១០ ផ្លូវ​ ១០៥ ភូមិ​បាក់ទូក សង្កាត់​ទួលសង្កែ​១ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ដែល​មាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ឧបមាថា លោក​ (​ក​) ​មាន​ផ្ទះ​នៅ​ជាប់​ផ្លូវ តែ​គាត់​មិន​មាន​ដី​សម្រាប់​ចត​រថយន្ត​ទេ គឺ​គាត់​ចត​នៅ​មុខ​ផ្ទះ​លើ​ផ្លូវ​សាធារណៈ​តែ​ម្ដង​។ ចៃដន្យ​ស្រាប់តែ​មាន​គេ​ជិះ​ម៉ូតូ​ទៅ​បុក​ឡាន​គាត់​ហើយ​គាត់​ឧ្យ​គេ​សង​។ សួរថា តើ​ការចត​របស់​គាត់​ខុស​ឬទេ ហើយ​ករណី​នេះ​អ្នក​បុក​នោះ​ខុសច្បាប់​ឬទេ​?

ក្នុង​ករណី​បែប​នេះ​លោក​ (​ក​) ​មាន​អត្ថិភាព​ចំពោះ​ចំណត​នៅមុខ​ផ្ទះ​របស់​ខ្លួន​លើផ្លូវ​សាធារណៈ​។ ​ទោះបី​លោក​ (​ក​) ​មាន​អត្ថិភាព​ចំណត​លើ​ផ្លូវ​សាធារណៈ​នៅ​មុខ​ផ្ទះ​របស់ខ្លួន​ក៏ពិតមែន ប៉ុន្តែ​ច្បាប់​មិន​អនុញ្ញាត​ឲ្យ​លោក​ (​ក​) ​យក​ផ្លូវ​សាធារណៈ​ជា​ចំណត​អចិន្រៃ្តយ៍​លើស​ ២៤ ​ម៉ោង​ឡើយ​។ ចំពោះ​ការប្រើប្រាស់​ការឈប់​ ឬ​ចំណត​លើ​ផ្លូវ​សាធារណៈ​យើង​ត្រូវ​អនុលោម​តាម​មាត្រា​ ២៣ ​នៃ​ច្បាប់​ស្តីពី​​ចរាចរណ៍​ផ្លូវគោក​។

ចំពោះ​អង្គហេតុ​ខាងលើ អ្នកជិះ​ម៉ូតូ​បាន​ជិះ​ទៅ​បុក​ឡាន​របស់​លោក​ (​ក​) ​ដែល​កំពុង​ចត​នៅ​មុខ​ផ្ទះ ប្រសិន​លោក​ (​ក​) ​បាន​អនុវត្ត​​តាម​បទដ្ឋាន​ត្រឹមត្រូវ​ក្នុង​មាត្រា​ ២៣ ​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក នោះ​អ្នកជិះ​ម៉ូតូ​ដែល​​ជា​អ្នក​បង្កហេតុ ត្រូវ​រ៉ាប់រង​លើ​សំណង​ខូចខាត​។ ផ្ទុយ​មកវិញ បើ​លោក​ (​ក​) ​បាន​ប្រើប្រាស់​​ផ្លូវ​សាធារណៈ​ជា​ចំណត​ផ្ទាល់​​ខ្លួន ហើយ​បំពាន​ច្បាប់​ដែល​បាន​កំណត់ នោះ​លោក​ (​ក​) ​ត្រូវ​ទទួល​សងការ​ខូចខាត​ទៅ​អ្នក​ជិះ​ម៉ូតូ​ទាំងស្រុង​។

បើ​តាម​ផ្លូវច្បាប់​តើ​មាន​ចម្ងាយ​ប៉ុន្មាន​ម៉ែត្រ​ពីមុខ​ផ្ទះ​ដែល​អាច​ចាត់ទុក​ថា​ជា​កម្មសិទ្ធិ​គ្រប់គ្រង​ដោយ​ម្ចាស់​ផ្ទះ​បាន​?

ជាធម្មតា​ម្ចាស់ផ្ទះ​ដែល​មាន​ផ្ទះ​ជាប់​ផ្លូវ​សាធារណៈ​មាន​អត្ថិភាព​ចំពោះ​ការប្រើប្រាស់​បរិវេណ​នៅ​មុខ​ផ្ទះ​របស់​ខ្លួន ប៉ុន្តែ​មិនត្រូវ​រំលោភ​លើផ្លូវ​សាធារណៈ​​របស់​រដ្ឋ​ឡើយ​។ ចំពោះ​ផ្លូវ​សាធារណៈ​ដែល​នៅមុខ​ផ្ទះ ឬ​មុខ​ដីឡូត៍​របស់​ខ្លួន គឺជា​សម្បត្តិ​របស់​រដ្ឋ​។ ​យើង​មាន​សិទ្ធិ​គ្រប់គ្រង​តែ​លើ​ចំណែក​ឯកជន​របស់​យើង​ប៉ុណ្ណោះ​ដោយ​ផ្អែក​ទៅ​លើ​ទំហំ​ ឬ​​ព្រំ​អចលនវត្ថុ​ (​ដី​) ​ដែល​ទទួល​​ស្គាល់​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​បាន​ផ្តល់​ឲ្យ​។

ម្យ៉ាងវិញទៀត​សំណង់ផ្ទះ ឬ​អគារ​តម្រូវ​ឲ្យ​មាន​ការស្នើសុំ​ច្បាប់​សាងសង់​សំណង់​ជាមុន ដើម្បី​អនុវត្តតាម​បទដ្ឋាន​សំណង់​លើ​គម្លាត​សំណង់​ជាមួយ​ផ្លូវ​សាធារណៈ​ ឬ​ព្រំដី​។ ការអនុវត្ត​វិធាន​បែប​នេះ​គឺ​ផ្តល់​ឲ្យ​ម្ចាស់ផ្ទះ ឬ​អគារ​ទទួល​បាន​បរិវេណ​សម្រាប់​ចំណត​ឡាន​មុខ​ផ្ទះ​ ឬ​អគារ​របស់ខ្លួន​ដើម្បី​បញ្ចៀស​ការប្រើប្រាស់​ផ្លូវ​សាធារណៈ​ជា​ចំណត​។

ក្នុងករណី​បែប​នេះ ប្រសិន​បើ​អ្នកដំណើរ​ជិះ​បុក​រថយន្ត​នោះ​ហើយ​ស្លាប់ តើ​ម្ចាស់​រថយន្ត​នោះ​ត្រូវ​ចេញ​សំណង​ដល់​អ្នករងគ្រោះ​ទេ​? ​បើ​ម្ចាស់​រថយន្ត​ចេញ​សំណង​គាត់​អាច​មាន​ទោស​ព្រហ្មទណ្ឌ​ទៀត​ឬទេ​?

ក្នុង​ករណី​នេះ​មន្ត្រី​ជំនាញ​ត្រូវ​ពិនិត្យ​មើលថា តើ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កំហុស​បាន​កើត​ចេញពី​ភាគី​ណាមួយ​ពិតប្រាកដ​។ ក្នុងករណី​ដែល​ម្ចាស់​រថយន្ត​លោក​ (​ក​) ​បាន​អនុវត្ត​ត្រឹមត្រូវ​តាម​មាត្រា​ ២៣ ​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​លោក​ (​ក​) ​មិន​ទទួល​ខុសត្រូវ​លើ​សំណង​ និង​ទោស​ព្រហ្មទណ្ឌ​ឡើយ​។ ​

ដោយឡែក​គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្តាលឲ្យ​អ្នកជិះ​ម៉ូតូ​បុក​រថយន្ត​នោះ​ស្លាប់​ហើយ​មន្ត្រី​ជំនាញ​បាន​រកឃើញ​ថា លោក​ (​ក​) ​មិន​បាន​គោរព​ច្បាប់​នោះ​លោក​ (​ក​) ​ត្រូវ​ទទួល​ខុសត្រូវ​ផ្នែក​ព្រហ្មទណ្ឌ និង​សំណង​ផ្សេងៗ​ទៀត​ដោយ​ផ្អែក​តាម​មាត្រា​ ៧២ ​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។

ជារឿយៗ​ករណី​បែប​នេះ​តុលាការ​អាច​ធ្វើការ​ចោទប្រកាន់​ និង​ផ្តន្ទាទោស​ជនល្មើស​តាម​មាត្រា​ ៨៥ ​នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​​ផ្លូវគោក​បើកបរ​ដោយ​ធ្វេសប្រហែស​មិន​ប្រុងប្រយ័ត្ន​បណ្តាល​ឲ្យ​ស្លាប់​អ្នកដទៃ​ត្រូវ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី​ ១ ​ឆ្នាំ​ទៅ​ ៣ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤ ​លាន​ទៅ​ ១៥ ​លាន​រៀល​”៕